លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ អនុប្រធានមន្ទីរពេទ្យព្រះកុសមៈ និងជាប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលលាងឈាម ឡាសង់តេ បានបញ្ជាក់នៅថ្ងៃពុធនេះថា ស្ថានភាពជំងឺរបស់លោកវ៉ាន់
ណាត កាន់តែមានភាពធ្ងន់ធ្ងរឡើង។ លោកបានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យកំពុងសង្រ្គោះបន្ទាន់ ដោយធ្វើការបូមទឹកចេញពីសួត និងចេញពីបេះដូង បន្ទាប់ពីសម្ពាធឈាមរបស់គាត់បានថយចុះយ៉ាងខ្លាំង។
«ទឹកហ្នឹងកើតឡើងដោយសារការរលាកនៃស្រោមបេះដូង ហើយស្រោមសួត ហើយដោយសារជាតិពុលរបស់គាត់យូរឆ្នាំមកហើយ។ ព្រោះធម្មតា អ្នកដែលខូចក្រលៀន ហើយធ្វើការលាងឈាម បើសិនជាបានលាងឈាមទៀងទាត់ ត្រឹមត្រូវតាមដំបូន្មានរបស់ពេទ្យ ជាតិអ៊ីរ៉េហ្នឹងមិនសូវឡើងប៉ុន្មាន។ ប៉ុន្តែនៅស្រុកយើង ជំងឺខ្លះគាត់ធ្លាប់លាងមួយដងក្នុងមួយអាទិត្យអញ្ចឹងទៅ បើគាត់អាចលាងបានប៉ុណ្ណឹង ថ្វីបើយើងពន្យល់គាត់ ហេតុផលពីរឿងជាតិពុលឡើងខ្ពស់ អាចថ្ងៃក្រោយហ្នឹងមានបញ្ហា ក៏ប៉ុន្តែ ឥឡូវគាត់មិនទាន់ មានបញ្ហាជាមិនសូវយកចិត្តទុកដាក់ ឬមួយដោយសារកត្តាជីវភាព ឬមួយកត្តាពេលវេលាមិនដឹងយ៉ាងមេច។ អ្នកជំងឺយើងភាពច្រើន យើងប្រឹងពន្យល់ឲ្យគាត់ធ្វើតាមក្បួនខ្នាត ប៉ុន្តែដោយសារ កត្តាទាំងអស់ហ្នឹងហើយ ប្រហែលជាគាត់ ចេះតែពន្យា។ ឧបមាថា ត្រូវធ្វើការលាងឈាម មួយអាទិត្យពីរដង ឬបីដង ហើយគាត់ហ្នឹងលាងតែមួយដង»។
លោក វ៉ាន់ ណាត អាយុ៦៦ឆ្នាំ ដែលជាអតីតអ្នកសល់ពីសា្លប់ក្នុងមន្ទីរឃុំឃាំងទួលស្លែង និងជាជាងគំនូរមួយរូប បានធ្លាក់ខ្លួនឈឺជាទម្ងន់ កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុននេះ ដោយសារតែជំងឺគាំងបេះដូង។
លោក វ៉ាន់ ណាត បច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិកឯកជនមួយឈ្មោះមជ្ឈមណ្ឌលលាងឈាម ឡាសង់តេ ដែលរហូតមកដល់ពេលនេះ មានរយៈពេលប្រាំមួយថ្ងៃហើយ។
លោកស្រី គិត អេង អាយុ៦២ឆ្នាំ ដែលភរិយារបស់លោកវ៉ាន់ ណាត បានមានប្រសាសន៍ថា តាមការបញ្ជាក់របស់គ្រូពេទ្យ សួតរបស់ស្វាមីលោកស្រីខាងឆ្វេងលែងដំណើរការហើយ ហើយក្រុមគ្រូពេទ្យ កំពុងចោះសួតដើម្បីបូមទឹកចេញ។
អ្នកស្រីបានមានប្រសាសន៍ទៀតថា កាលពីមុនអ្នកស្រីសង្ឃឹមថា លោកវ៉ាន់ ណាត នឹងបានជាសះស្បើយឡើងវិញ ក៏ប៉ុន្តែក្តីសង្ឃឹមនេះ បានរលាយបាត់អស់ទៅហើយ។
«កាលពីសារមុន អ៊ុំរាងសង្ឃឹមរបស់អ៊ុំ ឮគាត់ថា សួតគាត់ល្អអត់អីទេ។ ដល់ឥឡូវ ដល់ពេលគាត់និយាយអីញ្ចឹង! គាត់ដាក់ម៉ាស៊ីនថតទៅ ឃើញទាំងអញ្ចឹង ទាំងអស់គ្នា អ៊ុំធ្លាក់ទឹកចិត្តអស់រលីងហើយឥឡូវនេះ។ ការសង្ឃឹមលើកមុនរបស់អ៊ុំច្រើន ឥឡូវទៅជាអ៊ុំអស់សង្ឃឹម»។
កាលពីថ្ងៃម្សិលមិញនេះ លោកវ៉ាន់ ណាត អាចបើកភ្នែកតិចៗបាន ក៏ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ បន្តិចក្រោយមក ភ្នែករបស់លោកបានបិទទៅវិញ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រីគិត អេង។
លោកវ៉ាន់ ណាត គឺជាសាក្សីដ៏សំខាន់មួយរូបនៅក្នុងសំណុំរឿង០០១ ដែលមានជនជាប់ចោទតែម្នាក់ប៉ុណ្ណោះ គឺលោកកាំង ហ្គិចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរគុកឃុំឃាំងទួលស្លែង ឬស២១។
គុកទួលស្លែងគឺជាអតីតមន្ទីរឃុំឃាំងដ៏ទារុណកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ យ៉ាងតិចមានមនុស្សចំនួនជាង១២.០០០នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែការកាប់សម្លាប់ ការធ្វើទារុណកម្ម និងការបង្អត់អាហារ។ មនុស្សតែប្រាំពីរនាក់ប៉ុណ្ណោះ ដែលបានរួចផុតជីវិតដែលរួមមានលោកវ៉ាន់ ណាត លោកជុំ ម៉ី និងលោកប៊ូ ម៉េង៕