សាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង សហការជាមួយវិទ្យាស្ថានមូលនិធិស្សូអា (Shoa) បានរៀបចំទស្សនកិច្ចសិក្សាមួយនៅកម្ពុជាដល់និស្សិតមួយក្រុមដែលមានគា្នចំនួន១០នាក់ដើម្បីស្វែងយល់អំពីឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តដោយរបបកម្ពុជាប្រជាធិបតេយ្យ។
យុត្តិធម៌នឹងមិនអាចកើតមានឲ្យបានពេញលេញសម្រាប់អំពើឧក្រិដ្ឋដ៏ឃោរឃៅប្រកបដោយអមនុស្សធម៌ហួសនិស្ស័យដែលត្រូវបានប្រព្រឹត្តដោយខ្មែរក្រហមនោះទេទោះបីជាមានសាលាក្តីខ្មែរក្រហមនេះក៏ដោយ។ នេះបើតាមសម្តីរបស់និស្សិតមួយក្រុមនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង (University of Southern California) ដែលកំពុងធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា។
នេះជាដំណើរទស្សនកិច្ចសិក្សាលើកទី៣ ដែលត្រូវបានរៀបចំឡើងដោយសាលាសិក្សាទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង និងវិទ្យាសា្ថនមូលនិធិស្សូអា (Shoa Institute) ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១។ ក្រុមនេះត្រូវបានដឹកនាំដោយបណ្ឌិត ផាត់ កុសល បង្រៀននៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង និងលោកស្រីការ៉ិន ឌ្យុងប៊្លុត (Karen Jungblut) នាយកស្រាវជ្រាវ និងឯកសារនៃវិទ្យាស្ថានមូលនិធិស្សូអា។
បណ្ឌិតផាត់ កុសលបានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទថា មុនធ្វើដំណើរទៅកម្ពុជា និស្សិតទាំងនេះបានចំណាយពេលពីរសប្តាហ៍សិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូងអំពីប្រវត្តិសាស្ត្រកម្ពុជា ពីនយោបាយ និងមូលហេតុដែលនាំឲ្យកើតមានអំពីដ៏ឧក្រិដ្ឋដែលជាលទ្ធផលនៃការកាន់អំណាចរបស់ខ្មែរក្រហម។ បន្ទាប់មកគេមកធ្វើទស្សនសិក្សាដោយផ្ទាល់នៅកម្ពុជាចំនួនពីរសប្តាហ៍ទៀត។
«គេមកធ្វើកម្មសិក្សាពីរអាទិត្យ ហើយគេមកជួបសម្ភាសជាមួយនឹងឯកអគ្គរដ្ឋទូត ជាមួយ(មន្ត្រីនៃ)បណ្តាទូតផ្សេងៗ ជាមួយអង្គការNGO ដូចជាDC-Cam ជាដើម ដូចជាCenter for Khmer Justice ជួបជាមួយនិស្សិតសាកលវិទ្យាល័យ និស្សិតនៅតាមខេត្ត ជនដៃដល់ ជនរងគ្រោះផ្សេងៗ ដើម្បីស្វែងយល់ថាតើ តាមភូមិតាមឃុំហ្នឹង ប្រជាជនគាត់យល់យ៉ាងណា។ មានយោបល់ផ្សេងៗគ្នាទាក់ទងនឹងតុលាការខ្មែរក្រហមហ្នឹងពីព្រោះតុលាការខ្មែរក្រហមមានកម្រិត មានការខ្វះខាតច្រើន។ ដូច្នេះគេចង់ដឹងថាតើ យុត្តិធម៌ក្នុងសង្គមហ្នឹងខុសគ្នាពីយុត្តិធម៌ដែលពួកអន្តរជាតិរំពឹងគិតទៅលើតុលាការនោះយ៉ាងណា និងថាតើតុលាការហ្នឹងខ្វះខាតកន្លែងណាខ្លះ»។
នាងដ្យេនី្នហ្វឺរ៍ ផាដីយ៉ា (Jennifer Padilla) និស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិ បានប្រាប់វីអូអេថា នាងសិក្សាបានច្រើនអំពីកម្ពុជាតាមរយៈទស្សនកិច្ចសិក្សានេះ។
«ជិតពីរសប្តាហ៍កន្លងមកនេះ វាពិតជាប្រទីបបំភ្លឺខ្ញុំអំពីប្រវត្តិសាស្រ្តកម្ពុជា ប្រជាពលរដ្ឋកម្ពុជា និងវប្បធម៌កម្ពុជា ពីព្រោះខ្ញុំបានមកឃើញដោយផ្ទាល់ ប្រាស្រ័យជាមួយប្រជាពលរដ្ឋដោយផ្ទាល់តាមរយៈសម្ភាសន៍ និងតាមរយៈដំណើរទស្សនកិច្ចនៅតាមខេត្តនានា។ គឺមិនត្រឹមតែរៀនតាមសៀវភៅ និងPower Point ទេ។ យើងពិតជាបានចូលខ្លួនមកជួបជាមួយប្រជាពលរដ្ឋ។ ខ្ញុំគិតថា នេះជាវិធីរៀនដ៏ល្អបំផុត»។
