ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងបានលើកឡើងថា សិទ្ធិរបស់ពួកគេក្នុងការទទួលបានការកាត់ទោសដោយយុត្តិធម៌ ត្រូវបានរំលោភបំពាន។ ការរំលោភសិទ្ធិនេះបានធ្វើឲ្យពួកគេបាត់បង់ជំនឿទុកចិត្តទៅលើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
លោក ជិម កែវ កំពុងអង្គុយនៅលើគ្រែក្រោមសំយាបផ្ទះឈើមួយនៅក្នុងភូមិ រូងអំពិល ឃុំខ្នាចរមាស ស្រុកបវិល ចម្ងាយជាង៤០ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។
ជាកសិករស្ថិតក្នុងវ័យ៥២ ឆ្នាំ លោក ជិម កែវ ត្រូវបានតុលាការខេត្តបាត់ដំបងឃុំខ្លួនបណ្តោះអាសន្ននិងកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនពីរលើក ដោយសាររឿងទំនាស់ដីធ្លីជាមួយថៅកែដីម្នាក់នៅក្នុងខេត្តនេះ។
លោក ជិម កែវ និងអ្នកភូមិចំនួន១៣ គ្រួសារទៀត បានតស៊ូខាងផ្លូវច្បាប់ជាមួយថៅកែដីដែលមានទ្រព្យដ៏ស្តុកស្តមម្នាក់តាំងពីឆ្នាំ១៩៩៩ ដើម្បីទាមទារកម្មសិទ្ធិស្របច្បាប់នៅលើដីទំហំ៧០ហិកតា ដែលពួកគេបានកាប់ឆ្កានិងធ្វើស្រែលើតាំងពីឆ្នាំ១៩៩០មកម្ល៉េះ។ ដីនោះស្ថិតនៅចម្ងាយប្រមាណ១៣គីឡូម៉ែត្រពីផ្ទះរបស់លោក ជិម កែវ។
លើកដៃអាវជូតថ្ងាសបណ្ដើរ លោក ជិម កែវ ឆ្លៀតរៀបរាប់បណ្ដើរថា លោកត្រូវបានតុលាការចាប់ឃុំខ្លួនជាលើកទី១អស់រយៈពេល១១ខែនិង១០ថ្ងៃចាប់ពីខែតុលា ឆ្នាំ២០០៦ ក្រោមបទចោទប្រកាន់ថា លោកបានធ្វើឲ្យប៉ះពាល់ដល់កម្មសិទ្ធិឯកជន ក្រោយពេលដែលលោកបានធ្វើស្រែនៅលើដីដែលមានទំនាស់នោះ។
"ឆ្នាំ២០០៦ ហ្នឹង គេចាប់ហ្នឹង បើតាមខ្ញុំយល់វិញ គេចាប់បំបាក់ស្មារតីតែម្តង សួរស្អីក៏មិនសួរ កាត់ក្តីអីក៏មិនប្រុងកាត់ ទុកចោលរហូត ទុកចោលដល់៧ខែ បានគេកាត់ គេកាត់ហើយខាងចៅក្រមគេឲ្យខ្ញុំនៅក្រៅឃុំបណ្តោះអាសន្នប៉ុន្តែ ខាងព្រះរាជអាជ្ញាគេជំទាស់គេមិនឲ្យនៅ គេប្តឹងឧទ្ធរណ៍អញ្ចឹងនៅជាប់បន្ថែមរហូតដល់១១ខែ ១០ថ្ងៃហ្នឹងបណ្តោយ"។
នៅឆ្នាំ២០០៧ លោក ជិម កែវ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ ប៉ុន្តែ នៅក្នុងខែតុលា ឆ្នាំ២០០៩ លោក ជិម កែវ ត្រូវបានតុលាការចាប់ខ្លួនម្តងទៀតទៅតាមសាលក្រមសម្រេចរបស់សាលាឧទ្ធរណ៍ដោយតម្រូវឲ្យលោកជាប់ពន្ធនាគាររយៈពេល១ឆ្នាំទៀត ពីបទធ្វើឲ្យប៉ះពាល់ដល់ដីកម្មសិទ្ធិឯកជនដដែល។
