(សម្គាល់៖ ដើម្បីផ្តល់សេវាជូនដល់សាធារណជន វីអូអេផ្នែកខេមរភាសាសូមផ្សាយទាំងស្រុងខ្លឹមសារបកប្រែជាភាសាខ្មែរនូវសេចក្តី ថ្លែងការណ៍របស់វីអូអេដែលបានផ្សាយជាភាសាអង់គ្លេសកាលពីថ្ងៃទី០១ ខែកញ្ញា ២០១១)
រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១ កញ្ញា ២០១១៖ វីអូអេ សំឡេងសហរដ្ឋអាមេរិក មានសេចក្តីព្រួយបារម្ភចំពោះការចេញការព្រមានមួយតាមផ្លូវច្បាប់ទាក់ទងទៅនឹងសេចក្តីរាយការណ៍របស់សំឡេងសហរដ្ឋអាមេរិកស្តីអំពីតុលាការដែលមានអង្គការសហប្រជាជាតិគាំទ្រនៅក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងធ្វើការស៊ើបអង្កេតអំពើឃោរឃៅរបស់អតីតរបបខ្មែរក្រហម។
នៅថ្ងៃទី៣១ ខែសីហា សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីកម្ពុជាដែលអង្គការសហប្រជាជាតិគាំទ្រ បានប្រកាសថា តុលាការបានចាប់បើកដំណើរការនីតិវិធីនៃ«ការជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលតុលាការ» ទាក់ទងទៅនឹងសេចក្តីរាយការណ៍របស់ក្រុមផ្សាយជាភាសាខ្មែរនៃវីអូអេសំឡេងសហរដ្ឋអាមេរិក។ សេចក្តីថ្លែងដែលមិនមានចុះហត្ថលេខា ពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានលើកឡើងអំពីការប្រើឯកសារសម្ងាត់របស់តុលាការដោយវីអូអេសំឡេងសហរដ្ឋអាមេរិកនៅក្នុងសេចក្តីរាយការណ៍មួយដែលបានផ្សាយនៅថ្ងៃទី១០ ខែសីហា ដោយបានចង្អុលបង្ហាញអត្តសញ្ញាណមនុស្សថ្មីដែលអាចជាចុងចោទ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ដំណើរការបណ្តឹងនេះត្រូវបានធ្វើឡើងទាក់ទងនឹង «ការជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលរបស់តុលាការ» បន្ទាប់ពីវីអូអេសំឡេងសហរដ្ឋអាមេរិកបាន «ដកស្រង់ទាំងស្រុងនូវខ្លឹមសារនៃឯកសារសម្ងាត់» ហើយ «ថែមទាំងបានបង្ហាញឯកសារនោះក្នុងវីដេអូ» ទៀតផង។ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា «បុគ្គលរូបណាដែលមានបំណងចង់បង្ហាញឯកសារសម្ងាត់តុលាការថាសំណុំរឿងរបស់ពួកគេអាចនឹងត្រូវបញ្ជូនទៅ ព្រះរាជអាជ្ញាជាតិស្របតាមវិធាន ៣៥ (២) (គ)»។
វីអូអេសំឡេងសហរដ្ឋអាមេរិកមានសេចក្តីព្រួយបារម្ភអំពី «ផលអាក្រក់» ដែលកើតចេញពីការគំរាមរបស់សហចៅក្រមស៊ើបអង្កេតនេះ ទៅលើការផ្សាយព័ត៌មានអន្តរជាតិដ៏សំខាន់។ អង្គការសិទ្ធិមនុស្សខ្លះបានចោទថា ចៅក្រមនៅក្នុងសាលាក្តី ខកខានមិនបានធ្វើការស៊ើបអង្កេតឲ្យបានពេញលេញអំពីរឿងក្តីដែលព្រះរាជអាជ្ញាបានលើកឡើងនោះទេ។
វីអូអេសំឡេងសហរដ្ឋអាមេរិកជឿថា ការចេញការព្រមានរបស់សហចៅក្រមនេះ ជាការមិនត្រឹមត្រូវទេ។ វីអូអេសំឡេងសហរដ្ឋអាមេរិកមានការទទួលខុសត្រូវខាងព័ត៌មាននិងច្បាប់ ក្នុងការផ្សាយព័ត៌មានឲ្យបានប្រកបដោយតុល្យភាព និងភាពទូលំទូលាយ ស្តីអំពីរឿងរ៉ាវសំខាន់ៗ។ ការប្រើប្រភព និងឯកសារសម្ងាត់ដោយប្រុងប្រយ័ត្ន ដែលជួយផ្តល់ការយល់ដឹងស៊ីជម្រៅទៅក្នុងបញ្ហាសំខាន់ៗ ជាការអនុវត្តដែលក្រុមអ្នកយកព័ត៌មានឯករាជ្យបានប្រើជាយូរមកហើយនៅជុំវិញពិភពលោក។ លើសពីនេះទៅទៀត ឯកសារទាំងនេះបានត្រូវក្រុមផ្សាយព័ត៌មានដទៃទៀតយកទៅប្រើមុនហើយ។
វីអូអេសំឡេងសហរដ្ឋអាមេរិក និងក្រុមផ្សាយជាភាសាខ្មែររបស់វីអូអេ ប្តេជ្ញាផ្តល់ព័ត៌មានពិត គ្មានលម្អៀង និងទូលំទូលាយទាក់ទងនឹងការស៊ើបអង្កេតជាបន្តអំពីអំពើឃោរឃៅរបស់ពួកខ្មែរក្រហម និងបញ្ហាដែលមានសារៈសំខាន់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។
សេចក្តីថ្លែងការណ៍នេះមាននៅក្នុងគេហទំព័រ www.insidevoa.com។ សម្រាប់ការសាកសួរដើម្បីផ្សាយព័ត៌មាន សូមទាក់ទង លោក ខាយល៍ ឃីង (Kyle King) នៅក្រុងវ៉ាស៊ីនតោន តាមសារអេឡិកត្រូនិក kking@voanews.com៕
---
វីអូអេសំឡេងសហរដ្ឋអាមេរិកជាសេវាផ្សាយព័ត៌មានអន្តរជាតិតាមរយៈបណ្តាញជាច្រើន ដែលទទួលថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងនៃក្រុមប្រឹក្សាភិបាលផ្សាយព័ត៌មាន (Broadcasting Board of Governors)។ វីអូអេសំឡេង សហរដ្ឋអាមេរិក ផ្សាយព័ត៌មាន ដំណឹងផ្សេងៗ កម្មវិធីអប់រំ កម្មវិធីវប្បធម៌ ប្រហែល ១.៥០០ ម៉ោងក្នុងមួយសប្តាហ៍ ជូនអ្នកស្តាប់ចំនួនប្រមាណ ១២៣ លាននាក់នៅជុំវិញពិភពលោក។ កម្មវិធីទាំងនេះមានផ្សាយចេញជា ៤៤ ភាសា ហើយមានបំណងផ្សាយជូនតែប្រិយមិត្តនៅក្រៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។
បើចង់បានព័ត៌មានបន្ថែម សូមទូរស័ព្ទទៅការិយាល័យទំនាក់ទំនងសាធារណៈរបស់វីអូអេ លេខ (២០២) ២០៣-៤៩៥៩ ឬតាមសារអេឡិកត្រូនិក askvoa@voanews.com។ សូមមើលយើងតាម Twitter @VOABuzz និងតាម Facebook នៅទំព័រ InsideVOA។