កាលពី ២ឆ្នាំមុន អ្នកស្រីគា ទាវ បានយកប្លង់ដីរបស់ឪពុកក្មេក ទៅដាក់ជាទ្រព្យបញ្ចាំដើម្បីខ្ចីលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករចំនួន៣ពាន់ដុល្លារ មកទិញគោយន្តមួយគ្រឿង ដើម្បីទុកធ្វើដំណើរ និងដឹករបស់របរ។
ប៉ុន្តែអ្នកស្រីគា ទាវ អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិអូរចាន់ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបាត់បង់គោយន្តនោះ ក្រោយការដុតបំផ្លាញរបស់ក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) កាលពីសប្តាហ៍មុន។ ការដុតបំផ្លាញគោយន្តនេះ នាំឲ្យមានការរិះគន់ខ្លាំង ក្រោយវីដេអូនៃការដុតបំផ្លាញនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងត្រូវបានផ្សព្វផ្សាយតាមរយៈសារព័ត៌មាន។
អ្នកស្រីគា ទាវ ដែលមានកូនពីរនាក់មានប្រសាសន៍ថា អ្នកស្រី មិនមានដីសម្រាប់ធ្វើស្រែអ្វីនោះទេ ហើយធ្លាប់ចំណាកស្រុកទៅធ្វើការស៊ីឈ្នួលចម្ការឲ្យគេនៅប្រទេសថៃ។
អ្នកស្រីថ្លែងប្រាប់VOA នៅផ្ទះរបស់អ្នកស្រីថា អ្នកស្រី និងស្វាមី ប្រកបរបរដឹកឈើក្រាក់ងាប់ៗនៅតំបន់ច្រករទេះសេះដើម្បីយកមកពុះធ្វើជាអុស ហើយលក់ឲ្យគេ។ អ្នកស្រីមានប្រសាសន៍ថា ប្រជាពលរដ្ឋផ្សេងទៀតប្រកបរបរនេះដូចគ្នា ហើយជាការកាប់ឈើដែលងាប់ និងមិនស្ថិតក្នុងតំបន់ការពារនោះទេ។
អ្នកស្រី គា ទាវ ថ្លែងប្រាប់VOAកាលពីថ្ងៃអាទិត្យថា ការដុតនេះ ជា«សកម្មភាពជ្រុលហួសហេតុ» ហើយធ្វើឲ្យអ្នកស្រីបាត់បង់គោយន្ត និងរទេះពីក្រោយ ដែលមានតម្លៃសរុបជាង៣ពាន់ដុល្លារអាមេរិក។
អ្នកស្រីមានប្រសាសន៍ថា៖ «វាលំបាក លំបាកនិយាយលែងចេញ។ នឹកឃើញវាឆ្អែតចិត្តតែម្តង។ រកគ្រប់គ្នា ដុតតែរបស់ខ្ញុំមួយ។ ខ្ញុំវាអន់ចិត្តដែរបង»។ អ្នកស្រីបន្ថែមថា៖ «វាហួសហេតុពេក។ ប្រទេសខ្មែរមានច្បាប់ បើថា ខុសត្រូវអី យើងនាំទៅនិយាយគ្នាបាន។ យើងខ្មែរដូចគ្នាអាចនិយាយបាន។ ពន្យល់អ៊ីចឹងទៅ យើងនឹងអាចស្តាប់បាន តែនេះអត់ទេ ជួបប្តីខ្ញុំ ដុតចោល អ៊ីចឹងបណ្តោយ។ ដូចវាអយុត្តិធម៌ហួសសម្រាប់ខ្ញុំ»។
