មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា គ្រោះមហន្តរាយជំនន់ទឹកភ្លៀង ដែលបាននិងកំពុងយាយីកម្ពុជាក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ។
លោក កែវ វី អនុប្រធាននាយកដ្ឋានព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន៥៨នាក់ហើយបានស្លាប់ គិតមកដល់ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ចាប់តាំងពីកម្ពុជាបានជួបប្រទះទុរ្ភិក្សផ្ទួនគ្នាគឺជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ តាំងពីខែសីហាទល់មកដល់ខែកញ្ញានេះ។ ក្នុងនេះមានខេត្តព្រះវិហារស្លាប់ពីរនាក់ ខេត្តកំពង់ធំ ១៥នាក់ ខេត្តសៀមរាប ២នាក់ កំពង់ចាម ២០នាក់ ក្រចេះ ៤នាក់ និងព្រៃវែង ១៥នាក់។
«ដល់ពេលនេះព័ត៌មានយើងបានប៉ុណ្ណឹង ប៉ុន្តែយើង Update (ធ្វើបច្ចុប្បន្នភាព) រាល់ថ្ងៃ។ ដោយសារ តែវាមានចេះតែការជន់លិចច្រើនឡើងៗ ហើយអាជ្ញាធរមូលដ្ឋានរបស់យើង ក៏កំពុងតែធ្វើការជម្លៀសប្រជាជននៅតាមមូលដ្ឋានរបស់គាត់។ ហើយកន្លែងណាដែលគាត់មិនអាចរស់នៅបានគឺថា អាជ្ញាធរយើងនិងកងអន្តរាគមន៍របស់យើងធ្វើការជម្លៀសគាត់ទៅនៅតាមទីទួលសុវត្ថិភាព»។
លោកបានបញ្ជាក់ថា គ្រោះធម្មជាតិទាំងនេះក៏បានបង្ខំឲ្យប្រជាពលរដ្ឋប្រមាណ ៤៤.៣១៣ គ្រួសារ ចាកចោលលំនៅដ្ឋានរបស់ពួកគេផងដែរ។ លោក កែវ វី បានឲ្យដឹងទៀតថា ក្រៅពីនេះ វាបានធ្វើឲ្យប៉ះពាល់វិស័យកសិកម្មនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ លោកមានបន្តថា មានតួលេខបង្ហាញថា សន្ទូងលិចទឹកមានចំនួន៩១.៧៤៣ ហិកតា សំណាប៣៧១ហិកតា ដំណាំផ្សេងៗ២.៧៤៨ហិកតា ផ្លូវលំគ្រោះក្រហម និងដីស៥៧២.៤៦៦ម៉ែត្រ ស្ពាន៧១ ទំនប់២៤៧.៥៩៧ម៉ែត្រ ច្រាំទន្លេបាក់ប្រវែង១១.៧៨៩ ម៉ែត្រ។
ទិដ្ឋភាពនៃទឹកជំនន់នៅភាគពាយ័ព្យប្រទេសកម្ពុជាកាលពីពាក់កណ្តាលខែកញ្ញា៖
មន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងថា ការដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងរយៈពេលជិតមួយសប្តាហ៍នេះគឺដោយសារកម្ពុជាកំពុងតែទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ហើយខេត្តដែលរងនូវឥទ្ធិពលនេះគឺខេត្តនៅភាពខាងជើង និងពាយ័ព្យ។ ក្រសួងធនធានទឹក និងឧត្តុនិយម ប្រកាសថា ភ្លៀងនឹងឈប់ធ្លាក់នៅថ្ងៃទី២៦ ខែកញ្ញានេះ។
