ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​គ្រោង​ធ្វើ​វិនិយោគ​ចំនួន​២៣​ដែល​មាន​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​


ចិន ​និង​​កម្ពុជា ​មាន​គម្រោង​សហប្រតិបត្តិការ​ចំនួន ​២៣ ​គម្រោង​ ដែល​មា​នតម្លៃ​ទឹកប្រាក់​ចំនួន​១៦០០​លាន​ដុល្លារអាមេរិក ​ដើម្បី​បង្កើន​ថែមទៀត​លើ​ផ្នែក​ផ្លូវ​ ស្ពាន​ ផែ ​ផ្លូវដែក​ បច្ចេកវិទ្យា​ព័ត៌មាន​ វារី​អគ្គិសនី​ និងរ៉ែ។
ចិន ​និង​​កម្ពុជា ​មាន​គម្រោង​សហប្រតិបត្តិការ​ចំនួន ​២៣ ​គម្រោង​ ដែល​មា​នតម្លៃ​ទឹកប្រាក់​ចំនួន​១៦០០​លាន​ដុល្លារអាមេរិក ​ដើម្បី​បង្កើន​ថែមទៀត​លើ​ផ្នែក​ផ្លូវ​ ស្ពាន​ ផែ ​ផ្លូវដែក​ បច្ចេកវិទ្យា​ព័ត៌មាន​ វារី​អគ្គិសនី​ និងរ៉ែ។

ភ្នំពេញ៖ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​មក​កាន់​ប្រទេស​កម្ពុជា​នេះ​ ​លោក​ប្រធាន​សភា​ប្រជាជន​ចិន​បាន​ប្រកាស​ថា​ ​ប្រទេស​ចិន​កំពុង​ប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​លើ​គម្រោង​ចំនួន​ ២៣ មាន​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ថាមពល​ ​ដែល​ត្រូវ​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៥។ ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​១៦ ​ដើម្បី​ខ្ចី​ប្រាក់​ពី​ធនាគារ​នៃ​ប្រទេស​ចិន​សម្រាប់​អភិវឌ្ឍ​ធនធាន​ទឹក​ កសាងផ្លូវ​ ​ស្ពាន​ ​កំពង់ផែ ​និង​បច្ចេក​វិទ្យា​ព័ត៌មាន។​ ក្រុម​អ្នក​សេដ្ឋ​កិច្ច​កម្ពុជាបាន​មើល​ឃើញ​ថា​ វា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ជួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ។

នៅ​ថ្ងៃ​សុក្រ​នេះ​ ​ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​កម្ពុជា​បាន​សម្តែង​សុទិដ្ឋិ​និយម​លើ​ការ​ជំរុញ​កំណើន​ពាណិជ្ជ​កម្ម​សេដ្ឋ​កិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ​ខណៈ​ដែល​ប្រទេស​ចិន​បាន​ប្រកាស​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ ១៦០០ ​លាន​ដុល្លារ​អាមេរិក​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ថាមពល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​នេះ។

លោក​ ខៀវ កាញារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​បាន​ថ្លែង​ប្រាប់​ក្រុមអ្នករាយការណ៍​ព័ត៌មានក្រោយពីជំនួប​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​និង​លោក​ វូ បាងហ្កូ (Wu Bangguo) ​ប្រធាន​សភា​ប្រជាជនចិន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា គម្រោង​វារី​អគ្គិសនី​ រ៉ែ ​ស្ពាន​ និង​ការតភ្ជាប់​ផ្លូវ​រថភ្លើង​បាន ស្ថិត​នៅក្នុង​ការផ្តួចផ្តើម​គំនិត​នានា​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន​រវាង​ពីឆ្នាំ​២០១០ ​និង ២០១៥ ។

