ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជីវប្រវត្តិ​របស់​អតីត​ជន​រងគ្រោះ​ខ្មែរ​ក្រហម​ វ៉ាន់ ណាត


លោក​វ៉ាន់​ ណាត​ បាន​កសាង​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ និង​រួច​ផុត​ពី​ការ​កាប់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ក្នុង​របប​ខ្មែរ​ក្រហម​ដោយសារ​តែ​ចុង​ជក់​ផាត់​ពណ៌​លើ​ផ្ទាំង​ក្រណាត់។​ លោក​បាន​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ជន្មាយុ​អាយុ​៦៦។
លោក​វ៉ាន់​ ណាត​ បាន​កសាង​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ និង​រួច​ផុត​ពី​ការ​កាប់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ក្នុង​របប​ខ្មែរ​ក្រហម​ដោយសារ​តែ​ចុង​ជក់​ផាត់​ពណ៌​លើ​ផ្ទាំង​ក្រណាត់។​ លោក​បាន​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ជន្មាយុ​អាយុ​៦៦។

ឆ្លងកាត់​កុមារភាព​ពី​គ្រួសារ​ដ៏​ទុគ៌ត​មួយ​ក្នុង​ខេត្ត​បាត់ដំបង​ លោក​វ៉ាន់​ ណាត​ បាន​កសាង​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ និង​រួច​ផុត​ពី​ការ​កាប់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ក្នុង​របប​ខ្មែរ​ក្រហម​ដោយសារ​តែ​ចុង​ជក់​ផាត់​ពណ៌​លើ​ផ្ទាំង​ក្រណាត់។​ ក៏​ប៉ុន្ដែ​ នៅ​ថ្ងៃ​នេះ​គាត់​មិន​អាច​បន្ត​ស្នា​ដៃ​វិចិត្រកម្ម​ និង​រួម​វិភាគទាន​ដល់​ការ​កាត់​ទោស​ពួក​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ត​ទៅ​ទៀត​បាន​ទេ។​ គាត់​បាន​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ជន្មាយុ​អាយុ​៦៦។ មរណភាព​វ័យក្មេង​បាន​ធ្វើ​ឲ្យ​លោក​ខក​ខាន​ស្ដាប់​សាលដីកា​ចុង​ក្រោយ​ពី​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ក្នុង​សំណុំរឿង​កាំង ​ហ្គេកអ៊ាវ​ ហៅ​ឌុច។

លោក ​វ៉ាន់​ ណាត​ គឺ​ជា​សក្សី​ដ៏​មាន​សារៈសំខាន់​មួយ​រូប​ក្នុង​សំណុំរឿង​០០១​ដែល​បាន​ជួយ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​អតីត​ជនដៃ​ដល់​របស់​ខ្លួន​គឺ​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០១០។​ ក៏​ប៉ុន្ដែ​ការ​សម្រេច​ទោស​ដោយ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ពេល​នោះ​បាន​កាត់​បន្ថយ​នៅ​ត្រឹម​ទោស​ជាប់​ពន្ធនាគារ​ចំនួន​១៩​ ឆ្នាំ​វិញ​ដោយ​ហេតុ​ថា​ឌុច​ បាន​សហការ​ជា​មួយ​សាលាក្ដី​ខ្មែរ​ក្រហម​ ហើយ​រូប​គាត់​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ដោយ​ខុស​ច្បាប់​ដោយ​រដ្ឋាភិបាល​កម្ពុជា។

ការ​បន្ធូរ​បន្ថយ​ទោស​អស់​ចំនួន​១៦​ ឆ្នាំ​នេះ​ធ្វើ​ឲ្យ​អតីត​អ្នក​ទោស​គុក​ទួលស្លែង​ផ្សេងទៀត​មិន​សប្បាយ​ចិត្ត​ ហើយ​សហព្រះរាជ​អាជ្ញា​ទាំង​ពីរ​ក៏​បាន​ប្ដឹង​ជំទាស់​ហើយ​ទាមទារ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ច្រើន​ជាង​នេះ។​ ក៏ប៉ុន្ដែ ​លោក ​វ៉ាន់ ​ណាត ​ដែល​តែង​តែ​បង្ហាញ​នូវ​ភាព​ហេវហត់​ អស់​កម្លាំង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​យក​ព័ត៌មាន​ហាក់​មាន​អារម្មណ៍​សង្រួម​ចិត្ត ហើយ​ទទួល​យក​ការ​ផ្ដន្ទាទោស​នោះ​ បន្ទាប់​ពី​គាត់​ប្រកាស​ជា​ហូរហែ​ថា​ គាត់​រង់​ចាំ​យុត្តិធម៌​អស់​រយៈពេល​៣០​ឆ្នាំ​មក​ហើយ។ លោក ​វ៉ាន់ ​ណាត ​ធ្លាប់​មាន​ប្រសាសន៍​ក្នុង​បទសម្ភាស​ជា​មួយ​នឹង​វីអូអេ​ខ្មែរ​យ៉ាង​ដូច្នេះ​ថា៖

«គាត់​អាយុ ​៦៨​– ​៦៩ ​ឆ្នាំ​ហើយៗ​ថែម​១៩​ឆ្នាំ​ទៀត​ ខ្ញុំ​មិន​ដឹង​ថា​ គាត់​ទទួល​បាន​ឬ​យ៉ាង​ណា។ ខ្ញុំ​ថា​ ខ្ញុំ​សុខ​ចិត្ត​យក​ប៉ុណ្ណឹង​ ខ្ញុំ​សប្បាយ​ចិត្ត​ ហើយ​ខ្ញុំ​ធូរ​អារម្មណ៍»។

លោក​ វ៉ាន់​ ណាត ​ធំ​ដឹង​ក្ដី​ក្នុង​ខេត្ត​បាត់ដំបង។ ​ក្នុង​គ្រួសារ​ដែល​ជួប​ការ​បែក​បាក់​ឪពុក​ម្ដាយ ​លោក​វ៉ាន់​ ណាត​ បាន​ចាប់​ចិត្ដ​នឹង​វិជ្ជា​គូរ​គំនូរ​នៅ​ពេល​ដែល​គាត់​អាយុ​បាន​ជាង​ដប់​ឆ្នាំ។ ​គាត់​បាន​រៀន​វិជ្ជា​នេះ​នៅ​ក្នុង​សាលា​ឯកជន​មួយ​ក្នុង​ខេត្ត​នេះ។​ ទី​បំផុត វិជ្ជា​ដែល​លោក​ចូល​ចិត្ត​បំផុត​នេះ​ហើយ​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​លោក​ពី​ក្រញ៉ាំ​ពេជឃាត​ក្នុង​គុក​ទួល​ស្លែង។

លោក​វ៉ាន់ ណាត ដែល​មាន​កូន​ចំនួន​បី​នាក់​ គឺ​ស្រី​ពីរ​ប្រុស​មួយ ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ ​ឆ្នាំ​ ១៩៧៧​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ក្រោម​ការ​ចោទ​ថា​ជា​ខ្មាំង​របស់​អង្គការ។​ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​វត្ត​មួយ​ឈ្មោះ​ថា​ វត្ត​កណ្ដាល​មុន​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គុក​ទួល​ស្លែង មួយ​សប្ដាហ៍​ក្រោយ​មក។ ​គុក​ទួលស្លែង​មានអ្នក​ទោស​ចំនួន​ជាង​១២.០០០​នាក់ ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ និង​សម្លាប់​ចោល​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​ទោស។​ ឌុច ​បាន​ឡើង​ធ្វើ​ប្រធាន​គុក​ដ៏​ទារុណកម្ម​នេះ​ក្នុង​ឆ្នាំ​១៩៧៦​រហូត​ទៅ​ដល់​ឆ្នាំ ​១៩៧៩។

នៅ​ពេល​នោះ ​ឌុច​ បាន​ដាក់​បញ្ជា​ឲ្យ​រូប​គាត់​គូរ​ចម្លង​រូប​ប៉ុល​ ពត ​មេ​ស្ថាបនិក​នៃ​របប​ខ្មែរ​ក្រហម​ពី​រូប​ថត​ ហើយ​ធ្វើ​យ៉ាង​ណា​រូប​ទាំង​ពីរ​ត្រូវ​តែ​ដូច​គ្នា​ឥត​ល្អៀង​ បើ​ពុំ​នោះ​គាត់​នឹង​ត្រូវ​គេ​សម្លាប់​ចោល។ ដោយសារ​តែ​ទេពកោសល្យ​ដ៏​ពូកែ​របស់​លោក លោក​ វ៉ាន់ ​ណាត​ បាន​គូរ​រូប​ប៉ុល​ ពត​ ដូច​នឹង​បញ្ជា​របស់​ឌុច ​ហើយ​គាត់​បាន​រួច​ផុត​ពី​ការ​យក​ទៅ​សម្លាប់។ ក្នុង​សវនាការ​កន្លង​មក​អតីត​អ្នក​ទោស​រូប​នេះ​បាន​រៀបរាប់​ពី​ការ​ទទួល​រង​ទណ្ឌកម្ម​ និង​បាន​ឮ​សម្រែក​នៃ​ការ​ធ្វើ​ទណ្ឌកម្ម​យ៉ាង​ព្រៃផ្សៃ​ដែល​លោក​ចាត់​ទុក​ថា​គឺ​ជា​អំពើ​ព្រៃផ្សៃ​ដូច​សត្វ​ធាតុ។ លោក​ វ៉ាន់​ ណាត​ បាន​ឡើង​ផ្តល់​សក្ខីកម្ម​ជា​លើក​ដំបូង​ដល់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​២៩​ ខែ​មិថុនា ​ឆ្នាំ​២០០៩។​ នៅ​ពេល​នោះ​លោក​បាន​រៀបរាប់​ដោយ​សម្រក់​ទឹក​ភ្នែក​ទៀត​ផង។