លោក ឈុន ឈាំ អភិបាលខេត្តបានថ្លែងថា ស្រុកចំនួនប្រាំពីរ ក្នុងចំណោមប្រាំបីស្រុក លើកលែងតែស្រុកប្រាសាទបាល្ល័ង្គចេញ កំពុងត្រូវបានគំរាមគំហែងដោយទឹកជំនន់។ លោកអភិបាលខេត្ត បានឲ្យដឹងថា ស្រូវចំនួន ២៥.០០០ហិកតាបានលិចលង់ក្នុងនោះជាង១ម៉ឺនហិកតាត្រូវខូចខាតទាំងស្រុង។ លោកបានបន្ថែមថា ប្រជាពលរដ្ឋចំនួន៧ពាន់គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
«នេះកំពុងតែភ្លៀងហ្នឹង! បីថ្ងៃជាប់ ហើយទឹកឡើងជាបន្តបន្ទាប់ឥតមានស្រកទេ។ អញ្ចឹង បើនិយាយពីធ្ងន់ ឆ្នាំនេះវាធ្ងន់ត្រង់ស្រូវ។ អាហ្នឹងចំណុចទី១។ ទី២គឺទឹកទន្លេសាបទាប។ អញ្ចឹង វាហូររហ័ស ដើម្បីរំដោះឲ្យបានរហ័ស សង្គ្រោះស្រូវនេះបានទាន់ពេលវេលា។ ប៉ុន្តែពេលឥឡូវនេះ ទឹកទន្លេសាប បុកពីក្រោមមកវិញ។ វារាំងស្ទះកុំឲ្យពីលើទៅហូរបានរហ័ស។ អានេះគឺជាបញ្ហាធ្ងន់ធ្ងរ ដែលធ្វើឲ្យខ្ញុំនេះព្រួយបារម្ភ»។
ចំណែកឯខេត្តសៀមរាបក៏កំពុងតែទទួលរងនូវការគំរាមគំហែងធ្ងន់ធ្ងរផងដែរ។ ក្រុមអាជ្ញាធរខេត្តនេះឲ្យដឹងថា ស្រុកទាំង១២របស់ខេត្តនេះ ត្រូវជន់លិចដោយជំនន់ទឹកភ្លៀងផង ទឹកទន្លេផង ដែលធ្វើឲ្យវាលស្រែប្រមាណប្រាំពីរពាន់ហិកតាត្រូវលិចលង់ ហើយ១.០០០ហិកតាប្រឈមការខូចខាតទាំងស្រុង។ ក្រៅពីនេះមានប្រជាពលរដ្ឋប្រមាណជាង៦០០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ លើសពីនេះទៅទៀត ជំនន់ទឹកផ្លៀង ត្រូវគេដឹងថា ក៏កំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ខេត្តនេះផងដែរ។
លោក ប៉ុណ្ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា បានថ្លែងថា ជំនន់ទឹកភ្លៀងនេះ មិនបានធ្វើឲ្យប៉ះពាល់ខ្លាំងទេដល់តំបន់អង្គរទេ បើទោះបីជាវាបានរំខានដល់ការទស្សនាកម្សាន្តប្រាសាទមួយចំនួន យ៉ាងណាក៏ដោយ ដូចជាប្រាសាទនាគព័ន្ធ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រីជាដើម។
«វាមានខូចផ្លូវ។ ផ្លូវចំណាំធ្វើដំណើរទៅទស្សនាប្រាសាទមានខូចមួយកន្លែង ផ្លូវធំៗ កន្លែងកម្សាន្តនាគព័ន្ធទៅតាសោមអញ្ចឹង។ បាទ យ៉ាប់អញ្ចឹង។ ផ្លូវមិនធ្វើដំណើរទៅបាន។ វាដាច់ៗ ផ្លូវៗ ជ្រៅណាស់។ អញ្ចឹងមានលិចដែរ តែលិចដោយថា ១០សង់ទីម៉ែត្រ អាចធ្វើដំណើរបាន។ ហើយមានប្រាសាទពីរដែលិចទឹកដែរគ្រាន់អាចទៅមើលបាន ប្រាសាទបន្ទាយក្តីប្រាសាទតាព្រហ្ម ទើបតែលិចពីព្រឹកមិញតែនៅមានឃើញនៅមានភ្ញៀវទេសចរណ៍ទៅមើលបាន។ ប៉ុន្តែដើរកាត់ទឹកអញ្ចឹងណាស់»។
លោកបានបញ្ជាក់ថា មានវិធានការរួចហើយដើម្បីជួយសង្គ្រោះតំបន់ប្រាសាទទាំងមូល ក្នុងកាលៈទេសៈណាដែលទឹកជន់ខ្លាំង៕