អ្នកភូមិក្រីក្រប្រមាណ១០០នាក់មកពីខេត្តកំពង់ឆ្នាំងបានអំពាវនាវសុំមូលនិធិពីសប្បុរសជននានានៅថ្ងៃច័ន្ទនេះ ដើម្បីយកមកបង់ពន្ធលើកម្មវត្ថុបណ្តឹងក្នុងរឿងជម្លោះដីធ្លីមួយប្រឆាំងនឹងក្រុមហ៊ុនឯកជនដែលបានរំលោភយកដីស្រែចម្ការរបស់ពួកគាត់។
តំណាងប្រជាពលរដ្ឋចំនួន៦៤គ្រួសារមានជម្លោះដីធ្លីចំនួន១៤៥ហិកតាជាមួយក្រុមហ៊ុនឯកជនមួយនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តុលាការបានចេញដីកាសម្រេចឲ្យអ្នកភូមិបង់ពន្ធលើកម្មវត្ថុបណ្តឹងលើកទីមួយចាប់ពី១៦០.០០០រៀល ឡើងដល់៦២២.០០០រៀល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ ប៉ុន្តែលើកទីពីរនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១១ តុលាការបានចេញដីកាសម្រេចថ្មីមួយបង្កើនការបង់ពន្ធចាប់ពី៤៩១.០០០រៀលឡើងដល់១.៥០៦.០០០រៀល។
លោក ទៀង សុថា ប្រធានតុលាការខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងដីកាសម្រេចបង្គាប់ឲ្យបង់ពន្ធលើកម្មវត្ថុបណ្តឹងថាតាមបញ្ញត្តិមាត្រា ៦១នៃក្រមនីតិវិធីរដ្ឋប្បវេណី បានកំណត់ឲ្យបង់ពន្ធលើកម្មវត្ថុបណ្តឹង នៅពេលភាគីដាក់ពាក្យបណ្តឹង ដើម្បីជាប្រយោជន៍ថវិកាជាតិនៅតុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១១។
លោក ទៀង សុថា បានបន្តថាបើអ្នកភូមិមិនបានមកបង់ប្រាក់ពន្ធតាមការកំណត់នេះទេ តុលាការខេត្តនឹងលើកពាក្យបណ្តឹងចោល ដោយចាត់ទុកបណ្តឹងនេះមិនស្របច្បាប់។
អ្នកស្រី ស៊ុំ ថុន អាយុ៦០ឆ្នាំ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាអ្នកស្រីមានដីទំហំបីហិកតាដែលត្រូវបង់ពន្ធលើកម្មវត្ថុបណ្តឹងឡើងដល់ចំនួន៨៣០.០០០រៀល ស្មើនឹង២០៥ដុល្លារអាមេរិក ពីចំនួន២៥៩.០០០រៀល ស្មើនឹង៦០ដុល្លារអាមេរិកកាលដីកាសម្រេចលើកទីមួយ។
«ការបង់ពន្ធលើកម្មវត្ថុបណ្តឹងរឿងជម្លោះដីធ្លីនេះមានតម្លៃខ្ពស់ពេក ហើយសព្វថ្ងៃ ខ្ញុំមានជីវភាពខ្សត់ខ្សោយ។ ខ្ញុំមកនេះសុំជំនួយពី អង្គការ ព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្ត្រី និងអង្គការអន្តរជាតិ។ ខ្ញុំសុំអំពាវនាវឲ្យជួយប្រជាពលរដ្ឋខ្ញុំនៅភូមិឡពាង ពីព្រោះ ប្រជាពលរដ្ឋឡពាងមានទុក្ខសោកលំបាក ដោយសារជីវភាពក្រីក្រ»។
លោក ផេង រ៉ុម អាយុ៤៦ឆ្នាំ បានបញ្ជាក់ថាលោកមានដីទំហំពីរហិកតាដែលត្រូវបង់ពន្ធលើកម្មវត្ថុបណ្តឹងឡើងដល់ចំនួន៦៣៤.០០០រៀល ស្មើនឹង១៥៧ដុល្លារអាមេរិក ពីចំនួន១៩៣.០០០រៀល ស្មើនឹង៤៧ដុល្លារអាមេរិកកាលដីកាសម្រេចលើកទីមួយ។
«ប្រជាពលរដ្ឋគ្មានលទ្ធភាពរកប្រាក់បង់ពន្ធលើកម្មវត្ថុបណ្តឹងរឿងជម្លោះដីធ្លីនេះទេ។ ប្រជាពលរដ្ឋមានតែអំពាវនាវដល់សប្បុរសជន អង្គការជាតិ-អន្តរជាតិ ស្ថានទូតបរទេស ឬ ម្ចាស់ជំនួយដែលស្រឡាញ់ភាពយុត្តិធម៌ ដើម្បីសុំឲ្យជួយពួកគាត់ដើម្បីបង់ពន្ធពាក្យបណ្តឹង ដើម្បីឲ្យតុលាការចាត់ការតាមនីតិវិធី ដើម្បីរកយុត្តិធម៌ជូនពួកគាត់ចុងក្រោយ»។
អ្នកស្រី អ៊ុន ទុំ អាយុ៦៦ឆ្នាំ បានថ្លែងថាអ្នកស្រីមានការព្រួយបារម្ភអំពីការបាត់បង់ដីស្រែចម្ការចំនួនពីរហិកតារបស់អ្នកស្រី ដោយសារតែគ្មានប្រាក់បង់ពន្ធលើកម្មវត្ថុបណ្តឹង ក្នុងរឿងជម្លោះដីធ្លី ដែលករណីនេះបានធ្វើឲ្យអ្នកស្រីបានធ្លាក់ខ្លួនឈឺ។
«ខ្ញុំអស់មានលទ្ធភាពបង់ពន្ធលើកម្មវត្ថុបណ្តឹងរឿងជម្លោះដីធ្លីនេះទេ។ ខ្ញុំមានជីវភាពក្រីក្រណាស់ ខ្ញុំរកតែក្តួច និងដឺសហូបមិនបានផង ខ្ញុំមានប្រាក់ណាទៅបង់ពន្ធលើកម្មវត្ថុបណ្តឹង និងជួយឧបត្ថម្ភខ្ញុំ ដើម្បីឲ្យបានដីមកវិញ។ ខ្ញុំចង់បានដីមកវិញ ដើម្បីធ្វើស្រែចម្ការចិញ្ចឹម ជីវិតគ្រួសាររបស់ខ្ញុំ ឲ្យបានដូចពីមុន»។
អ្នកស្រី ឈិត សុខន អាយុ៥៤ឆ្នាំបាននិយាយថាអ្នកស្រីមិនអាចទទួលយកនូវការបង់ពន្ធលើប្រដាប់ក្តី។ អ្នកស្រីមានជីវភាពក្រីក្រ និងគ្មានលទ្ធភាពបង់ពន្ធ ដូចពាក្យដែលតុលាការ ដាក់ពន្ធឲ្យអ្នកស្រីបង់។
«ជីវភាពរបស់ខ្ញុំមិនអាចបង់ពន្ធបាន ពីព្រោះការបង់ពន្ធថ្លៃខ្លាំងពេក។ ការបង់ពន្ធនេះគឺជាការគាបសង្កត់មកលើ ប្រជាពលរដ្ឋក្រីក្ររបស់ខ្ញុំ។ បើយើងអត់មានលទ្ធភាពបង់ពន្ធ យើងអត់បានដីរបស់យើងមកវិញទេ»។
លោក ចាន់ សាវ៉េត ប្រធានឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថាការបង់ពន្ធលើកម្មវត្ថុបណ្តឹងរបស់តុលាការនេះមិនជួយដល់អ្នកក្រីក្រទេ។
«យើងឃើញថាខាងតុលាការហាក់បីដូចជាមិនបានយកចិត្តទុកដាក់ជាមួយក្រុមអ្នកក្រីក្រទេ។ តុលាការទុកឱកាសឲ្យអ្នកមាននៅតែ មានបន្តទៀត។ រីឯអ្នកក្រកាន់តែក្រថែមទៀត»។
លោក លឹម បូផា ប្រធានការិយាល័យសុរិយោដីស្រុកកំពង់ត្រឡាច បានបញ្ជាក់នៅក្នុងលិខិតចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ ជូន តុលាការខេត្តកំពង់ឆ្នាំងថាដីជម្លោះនេះមានតម្លៃ២.៣០០ដុល្លារអាមេរិកក្នុងមួយហិកតានៅឆ្នាំ២០០៩ ប៉ុន្តែនៅឆ្នាំ២០១១ ដីជម្លោះ នេះមានតម្លៃប្រមាណ១០.០០០ដុល្លារអាមេរិកក្នុងមួយហិកតា៕