បញ្ហាអសន្ដិសុខក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយបាននាំឲ្យមានកង្វល់មួយបន្ថែមទៀតក្នុងសង្គម ពេលកម្ពុជាកំពុងរងគ្រោះដោយទឹកជំនន់។ ប្រជាពលរដ្ឋ និងមន្ដ្រីសិទ្ធិមនុស្សហាក់ដូចជាយល់ស្របថា បទល្មើសឧក្រិដ្ឋហាក់ដូចជា មានការកក្រើកឡើងគួរឲ្យព្រួយបារម្ភក្នុងទីក្រុងភ្នំពេញ ហើយលក្ខណៈសាហាវទៀតផង។ អំពើឧក្រិដ្ឋទាំងនេះត្រូវបានមន្ដ្រីសមត្ថកិច្ចអះអាងថា អាចជាការឆ្លៀតឱកាសនៃជនពាលក្នុងវិបត្តិគ្រោះធម្មជាតិសព្វថ្ងៃនេះ។
កាលពីល្លាចថ្ងៃច័ន្ទសប្តាហ៍នេះស្រ្តីមួយរូបត្រូវបានជនមិនស្គាល់មុខស្ទាក់ចាប់នៅពេលដែលនាងកំពុងធ្វើដំណើរតាមរថយន្ដលើមហាវិថីសហព័ន្ឋរស្ស៊ីជិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជនមិនស្គាល់មុខបានចុះពីថយន្ដទំនើបធុនLexus ៥៧០ហើយវាយបំបែកកញ្ចក់រថយន្ដរបស់ស្ដ្រីរងគ្រោះ និងអូសរូបនាងចូលក្នុងរថយន្ដរបស់ខ្លួន។ នេះបើតាមសក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកដែលស្នើសុំរក្សាភាពអនាមិក។ ក៏ប៉ុន្ដែលោកឧត្តមសេនីយឯក គៀត ច័ន្ទថារិទ្ឋ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបាននិយាយថា លោកមិនទាន់ទទួលព័ត៌មាននេះនៅឡើយ។
«ខ្ញុំអត់បានទទួលរបាយការណ៍ផង។ អត់ដឹងផង»។
ភាពស្ងាត់ស្ងៀមនៃបញ្ហាខាងលើកើតឡើងបន្ទាប់ពីមានឧក្រិដ្ឋកម្មផ្ទួនៗនៅក្នុងទីក្រុង។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលកូនប្រុសលោកឧត្តមសេនីយឯក សូរ ផន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ គឺលោក សូរ អាត់ណូ អាយុ៤២ឆ្នាំត្រូវបានជនមិនស្គាល់មុខចាប់ជំរិតក្នុងខណៈដែលលោកបានធ្វើដំណើរតាមរថយន្តទៅគេហដ្ឋានដែលមានទីតាំងនៅសង្កាត់ជ្រោយចង្វារខ័ណ្ឌ ឬស្សីកែវ។
សមត្ថកិច្ចអះអាងថា មានជនសង្ស័យចំនួនបួននាក់ប្រដាប់ដោយអាវុធAK47 និងអាវុធខ្លី។ បន្ទាប់មកជនប្រដាប់អាវុធទាំងនោះបានទូរស័ព្ទមកក្រុមគ្រួសារជនរងគ្រោះដោយទាមទារទឹកប្រាក់ចំនួន១លានដុល្លាជាថ្នូរនឹងការដោះលែង។
រយៈពេលជិតមួយសប្តាហ៍មកហើយដំណឹង និងសុវត្តិភាពជនរងគ្រោះនៅមិនទាន់ដឹងថានឹងទៅជាយ៉ាងណានៅឡើយទេ។
លោកឧត្តមសេនីយឯកសូរ ផន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកជាភាសាខ្មែរកាលពីថ្ងៃពុធថា លោកមិនមានដំណឹងអំពីកូនប្រុសរបស់លោកទេ។ លោកសូរ ផន មិនបានធ្វើអត្ថាធិប្បាយបន្ថែមទេដោយលោកនិយាយយ៉ាងខ្លីថាសម្ថកិច្ចកំពុងធ្វើការ។
«អត់មានទេ បាទអត់។ ខ្ញុំថាថ្ងៃក្រោយសុំទោសណាអូន ថ្ងៃក្រោយ»។
ស្ត្រីវ័យ២៣ឆ្នាំមួយរូបទៀតត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់កាលពីខែសីហានៅក្នុងខណៈដែលស្រ្តីរូបនោះបានបីកូនប្រុសរបស់ខ្លួនអាយុ២ខែទៅចាក់ថ្នាំការពារនៅមណ្ឌលសុខភាពចំការដូងក្នុងសង្កាត់ដង្កោ ខ័ណ្ឌសង្កោ ក្រុងភ្នំពេញ។ នៅក្នុងខែសីហាដដែលនោះ ស្រ្តីរកស៊ីដូរប្រាក់មួយរូបនៅសង្កាត់ចោមចៅ ជាយទីក្រុងភ្នំពេញត្រូវក្រុមចោរប្លន់បាញ់សម្លាប់យ៉ាងស្រស់ៗ ហើយរូបភាពនោះត្រូវបានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម Facebook។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិយាយថា ការកម្រើកនៃបទល្មើសទាំងនេះជាការឆ្លៀតឱកាសរបស់ជនឧក្រិដ្ឋក្នុងបរិបទនៃទឹកជំនន់។
