ភ្នំពេញ៖ ការិយាល័យតំណាងវិទ្យុសំឡេងវៀតណាមនឹងសម្ពោធជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃស្អែកនេះ ដើម្បីធ្វើសេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងបញ្ចូនទៅកាន់ប្រទេសវៀតណាម សម្រាប់បម្រើដល់ការផ្សាយជាភាសាវៀតណាមរបស់វិទ្យុសំឡេងវៀតណាម។
លោកប្រធានាធិបតីវៀតណាម Nguyen Minh Triet បានមកដល់រាជធានីភ្នំពេញនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅកម្ពុជា សំដៅសម្ពោធការិយាល័យតំណាងវិទ្យុសំឡេងវៀតណាមនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃសុក្រស្អែក សម្រាប់ធើ្វសេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍នានា ដែលកើតមាននៅកម្ពុជា បញ្ចូនទៅផ្សាយជាព័ត៌មាននៅក្នុងប្រទេសវៀតណាម។
លោកប្រធានាធិបតី Minh Triet គ្រោងនឹងជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាអំពីការពង្រឹងព្រងីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី លោកជា ស៊ីម ប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភានិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងសម្តេចព្រះសង្ឃរាជទេព វង្ស និងបូរ គ្រី។
លោកស្រី Ngo Thi Hoa អនុប្រធានបេសកកម្មនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងប្រាប់VOAថា ជាធម្មតាការិយាល័យតំណាងវិទ្យុសំឡេងវៀតណាមនៅកម្ពុជានេះរាយការណ៍ព័ត៌មានពីប្រទេសកម្ពុជាបញ្ចូនទៅចាក់ផ្សាយនៅប្រទេសវៀតណាម។
«ខ្ញុំគិតថា ការិយាល័យនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ពីព្រោះវិទ្យុសំឡេងវៀតណាមនេះនឹងរាយការណ៍តែព័ត៌មានពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម។ ខ្ញុំគិតថា តួនាទីដ៏សំខាន់នៅទីនេះ រាយការណ៍ព័ត៌មានពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម»។
សមាជិកព័ត៌មានផ្លូវការរបស់ប្រទេសវៀតណាមបានបញ្ជាក់ថា ការបើកការិយាល័យតំណាងនេះ មានអ្នកយកព័ត៌មានចំនួនបីនាក់ នៅកម្ពុជា ដើម្បីរាយការណ៍ព្រឹត្តិការណ៍នានាដែលកើតឡើងនៅកម្ពុជា និងដកស្រង់ប្រភពនិងបញ្ចូនទៅផ្សាយជាភាសាវៀតណាមនៅស្ថានីយវិទ្យុសំឡេងវៀតណាម ក្នុងប្រទេសវៀតណាម ដូចជាភ្នាក់ងារReuters ភ្នាក់ងារAP និងភ្នាក់ងារAFP ជាដើម។
សេចក្តីព្រាងសុន្ទរកថារបស់លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រាប់ពិធីសម្ពោធ ការិយាល័យតំណាងវិទ្យុសំឡេងវៀតណាម បានបញ្ជាក់ថា ការបើកការិយាល័យតំណាងវិទ្យុសំឡេងវៀតណាមនេះ សំដៅបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
សេចក្តីព្រាងនេះបានបន្តថា វិទ្យុសំឡេងវៀតណាមបានផ្តល់ម៉ាស៊ីនផ្សាយវិទ្យុដល់ខេត្តស្វាយរៀង ខេត្តកំពត និងខេត្តព្រះសីហនុ ដែលបច្ចុប្បន្នកំពុងផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីកម្សាន្ត ហើយគ្រោងនឹងផ្តល់ម៉ាស៊ីនផ្សាយប្រាំគ្រឿងបន្ថែមទៀតសម្រាប់ឱ្យខេត្តផ្សេងៗទៀត ដើម្បីផ្តល់ព័ត៌មាន និងកម្មវិធីកម្សាន្តឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋខ្មែរ ដែលចង់ដឹងពីព័ត៌មានសំខាន់ៗ ដែលកើតឡើងនៅក្នុង និងក្រៅប្រទេស ចង់ទទួលបាននូវការយល់ដឹងពីកម្មវិធីសម្បូរបែបរបស់វិទ្យុផ្សាយសំឡេង ដើម្បីជាគុណប្រយោជន៍ដល់ការលើកកម្ពស់ជីវភាព និងការកាត់បន្ថយភាពក្រីក្រ៕