ក្រមព្រហ្មទណ្ឌដែលជាច្បាប់ថ្មីមួយសម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជាជំនួសឲ្យច្បាប់ព្រហ្មទណ្ឌសម័យ UNTAC ទំនងជានឹងចូលជាធរមាននៅខែក្រោយ ក៏ប៉ុន្តែក្រុមអ្នកច្បាប់បានព្រមានថា ការយល់ដឹងតិចតួចរបស់ប្រជាពលរដ្ឋកម្ពុជាលើក្រម ឬ ច្បាប់ព្រហ្មទណ្ឌថ្មី ចំពោះខ្លឹមសារនៃច្បាប់ ការបន្ថែមបទល្មើសថ្មីៗដែលពលរដ្ឋមិនធ្លាប់បានយល់ដឹងច្រើនជាងចំនួន៣០០បទល្មើស គឺជាបញ្ហាស្មុគស្មាញគួរមានការប្រុងប្រយ័ត្ន។
ក្រុមអ្នកច្បាប់ក្នុងប្រទេសកម្ពុជាបានពន្យល់ត្រួសៗអំពីបទល្មើសថ្មីដែលត្រូវមានទោសចាប់ពីថ្ងៃ១២ខែវិច្ឆិកាឆ្នាំ២០១០នេះគឺដូចជាការថតសំឡេងតាមទូរស័ព្ទ ដោយមិនឲ្យភាគីម្ខាងទៀតដឹង ការបោយដៃហៅភ្ញៀវដើម្បីបម្រើសេវាកម្ម ផ្លូវភេទ ការគំរាមកំហែងរកសម្លាប់ ការឡូឡាតាមផ្លូវពេលស្រវឹងស្រា ការមិនជួយដល់អ្នកដែលធ្វើអត្តឃាត ឬអ្នករងគ្រោះអាចស្លាប់ពេលមានលទ្ធភាពជួយ ការបដិសេធមិនបំភ្លឺរឿងហេតុដែលខ្លួនបានដឹង និងបានឃើញជាមួយសមត្ថកិច្ច ការដឹកជញ្ជូនមាន់ទាជ្រូកនិងសត្វផ្សេងៗក្នុងរបៀបធ្វើទារុណកម្មជាដើម។
លោករុន សារ៉ាយ នាយកប្រតិបត្តិនៃអង្គការជំនួយផ្នែកច្បាប់ បានទទួលស្គាល់ថា មានបទល្មើសច្រើនដល់ទៅជាង៣០០ដែលមានសរសេរលម្អិតក្នុងក្រមព្រហ្មទណ្ឌថ្មី អាចធ្វើឲ្យមានការស្មុគស្មាញសម្រាប់ពលរដ្ឋនៅពេលដែលពលរដ្ឋមិនទាន់បានយល់ដឹងនៅឡើយនោះ។
“ច្បាប់ព្រហ្មទណ្ឌទាំងអស់ហ្នឹងវាមាន៦៧២មាត្រាឯណោះ ហើយនៅក្នុងហ្នឹងវាមានកន្លែងមាត្រាមួយចំនួនដែលយើងត្រូវប្រុងប្រយ័ត្ន ជាពិសេសទាក់ទងនឹងបទល្មើសមួយចំនួនបាទ។ ដូចជាអម្បាញមិញនេះ ទាក់ទងនឹងរឿងថតសំឡេងនេះ ដែលត្រូវតែមានការអនុញ្ញាត”។
ក្រមព្រហ្មទណ្ឌថ្មីនេះត្រូវគេអះអាងថា នឹងចាប់ផ្តើមចូលជាធរមានពេញលេញនៅថ្ងៃ១២ខែវិច្ឆិកាខាងមុខ បើគ្មានការប្រែប្រួល ដូចជាការទុកចោល។ នៅពេលសភាចាប់ផ្តើមពិភាក្សាអនុម័តកាលពីខែតុលាឆ្នាំ២០០៩ មានការខកចិត្តពីក្រុមមន្ត្រីសង្គមស៊ីវិលដែលបានរួមគ្នាតវ៉ា និងរិះគន់ថា ច្បាប់នេះមានការរិតត្បិតខាងសេរីភាពបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំជាដើម។
