ប្រជាពលរដ្ឋច្រើនរាប់រយនាក់បានបន់ស្រន់ដល់ព្រះពុទ្ធ និងព្រះអាទិទេពគ្រប់អង្គសូមឱ្យជួយការពារស្រែចម្ការចិញ្ចឹមជីវិតរបស់ពួកគាត់ ឲ្យរួចពីការរំលោភយកដោយក្រុមហ៊ុន។ ជម្លោះដីនេះបានកើតឡើងតាំងពីឆ្នាំ២០០៥ ប៉ុន្តែគ្មានដំណោះស្រាយទេរហូតមកដល់ពេលនេះ។ ដោយក្តីអស់សង្ឃឹម នឹងការបាត់បង់ជំនឿលើអាជ្ញាធរ ប្រជាពលរដ្ឋទាំងនេះបានស្វែងរកការជួយពីព្រះអាទិទេពជំនួសច្បាប់វិញ។
ជនរងគ្រោះដោយជម្លោះដីធ្លីជាង៤០០នាក់ នៅក្នុងខេត្តកណ្តាលបានប្រមូលផ្តុំគ្នាធ្វើពិធីបួងសួងសុំឱ្យព្រះពុទ្ធ និងព្រះអាទិទេពជួយការពារដីចំនួន៤៥០ហិចតារបស់ពួកគេពីការបណ្តេញចេញដោយបង្ខំនៅខែក្រោយនេះ។
អ្នកភូមិចំនួនជាង២៩០គ្រួសារមកពីឃុំចំនួនប្រាំពីរនៃស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ មានដីស្រែចម្ការចំនួន៤៥០ហិចតា ដែលមានជម្លោះជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍តាំងពីឆ្នាំ២០០៥។ អ្នកភូមិទាំងនេះបានកាន់កាប់ដីនេះតាំងពីឆ្នាំ១៩៨៣។
ក្រុមអ្នកបួងសួងបាននិយាយថា ពួកគេបានដាក់បណ្តាសាអ្នកដែលបានរំលោភយកដីធ្លីរបស់ពួកគេ និងមិនគោរពសេចក្តីសម្រេចចុងក្រោយរបស់តុលាការខេត្តកណ្តាល និងដាក់បណ្តាសាអ្នកដែលសមគំនិតក្នុងការប្រព្រឹត្តអំពើគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ ការបង្កើតការចោទប្រកាន់ ការចាប់ខ្លួន និងការឃាត់ខ្លួនប្រជាពលរដ្ឋដោយខុសច្បាប់។
កាលពីឆ្នាំ២០០៦ តុលាការខេត្តកណ្តាលបានសម្រេចក្តីឱ្យក្រុមហ៊ុនហេងអភិវឌ្ឍន៍មានសិទ្ធិគ្រប់គ្រងដី ដែលមានប័ណ្ណចំនួន៤២ស្មើនឹង២១០ហិចតា ប៉ុន្តែដីមិនស្ថិតនៅក្នុងប័ណ្ណរក្សាទុកស្ថានភាពដដែលទេ។ អ្នកភូមិ និងក្រុមហ៊ុនមិនបានជំទាស់នឹងការសម្រេចរបស់តុលាការទេ។
ទោះបីជាយ៉ាងនេះក្តី ជម្លោះដីធ្លីចំនួន៤៥០ហិចតានេះនៅមិនទាន់បានដោះស្រាយចប់នៅឡើយទេ។
អ្នកស្រីអួង ស៊ីម អាយុ៤៨ឆ្នាំ នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននិយាយថា ក្រុមហ៊ុនបានរំលោភយកដីចំនួនពីរហិចតារបស់អ្នកស្រី និងមិនអនុញ្ញាតអ្នកស្រីទៅធ្វើស្រែនៅលើដីនោះទេ។
អ្នកស្រីបានបញ្ជាក់ថា បើអ្នកស្រីជំទាស់នឹងការហាមឃាត់របស់ក្រុមហ៊ុន អ្នកស្រីនឹងត្រូវបានចាប់ខ្លួន និងប្តឹងទៅតុលាការ។
«ខ្ញុំសូមបន់ស្រន់ដល់អារក្សអ្នកតា និងជីដូនជីតាឱ្យជួយការពារដី និងឱ្យបានដីមកប្រជាពលរដ្ឋវិញ សម្រាប់ធ្វើស្រែធ្វើចម្ការ ព្រោះប្រជាពលរដ្ឋរាល់ថ្ងៃនេះរងទុក្ខវេទនាណាស់ រកអ្វីមិនបានបរិភោគទេ។ សង្ឃឹមថា ធ្វើស្រែ តែឥឡូវនេះដីគេយកអស់ហើយ»។
អ្នកស្រីសៅ រ៉ង អាយុ៦០ឆ្នាំ នៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ បានបញ្ជាក់ថា អាជ្ញាធរមិនជួយប្រជាពលរដ្ឋទេ តែជួយក្រុមហ៊ុនគាបសង្កត់ប្រជាពលរដ្ឋទៅវិញ។
អ្នកស្រីបានបន្ថែមថា អ្នកស្រីមិនជឿជាក់លើតុលាការ និងអាជ្ញាធរក្នុងការដោះស្រាយជម្លោះដីធ្លីនេះទេ ហើយអ្នកស្រីបានបែរមករកអំណាច និងឥទ្ធិពលរបស់អរូបិយឱ្យជួយជំនួសវិញ។
«កន្លងមក ខ្ញុំដើររកច្បាប់ឱ្យជួយរហូតមក តែអាជ្ញាធរដែនដីអត់មានជួយដោះស្រាយប្រជាពលរដ្ឋទេ។ ខ្ញុំគោរពច្បាប់គ្រប់នាទីទាំងអស់ តែចំណែកតុលាការ អាជ្ញាធរស្រុក និងខេត្តអត់គោរពច្បាប់ខ្លួនឯងទេ ដូចជាសាលក្រមចេញមក តុលាការអត់គោរពខ្លួនឯង»។
លោកម៉ែន មករា មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្ស ADHOC ប្រចាំខេត្តកណ្តាល បានថ្លែងយ៉ាងដូច្នេះថា «ចលនាតវ៉ារបស់គាត់ដែលបានធ្វើជាច្រើនលើកច្រើនសារមកហើយនោះ មិនត្រូវបានចាប់អារម្មណ៍ពីសមត្ថកិច្ច ឬអាជ្ញាធរ ឬមន្ត្រីថ្នាក់ខ្ពស់របស់រដ្ឋាភិបាលទេ ទើបគាត់សម្រេចចិត្តសុំឱ្យអាទិទេព ឬក៏ព្រះពុទ្ធ ឬក៏ព្រះពិស្ណុកា ឬក៏ព្រះនាងធរណីជួយគាត់វិញ»។
ក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០១០នេះ សមាគមសិទ្ធិមនុស្ស ADHOC ទទួលបានពាក្យបណ្តឹងអំពីជម្លោះដីធ្លីជាង១២០ករណីនៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ២០០៩ សមាគមសិទ្ធិមនុស្ស ADHOC ទទួលបានពាក្យបណ្តឹងអំពីជម្លោះដីធ្លីជាង៣០០ករណី៕