ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​វៀតណាម​នឹង​​ពិភាក្សា​ពង្រឹង​សហ​ប្រតិបត្តិការ​ ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច


ភ្នំពេញ៖ ​មេ​ដឹកនាំ​កម្ពុជានិង​វៀតណាម​ នឹង​ជួប​ពិភាក្សា​ការងារ​នៅ​ក្នុង​សប្តាហ៍​នេះ ​សំដៅ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​សម្រាប់​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​ទាំង​ពីរ​តាម​រយៈ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ និង​ការវិនិយោគ​ ​ខណៈ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​៨៦២​លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១០​នេះ​ ​ដែល​រួមមាន​៧២៨​លាន​ដុល្លារ​អាមេរិក​ពី​ការ​នាំ​ចេញ​របស់​ប្រទេស​វៀតណាម​ ដែលកើន​ឡើង​២៤,២​ភាគ​រយ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។

លោក​ប្រធានាធិបតី​វៀតណាម​ Nguyen ​Minh Triet ​នឹង​មក​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​កម្ពុជានៅ​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​មេ​ដឹកនាំ​កម្ពុជា​ ​សំដៅ​ជំរុញ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី។

លោក​ Minh Triet​ គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ដាច់​ដោយ​ឡែក​ពីគ្នា​ជាមួយ​ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​ សម្តេច​ព្រះ​បរមនាថ​នរោត្តម​ សីហមុនី​ ​លោក​ជា ស៊ីម​ ប្រធាន​ព្រឹទ្ធ​សភា​ លោក​ហេង​ សំរិន ​ប្រធាន​ រដ្ឋ​សភា​ និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ព្រម​ទាំង​សម្តេច​ព្រះ​សង្ឃ​រាជ​ទេព វង្ស ​និង​ប៊ូរ គ្រី។

ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​ពី​ថ្ងៃ​ទី២៦​ ដល់​ថ្ងៃ​ទី​២៨ ​ខែ​សីហា​នេះ​ ​លោក ​Nguyen ​Minh ​Triet​ ​នឹង​ ចូល​រួម​សម្ពោធការិយា​ល័យ​របស់​វិទ្យុ​សម្លេង​វៀតណាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​និង​ទស្សនា​សាលា​មិត្ត​ភាព​កម្ពុជា​-វៀតណាម។

លោក​ស្រី​ Ngo Thi ​Hoa ​អនុ​ប្រធាន​បេសក​កម្ម​នៃ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​គោល​បំណង​នៃ​ដំណើរ​ទស្សន​កិច្ច​នេះ​គឺ​ជំរុញ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ ​និង​ជំរុញ​សកម្ម​ភាព​ពាណិជ្ជ​កម្ម ​និង​វិនិយោគ​របស់​ប្រទេស​វៀតណាម​នៅ​កម្ពុជា។

«យើង​ចង់​ឱ្យ​រដ្ឋាភិបាល​បើក​ចំហ​សម្រាប់​អ្នក​វិនិយោគ​ទុន​វៀតណាម​មក​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ ប្រទេស​កម្ពុជា»។

លោក​ កុយ គួង​ អនុ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​ដំណើរទស្សន​កិច្ច​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ​ទាំង​ពីរ​ក្នុង​ការ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ ដែល​រួម​មាន​វិស័យ​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា​និងវៀតណាម។

«ការ​រីក​ចម្រើន​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជ​កម្ម​ ​វិនិយោគ​ និង​ទេស​ចរណ៍​រីក​ចម្រើន​ខ្លាំង​ណាស់។​ ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋនេះ​ ​ក៏​ជំរុញ​វិស័យ​ផ្សេងៗ​ដែរ។​ កាល​ណា​យើង​និយាយ​ពី​ចំណង​មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ ​ដោយ​ផ្តោត​លើ​វិស័យ​ទាំង​អស់​នោះ»។

ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ ​បាន​កើន​ឡើង​ពី​ ១៤៦​លាន​ដុល្លារអាមេរិក​នៅ​ក្នុង​ឆ្នាំ​២០០១​ដល់​ជាង​១០០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ២០០៩។​ ការ​ធ្វើ​ពាណិជ្ជ​កម្មនេះ​សម្រេច​បាន​៨៦២​លាន​ដុល្លារ​មេរិក​នៅក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១០​នេះ​ ​ដែល​រួម​មាន​៧២៨​លាន​ដុល្លារ​អាមេរិក​ ពីការ​នាំចេញ​របស់​ប្រទេស​វៀតណាម​ ដោយកើន​ឡើង​២៤,២​ភាគរយ​ពី​រយៈ​ពេល​ដូចគ្នា​ ​កាល​ពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​តួលេខប្រកាស​នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​កម្ពុជា​និង​វៀតណាម​ ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ ភ្នំពេញ​នៅ​ថ្ងៃ​ទី​៥ ​ខែ​សីហា​នេះ។

តួលេខ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញថា​ ​ប្រទេស​វៀតណាម​បាន​វិនិយោគ​១៥០,៧០​លាន​ដុល្លារអាមេរិក​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប្រាំពីរ​ខែ​ដើម​ឆ្នាំ​២០១០​នេះ​ ដែល​រួមមាន​ទូរ​គមនាគមន៍​ ធនាគារ​ ​ការ​ដឹក​ជញ្ចូន​តាម​អាកាស​ ​កសិកម្ម ​ឧស្សាហ​កម្មធន់ស្រាល​ ​ការ​ដាំដើម​ឈើ​ឧស្សាហ​កម្ម​ និង​កៅស៊ូ​ រ៉ែ ថាមពល ​និង​មន្ទីរពេទ្យ៕

XS
SM
MD
LG