ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រុក​ដែល​រង​គ្រោះ​ដោយ​សារ​ការ​វាយ​ប្រយុទ្ធ​រវាង​ថៃ-ខ្មែរ​សុំ​សន្តិភាព​


ការ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ​ត្រូវ​គ្មាន​ផ្ទះ​សម្បែង។
ការ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ​ត្រូវ​គ្មាន​ផ្ទះ​សម្បែង។

ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ៖​ ការវាយ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​ថៃ-​ខ្មែរ​បាន​ស្ងប់​ស្ងៀម​ទៅ​វិញ​នៅ​ពេល​ឥឡូវ​នេះ​ ហើយ​មេ​ដឹកនាំ​នយោបាយ​ទាំង​សងខាង​នឹង​ធ្វើ​កិច្ច​ចរចា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​អង្គការ​សហ​ប្រជាជាតិ។​ ការវាយ​ប្រយុទ្ធ​គ្នា​នៅ​ជិត​កន្លែង​ឈ្លោះ​គ្នា​មួយ​នៅ​តាម​ព្រំ​ដែន​ជា​ការវាយ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​បំផុត​ក្នុង​ពេល​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​និង​បង្ខំ​មនុស្ស​ច្រើន​ពាន់​នាក់​ឲ្យ​រត់​រក​សុវត្ថិភាព។​ អ្នក​ស្រុក​អ្នក​ភូមិ​នៅ​មិន​ទាន់​វិល​ត្រឡប់​ទៅផ្ទះ​វិញ​ទេ​ ហើយ​មនុស្ស​ច្រើន​នាក់​នៅ​ប្រទេស​ថៃ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជម្លោះ​នេះ​ដើម្បី​ឲ្យ​ជីវិត​រស់​នៅ​ពួក​គេ​បាន​ត្រឡប់​ទៅ​ដូច​ប្រក្រតី​ឡើង​វិញ។

អ្នក​ស្រុក​រាប់​ពាន់​នាក់​ បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ព្រំដែន​ថៃ​-ខ្មែរ​បន្ទាប់​ពី​យោធា​ទាំង​ពីរ​បាន​បាញ់​កាំភ្លើង​ធំ​និង​កាំភ្លើង​យន្ត​ត​គ្នា​កាល​ពី​មួយ​សប្តាហ៍​មុន។

អ្នកស្រុក​ខ្មែរ​ជា​ច្រើន​នាក់​បាន​រត់​ទៅ​ជ្រក​នៅ​ក្រុង​សៀមរាប​ហើយ​អ្នកស្រុក​ថៃ​បាន​ប្តូរ​កន្លែង​ទៅ​នៅ​ក្នុង​ជំរំ​ នៅ​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​ពី​ព្រំដែន។

សដ-ស៊ី​ ផាហ៊ម​ (Sodsri​ Phahom)​ បាន​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ​នៅ​ស្រុក​ភូមិ​ ស៊ូឡន​ (Phum​ Srol)​ មួយ​រយៈ​ខ្លី​ ដើម្បី​ធ្វើ​បុណ្យ​ខ្មោច​ប្តី​គាត់។

អ្នកស្រី​និយាយ​ថា​ ពេល​គ្រាប់​កាំភ្លើង​ធំ​ធ្លាក់​ដល់​ដី​ អ្នកស្រី​និង​ក្មួយ​ស្រី​ រត់​ទៅ​ពួន​នៅ​ក្រោយ​ដើម​ឈើ​ នៅ​ពេល​ដែល​ប្តី​អ្នកស្រី​រត់ទៅ​ជ្រក​ក្នុង​អន្លុង​មួយ។​ កម្ទេច​គ្រាប់​បែក​កាត់​ក្បាល​ប្តី​អ្នកស្រី។

ឥឡូវ​ អ្នកស្រី​ត្រូវ​មើល​ថែទាំ​ស្រែ​ចំការ​ និង​ចិញ្ចឹម​កូន​ប្រាំ​នាក់​ដោយ​ខ្លួន​ឯង។

អ្នកស្រី​និយាយ​ថា​ គាត់​មាន​បញ្ហា​ធំ​ណាស់​ ពីព្រោះ​គ្រួសារ​គាត់​ក្រ។​ គាត់​ថា​តាំង​ពី​ប្តី​គាត់​ស្លាប់​ទៅ​ គាត់​គ្មាន​សល់​លុយ​កាក់​អ្វី​សោះ។

គាត់​បន្ទោស​រដ្ឋាភិបាល​ថៃ​ថា​មិន​អាច​រក្សា​សន្តិភាព​បាន​ជា​មួយ​ប្រទេស​កម្ពុជា។

មួយ​សប្តាហ៍​បន្ទាប់​ពី​ការវាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​ ភូមិ​នៅ​តាម​ព្រំដែន​នៅ​មាន​សភាព​ស្ងាត់​ជ្រងំ​ ហើយ​សាលារៀន​នៅ​បិទ​ទ្វារ។​ ផ្ទះ​ជា​ច្រើន​ខ្នង​ត្រូវ​ខូច​ខាត​ឬ​បំផ្លាញ​ខ្ទេច។

អ្នកធ្វើការ​នៅ​សាលារៀន​ ភូមិ​ ស៊ូឡន​ វិធីយ៉ា​ (Phum​ Srol​ Wittiya)​ កំពុង​បោស​សម្អាត​ទី​ធ្លា​ខាង​ក្រៅ​អាគារ​មួយ​ជាន់​នេះ។