អ្នកស្រី គា ទាវ ដែលមានបងប្អូនទាំងអស់១០នាក់ មានប្រសាសន៍ថា អ្នកស្រីទើបទទួលបានបណ្ណសមធម៌ ឬ បណ្ណក្រីក្រ ដែលទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន១៧ម៉ឺនរៀល ចំនួនពីរដង កាលពីពេលថ្មីៗនេះ។ អ្នកស្រីបានខ្ចីលុយគេចំនួន៣ពាន់ដុល្លារ កាលពីខែសីហា ឆ្នាំ២០១៨ ដើម្បីទិញគោយន្តនេះ។ ក្នុងមួយខែអ្នកស្រីត្រូវបង់ឲ្យគេជាង៤០ម៉ឺនរៀលរហូតដល់ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងសេចក្តីបំភ្លឺមួយចេញផ្សាយ កាលពីថ្ងៃទី៨ ខែសីហា ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែសីហាវេលាម៉ោង២ និង៣០នាទីរសៀល មានគោយន្តពីរគ្រឿងដឹកកំណាត់អុសក្រាក់កង់ៗនៅលើកំណាត់ផ្លូវគ្រួសក្រហម។ គោយន្តទាំងពីរក៏បានជួបរថយន្តមួយគ្រឿងម៉ាក Mazda ដែលមានគ្នា៤នាក់ ជិះបញ្ច្រាសទិសគ្នា។ ពេលនោះរថយន្តដែលមានមនុស្ស៤នាក់ក្នុងនោះមានជនបរទេសម្នាក់ បានឈប់ ហើយបានត្រួតពិនិត្យគោយន្តនោះ។ ពួកគេមិនបានបញ្ជាក់ពីមុខងារ និងតួនាទីអ្វីឡើយ។ នេះបើតាមស្នងការនគរបាលខេត្តពោធិ៍សាត់។
សេចក្តីបំភ្លឺឲ្យដឹងទៀតថា ពេលនោះជនបរទេសម្នាក់នោះ ក៏បញ្ជាឲ្យដកហូតរណាយន្តនៅលើរទេះសណ្តោងគោយន្ត និងសួររកដែកកេះ ហើយយកសាំងសល់ប្រហែល១លីត្រពីគោយន្តនោះ និងដុតបំផ្លាញគោយន្តមួយ ដែលជារបស់អ្នកស្រី គា ទាវ។
បើតាមសេចក្តីបំភ្លឺសមត្ថកិច្ចសន្និដ្ឋានថា «ជាសកម្មភាពរបស់ក្រុមការងាររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃមិនមានការពាក់ព័ន្ធជាមួយសមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋានរបស់ខេត្តពោធិ៍សាត់ទេ»។
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោក សារុន ចាន់ធី ថ្លែងប្រាប់VOA ថា ការដុតនេះជាសកម្មភាព«ហួសបន្តិច» ដែលត្រូវមានអន្តរាគមន៍ និងស៊ើបអង្កេតពីកម្លាំងសមត្ថកិច្ច។ លោកបញ្ជាក់ថា ករណីនេះ ពាក់ព័ន្ធនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយពុំមានការចូលរួមពីកម្លាំងនគរបាលរបស់ខេត្តឡើយ។
លោកបញ្ជាក់ថា៖ «គាត់ធ្វើហួសសមត្ថកិច្ចរបស់គាត់»។
លោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance )លើកឡើងថា «វាជាកំហុសរបស់យើងក្នុងការដុតគោយន្ត» ហើយលោកស្រី បានអប់រំក្រុមការងាររបស់លោកស្រីរួចរាល់ហើយអំពីបញ្ហានេះ។
ទោះជាយ៉ាងណា លោកស្រីមានប្រសាសន៍ថា ព្រៃឈើរបស់កម្ពុជា មិនអាចត្រូវបានការពារបាននោះទេ ប្រសិនបើគ្មានការពង្រឹងច្បាប់។ លោកស្រីបន្តថា ក្រុមការងាររបស់លោកស្រី បានបំពេញតួនាទីរបស់ពួកគេក្នុងការការពារព្រៃជួរភ្នំក្រវាញពីការកាប់បំផ្លាញ ទន្រ្ទានដី និងការបរបាញ់សត្វ។