លោក ជិម កែវ បានអះអាងថា ការបើកសវនាការរបស់សាលាឧទ្ធរណ៍ក្នុងរឿងក្តីក្តាំរបស់លោកនោះបានធ្វើឡើងដោយគ្មានការជួនដំណឹងដល់រូបលោកនិងមេធាវីការពារក្តីរបស់លោកឲ្យបានដឹងជាមុនឡើយ។
"សាលាឧទ្ធរណ៍គេកាត់កំបាំងមុខ មេធាវីក៏គេមិនឲ្យដឹង ខ្ញុំក៏គេមិនឲ្យដឹង សម្រេចមក គេចេញដីកាចាប់ខ្លួនហ្នឹងបណ្ដោយ។ ខ្ញុំអត់បានដឹងទេគឺ គេអានតែដីកាចាប់ខ្លួនតែម្តង អញ្ចឹងខ្ញុំក៏ឲ្យគេចាប់ទៅ"។
លោកមេធាវី ហូ ឆេង អ៊ន ប្រធានកម្មវិធីច្បាប់ដីធ្លីនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា មានប្រសាសន៍ថា ប្រសិនបើកង្វះការការពារ និងការរំលោភសិទ្ធិជនជាប់ចោទនេះចេះតែបន្តតទៅទៀត នោះកម្ពុជានឹងក្លាយជាប្រទេសគ្មានច្បាប់ទម្លាប់ ដោយសារតែកង្វះភាពគួរឲ្យទុកចិត្តបានក្នុងប្រព័ន្ធយុត្តិធម៌របស់ខ្លួននេះ។
"បើសិនជាមន្ត្រីអនុវត្តច្បាប់ហ្នឹង គាត់មិនដើរតាមគន្លងច្បាប់ស្រុកទេសយើងវាទៅជាអាណាធិបតេយ្យ ហើយប្រជាពលរដ្ឋទូទៅនិងសហគមន៍អន្តរជាតិគេនៅតែមិនមានជំនឿលើប្រព័ន្ធយុត្តិធម៌យើង"។
នៅក្នុងទំនាស់ដីធ្លីរវាងថៅកែដីនិងក្រុមអ្នកភូមិរូងអំពិលនេះ មានអ្នកភូមិចំនួន៨នាក់ ត្រូវបានតុលាការចាប់ខ្លួន ដែលក្នុងនោះមានពីរនាក់ត្រូវបានចាប់ឃុំខ្លួនចំនួនពីរដងដោយហួសរយៈពេលនៃការឃុំខ្លួនដែលច្បាប់បានកំណត់ដូចករណីរបស់លោក ជិម កែវ ដែរ នេះបើយោងតាមលោក តាំង គិមឆែ សមាជិកក្រុមប្រឹក្សាស្រុកបវិល។
លោក តាំង គិមឆែ ដែលតាមដានយ៉ាងជាប់លាប់នូវដំណើរការរឿងក្តីនេះ បានមានប្រសាសន៍នៅឯផ្ទះរបស់លោកថា ការឃុំខ្លួនអ្នកភូមិហួសពីការកំណត់នៃច្បាប់នេះ បានធ្វើឲ្យសាធារណជនអស់ជំនឿលើប្រព័ន្ធតុលាការក្នុងស្រុកតែម្តង។
"រឿងកាលណាយើងធ្វើខុសនីតិវិធីវាធ្វើឲ្យប្រព័ន្ធយើងហ្នឹង វាគ្មានតម្លាភាព គ្មានសុពលភាព។ វាធ្វើឲ្យអង្គការជាតិក៏ដូចជាអន្តរជាតិ គេតែងតែទិតៀនយើង គេរិះគន់យើងមិនឈប់មិនឈរគឺដោយសារតែអាអញ្ចឹង ដោយសារតែយើងធ្វើទៅវាខុស អញ្ចឹងប្រជាពលរដ្ឋអត់មានជំនឿ ដូចថាវាអស់ជំនឿ ឈានរហូតទៅបន់អ្នកតាដំបងក្រញូង ដោយសារអស់ជំនឿរឿងហ្នឹងហើយ"។
ការសិក្សាមួយរបស់មជ្ឈមណ្ឌលដើម្បីយុត្តិធម៌និងការបង្រួបបង្រួមដែលបានចេញផ្សាយកាលពីខែមិថុនាកន្លងទៅបានរកឃើញថា សិទ្ធិរបស់ជនជាប់ចោទជាញឹកញយត្រូវបានរំលោភបំពាន តួយ៉ាង ដូចជា សិទ្ធិទទួលបានការកាត់ទោសចំពោះមុខ សិទ្ធិទទួលបានការប្រឹក្សាផ្នែកច្បាប់ និងសិទ្ធិត្រួតពិនិត្យមើលសាក្សីដែលគេនាំយកមកប្រឆាំងនឹងខ្លួនជាដើម។