«ក្នុង​រយៈពេល​៥ឆ្នាំ​ខាងមុខ​ ពី​ឆ្នាំ២០១០​ ដល់​ឆ្នាំ២០១៥ ​ប្រទេសចិន ​និង​ប្រទេស​កម្ពុជា ​មាន​គម្រោង សហប្រតិបត្តិការ​ចំនួន​២៣​ គម្រោង​ ដែល​មា​នតម្លៃ​ទឹកប្រាក់​ចំនួន ​១៦០០ ​លាន​ដុល្លារអាមេរិក ​ដើម្បី​បង្កើន​ថែមទៀត​លើ​ផ្នែក​ផ្លូវ​ ស្ពាន​ ផែ ​ផ្លូវដែក​ បច្ចេកវិទ្យា​ព័ត៌មាន​ វារី​អគ្គិសនី​ និងរ៉ែ​»។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​ វូ បាងហ្កូ ​ប្រធាន​សភា​ប្រជាជន​ចិន​ បាន​ធ្វើជា​សាក្សី នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​១៦​ ដែល​រួមមាន​កិច្ចព្រមព្រៀង​កម្ចី​បានរៀបចំ​ឡើង ដោយ​ធនាគារ​នៃ​ប្រទេស​ចិន ​ដូចជា ​កិច្ច​ព្រមព្រៀង​ស្តីពី​ឥណទាន​សម្បទានគ្រោង​អភិវឌ្ឍន៏​ធនធាន​ ទឹក​ព្រែក​ស្ទឹង​កែវ នៅ​ខេត្តកំពត ​កិច្ច​សន្យា​ស្តីពី​កុងស៊ុលតង់​លើ​គម្រោង​សាងសង់​ស្ពាន ​តាខ្មៅ​ កិច្ច​សន្យា​ពាណិជ្ជកម្ម​ស្តីពី​គម្រោង​អភិវឌ្ឍន៏​ស្ទឹង​ពោធិ៏សាត់​ និងកិច្ច​ព្រមព្រៀង​ឥណទាន​អនុគ្រោះ​សម្រាប់​គម្រោង​សាងសង់​កំពង់ផែ​ភ្នំពេញ​ជាដើម។

លោក​ ខៀវ កាញារិទ្ធ​បាន​បញ្ជាក់​ថា​ លោក ​វូ បាងហ្កូ ​បាន​សន្យា​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ចិន​ ឲ្យ​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ ​ខណៈ​ដែល​ទុន​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន​នៅ​កម្ពុជា​ ​រហូត​មក​ដល់ឆ្នាំ​នេះ​ ​មាន​ត្រឹម​តែ​៦១០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

«លោក វូ បាងហ្កូ​ ​បាន​លើក​ឡើង​ចំណុច​មួយ​ចំនួន​ ​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម​ និង​សេដ្ឋ​កិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីក​ចម្រើន​ ​ពីព្រោះ​លោក​បាន​គិត​ថា​ ​បើ​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​ល្អ​នឹង​ជួយ​ជំរុញ​ដល់​ទំនាក់​ទំនង​ផ្នែក​នយោ​បាយ។ ​ទំនាក់​ទំនង​ផ្នែក​នយោបាយ​ល្អ​នឹង​ជួយ​ជំរុញ​ដល់​ទំនាក់​ទំនង​សេដ្ឋ​កិច្ច ​និង​ពាណិជ្ជ​កម្ម»។

លោក​នូវ សីហា​ ​អ្នក​សេដ្ឋ​កិច្ច​នៅ​វិទ្យាស្ថាន​សេដ្ឋ​កិច្ច​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​បើ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ថាមពល​ទទួល​បាន​ជោគជ័យ​ ​វា​នឹង​ជួយ​ជំរុញ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ ​កំណើន​សេដ្ឋ​កិច្ច​ ​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

«វិនិយោគ​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​ដូចជាស្ពានដែក​ ​ផ្លូវ​ថ្នល់​ ​រ៉ែ ​និង​វារី​អគ្គិសនី​ ដែល​សុទ្ធតែ​ជា​វិស័យ​ចាំបាច់​ដែល​យើង​ត្រូវការ​ ​ពីព្រោះ​វា​ជា​គ្រោង​ឆ្អឹង​សេដ្ឋ​កិច្ច»។

លោក​ ចាន់ សុផល​ ​ប្រធាន​សមាគម​សេដ្ឋ​កិច្ច​កម្ពុជាបាន​បញ្ជាក់​ថា​ ​លោក​មាន​សុទិដ្ឋិ​និយម​ចំពោះ​ទឹក​ប្រាក់​វិនិយោគ​១៦០០​លាន​ដុល្លារ​អាមេរិកសម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​និង​ថាមពល​ ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​សេដ្ឋ​កិច្ច​កម្ពុជា។

«ខ្ញុំយល់​ ​និង​ជឿជាក់​ថា​ ​ការ​វិនិយោគ​នេះ​ពិត​ជា​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ផង​ដែរ។ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ មាន​ដូចជា​ផ្លូវ​ថ្នល់​ ផ្លូវដែក​ និង​អគ្គិសនី​ ឬ​ថាមពល​នេះ​ដែល​ហៅ​ថា​ ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។

លោក​ ចាន់ សុផល​បាន​បញ្ជាក់​ថា​ ​ទឹកប្រាក់​វិនិយោគ​នេះ ​គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ឲ្យ​ប្រទេស​កម្ពុជា​ធ្វើការ​អភិវឌ្ឍ​ ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ ​ប៉ុន្តែ​រដ្ឋាភិបាល​មាន​តួនាទី​ជួយ​កែ​សម្រួល​ការ​បែងចែក​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ឲ្យ​មាន​សមធ៌ម៕

XS
SM
MD
LG