នៅពេលដែលការកាត់ក្ដីពេញអង្គសេចក្ដីក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់ មិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទជាក់លាក់ អនាគតសាក្សីម្នាក់ក្នុងសំណុំរឿងនេះបានបាត់បង់ជីវិត។ សាក្សីរូបនោះគឺលោកវ៉ាន់ ណាត អតីតអ្នកទោសគុកទួលស្លែង និងជាវិចិត្រករយ៉ាងចំណានម្នាក់ដែលនៅសល់ពីស្លាប់ក្នុងរបបខ្មែរក្រហម។
លោក វ៉ាន់ ណាត មិនត្រឹមតែជាជនរងគ្រោះដែលមានសំណាងបំផុតដែលអាចគេចរួចពីការសម្លាប់ក្នុងគុកទួលស្លែង និងជាសាក្សីសំខាន់ម្នាក់ក្នុងសំណុំរឿង០០១ប៉ុណ្ណោះទេ ក៏ប៉ុន្ដែគាត់ត្រូវបានស្នើឲ្យធ្វើជាសាក្សីសក្ដានុពលមួយរូបសម្រាប់សំណុំរឿង០០២ផងដែរ។ គាត់បានស្លាប់កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះដោយសារជំងឺរ៉ាំរ៉ៃ។
មរណភាពនៃអនាគតសាក្សីរូបនេះត្រូវបានមើលឃើញថា សាលាក្តីផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើសុខភាពរបស់ជនជាប់ចោទ តែមិនសូវខ្វល់អំពីសុខភាពរបស់អតីតជនរងគ្រោះដោយរបបខ្មែរក្រហម និងជាសាក្សីគន្លឹះ។
លោក ជុំ ម៉ី ជាប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ឬសមាគមក្សេមក្សាន្ដ។ លោកគឺជាអតីតជនរងគ្រោះម្នាក់ក្នុងមន្ទីរស២១ ឬគុកទួលស្លែង។ លោក ជុំ ម៉ី អធិប្បាយថា ការស្លាប់របស់លោកវ៉ាន់ ណាត បានបង្ហាញពីភាពខុសគ្នាស្រឡះនៃការយកចិត្តទុកដាក់ផ្នែកសុខភាពរវាងអតីតមេដឹកនាំកំពូលខ្មែរក្រហម និងរវាងអតីតជនរងគ្រោះដោយរបបខ្មែរក្រហម។
«ជនជាប់ចោទហ្នឹង ឧទាហរណ៍ ខ្ញុំដឹងខ្លះៗថាដេកសុទ្ធតែពូក បាយមួយថ្ងៃបីពេល។ ពេទ្យប្រចាំការទៀត។ អញ្ចឹងគឺថាវាអត់មានយុត្តិធម៌ទេសម្រាប់ជនរងគ្រោះ។ វាអត់មានថាស្មើរភាពគ្នាហ្នឹង។ ឧទាហរណ៍ ខ្ញុំនៅសារមន្ទីរទួលស្លែង សូម្បីកន្លែងគេដាក់ខ្ញុំ ក៏ខុសពីឌុចដែរ។ ឌុចដេកលើពូក ខ្ញុំ ដេកនូវនឹងឥដ្ឋ។ អាហ្នឹងហើយបានជាខ្ញុំថាលម្អៀងទៅខាងជនជាប់ចោទ»។
លោកជុំ ម៉ី ឆ្នាំនេះអាយុ ៨០ឆ្នាំហើយ។ ឌុចដែលជាជនជាប់ចោទទាក់ទងទៅនឹងការទទួលខុសត្រូវក្នុងគុកទួលស្លែងចំពោះការធ្វើទារុណកម្ម និងការសម្លាប់អ្នកទោសយ៉ាងតិច១២.៣៨០នាក់ មានអាយុ៦៩ ឆ្នាំ។ លោកជុំ ម៉ី មានប្រសាសន៍ថា សាក្សីមានសារៈសំខាន់ក្នុងការផ្ដល់ព័ត៌មានដោយផ្ទាល់នូវអ្វីដែលខ្លួនបានឆ្លងកាត់។
«បើជាសិនណាគ្មានអ្នកអស់ហ្នឹងផ្តល់ការពិតឲ្យទៅតុលាការ ក៏តុលាការមិនដឹងធ្វើម៉េចទេ។ សាក្សី រស់ហ្នឹងហើយសំខាន់ សាក្សីរស់ហ្នឹង។ បាទ ហើយយើងមើលឃើញថា រឿងអញ្ចឹងហើយអារឿង អ្នកងាប់មើលឃើញតែរណ្តៅ អ្នកងាប់នោះដូចវាមិនសូវច្បាស់លាស់ប៉ុន្មានទេ? ជនរងគ្រោះដូចជា ណាំម៉ុន អញ្ចឹង។ គាត់ថាទៅបំភ្លឺនៅតុលាការហ្នឹង! គាត់លើសឈាម លើសអី គ្មានអ្នកណាគិតគាត់ទេ»។
វិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហមមិនបានចែងពីការគាំពារផ្នែកសុខភាពសាក្សី ឬជនរងគ្រោះដែលស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនោះទេ។ ដោយឡែកវិធានទី៣២នៃវិធានផ្ទៃក្នុងបានចែងពីភាពចាំបាច់ដែលត្រូវត្រួតពិនិត្យសុខភាពដល់ជនជាប់ចោទ ឬជនត្រូវចោទ ប្រយោជន៍គឺដើម្បីធានាដល់សម្បទា ផ្នែករាងកាយ និងផ្លូវចិត្តក្នុងការចូលរួមដំណើរការជម្រះក្ដី។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាហាក់ដូចជាសម្តែងការព្រួយបារម្ភនៅពេលដែលលោកលើកឡើងថា បញ្ហាសុខភាពបានធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិតជាបន្ដបន្ទាប់ម្ដងមួយៗ។
«ជនរងគ្រោះយើងខ្លះហ្នឹងសូម្បីតែមានញ្ហាបន្តិចបន្តួចក៏រកគ្រូពេទ្យ។ សុខភាពធម្មតាហ្នឹងមិនមានផង អញ្ចឹងវាធ្វើឲ្យសេវាថែទាំសុខភាព ដែលយើងផ្តល់ឲ្យមេដឹកនាំខ្មែរក្រហមហ្នឹង វាដូចជាមិនស្មើភាពចំពោះជនរងគ្រោះបាទ។ ហើយមួយថ្ងៃទៅមួយថ្ងៃ ជនរងគ្រោះចេះតែបាត់បង់ទៅៗ ដោយមិនបានផ្តល់នូវយុត្តិធម៌ណាមួយជូនគាត់។ ហើយបើសិនជាយើងគិតថា ប្រជាជនទាំងអស់អាចស្វែងរកសេវាថែទាំសុខភាព ទំនើបបានហ្នឹង ខ្ញុំគិតថា វាជួយមនុស្សជាច្រើនមិនឲ្យស្លាប់ទេ។
ទោះជាយ៉ាងណាលោក ឆាំង យុគ យល់ថា បញ្ហាផ្លូវច្បាប់ដែលបានចែងរួចទៅហើយក្នុងវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហមគឺជាច្រកមួយដែលពិបាកនឹងពិភាក្សាគ្នា។ ការយកចិត្តទុកដាក់លើសុខភាពរបស់ជនជាប់ចោទគឺជាការបម្រើផលប្រយោជន៍យុត្តិធម៌សម្រាប់រយៈពេលយូរ។ ប៉ុន្ដែគឺវា បានធ្វើឲ្យមានការឈឺចាប់សម្រាប់ជនរងគ្រោះក្នុងការធ្វើការប្រៀបធៀបក្នុងពេលនេះ។
«នេះជារឿងមួយដ៏ឈឺចាប់ក្នុងការដែលយើងចង់ឲ្យមេដឹកនាំខ្មែរក្រហមរស់បានយូរ។ ផ្ទុយទៅវិញ បងប្អូនយើង ឪពុកម្តាយយើងដែលរស់ពីសម័យខ្មែរក្រហម ដូចជាស្លាប់មុន ឃើញតុលាការមុនទៅទៀត។ អញ្ចឹង ខ្ញុំគិតថា វាជាកាតព្វកិច្ចរបស់តុលាការក្នុងការពន្យល់ដើម្បីឲ្យជនរងគ្រោះបានយល់ ហេតុអ្វីបានជាធ្វើយ៉ាងនេះ»។
លោក ឌឹម សុវណ្ណារុំ មន្ដ្រីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ដោយយោងទៅលើការការពារជនជាប់ចោទសម្រាប់ជាផលប្រយោជន៍នៃយុត្តិធម៌ដូចគ្នានេះដែរ។ ជាមួយគ្នានេះ លោកបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមមានថវិការមានកំណត់សម្រាប់បំពេញបេសកម្មរបស់ខ្លួន។