លោករុន សារ៉ាយបានបន្ថែមថា ច្បាប់ក្រមព្រហ្មទណ្ឌថ្មីនេះនៅត្រង់ចំណុច បរិហារកេរ្តិ៍ គឺនៅតែមានលក្ខណៈដូចច្បាប់ចាស់ដដែល ដែលពលរដ្ឋអាចខ្លាចរអា មិនហ៊ានបញ្ចេញមតិ ដោយខ្លាចរងគ្រោះដល់ខ្លួនវិញ ដោយប៉ះពារដល់អ្នកមានអំណាច។
ក៏ប៉ុន្តែលោកសារ៉ាយបានអះអាងថា តាមអ្វីដែលលោកបានអានត្រួសៗនោះ ឃើញថា ច្បាប់នេះមានលក្ខណៈល្អប្រសើរច្រើនជាងច្បាប់ចាស់ ត្រង់ការផ្តល់ឆន្ទានុសិទ្ធដល់ចៅក្រមដើម្បីសម្រេចទោស បទល្មើសប្លន់មានការកែប្រែច្រើន បទល្មើសទាក់ទងនឹងកុមារ ស្ត្រីមានការចែងច្បាស់លាស់ជាងមុន រួមនិង ចំណុចផ្សេងៗទៀត ក៏ប៉ុន្តែអ្នកច្បាប់ដដែលបានអះអាងថា មានចំណុចជាច្រើនដែលមានលក្ខណៈមិនច្បាស់លាស់លើនិយមន័យដែលរឿងហេតុនេះ លោកសារ៉ាយចាត់ទុកថា ជាការទុកឱកាសឲ្យចៅក្រមបកស្រាយតាមការចង់បានរបស់ពួកគេ ឬអាចប្រព្រឹត្តអំពើពុករលួយ និងបំពេញកិច្ចការដោយគ្មានតម្លាភាពផង។
លោករុន សារ៉ាយអះអាងថា ច្បាប់នៅត្រូវការផ្សព្វផ្សាយឲ្យបានទូលំទូលាយ បើពុំដូច្នោះទេ ទាំងអ្នកច្បាប់និងប្រជាពលរដ្ឋពិបាកអនុវត្ត ដោយសារពាក្យពេចន៍ក្នុងច្បាប់ដែលមានការដូរច្រើន បទល្មើសមានការបន្ថែមច្រើនដែលត្រូវការរៀនសូត្រ អាននិងសិក្សា។
“តែខ្ញុំឃើញថា ពេលដែលចូលជាធរមាននេះគឺទាំងចៅក្រម និងមេធាវីអីត្រូវតែ អនុវត្តទៅតាមក្រមហ្នឹង។ ប៉ុន្តែចំណុចដែលព្រួយបារម្ភដោយសារតែច្បាប់នេះទើបនឹងចេញមកថ្មី ហើយនៅក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឬក៏អ្នកច្បាប់ មួយចំនួនក៏មិនទាន់បានទូលំទូលាយដែរ ជាពិសេសក្នុងច្បាប់នេះមានពាក្យពេចន៍មួយចំនួនដែលជាពាក្យពិបាក”។
អ្នកច្បាប់ផ្សេងទៀតបានអះអាងស្រដៀងគ្នាដែរថា ក្រមព្រហ្មទណ្ឌថ្មីនេះមានចំណុចល្អខ្លះមិនល្អខ្លះ ហើយដោយសារក្រមព្រហ្មទណ្ឌថ្មីនេះមានលក្ខណៈ ស្មុគស្មាញយ៉ាងច្រើន ទាំងខ្លឹមសារច្បាប់ និយមន័យ ពាក្យពេចន៍។ ហើយបូករួម និងការយល់ដឹងរបស់ប្រជាពលរដ្ឋមានកម្រិត ការផ្សព្វផ្សាយមានកម្រិតផងនោះ លោកកៅ សុផា មេធាវីម្នាក់បានថ្លែងថា ស្ថាប័នតុលាការ ចៅក្រម ព្រះរាជអាជ្ញា ប៉ូលិសយុត្តិធម៌ គួរមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តក្រមថ្មីដែលមានលក្ខណៈស្មុគស្មាញនេះ។