លោកស្រីបញ្ជាក់ថា៖ «វាជារឿងធម្មតាណាស់ទៅហើយដែលប្រជាពលរដ្ឋដែលកាប់ព្រៃឈើ មិនសប្បាយចិត្តនឹងការឈប់ត្រួតពិនិត្យ ហើយតែងតែត្អូញត្អែរ ហើយឈើរបស់ពួកគេកម្រណាស់ជាឈើសម្រាប់ធ្វើអុស»។
លោកស្រីបន្តថាឈើ ដែលប្តីរបស់អ្នកស្រី គា ទាវ ដឹកនោះមានទំហំទៅ៣ម៉ែត្រគីប មិនមែនឈើតូចនោះទេ។ លោកស្រីថា ឈើនោះជាឈើមកពីតំបន់ព្រៃជួរភ្នំក្រវាញ។
ប៉ុន្តែ អ្នកស្រី គា ទាវ បានច្រានចោលការលើកឡើងនេះ ហើយថា ឈើនេះ កាប់ក្នុងតំបន់ច្រករទេះសេះដែលមានចម្ងាយជាង១៣គីឡូម៉ែត្រពីផ្ទះរបស់អ្នកស្រី ហើយមិនមែនស្ថិតក្នុងតំបន់ការពារនោះទេ។
អ្នកស្រីមានប្រសាសន៍ថា៖ «ហើយត្រង់ឈើធំៗ រទេះធំៗមិនមិនចាប់ឃាត់។ ចាប់ដោះស្រាយចាប់យកលុយ។ មិនមែនតែខ្ញុំណាបង។ ពេលថ្ងៃកើតហេតុ រទេះបួនប្រាំរទេះ ដុតអារទេះខ្ញុំមួយទេ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា បុគ្គលជាអ្នកដុតនេះ ជាអ្នកទទួលខុសត្រូវ ហើយការដុតនេះ មិនមានការចូលរួមពីមន្រ្តីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាននោះទេ។
លោកថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា៖ «ការប្រព្រឹត្តរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះ គឺមិនស្របច្បាប់ទេ។ ហើយក្រសួងបរិស្ថានក៏មិនដែលអនុញ្ញាតឲ្យធ្វើរបៀបនេះដែរ។ ប្រសិនបើចាប់ករណីរបៀបនេះ គឺមន្រ្តីត្រូវធ្វើការអប់រំ ណែនាំ និងផាកពិន័យអន្តរកាលប៉ុណ្ណោះ»។
លោកបន្ថែមថា៖ «ហើយក្រសួងបរិស្ថានបានធ្វើការណែនាំរួចទៅហើយទៅដល់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ឲ្យពិនិត្យទៅលើការអនុវត្តរបស់បុគ្គលិករបស់ខ្លួន គឺស្ថិតនៅក្រោមច្បាប់ជានិច្ច»។
បើតាមលោក នេត្រ ភក្រ្តា ការចូលព្រៃកាប់ឈើងាប់ មិនមានជាបញ្ហានោះទេ។ ប៉ុន្តែលោកថា មានករណីមួយចំនួនជាការកាប់អុស ឬ ដឹកអុសតែបន្លំឈើប្រណិតនៅខាងក្រោម ដែលទាមទារឲ្យមានការត្រួតពិនិត្យ។
បើតាមលោក នេត្រ ភក្រ្តា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានទទួលកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ចាប់តាំងពីឆ្នាំ២០១៦ ក្នុងការការពារព្រៃឈើក្នុងខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ ក្នុងតំបន់ឧទ្យានជាតិក្រវាញខាងត្បូង តាតៃ និងក្រវាញកណ្តាល។
បើតាមវេបសាយរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃការកាប់ឈើធ្វើអុស មិនមែនគ្មានកំហុសនោះទេ ហើយវាក៏មិនមែនជាលក្ខណៈគ្រួសារដែរ គឺពាក់ព័ន្ធនឹងក្រុមហ៊ុន ដែលយកអុសទៅដុតជំនួសការប្រើប្រាស់អគ្គិសនី។ អង្គការថា នេះជាការកេងចំណេញផលប្រយោជន៍ជំនួញដ៏ធំ។
មេឃុំស្វាយស លោក ចាន់ សៃ មានប្រសាសន៍ថា អ្នកស្ រីគា ទាវ ដែលគោយន្តរបស់អ្នកស្រីត្រូវបានដុតនោះ ស្ថិតក្នុងគ្រួសារក្រីក្រ ដែលទើបទទួលបានបណ្ណក្រីក្រកាលពីពេលថ្មីៗនេះ។ លោកបន្តថា មុខរបររកឈើនេះ គឺជាការរកបន្ទាប់បន្សំសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងឃុំរបស់លោក។ លោកបញ្ជាក់ថា អុសនៅគោយន្តរបស់អ្នកស្រី គា ទាវ ជាអុសតូចតាចតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «អុសហ្នឹង វាកម្ទេចកម្ទី តូចតាចហ្នឹង មិនមានអីធំដុំទេ»។
បើតាមមេឃុំស្វាយស តំបន់របស់លោកមិនមានព្រៃឈើប្រណិតអ្វីធំដុំនោះទេ។
ចំណែកមេរងប៉ុស្តិ៍ស្វាយស លោក លី ចន្ធូ មានប្រសាសន៍ថា មិនមានឈ្មួញ ឬ ក្រុមហ៊ុនកាប់ឈើធំៗនៅតំបន់របស់លោកនោះទេ។ លោកបន្តថា ភាគច្រើន ប្រជាពលរដ្ឋគ្រាន់តែប្រមូលឈើ មកធ្វើអុសលក់ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។
អ្នកស្រី គា ទាវ បានសម្រេចដាក់ពាក្យបណ្តឹង កាលពីថ្ងៃសៅរ៍ ដើម្បីទាមទារសំណង ដោយសារអ្នកស្រីបាត់បង់គោយន្ត។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំដាក់សុំរកយុត្តិធម៌ ដើម្បីរកដំណោះស្រាយ ឲ្យថវិកាខ្ញុំមកវិញខ្លះ ព្រោះអីខ្ញុំអត់មានលទ្ធភាពអីសងគេទេ។ គោយន្តខ្ចីលុយអង្គការ ក៏មិនទាន់សងដាច់ដែរ។ ឥឡូវឆេះអស់ហើយ ខ្ញុំអត់មានអ្វីអីទៀតទេរាល់ថ្ងៃនេះ»។
ក្រៅពីជីវភាពលំបាក និងមិនមានដីសម្រាប់ធ្វើស្រែចម្ការ អ្នកស្រី ក៏បារម្ភអំពីអនាគតកូនប្រុសស្រីពីរនាក់ ដែលម្នាក់ទើបតែរៀនថ្នាក់ទី១ប៉ុណ្ណោះ។
អ្នកស្រីមានប្រសាសន៍ថា៖ «បារម្ភពីអនាគតកូន ព្រោះអីមិនដឹងបានអីរកស៊ីចិញ្ចឹមកូនទៀត។ បើអស់ប៉ុណ្ណឹងហើយ មិនដឹងសង្ឃឹមអីទេបងអើយ»។
ម្តាយរបស់អ្នកស្រីគឺអ្នកស្រី ឈឹម សារី អាយុ៦៣ឆ្នាំ កំពុងអង្គុយនៅអង្រឹងក្បែរនោះ។ ស្ត្រីដែលមានកូន១០នាក់ នេះមានប្រសាសន៍ថា ការបាត់គោយន្ត និងមុខរបរនេះ ក៏ប៉ះពាល់ដល់អ្នកស្រីដែលមិនមានការងារអ្វីធ្វើ រង់ចាំតែការផ្គត់ផ្គង់ពីកូនតែប៉ុណ្ណោះ។
អ្នកស្រីមានប្រសាសន៍ថា៖ «រាល់ថ្ងៃនេះអូនឯងគិតមើលខ្លួនក៏ចាស់ហើយ។ រាល់ថ្ងៃ កូនរកត្រើកៗ គ្រាន់ហុចឲ្យម៉ែហូប ហើយឥឡូវបើកូនអស់ទៀត ម៉ែមានអី? រាល់ថ្ងៃសង្ឃឹមវាដែរ។ ខ្ញុំនេះខ្ញុំមានទៅរកអីបាន?»