«គំនិតមធ្យោបាយរបស់តុលាការក៏មានកំណត់ អញ្ចឹងបេសកម្មរបស់តុលាការធ្វើយ៉ាងម៉េច ធ្វើការជំនុំជម្រះក្តីស្វែងរកយុត្តិធម៌ ស្វែងរកការពិតឲ្យបានឆាប់រហ័ស ឲ្យបានឃើញ ហើយដែលពាក់ព័ន្ធ ទៅដល់ការចូលរួមទៅនឹងនីតិវិធីតុលាការ ទើបតុលាការមានមធ្យោបាយដើម្បីចាត់ការរបស់ខ្លួនធ្វើយ៉ាងណាឲ្យផលប្រយោជន៍នៃការស្វែងរកយុត្តិធម៌ ការពិតហ្នឹងមិនជាប់នឹងឧបសគ្គ»។
ដោយឡែកលោក អ៊ឹម សុភា ប្រធានផ្នែកសម្របសម្រួលផ្នែកគាំពារជនរងគ្រោះរបស់សាលាក្ដីខ្មែរក្រហមពន្យល់ថា ជនរងគ្រោះដែលត្រូវបានជ្រើសរើសឲ្យធ្វើជាសាក្សីនឹងត្រូវបានទទួលការយកចិត្តទុកដាក់រាប់បញ្ចូលទាំងការយកចិត្តទុកដាក់ផ្នែកសុខភាពផងដែរ ក៏ប៉ុន្ដែ ការយកចិត្តទុកដាក់នេះនឹងធ្វើឡើងតែក្នុងពេលដែលសាក្សីចូលរួមក្នុងនីតិវិធីជម្រះក្ដីតែប៉ុណ្ណោះ។
«នៅក្នុងដំណើរការនីតិវិធី យើងមានផ្នែកមួយទៀតគឺហៅថា ផ្នែកគាំពារសាក្សី។ ផ្នែកនោះនឹងទទួលបន្ទុករាល់ការចំណាយរាល់នីតិវិធីក្នុងការចូលរួមអង្គជំនុំជម្រះ។ ហើយពេលនោះឯង ដែលមានបញ្ហាកើតឡើងដូចជាការធ្វើដំណើរ ការចាយវាយ ការហូបចុក ស្នាក់នៅអីផ្នែកហ្នឹងគាត់ទទួលបន្ទុកដោះស្រាយសម្រាប់សាក្សី។ ក៏ប៉ុន្តែ អ្វីដែលគេដំណើរការមិនទាន់ចាប់ផ្តើម ហើយជនទាំងឡាយណាដែលមិនទាន់មានឈ្មោះ ត្រូវទៅផ្តល់សក្ខីកម្ម អាហ្នឹង វាអត់ចូលទៅក្នុងដំណើរការនីតិវិធីនោះទេ? អញ្ចឹងវាអត់មានខ្ទង់ចំណាយនោះទេ»។
លោក ឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក មានប្រសាសន៍ថា ជនរងគ្រោះទោះជាសាក្សីក្ដី ដើមបណ្ដឹងរដ្ឋប្បវេណីក្ដីដែលចូលរួមដំណើរការក្ដី និងជនជាប់ចោទសុទ្ធតែមានសារៈសំខាន់ស្មើរៗគ្នាដែលគួរតែត្រូវបានយកចិត្តទុកដាក់។
លោក ឡាត់ គី និយាយសង្កត់ជាពិសេសថា ការចូលរួមរបស់ជនរងគ្រោះជាផ្នែកមួយជួយគាំទ្រឲ្យមានការកាត់ក្ដីប្រកបដោយយុត្តិធម៌ត្រឹមត្រូវ។
«យើងមានការសោកស្តាយចំពោះការដែលមិនបានគិតគូរពិចារណាសាលាក្តីខ្មែរក្រហម អំពីបញ្ហាសុខភាពរបស់ភាគីទាំងអស់ ពីព្រោះថា ជនជាប់ចោទក៏ដូច ជាជនរងគ្រោះសុទ្ធតែ ជាអ្នកដែលមានវ័យចាស់ជរាណាស់ទៅហើយ នៅក្នុងការចូលរួមដំណើរការសាលាក្តី។ ដូច្នេះ ទាំងអស់នេះសម្រាប់ការពិចារណារបស់ខាងសាលាក្តីខ្មែរក្រហមផងដែរ បាទ»។
យ៉ាងណាក៏ដោយ វិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហមគឺជាចំណងមួយដែលបានកម្រិតការយកចិត្តទុកដាក់បន្ថែមទៀតសម្រាប់បញ្ហាសុខភាពរបស់ជនរងគ្រោះនិងសាក្សី។ ក៏ប៉ុន្ដែ វិធាននេះតែងតែត្រូវធ្វើវិសោធនកម្មជាប្រចាំផងដែរដើម្បីកែសម្រួលព្រំដែនប្រតិបត្តិការណ៍របស់តុលាការពិសេសនេះ៕