ភ្នំពេញ៖មន្ត្រីសិទ្ធិមនុស្សនិងសាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា យ៉ាងតិចមានប្រជាពលរដ្ឋម្នាក់រងរបួសនិងម្នាក់ទៀតបានដួលសន្លប់នៅក្នុងការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋនៅស្រុកស្រែអំបិល ខេត្តកោះកុង និងសន្តិសុខរបស់ក្រុមហ៊ុនហេង ហ៊ុយ។ ការប៉ះទង្គិចនេះបានកើតឡើងក្រោយពីសន្តិសុខរបស់ក្រុមហ៊ុនប្រមាណ១០នាក់ បានព្យាយាមបុកទម្លុះរបងដីរបស់ប្រជាពលរដ្ឋដែលឈរការពារពីម្ចាស់ដី។ ក៏ប៉ុន្តែហេតុការណ៍នេះ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតទេ។
«អយុត្តិធម៌ចំពោះក្រុមគ្រួសារខ្ញុំណាស់។ វាវ៉ៃខ្ញុំ»។
អ្នកស្រីឈុន វ៉ាន់ អាយុ៤៩ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានទ្រហោយំដើម្បីរកយុត្តិធម៌ ក្រោយពីកូនស្រីរបស់អ្នកស្រីត្រូវបានសន្តិសុខក្រុមហ៊ុនហេង ហ៊ុយ វាយឲ្យរងរបួស។
អ្នកស្រីបាននិយាយទាំងទុក្ខសោកថា លោកហេង ហ៊ុយ ប្រធានក្រុមហ៊ុនហេង ហ៊ុយ បានបញ្ជាឲ្យសន្តិសុខទម្លុះរបងផ្ទះអ្នកស្រីដើម្បីយកកូនដំឡូងមីទៅដាំលើដីរបស់លោក។
«លោកហេង ហ៊ុយបញ្ជាឲ្យកូនចៅវាបើករបងនិងចេញបញ្ជាថា ធ្វើវាឲ្យបាន។ ខ្ញុំមិនសុខចិត្តទេ។ ខ្ញុំមិនឲ្យដីនេះទេ»។
ក្រុមហ៊ុនហេង ហ៊ុយមានផ្ទៃដីសរុបប្រមាណ៧៧៩ហិចតាសម្រាប់ធ្វើការអភិវឌ្ឍដាំដើមអំពៅ និងដើមដំឡូងមីនៅស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រជាពលរដ្ឋនិយាយថា ក្រុមហ៊ុនហេង ហ៊ុយបានរំលោភយកដីប្រជាពលរដ្ឋចំនួន១០៩ហិចតា ដែលជាកម្មសិទ្ធិរបស់ពួកគេចំនួន៣១គ្រួសារ នៅឃុំជីខក្រោម ស្រុកស្រែអំបិល។
វិវាទដីធ្លីបានអូសបន្លាយជាច្រើនឆ្នាំមកហើយរវាងប្រជាពលរដ្ឋ នៅឃុំជីខក្រោមជាមួយនឹងក្រុមហ៊ុនហេង ហ៊ុយនេះ។ ហើយនៅថ្ងៃពុធ បញ្ហានេះ បានកម្រើកសារជាថ្មីម្តងទៀត ទើបឈានរហូតដល់ផ្ទុះអំពើហិង្សារវាងភាគីទាំងពីរ។
ក្រុមមន្រ្តីសិទ្ធិមនុស្សបាននិយាយថា យ៉ាងតិចមានប្រជាពលរដ្ឋចំនួនពីររូបបានរងរបួស គឺមា្នក់ត្រូវបានសន្តិសុខវ៉ៃឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតបានដួលសន្លប់។
លោកព្រំ កៀង មន្រ្តីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស LICADHO ប្រចាំខេត្តកោះកុងបាននិយាយថា ជនរងគ្រោះឈ្មោះយី គន្ធា អាយុ២៤ឆ្នាំ ត្រូវបានសន្តិសុខវ៉ៃចំក្បាលបណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ និងអ្នកស្រីគង់ ងីន អាយុ៧៥ឆ្នាំ ដែលត្រូវជាយាយបង្កើតរបស់អ្នកស្រីយី គន្ធា បានដួលសន្លប់ដោយសារតែភ័យនឹងព្រឹត្តិការណ៍នេះ។
លោកបានមានប្រសាសន៍ថា ហេតុការណ៍នេះបានកើតមានឡើងដោយសារតែសន្តិសុខរបស់ក្រុមហ៊ុនហេង ហ៊ុយបានព្យាយាមទម្លុះទ្វាររបងផ្ទះរបស់អ្នកស្រីឈុន វ៉ាន់ ដើម្បីយកកូនដំឡូងមីទៅដាំលើដីរបស់ក្រុមហ៊ុន។
លោកបានមានប្រសាសន៍ថា ទង្វើទាំងនេះបានរំលោភទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ។
«ជាការរំលោភសិទ្ធិមនុស្សខ្លាំងណាស់ ពីព្រោះរឿងនេះត្រូវតែដោះស្រាយដោយសន្តិវិធី និងមិនត្រូវប្រើកម្លាំងមករំលោភ មកធ្វើបាបពួកគាត់អញ្ចឹងទេ បាទ!»
លោកហេង ហ៊ុយ ប្រធានក្រុមហ៊ុនហេង ហ៊ុយបាននិយាយថា លោកពុំបានបញ្ជាឲ្យសន្តិសុខវាយប្រជាពលរដ្ឋទេ។ លោកបានចោទប្រកាន់ប្រជាពលរដ្ឋថា បានរស់នៅលើដីជាកម្មសិទ្ធិរបស់លោក ដែលមានប្លង់កាន់កាប់ស្របច្បាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។
«ហើយមកហ្នឹង នាំគ្នាមករារាំងខ្ញុំ ដើម្បីបំផ្លាញខ្ញុំ។ ខ្ញុំមកវិនិយោគឲ្យប្រជាជនមានការងារធ្វើ ហើយនាំគ្នាមករារាំង មកនេះ អញ្ចឹងធ្វើម៉េចទៅ?»
ចំណែកលោកទេព ហៃ ជំទប់ទី២ ឃុំជីខក្រោម បានមានប្រសាសន៍ថា ក្រុមហ៊ុនហេង ហ៊ុយ ពុំបានគោរពទៅតាមកិច្ចសន្យារបស់ខ្លួនទេ។ លោកទេព ហៃបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនហេង ហ៊ុយមានផ្ទៃដីនៅឃុំជីខលើ ក៏ប៉ុន្តែបានរំលោភដល់ដីរបស់ប្រជាពលរដ្ឋនៅឃុំជីខក្រោមផ្សេងទៀត៕