“រឿងបារម្ភជារឿងមួយដោយឡែក តែអ្នកអនុវត្តច្បាប់ហ្នឹង ជាពិសេសចៅក្រម ព្រះរាជអាជ្ញា និងនគរបាលយុត្តិធម៌ អញ្ចឹងអ្នកទាំងបីស្ថាប័នហ្នឹងត្រូវតែប្រយ័ត្ន ប្រយែងជាងប្រជាពលរដ្ឋ ពីព្រោះនៅពេលដែលច្បាប់សរសេរច្រើនច្បាស់លាស់ហើយ ហើយខ្លួននៅតែធ្វើបំពារបំពានទៀត អាហ្នឹងជារឿងមួយ វាខុសនឹងច្បាប់បានចែង”។
លោកមេធាវីកៅ សុផា ដែលបានអានក្រមព្រហ្មទណ្ឌថ្មីត្រួសៗ បានអះអាងថា ចំណុចមួយដែលគេត្រូវធ្វើទន្ទឹមគ្នានេះគឺសហលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញាដើម្បីឲ្យមានច្បាប់ដាក់ទោស ដាក់វិន័យចៅក្រម ព្រះរាជអាជ្ញាដែលធ្វើខុស។ ក្រៅពីបញ្ជាក់ថា ការធ្វើដូច្នោះគឺដើម្បីកុំឲ្យមានតែការដាក់ទោសទៅលើតែប្រជាពលរដ្ឋនោះ លោកកៅ សុផា បានទទួលស្គាល់ថា ការផ្សព្វផ្សាយឲ្យបានទូលំទូលាយគឺជាបញ្ហាសំខាន់ ជាពិសេសដល់ស្ថាប័នអនុវត្តច្បាប់។
“ដល់អញ្ចឹងទៅវាពិបាកណាស់។ គាត់អាងថា ប្រជាពលរដ្ឋអត់សូវយល់។ គាត់ធ្វើដូចបាយឡុកបាយឡអញ្ចឹងទៅ។ គាត់ថា បើមិនកើតទេ ប្តឹងទៅឧទ្ធរណ៍ទៅ! ហើយឧទ្ធរណ៍ថា បើមិនកើតទេប្តឹងទៅកំពូលទៅ!”
លោកកៅ សុផា បានបញ្ជាក់ថា ក្នុងរយៈពេលខ្លីមួយ ទាំងចៅក្រម ព្រះរាជអាជ្ញា និងមេធាវីពិបាកនឹងយល់ឲ្យបានស៊ីជម្រៅភ្លាមៗចំពោះច្បាប់ថ្មីដែលមានការចែងលម្អិត មានពាក្យថ្មីច្រើនទាំងនេះ។
ឧទាហរណ៍មួយទាក់ទងនឹងការស្រូបទោស ឬត្រួតទោស។ តើស្រូបទោសយ៉ាងម៉េច ហើយត្រួតទោសយ៉ាងម៉េច មិនត្រួតយ៉ាងម៉េចនោះ ត្រូវលោកមេធាវីកៅ សុផា លើកមកបញ្ជាក់ដោយអះអាងថា បញ្ហានេះមានការជជែកគ្នាមិនដាច់ស្រេចនោះទេ។
លោកសុខ សំអឿន នាយកប្រតិបត្តិនៃអង្គការការពារសិទ្ធិកម្ពុជា បានទទួលស្គាល់ដែរថា ក្រមព្រហ្មទណ្ឌថ្មីនេះមានគុណសម្បត្តិផងនិងគុណវិបត្តិផង។ លោកថ្លែងដូច្នេះដោយយោងថា មានបទល្មើសខ្លះក្នុងក្រមព្រហ្មទណ្ឌថ្មីមាននិយមន័យមិនច្បាស់ បទល្មើសខ្លះមិនដឹងជាត្រូវលុបចោល ឬនិរាករណ៍ច្បាប់ចាស់ ឬយ៉ាងណា?
“អាហ្នឹងជាបញ្ហាមួយ! តែបញ្ហាធំគឺរឿងគោលការណ៍របស់ចៅក្រមទេ ព្រោះតាមពិត បើយើងគិតពីគោលការណ៍ បើច្បាប់ហ្នឹងមិនច្បាស់គឺមិនអាចអនុវត្តបានទេ“។
មិនត្រូវអនុវត្តយកទៅដាក់ទោសប្រជាជនទេ តែយើងវាមិនអីចឹងទេ វាបកស្រាយខុសទៅ ងាប់តែប្រជាជនដដែល។ បើសិនជាបកស្រាយថា អ្វីដែលសង្ស័យត្រូវបានផលប្រយោជន៍ដល់ជនជាប់ចោទ មានអីអាហ្នឹង!”
លោកសុខ សំអឿន បានលើកយកឧទាហរណ៍ពីច្បាប់ឯកព័ន្ធភាពមកបញ្ជាក់ថា៖
“ខ្ញុំលើកឧទាហរណ៍ ដូចជាច្បាប់ឯកព័ន្ធភាព (ប្តីមួយប្រពន្ធមួយ) មានបីបទល្មើស បទផិត ស្មន់ ទ្វេរព័ន្ធភាព តែក្រមព្រហ្មទណ្ឌមានតែបទល្មើសពីរ ទ្វេរព័ន្ធភាព និងស្មន់។ ក៏ប៉ុន្តែបទផិតអន់មាន មានន័យថា តើបទផិតត្រូវលុបចោលឬអត់។ អត់មានអញ្ចឹង វាមានការពិបាកក្នុងការអនុវត្ត”។
ឆ្លើយតបនឹងក្តីបារម្ភនានារបស់ក្រុមអ្នកច្បាប់មេធាវី លោកចៅក្រមខឹម សោភ័ណ្ឌ អធិការកិច្ចនៃក្រសួងយុត្តិធម៌ និងជាអ្នកជួយធ្វើពង្រាងក្រមព្រហ្មទណ្ឌថ្មីនេះ បាននិយាយថា ក្រសួងយុត្តិធម៌នឹងមានច្បាប់ដោយឡែកមួយទៀតសម្រាប់ដាក់ឲ្យអនុវត្តក្រមព្រហ្មទណ្មថ្មី ដែលមានចែងលម្អិតថែមទៀត ពីនីតិវិធីអនុវត្តក្រមព្រហ្មទណ្ឌថ្មី ដែលថាច្បាប់ណាត្រូវលុបចោល និរាករណ៍ឬទុក។ លោកខឹម សោភណ្ឌ ដែលបានអះអាងថា មានមន្ត្រីអនុវត្តច្បាប់ជាច្រើនដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តលផ្សព្វផ្សាយអំពីក្រមព្រហ្មទណ្ឌនេះ បានថ្លែងថា បច្ចុប្បន្នក្រសួងយុត្តិធម៌កំពុងរង់ចាំសភាអនុម័តច្បាប់សម្រាប់ដាក់ឲ្យអនុវត្តក្រមព្រហ្មទណ្ឌនេះ បន្ទាប់ពីគណៈរដ្ឋមន្ត្រី។
“បន្ទាប់ពីច្បាប់ហ្នឹងត្រូវសភាអនុម័ត ហើយបានមានការកំណត់ថ្ងៃចូលជាធរមាន អញ្ចឹងទេក្នុងរយៈពេលដែលសេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តក្រមហ្នឹងមិនទាន់ចូលជាធរមាននោះ ក្រសួងយុត្តិធម៌កំពុងតែបានផ្សព្វផ្សាយជាច្រើនវគ្គរួចហើយសម្រាប់ចៅក្រម សម្រាប់ព្រះរាជអាជ្ញា ហើយនិងសម្រាប់ក្រឡាបញ្ជី ព្រមទាំងមន្ត្រីអនុវត្តច្បាប់ដើម្បីឲ្យយល់ពីក្រមហ្នឹង”។