ជាក់ស្តែង ការសិក្សាដែលបានមកពីការតាមដានដំណើរការកាត់ក្តីចំនួន៤៨៤ករណីនៅឯតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងនៅក្នុងទីក្រុងភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបងនេះ បានបង្ហាញថាក្នុងចំណោមជនជាប់ចោទចំនួនជិត៨០០នាក់ ជាង១ភាគ៣ ត្រូវបានតុលាការកាត់ទោសកំបាំងមុខ។
ចំណែកឯការកាត់ទោសនៅសាលាឧទ្ធរណ៍វិញ ក្នុងចំណោមជនជាប់ចោទ១០នាក់ មានប្រមាណ៧នាក់ទៅហើយដែលអវត្តមាននៅក្នុងពេលសវនាការរបស់ពួកគេ។ ការរកឃើញនេះបានគូសបញ្ជាក់អំពីកង្វះការគាំទ្រដល់ជនជាប់ចោទដែលចាំបាច់ត្រូវធ្វើដំណើរផ្លូវឆ្ងាយទៅកាន់សាលាឧទ្ធរណ៍ ដែលមានតែមួយគត់នៅក្នុងរាជធានីភ្នំពេញ។
លោក នួន សាន ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការឃុំខ្លួនជនជាប់ចោទលើសរយៈពេលកំណត់នៃច្បាប់ ពិតជាមានខ្លះមែនប៉ុន្តែលោកបញ្ជាក់ថា ករណីទាំងនេះ ច្រើនតែកើតឡើងដោយសារបញ្ហានៃការបញ្ជូនឯកសារចុះឡើងរវាងមន្រ្តីនគរបាលនិងមន្រ្តីតុលាការ និងការលើកពេលសវនាការដោយសារបញ្ហាបច្ចេកទេសជាដើម។
ចំណែកការគាំទ្រផ្នែកច្បាប់សម្រាប់ជនជាប់ចោទវិញក៏ពុំចោទជាបញ្ហាធំដុំដែរ ដោយលោក នួន សាន បញ្ជាក់ថា បច្ចុប្បន្នមានមេធាវីរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានផ្តល់សេវាប្រឹក្សាផ្នែកច្បាប់នេះដល់ជនជាប់ចោទហើយ។
តែទោះជាយ៉ាងនេះក្តី លោក នួន សាន ទទួលស្គាល់ថា ការកាត់ទោសកំបាំងមុខដោយគ្មានវត្តមានរបស់ជនជាប់ចោទនៅក្នុងសវនាការសាលាឧទ្ធរណ៍ គឺពិតជានៅមានបញ្ហានៅឡើយ ដោយសារតែកង្វះខាតផ្នែកថវិកា ក្នុងការដឹកជញ្ជូនជនជាប់ចោទទៅកាន់សាលាឧទ្ធរណ៍ក្នុងទីក្រុងភ្នំពេញ។
"វាត្រូវ គឺត្រូវយកគាត់ទៅបង្ហាញមុខក្នុងពេលសវនាការហ្នឹងហើយ ធ្វើយ៉ាងម៉េចឲ្យបានគាត់ឆ្លើយជូនចៅក្រមជម្រះ ប៉ុន្តែការអនុវត្តជាក់ស្តែងវាប្រឈមនឹងការដឹកជញ្ជូន សោហ៊ុយសោដាអីហ្នឹង មធ្យោបាយគ្រប់តែម្តង ជាមធ្យោបាយដឹកជញ្ជូននិងការពារគាត់ទៅ"។
ប៉ុន្តែ លោក នួន សានបានបញ្ជាក់បន្ថែមថា សាលាឧទ្ធរណ៍ថ្នាក់តំបន់ត្រូវគ្រោងនឹងបង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះហើយដើម្បីជួយសម្រួលដល់ការការពារសិទ្ធិជនជាប់ចោទ ដែលត្រូវបង្ហាញខ្លួននៅក្នុងសាលាឧទ្ធរណ៍នោះ៕