ជញ្ជាំង​ថ្នាក់​រៀន​និង​ពិដាន​ត្រូវ​ធ្លុះ​ធ្លាយ​ ហើយ​តុ​កូន​សិស្ស​មាន​ពោរពេញ​ទៅ​ដោយ​កម្ចេច​តូចៗ។

អាគារ​ធំ​របស់​សាលារៀន​នៅ​ជាប់​គ្នា​នោះ​ មាន​ប្រហោង​ដ៏​ធំ​មួយ​នៅ​លើ​ដំបូល។​ សំណាង​ល្អ​ គ្មាន​កូន​សិស្ស​នៅ​ក្នុង​អាគារ​នោះ​ទេ​ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ត្រូវ​របួស​ដែរ។

លោក​ ប្រាមូន​ សេវ៉ាងពូន​ (Pramoon​ Sawangpon)​ នាយក​សាលារៀន​ និយាយ​ថា​ ថ្នាក់​រៀន​នឹង​បើក​ទ្វារ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ទោះ​បី​ជា​លោក​មិន​ពេញ​ចិត្ត​នឹង​គំនិត​នេះ​ក៏​ដោយ។

លោក​ថ្លែង​ថា​ ក្នុង​ពេល​ឥឡូវ​នេះ​ លោក​មិន​អាច​សម្រេច​ខ្លួន​លោក​បាន​ទេ​ ថា​តើ​នឹង​បញ្ឈប់​ឬ​បន្ត​បើក​ថ្នាក់​រៀន​ ពីព្រោះ​គេ​នៅ​កំពុង​រង់ចាំ។​ លោក​ពោល​ថា​ លោក​មិន​ទាន់​ប្រាកដ​ថា​តើ​នឹង​មាន​សុវត្ថិភាព​ឬ​ដូចម្តេច​ទេ​ពីព្រោះ​ការវាយ​ប្រយុទ្ធ​អាច​កើត​ឡើង​នៅ​ពេល​ណាក៏​បាន។

ការវាយ​ប្រយុទ្ធ​បាន​ផ្ទុះ​ឡើង​នៅ​ជិត​ទឹក​ដី​ដែល​មាន​ជម្លោះ​នៅ​ជុំវិញ​ប្រាសាទ​ហ៊ិនឌូ​ខ្មែរ​ដែល​មាន​អាយុ​៩០០​ឆ្នាំ​ ដែល​គេ​ស្គាល់​ថា​ «ព្រះ​វិហារ»នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ «ប្រា​វិហាន» ​នៅ​ក្នុង​ប្រទេស​ថៃ។

ភាគី​និមួយៗ​បាន​ចោទ​ថា​ ភាគី​មួយ​ទៀត​ជា​អ្នកចាប់​ផ្តើម​ការវាយ​ប្រយុទ្ធ។

អ្នកស្ម័គ្រ​ចិត្ត​ដែល​ប្រដាប់​អាវុធ​បាន​ជួយ​ជម្លៀស​មនុស្ស​ ៣.០០០​ នាក់​ហើយ​ស្ថិត​នៅ​ពី​ក្រោយ​ដើម្បី​យាម​ផ្ទះ។

មេដឹក​នាំ​អ្នកការពារ​ លោក​ ប៊ូនកឺត​ តា​ តុង​ (Boonkerd​ Tae​ Tong)​ និយាយ​ថា​ ពួក​គេ​មាន​ទំនាក់​ទំនង​ល្អ​ជានិច្ច​ជាមួយ​ជនជាតិ​ខ្មែរ​ ដែល​លោក​ចាត់​ថា​ជា​ផ្នែក​នៃ​សហគមន៍​របស់​គេ​ដែរ។

លោក​បន្ទោស​ថា​ជម្លោះ​នេះ​ជា​រឿង​នយោបាយ​ ជា​ពិសេស​ដោយ​មក​ពី​ក្រុម​ថៃ​ប្រឆាំង​គ្នា​ទាំង​ពីរ​ ដែល​គេ​ស្គាល់​ថា​ពួក​អាវ​ក្រហម​និង​ពួក​អាវ​លឿង​ បាន​ប្រើ​បញ្ហា​ព្រំដែន​ដើម្បី​ឲ្យ​បាន​ទទួល​ការ​គាំទ្រ។

លោក​និយាយ​ថា​ បញ្ហា​នេះ​ប្រហែល​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​ ២០០៨​ នៅ​ពេល​ដែល​ពួក​អាវ​លឿង​និង​អាវ​ក្រហម​បាន​ចូល​មក​ក្នុង​តំបន់​នេះ។​ លោក​ពោល​ថា​ តាំង​ពី​ពេល​នោះ​មក​ នៅ​តាម​ព្រំដែន​ ពួក​គេ​មិន​ដែល​សប្បាយ​រីករាយ​នឹង​ពាណិជ្ជកម្ម​ឬ​ជីវភាព​រស់នៅ​ទេ។​ លោក​បន្ថែម​ថា​ ពួកគេ​មាន​ភាពតាន​តឹង​នៅ​តាម​ព្រំដែន​ឥត​ឈប់ឈរ។

ជនស៊ីវិល​និង​អ្នកយកព័ត៌មាន​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ព្រះ​វិហារ​ទេ​ ហើយ​ព្រំដែន​នៅ​មាន​ភាព​តាន​តឹង​ ដោយ​យោធា​នៃ​ភាគី​ទាំង​សងខាង​រៀប​ចំ​ខ្លួន​ដើម្បី​ការ​ប្រឈម​មុខ​គ្នា​ណា​មួយ​ទៀត​ដែល​អាច​កើត​ឡើង​ក្នុងពេល​អនាគត៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG