បញ្ហាសំខាន់ៗមួយចំនួនរួមមាន បរិស្ថាន សិទ្ធិមនុស្ស ការចូលរួមរបស់ស្ត្រី និងការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានអ្នកពាក់ព័ន្ធស្នើប្រតិភូតំណាងកម្ពុជា លើកយកទៅថ្លែងនៅអង្គមហាសន្និបាតលើកទី៧៦របស់អង្គការសហប្រជាជាតិដែលនឹងប្រព្រឹត្តទៅនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ក្នុងសប្ដាហ៍នេះ។
បើតាមកាលវិភាគផ្ដល់ដោយ អ.ស.ប. ប្រតិភូតំណាងកម្ពុជា ត្រូវឡើងថ្លែងក្នុងអង្គមហាសន្និបាត តាមរយៈសុន្ទរកថាថតទុក និងថ្លែងពីចម្ងាយ នៅយប់ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ខាងមុខ ដោយបញ្ជាក់ថា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នឹងថ្លែងទៅកាន់អង្គមហាសន្និបាតដែលប្រព្រឹត្តទៅតាមអនឡាញ ដោយសារបញ្ហាជំងឺកូវីដ១៩។
លោក ហែម ឧត្ដម អ្នកប្រឹក្សាឯករាជ្យផ្នែកបរិស្ថាននិងធនធានធម្មជាតិ បានលើកឡើងថា កម្ពុជាអាចនឹងមានឱកាសដើរតួនាទីក្នុងកិច្ចព្យាយាមជាសាកលប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ តែលោកថា សុន្ទរកថានៅអ.ស.ប. គួរដើរទន្ទឹមគ្នានឹងការការពារធម្មជាតិជាក់ស្ដែងក្នុងស្រុក។
តួនាទីទាំងនោះរួមមានការបង្កើនការគ្របដណ្ដប់នៃថាមពលស្អាត និងកកើតឡើងវិញ តាមរយៈការចៀសវាងការប្រើប្រាស់ថាមពលដើរដោយចំហេះធ្យូងថ្ម ការមិនធ្វើទំនប់កាត់ផ្ទៃទន្លេមេគង្គ ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបង្ការការទន្ទ្រានដីព្រៃឈើ និងដីព្រៃលិចទឹក។
លោក ហែម ឧត្ដម បានលើកឡើងថា កម្ពុជាគួរប្រើវេទិកាខាងមុខ ដើម្បីបង្ហាញប្រាប់ដៃគូបរទេសឱ្យបានដឹងអំពីតម្រូវការរបស់ខ្លួនក្នុងផ្នែកបច្ចេកទេស និងគោលនយោបាយ ដើម្បីសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ និងការពារធនធានធម្មជាតិរបស់ខ្លួនឱ្យបានគង់វង្ស។
អ្នកជំនាញរូបនេះបន្តថា នៅវេទិកាអង្គមហាសន្និបាតទាំងមូល ការជជែកផុលផុសនឹងមានឡើងក្នុងរង្វង់ប្រធានបទនៃការកើនឡើងកម្ដៅភពផែនដី និងការបំភាយឧស្ម័នផ្ទះកញ្ចក់។
កម្ពុជាទើបនឹងបានអនុញ្ញាតឱ្យដំណើរការនូវគម្រោងផលិតអគ្គិសនីដើរដោយធ្យូងថ្ម ក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តឧត្ដរមានជ័យ និងដែលបានរងការរិះគន់ពីក្រុមអ្នកការពារបរិស្ថានផងដែរ។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលបានប្ដេជ្ញាមិនធ្វើទំនប់វារីអគ្គិសនីណាមួយកាត់ផ្ទៃទន្លេមេគង្គធំឡើយ នៅមុនឆ្នាំ២០៣០។
ដូចនឹងរឿងបរិស្ថានដែរ ចំពោះបញ្ហាសិទ្ធិមនុស្សក៏ត្រូវបានអ្នកឃ្លាំមើលស្នើឱ្យកែប្រែការអនុវត្តជាក់ស្ដែងរបស់ខ្លួន ដើម្បីបង្កើននូវការជឿទុកចិត្តលើសុន្ទរកថានៅអង្គមហាសន្និបាត អ.ស.ប. របស់ខ្លួន នៅចុងសប្ដាហ៍នេះ។
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថាតំណាងរដ្ឋាភិបាលកម្ពុជាទំនងជានឹងមិនភ្លេចលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះទេ។
អ្នកដឹកនាំសង្គមស៊ីវិលរូបនេះរំពឹងថា មិនខុសពីសព្វមួយដង រដ្ឋាភិបាលកម្ពុជានឹងឡើងទៅការពារកំណត់ត្រាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងគោលការណ៍នីតិរដ្ឋនៅកម្ពុជា ទោះបីមានការរិះគន់មកលើខ្លួនអំពីការបង្ក្រាបនយោបាយ ការចាប់ចងអ្នកជំទាស់ និងអ្នករិះគន់យ៉ាងណាក្ដី។
