ក្នុងវ័យ៧៥ឆ្នាំអតីតបងធំទីពីរ នួន ជា និងជាប្រធានរដ្ឋសភានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានធ្វើការចោទប្រកាន់ចំៗថាគឺប្រទេសវៀតណាមដែលនាំទៅដល់ការសម្លាប់អាយុជីវិតមនុស្សអស់ជាង១,៧លាននាក់ដោយសារតែការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្អត់អាហារ និងដោយសារជំងឺ។
ថ្លែងប្រាប់សាលាក្តីខ្មែរក្រហម កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ អស់រយៈពេលជាងមួយម៉ោង លោកនួន ជា បានវាយប្រហារប្រទេសវៀតណាមស្ទើរតែមិនដាច់ពាក្យ ដោយលោកបានចោទប្រកាន់ថា ប្រទេសវៀតណាម មានបំណងលេបទឹកដី ឈ្លានពាន និងបំបាត់ពូជសាសន៍កម្ពុជា។
និយាយមួយៗ តែសំឡេងច្បាស់លោកនួន ជា បាននិយាយថាកត្តាដែលប្រទេសវៀតណាម មានមហិច្ឆតាគ្រប់គ្រងត្រួតត្រាប្រទេសកម្ពុជា និងប្រទេសឡាវ ដោយសារតែវៀតណាម មានគំនិតជាតិធំ ឬហៅថាលទ្ធិជាតិនិយម ដែលលទ្ធិនេះ ត្រូវបានអនុវត្តទៅលើប្រទេសតូចៗ ប្រជាជនតិច ទន់ខ្សោយ និងមើលងាយមើលថោកប្រទេសតូចតាច។
«វៀតណាមប្រកាន់យកនូវលទ្ធិឈ្លានពាន វាតទីលេបទឹកដីបំបាត់ពូជសាសន៍។ វៀតណាមលោភលន់អំណាច និងផលប្រយោជន៍ ខាងសេដ្ឋកិច្ច ឬហៅថាផលប្រយោជន៍និយមឬអំណាចនិយម។ ចាប់តាំងជាសហព័ន្ធឥណ្ឌូចិន ដោយនៅក្រោមការត្រួតត្រារបស់ប្រទេសវៀតណាម តាមរូបភាពមិត្តភាពពិសេស និងគំនិតធ្វើរាមច្បងនៅក្នុងប្រទេសអាស៊ាន ក៏វៀតណាមនៅមានមហិច្ឆតានេះដែរ»។
ដោយបានធ្វើការរៀបរាប់យ៉ាងវែង ទាំងការបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន នៅក្នុងឆ្នាំ១៩៥១ រហូតដល់របបខ្មែរក្រហម លោកនួន ជា ក៏បានទាញយកទឡ្ហីករណ៍ជាក់ស្តែងមួយ នៅក្នុងពេលបច្ចុប្បន្ននេះ បន្ទាប់ពីប្រទេសវៀតណាម បានបង្កើតសមាគមរបស់ខ្លួនចំនួន២៤ខេត្តក្រុង នៅក្នុងប្រទេសកម្ពុជា។ លោកនួន ជា បានបញ្ជាក់ថា ការបង្កើតសមាគមនេះ មានសាខាដឹកនាំធ្វើសកម្មភាពនយោបាយ សេដ្ឋកិច្ច យោធា និងមនោគមវិជ្ជា នៅតាមខេត្ត ដែលនេះគឺជាយុទ្ធវិធីពស់ថ្លាន់ រឹតកូនឈ្លូសឲ្យទន់ឆ្អឹង រួចហើយលេបតែម្តង។
«កត្តាវៀតណាមគឺជាបច្ច័យមួយសំខាន់ ដែលបង្កឲ្យមានការច្របូកច្របល់នៅក្នុងប្រទេសកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ខែមេសា ឆ្នាំ១៩៧៩»។
លោក ឡេ ម៉ិញ ង៉ុក(Le Minh Ngoc) អ្នកនាំពាក្យស្ថានទូតវៀតណាម បាននិយាយថាការលើកឡើងរបស់លោកនួន ជា គឺជាការណ៍មិនពិត និងជាការមួលបង្កាច់។ លោកបានមានប្រសាសន៍ថា កងទ័ពវៀតណាម បានមករំដោះប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីរបបខ្មែរក្រហម ហើយយើងមិនមានមហិច្ឆតាលេបទឹកដីដូចការលើកឡើងរបស់លោក នួន ជា នោះទេ។
«រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម មិនដែលគិតថាកម្ពុជា ដែលជាមិត្តល្អដូចប្រទេសជិតខាង យើងសុទ្ធតែជួយវិញ ជួយមក។ គ្មានគំនិតណាប៉ងធ្វើអំពើឃោរឃៅ ឬក៏ធ្វើអី្វបំពានទឹកដីទេ»។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បាននិយាយថាវៀតណាមមានការចរចា និងមានការវាយប្រហារជាមួយកងទ័ពខ្មែរក្រហម ដោយសារតែសម្ព័ន្ធមិត្តនៅក្នុងបក្សកុម្មុយនីស្តឥណ្ឌូចិន ជាមួយគ្នាដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥១។ លោកបានមានប្រសាសន៍ថានេះ គឺជាយុទ្ធវិធីចាស់គំរិល ដែលយើងធ្លាប់ឮនិងធ្លាប់ឃើញរួចមកហើយ ហើយលោកនួន ជា ឥតមានអ្វីលើកឡើងដើម្បីទាក់ទាញប្រជាជន នឹងបង្វែរការណ៍ពិត តាមការចោទប្រកាន់របស់តុលាការ និងបញ្ឆេះកំហឹងប្រកាន់ពូជសាសន៍។
«អ្វីដែលសំខាន់ គឺតុលាការនេះ មានតែសមត្ថកិច្ចមួយទៅលើបទឧក្រិដ្ឋមួយ ដែលបានកើតឡើង ក្នុងរវាងឆ្នាំ៧៥ និង៧៩។ នួន ជា គាត់អាចចង្អុលបន្ទោសវៀតណាម ឬក៏ទេវតា ប៉ុន្តែអ្វីដែលសំខាន់ គឺអ្វីដែលបានកើតឡើង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺជាការទទួលខុសត្រូវរបស់មេដឹកនាំជាន់ខ្ពស់ នៃកម្ពុជាប្រជាធិបតេយ្យ ដែលមានរូបគាត់នៅក្នុងនោះ»។
លោកបណ្ឌិត រស់ ចន្រ្តាបុត្រ អ្នកប្រវត្តិសាស្រ្តកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជា បាននិយាយថា ការចោទប្រកាន់ទៅលើប្រទេសវៀតណាម គឺជាការដោះស្រាយមួយតែប៉ុណ្ណោះ របស់លោកនួន ជា ដែលគេចចេញពីការទទួលខុសត្រូវ នៅក្នុងរបបប្រល័យពូជសាសន៍។ លោកបានមានប្រសាសន៍ថា លោកនួន ជា ចង់បង្ហាញថាលោក ជាអ្នកសេ្នហាជាតិ ជាអ្នកការពារជាតិ ចេញពីការឈ្លានពានពីបរទេស ក៏ប៉ុន្តែយើងពិបាកវាយតម្លៃទៅលើចំណុចទាំងនេះ។
«ការឃោសនារបស់ក្រុមប្រជាធិបតេយ្យគឺតែងតែយករូបភាពណាឈ្លានពានមកលើកម្ពុជានេះធ្វើជាគោលជំហរនយោបាយរបស់ខ្លួនក្នុងការរៀបចំទឹកដីសម្លាប់ប្រជាពលរដ្ឋខ្លួនឯង ក៏ដូចជាក្នុងការឃោសនាផ្សេងៗទៅទៀត ដើម្បីបង្ហាញជាតិនិយមជ្រុលរបស់ខ្លួន»។
កងទ័ពវៀតណាមធ្លាប់បានចូលរំដោះប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក៏ប៉ុន្តែមានមតិប្រឆាំងជាច្រើន បានហៅព្រឹត្តិកាណ៍នេះ គឺជាថ្ងៃឈ្លានពានរបស់កងទ័ពវៀតណាម មកលើប្រទេសកម្ពុជាទៅវិញ៕