«គួបផ្សំនឹងយើងរវល់ការងារដូចជាគ្រោះទឹកជំនន់ គ្រោះធម្មជាតិ អញ្ចឹងពួកជនល្មើសឆ្លៀតឱកាសពេលហ្នឹងទៅ។ ក៏ប៉ុន្តែខ្ញុំគិតថា បើប្រៀបធៀបវាតិចទេ ភាគច្រើនតែករណីចោរឆក់ ចោរលួច និងបង្ករបួសស្នាមអីទេ»។
ប៉ុន្តែទាំងលោក ទីតូ ទាំងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិឧត្តមសេនីយឯក គៀត ច័ន្ទថារិទ្ឋ សុទ្ធតែបានអះអាងថា បទល្មើសឧក្រិដ្ឋមានការថយចុះក្នុងរយៈពេលប្រាំបួនខែរាប់ពីដើមឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
របាយការណ៍របស់កងរាជអាវុធហត្ថបង្ហាញថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១១មានបទល្មើសកើតឡើងចំនួន១៦ករណីស្មើនឹង៣.១៧៥លើក។ តួលេខនេះបង្ហាញពីការចុះថយនៃបទល្មើសចំនួន១៦៣លើកធៀបនឹងឆ្នាំ២០១០។ ក្នុងនោះបទឧក្រិដ្ឋមានចំនួន៧ករណី ស្មើនឹង៤៧៣លើកដែលបណ្ដាលឲ្យមនុស្ស២១៤នាក់បានស្លាប់ និងរងរបួស២២៦នាក់ ពោលគឺជនរងគ្រោះស្លាប់កើនឡើងចំនួន១៣នាក់ក្នុងបទឧក្រិដ្ឋនេះ។
លោកឧត្តមសេនីយត្រី ទូច ណារុថស្នងការប៉ូលីសក្រុងភ្នំពេញមិនអាចសុំសេចក្តីអត្ថាធិប្បាយបានទេ។
លោកចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ឋិមនុស្សអាដហុកបាននិយាយថា ក្នុងរយៈពេល៦ខែដើមឆ្នាំ បញ្ហាសន្តិសុខសង្គមមានភាពល្អប្រសើរ ហើយបានធ្លាក់ចុះក្នុងរយៈពេល៦ខែចុងឆ្នាំនេះដោយសារមានករណីបាញ់សម្លាប់មនុស្ស និងសកម្មភាពចាប់ជំរិតក៏ប៉ុន្តែ អាជ្ញាធរបានទទួលជោគជ័យច្រើនក្នុងការបង្ក្រាបគ្រឿងញៀន។
«ខាងសង្គមស៊ីវិលយើងមើលឃើញថា ភ្នាក់ងារខាងប៉ូលីសហាក់បីដូចជាមានការណ៍ធ្វេសប្រហែសដោយសារវិធានការណ៍របស់ខ្លួនក្នុងការចាត់វិធានការហ្នឹងអត់ទាន់ពេលវេលា ហើយការទប់ស្កាត់បទល្មើសកុំឲ្យវាកើតបាននោះហាក់បីដូចជានៅមានកម្រិតដែរ»។
ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងភ្នំពេញដែលមិនបញ្ចេញឈ្មោះ បាននិយាយថា អំពើបាញ់សម្លាប់នៅក្នុងទីក្រុងភ្នំពេញវាហាក់បីដូចជារឿងបាញ់សម្លាប់សត្វដោយមិនមានអ្នកណារកខុសត្រូវ។
«ប្រជាជនជាទូទៅគឺមិនដែលមានការសប្បាយចិត្តទេចំពោះការកាប់សម្លាប់ អំពើមនុស្សឃាតបែបនេះនោះ។ មានតែការភ័យខា្លច មានតែការប្រុងប្រយ័ត្នខ្លួនក្នុងការធ្វើការងារអ្វីមួយ»។
ដោយឡែកបើទោះជាលោកអះអាងថា បទល្មើសឧក្រិដ្ឋមានការថយចុះក្នុងរយៈពេលប៉ុន្មានខែមកនេះ លោកឧត្តមសេនីយកៀត ច័ន្ទថារិទ្ឋ ក៏បានទទួលស្គាល់ថា មានកើនឡើងបទល្មើសមជ្ឃឹមដែលរួមមានអំពើហឹង្សាក្នុងគ្រួសារ ចាប់រំលោភសេពសន្ទវៈ និងអំពើចោរកម្ម។
«ដោយសារកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋយើងនៅមានកម្រិតនៅឡើយ អញ្ចឹងគាត់ធ្វើអ្វីៗទៅ ជួនកាលគាត់ធ្វើហើយស្តាយក្រោយក៏មាន។ បញ្ហាមួយទៀតមានចំណុចខ្លះការសេពគប់ក្នុងសង្គមមិនត្រឹមត្រូវក៏ជះឥទ្ឋិពលក្នុងហ្នឹងដែរ»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកគៀត ច័ន្ទថារិទ្ឋបានបញ្ជាក់ថា គ្រប់ឃាតកម្ម និងបទល្មើសធំៗសម្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ៕