លោកសោភណ្ឌបានថ្លែងដែរថា ក្រមព្រហ្មទណ្ឌថ្មីនេះមានលក្ខណៈល្អ មាននិយមន័យច្បាស់លាស់ និងមានបទល្មើសច្រើនដែលបានបន្ថែមសម្រាប់ការអនុវត្ត។ លោកបានលើកយកឧទាហរណ៍ខ្លះៗមកបញ្ជាក់ថា ច្បាប់ដែលចែងពីការនិយាយប៉ះពាល់ដល់ព្រះមហាក្សត្រ សាសនា ដូនជី អំពើឃោរឃៅលើសត្វជាដើម។
“ធម្មតាសត្វគេចញ្ចឹមឡើងដើម្បីបរិភោគ នរណាក៏គេដឹងដែរ។ ប៉ុន្តែអាការធ្វើទារុណកម្មហ្នឹង ឧទារហរណ៍ថា អ្នកដឹកមាន់សព្វថ្ងៃ បើយើងដឹកមាន់យកមកលក់នៅទីផ្សារ ដាក់ក្នុងទ្រុងអីត្រឹមត្រូវទៅវាអត់បញ្ហាទេ។ ប៉ុន្តែបើយើងចងជើងព្យួរឡើងលើ ដាក់តាមម៉ូតូ ហើយអូសនៅនឹងថ្នល់ អាក្បាល(មាន់)ប៉ះនឹងថ្នល់ ប៉ះនឹងអី ហើយគ្នាមុននឹងស្លាប់ មុនងាប់អីហ្នឹង ទទួលការឈឺចាប់ អាហ្នឹងត្រូវទទួលការពិន័យហើយ។ តែនេះជាបទល្មើសពិន័យជាប្រាក់ទេ មិនមានការដាក់គុកអីធ្ងន់ធ្ងរទេ។ អញ្ចឹងទេ ដល់ពេលក្រមក្រោយហ្នឹងចូលជាធរមាន គេនឹងអនុវត្តហើយវិធានការអស់ហ្នឹង បាទ”។
ទាក់ទងនឹងការដាក់ទោសទណ្ឌដល់មន្ត្រីរាជការពាក់ព័ន្ធនឹងអំពើពុករលួយ មានមាត្រាច្រើន ដែលចែងក្នុងក្រមព្រហ្មទណ្ឌនេះ រួមទាំងការរត់ការយកលុយ កំមីស្យុង ឬលុយទឹកតែ និងការប្រមូលពន្ធមិនត្រឹមត្រូវ ការបន្ថយពន្ធដល់បក្ខពួកខ្លួនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោកខឹម សោភណ្ឌ បានអះអាងថា ប្រជាពលរដ្ឋនឹងត្រូវគេផ្សព្វផ្សាយជូន ក្រោយពេលបញ្ចប់ការហ្វឹកហ្វឺនមន្ត្រីអនុវត្តច្បាប់។ ក្រៅពីនេះ លោកមានសុទិដ្ឋិនិយមថា ពលរដ្ឋនឹងមានការយល់ដឹងច្រើនដោយសារច្បាប់ធំៗមួយចំនួននៅរក្សានិយមន័យដដែល។
ក្រមព្រហ្មទណ្មថ្មីនេះជាច្បាប់ព្រហ្មទណ្ឌដំបូងដែលប្រទេសកម្ពុជាបានរៀបចំដោយខ្លួនឯងក្នុងរយៈពេល១៧ឆ្នាំ ក្រោយពីច្បាប់នីតិវិធីព្រហ្មទណ្ឌដែលរៀបចំក្នុងសម័យអ.ស.ប. ឬហៅកាត់ថា UNTAC ដែលបានចូលមកជួយរៀបចំប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣៕