លោក វ៉ាន់ ណាត ដែលជាអតីតអ្នករស់រានមានជីវិតនៃមន្ទីរឃុំឃាំងទួលស្លែង និងជាសាក្សីដ៏សំខាន់មួយរូបនៃសាលាក្តីខ្មែរក្រហម បានទទួលមរណភាពនៅថ្ងៃច័ន្ទ ទី៥ ខែធ្នូ ឆ្នាំ ២០១១នេះ នៅម៉ោងប្រមាណ១២ និង៤៥នាទី នៅគ្លីនិកឯកជនមួយ ដោយសារជំងឺគាំងបេះដូងក្នុងជន្មាយុ៦៦ឆ្នាំ។
សាកសពលោក វ៉ាន់ ណាត ត្រូវបានក្រុមគ្រួសារ និងក្រុមគ្រូពេទ្យដឹកតាមរថយន្តពេទ្យមួយ ដោយមានការហែហមដោយក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោកដែលមានទីតាំងនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ក្រុងភ្នំពេញ។
អ្នកស្រី គិត អេង បានផ្តល់កិច្ចសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាថា អ្នកស្រីមានការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ស្វាមីអ្នកស្រី។
«ខ្ញុំមានការសោកស្តាយរកអ្វីមកប្រៀបមិនបានព្រោះមួយជីវិតមនុស្សដែលគាត់ជាមនុស្សសំខាន់ក្នុងជីវិតរបស់ខ្ញុំ»។
នៅឯគ្លីនិកឯកជន ក្រុមគ្រួសារ សាច់ញាតិ និងមន្ត្រីអតីតសាលាក្តីខ្មែរក្រហមបានមកសួរសុខទុក្ខលោកវ៉ាន់ ណាត ចុងក្រោយមុននឹងសម្រេចដឹកតាមរថយន្តចេញទៅគេហដ្ឋាន។ ក្រុមគ្រួសាររបស់លោកវ៉ាន់ ណាត បានហាមអ្នកយកព័ត៌មានផ្តិតយករូបភាពរបស់លោកវ៉ាន់ ណាត នៅពេលដែលដឹកជញ្ជូនចេញពីគ្លីនិចឯកជន។
លោកស្រី ហេឡិន ចាវីស (Helen Jarvis) អតីតមន្ត្រីសាធារណៈរបស់សាលាក្តីខ្មែរក្រហម ដែលតែងតែមកសួរលោកវ៉ាន់ ណាត មុនពេលដែលលោកធ្លាក់ខ្លួនឈឺជាទម្ងន់រហូតដល់បាត់បង់ជីវិតបាននិយាយថា ការស្លាប់របស់លោកវ៉ាន់ ណាត គឺជាការបាត់បង់សាក្សីដ៏សំខាន់មួយរូបសម្រាប់សាលាក្តីខ្មែរក្រហម។
«ខ្ញុំគិតថា វ៉ាន់ ណាត មានតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្រកម្ពុជា គាត់ជាជាងគំនូរដ៏ល្បីល្បាញ ហើយគាត់ជាសាក្សីពីសម័យដ៏ងងឹតក្នុងប្រវត្តិសាស្ត្រកម្ពុជា។ យើងសោកស្តាយទាំងអស់គ្នានៅទីនេះ»។
លោក លន់ ណារ៉ា អាយុ ៤០ឆ្នាំ កូនប្រសាររបស់លោកវ៉ាន់ ណាត បាននិយាយថា នៅក្នុងអំឡុងម៉ោង១២ថ្ងៃត្រង់ លោកវ៉ាន់ ណាតចាប់ផ្តើមធ្វើទុក្ខយ៉ាងខ្លាំង ហើយក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះដែរ តែក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះគាត់ជាលោកទីពីរបាន។
«ព្រោះពេលហ្នឹង គាត់អត់មាននិយាយអី។ គាត់គិតតែព្យាយាមដូចថា ធ្វើអាម៉ាស្សាបេះដូងឲ្យឡើងវិញ ហើយរយៈពេលដែលធ្វើហ្នឹង គាត់មានបញ្ហាតាំងពីម៉ោងប្រហែល១២:១៥នាទី គាត់ចាប់ផ្តើមមានបញ្ហា ហើយធ្វើទុក្ខខ្លាំង ធ្វើម៉ាស្សាទៅវាឥតមានឡើង»។
លោក វ៉ាន់ ណាត បានចូលសម្រាកនៅក្នុងគ្លីនិកឯកជនមួយ ដែលមានឈ្មោះថាមជ្ឈមណ្ឌលលាងឈាមឡាសង់តេ កាលពីថ្ងៃទី២៦ សីហា កន្លងទៅនេះ ដោយសារតែមានជំងឺគាំងបេះដូង។ ក៏ប៉ុន្តែ បន្ទាប់ពីបានសម្រាកព្យាបាលចំនួន១១ថ្ងៃ លោកបានទទួលមរណភាពទៅ។
លោក ហ៊ុយ វណ្ណៈ មន្ត្រីទំនាក់ទំនងកិច្ចការសាធារណៈ របស់សាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ថា លោកមានការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់លោកវ៉ាន់ ណាត ដែលលោកមិនបានស្តាប់សាលក្រមជាស្ថាពររបស់កាំង ហ្កេកអ៊ាវ ហៅឌុច។ លោកហ៊ុយ វណ្ណៈ បានបញ្ជាក់ថា សាលាក្តីខ្មែរក្រហមគ្រោងនឹងប្រកាសសាលក្រមនៃសំណុំរឿង០០១ ជាស្ថាពរ នៅចុងឆ្នាំ២០១១ នេះ។
«ព្រហ្មលិខិតដែលមិនបានឲ្យគាត់រស់រានមានជីវិត និងទទួលបានយុត្តិធម៌គាត់បានប្រឹងប្រែងតាំងពីដើមមក ហើយតុលាការក៏កំពុងធ្វើការញាប់ដៃញាប់ជើង ហើយគ្រោងប្រកាសសាលដីកាស្ថាពរនៅក្នុងសំណុំរឿង០០១ ដែលប្រឆាំងលោកកាំង ហ្កេកអ៊ាវហៅឌុច។ ក្នុងសំណុំរឿងហ្នឹងគាត់បានដើរតួនាទីសំខាន់នៅក្នុងសំណុំរឿងហ្នឹង»។
យ៉ាងតិចមានមនុស្សចំនួន១២.៣៨០នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរទារុណកម្មទួលស្លែងចន្លោះឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ដែលគ្រប់គ្រងដោយឌុច។ មានមនុស្សតែចំនួនប្រាំពីរនាក់ប៉ុណ្ណោះដែលរស់រានមានជីវិតពីមន្ទីរឃុំឃាំងទួលស្លែងនេះ ដែលក្នុងនោះរួមមានលោកវ៉ាន់ ណាត លោកជុំ ម៉ី និងលោកប៊ូ ម៉េង។ លោកជុំ ម៉ី អ្នករស់រានមានជីវិតម្នាក់ទៀតពីគុកទួលស្លែងបានចូលរួមការសោកស្តាយបំផុតចំពោះការបាត់បង់ជីវិតរបស់លោកវ៉ាន់ ណាត៕