អ្នកស្រីថ្លែងថា៖ «ខ្ញុំគិតថា ពលរដ្ឋលោកអាចវិនិច្ឆ័យបាន ថាតើអ្វីដែលរដ្ឋាភិបាលអះអាងថាខ្លួនកំពុងអនុវត្តគោលការណ៍នីតិរដ្ឋនេះ តើគោលការណ៍នីតិរដ្ឋដែលមានទំនោរលើការរឹតបន្តឹងសិទ្ធិសេរីភាពជាមូលដ្ឋាន ឬក៏ដើម្បីផលប្រយោជន៍ចំពោះក្រុមណាមួយ ឬក៏ដើម្បីពលរដ្ឋគ្រប់រូប?»។
អ្នកស្រី ចក់ សុភាព លើកឡើងថា តំណាងរដ្ឋាភិបាលគួរបង្ហាញទៅកាន់អង្គមហាសន្និបាត អ.ស.ប. ដែរនូវការចម្រើនលូតលាស់ និងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស ស្របតាមលិខិតូបករណ៍អន្តរជាតិនានាដែលខ្លួនបានទទួលស្គាល់និងផ្ដល់សច្ចាប័ន។
ក្នុងមហាសន្និបាតលើកទី៧៥ ដែលធ្វើតាមអនឡាញដូចគ្នាកាលពីឆ្នាំមុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់មេដឹកនាំពិភពលោកថា ប្រទេសកំពុងអភិវឌ្ឍន៍បានក្លាយមុខព្រួញនៃការដាក់ទណ្ឌកម្មរបស់ប្រទេសអភិវឌ្ឍន៍ទាក់ទងនឹងបញ្ហាសិទ្ធិសេរីភាពជាមូលដ្ឋាន។ លោកបន្តថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចតាមរបៀបវារៈភូមិសាស្រ្តនយោបាយក៏ជាបញ្ហាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
នៅឆ្នាំមុននោះផងដែរ លោក ហ៊ុន សែន ក៏បានផ្តោតទៅលើប្រធានបទផ្សេងៗ ដែលរួមមានផលប៉ះពាល់នៃជំងឺកូវីដ១៩លើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចពិភពលោក និងសមិទ្ធផលរបស់កម្ពុជាក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចតាមរយៈការលើកស្ទួយនិងរក្សាសន្តិភាព និងអធិបតេយ្យជាតិ។
ប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៥៥។ កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងរៀបចំប្រទេសក្នុងក្របខណ្ឌប្រជាធិបតេយ្យ ដោយមានភាគីអន្តរជាតិជាប្រទេសហត្ថលេខី ក្នុងនោះមានអង្គការសហប្រជាជាតិផងដែរ។
អ្នកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានថ្លែងថាកម្ពុជាគួរយកវេទិកានៃអង្គមហាសន្និបាត អ.ស.ប. លើកឡើងផងដែរ បញ្ហាសិទ្ធិស្ត្រីក្នុងវិស័យការងារ និងវិស័យឯកជន និងរំលេចនូវបញ្ហារបស់ស្ត្រីប្រឡូកក្នុងវិស័យការងារ ជំនួញ និងតំណែងជាអ្នកដឹកនាំ។
អ្នកស្រីបន្ថែមថា បញ្ហាទាំងនោះរួមមានផងដែរ ការគិតគូរបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ត្រី ស្របនឹងកត្តាជីវសាស្ត្ររបស់ពួកគេ ដូចជាការមករដូវប្រចាំខែ និងការសម្រាកមាតុភាព ដើម្បីប្រាកដថាកត្តាទាំងនេះ មិនរាំងស្ទះពួកគេពីឱកាសធ្វើការ និងឡើងតំណែង។
អ្នកស្រីប្រាប់វីអូអេថា៖ «ចូលរួមក្នុងការដឹកនាំប្រទេស ចូលរួមក្នុងសង្គម ដូចថាក្នុងជួររាជរដ្ឋាភិបាលនោះណា ឱ្យមានការលើកទឹកចិត្តឱ្យបានច្រើនដល់ស្ត្រីផងដែរ ដើម្បីឱ្យគាត់ចូលរួមឱ្យបានច្រើនក្នុងការជួយបង្ការ ទប់ស្កាត់ការរីករាតត្បាតនៃសង្គ្រាមផ្សេងៗនៅលើពិភពលោកផងដែរ។ កាលណាស្ត្រីយើងចូលរួមធ្វើជាអ្នកដឹកនាំកាន់តែច្រើន ខ្ញុំមានជំនឿចិត្តថាពិភពលោកនឹងកាត់បន្ថយសង្គ្រាម បានកាន់តែច្រើន»។
អ្នកស្រី កែវ មុំ បន្តថា កម្ពុជាក៏គួរលើកឡើងផងដែរ អំពីបញ្ហាវិសមភាពនៃការចាក់ថ្នាំបង្ការជំងឺកូវីដទូទាំងសកល ដែលត្រូវដោះស្រាយដើម្បីឆាប់ឈានទៅគ្រប់គ្រងជំងឺកូវីដ១៩ និងបើកដំណើរការសេដ្ឋកិច្ចសាកលនិងសេដ្ឋកិច្ចប្រជាជាតិនានាវិញបានជាប្រក្រតី។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបដិសេធធ្វើអត្ថាធិប្បាយ ដោយថារបៀបវារៈ និងព័ត៌មានលម្អិតអំពីការថ្លែងរបស់កម្ពុជា នឹងត្រូវចែកចាយជូននាពេលក្រោយក្នុងសប្ដាហ៍នេះ៕