តាមរយៈទស្សនកិច្ចសិក្សានេះដែរនាងឃេថឺរិន ប្រៃស៍ (Catherine Price) និស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ ពាណិជ្ជកម្ម និងនយោបាយ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង និយាយថា ទោះបីជាសាលាក្តីគឺជារឿងសំខាន់សម្រាប់ការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ និងជាប្រយោជន៍សំខាន់សម្រាប់ពិភពលោកក្តី ការគិតគូអភិវឌ្ឍសម្រាប់អនាគតជារឿងសំខាន់ជាង។
«ខណៈដែលតុលាការជាគំរូដែលអាចផ្តល់យុត្តិធម៌ក្នុងថ្នាក់ពិភពលោក ហើយជាគំរូរបស់រឿងក្តីដូចគ្នានេះនៅពេលអនាគត ទីបំផុតអ្នកដែលទទួលរងពីអំពើប្រល័យពូជសាសន៍សំខាន់បំផុត។ ខ្ញុំគិតថា ពួកគេជាច្រើនគិតអំពីអ្វីដែលបានកើតឡើង ហើយអត់ឱន និងបំភ្លេច។ មនុស្សជាច្រើនដែលយើងបាននិយាយជាមួយ ជាពិសេសយុវជន យុវតី ចង់មើលទៅអនាគត។ គេចង់ផ្តោតទៅលើអនាគត។ យុវជន និងយុវតីជាច្រើនដែលយើងបាននិយាយជាមួយនិយាយថា “អ្នកដឹងទេ បរទេសទាំងអស់មកនិយាយអំពីអំពើប្រល័យពូជសាសន៍ ខ្មែរក្រហម។ គេមិនដឹងថា មានរឿងច្រើនទៀតសម្រាប់កម្ពុជា ជាជាងរឿងប្រល័យពូជសាសន៍តែមួយនោះ»។
ចំណែកនាង ម៉រហ្កិន ហ្វ៊័រឡង (Morgan Furlong) និស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិ បានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទថា ជាដំបូងនាងយល់ថា កិច្ចខិតខំប្រឹងប្រែងរបស់តុលាការក្នុងការផ្សព្វផ្សាយពន្យល់ដល់ជនរងគ្រោះអំពីដំណើរការតុលាការ និងការស្វែងរកយុត្តិធម៌មានភាពអស្ចារ្យណាស់។ ប៉ុន្តែនាងនិយាយថា អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺនៅពេលដែលនាងធ្វើដំណើរទៅជួបជនរងគ្រោះនៅតាមខេត្ត ពួកគេហាក់មិនសូវយល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់តុលាការនេះទេ។
«អ្នកដែលដឹងអំពីតុលាការអស់សង្ឃឹមនឹងការកាត់ទោសរបស់ឌុច ពី៣៥ ទៅ១៩ឆ្នាំ ថាតើពីព្រោះតែគេមិនយល់ ឬពីព្រោះតែអ្វីដែលគេបានឆ្លងកាត់។ វាជាការណ៍ពិបាកសម្រាប់ខ្ញុំដែលបានឮគេនិយាយថា “យើងបាត់ជំនឿលើតុលាការ” ពីព្រោះយើងដឹងអំពីការខិតខំប្រឹងប្រែង ពេលវេលា និងបំណងល្អរបស់តុលាការ។ ដូច្នេះ វាជាការណ៍ពិបាកសម្រាប់ខ្ញុំ នឹងឆ្លើយថា តើតុលាការផ្តល់យុត្តិធម៌ ឬមិនផ្តល់ពីព្រោះតែខ្ញុំមិនធ្លាប់បានឆ្លងកាត់ ដែលខ្ញុំមិនអាចដឹងអំពីក្តីឈឺចាប់របស់ពួកគេទេ។ ដូច្នេះខ្ញុំគិតថា តុលាការធ្វើការបានយ៉ាងល្អ ហើយខ្ញុំសង្ឃឹមថា ក្រោយពីរឿងក្តី០០២ និងអាចមាន០០៣ និង០០៤ ប្រជាពលរដ្ឋកម្ពុជានឹងឃើញ និងមានអារម្មណ៍ថា ទទួលបាននូវភាពផ្សះផ្សាពីតុលាការ»។
នាង អាប៊ីហ្គែល ហ្ក្រេហ្ក (Abigal Gregg) និស្សិតឆ្នាំទី៣ ផ្នែកនរវិទ្យានៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូងនិយាយថា យុត្តិធម៌កំពុងអាចត្រូវបានរំខានដោយការជ្រៀតជ្រែកនយោបាយ និងប្រយោជន៍បុគ្គល។
«ខ្ញុំមានអារម្មណ៍ថា ជាគោលការណ៍វាជាការណ៍ល្អ ប៉ុន្តែរបៀបដំណើរការមួយចំនួនមិនសូវជាល្អប៉ុន្មានទេ។ វាហាក់ដូចជា មានពាក់ព័ន្ធនឹងនយោបាយ និងប្រយោជន៍បុគ្គលដែលប្រឆាំងនឹងគោលបំណងជាទូទៅនៃយុត្តិធម៌។ អ្នកដឹងទេ ប្រហែលត្រូវសម្របសម្រួលខ្លះរវាងសហគមន៍ និងសាលាក្តី។ ហើយខ្ញុំដឹងថាមានបណ្តឹងរដ្ឋប្បវេណី។ មានរឿងនេះមួយចំនួន ប៉ុន្តែខ្ញុំគិតថា រឿងនេះគឺតែជាអ្វីដែលត្រូវផ្តោតចម្បង។ រឿងនេះគួរត្រូវជាអាទិភាព»។
ក្រុមនិស្សិតក៏បានដែរថា ក្រុមរបស់ខ្លួនមានការភ្ញាក់ផ្អើលដែលចៅក្រមស៊ើបអង្កេតបដិសេធការស៊ើបអង្កេតបន្ថែមទៅលើរឿងក្តី០០៣ ហើយពួកគេគាំទ្រឲ្យមានការបន្តការស៊ើបអង្កេត៕