«អារម្មណ៍​ពេល​ហ្នឹង ​ឥត​មាន​គិត​អី​ច្រើន (ក្រៅ)ពី​ឃ្លាន​ទេ​ គឺ​ឃ្លាន​ណាស់​ ឃ្លាន​ដល់​កំពូល​ ក្នុង​មួយ​ជីវិត​ ខ្ញុំ​មិន​ដែល​ជូប​ប្រទះ​ដំណាក់​កាល​នេះ​ទេ។​ បើ​សិន​ជា​ដាក់​អី​ឲ្យ​ បើ​គ្រាន់​ជា​សាច់មនុស្ស​ក៏​ហូប​ដែរ។ នៅ​ក្នុង​ខ្លួន​ឥត​មាន​អី​សោះ»។

ទោះ​ជា​មាន​ជំងឺ​ដែល​ទាក់ទង​នឹង​បញ្ហា​ឈាម​ដ៏​រ៉ាំរ៉ៃ ​លោក​វ៉ាន់ ​ណាត ​នៅ​តែ​បន្ដ​គូស​រូប​ដែល​ផ្តិត​យក​អនុស្សាវរីយ៍​នានា​ដែល​ដក់​ជាប់​ក្នុង​ខួរក្បាល​របស់​គាត់​ដែល​បន្សល់​ទុក​ពី​យុគ​ដ៏​ខ្មៅ​ងងឹត​ក្នុង​គុក​ទួល​ស្លែង។ រូប​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​ធ្វើ​ការ​តាំង​ពិព័រណ៍ និង​លក់​ជា​បន្ដបន្ទាប់​សម្រាប់​ចំណូល​ដ៏​ស្ដួច​ស្ដើង​របស់​គាត់។​ ការ​តស៊ូ​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ពាន​រង្វាន់​អន្ដរជាតិ​ជា​ច្រើន​ ដូច​ជា​ពាន​រង្វាន់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) របស់​សហរដ្ឋ​អាមេរិក​ជា​ដើម។

អតីតជន​ដៃ​ដល់​ឌុច ​បាន​សារភាព​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ ខ្លួន​សុខ​ចិត្ត​ទទួល​កំហុស ​ហើយ​សុខ​ចិត្ត​ឲ្យ​ទទួល​រង​ការ​ផ្ដន្ទាទោស។​ ក៏ប៉ុន្ដែ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​ប្រកាស​ថា​ ការ​សម្រេច​ដាក់​ទោស​ ឌុច​ ជា​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​មុន​ដំណាច់​ឆ្នាំ​២០១១​នេះ។

នៅ​ពេល​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវបាន​ដំណើរ​ការអស់​រយៈពេល​ជាង​ប្រាំ​ឆាំ្ន​ទៅ​ហើយ​នោះ​ ការ​រង់​ចាំ​ការ​កាត់​ទោស​សំណុំរឿង​បន្ថែម​នៅ​តែ​បន្ដ។​ នៅ​ក្នុង​រយៈពេល​រង់​ចាំ​នេះ មន្ដ្រី​សាលាក្ដី​ខ្មែរ​ក្រហម​មួយ​រូប​ គឺ​លោក​រាជ ​សម្បត្តិ​ អតីត​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ផ្នែក​ភាគី​កម្ពុជា​ ហើយ​នឹង​អតីត​អ្នក​ទោស​ គុក​ទួល​ស្លែង​គឺ​លោក​ វ៉ាន់​ ណាត​ ​ បាន​ស្លាប់​បាត់បង់​ជីវិត៕

XS
SM
MD
LG