លោកស្តេវិន រ៉េប (Steven Rapp) ឯកអគ្គរដ្ឋទូតគោចររបស់សហរដ្ឋអាមេរិកទទួលបន្ទុកឧក្រិដ្ឋកម្មសង្រ្គាម បានទទូចឲ្យសហចៅក្រមជាតិ និងអន្ដរជាតិ នៅក្នុងសាលាក្ដីខ្មែរក្រហមសហការគ្នានៅក្នុងការស៊ើបអង្កេតសំណុំរឿងបន្ថែម គឺសំណុំរឿង០០៣ និង០០៤។ សំណុំរឿងទាំងពីរនេះកំពុងតែស្ថិតក្នុងភាពចម្រូងចម្រាស់រវាងភាគីទាំងពីរនៅក្នុងសាលាក្ដី។
លោកស្ដេវិនបានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ថា លោកបានជំរុញបែបនេះនៅក្នុងជំនួបជាមួយមន្ដ្រីសាលាក្ដីខ្មែរក្រហមកាលពីថ្ងៃសុក្រ។
"យើងចង់ឲ្យប្រាកដថា តុលាការនេះមានលទ្ធភាពសម្រេចក្នុងការស៊ើបអង្កេតរបស់ខ្លួនគ្រប់បញ្ហាទាំងអស់។ រដ្ឋាភិបាលបានបញ្ចេញទស្សនៈរបស់ខ្លួនអំពីករណីទាំងនេះ ក៏ប៉ុន្ដែយើងមានទស្សនៈរបស់យើងថា ពួកគេនឹងសហការជាមួយសាលាក្ដីខ្មែរក្រហមឲ្យបានពេញលេញ ហើយគួរតែធ្វើការស៊ើបអង្កេតបន្ដទៅមុខទៀត និងគួរតែមានដំណោះស្រាយដោយអនុវត្តតាមច្បាប់ និងដំណើរការក្ដី"។
ឆ្លើយតបទៅនឹងសំណួរបញ្ជាក់ដែលថា តើលោកស្ដេវិនចង់លើកទឹកចិត្តឲ្យមានការសហការគ្នារវាងសហចៅក្រមស៊ើបអង្កេតកម្ពុជា និងសហចៅក្រមស៊ើបអង្កេតអន្ដរជាតិឬយ៉ាងណា លោកស្ដេវិនបានពោលថា "ពិតមែនហើយ ការលើកឡើងរបស់ខ្ញុំ គឺមានការតម្រូវឲ្យមានការសហការគ្នានៅទីនេះ ហើយតុលាការនេះនឹងដំណើរការដោយមិនមានការភ័យខ្លាច និងការផ្ដល់ការអនុគ្រោះបែបណានោះ"។
លោករាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម មិនធ្វើអត្ថាធិប្បាយទៅលើអ្វីដែលលោកស្ដេវិន រ៉េបបានលើកឡើងនោះទេ។ ក៏ប៉ុន្ដែលោកបានបង្វែចម្លើយទៅលើសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់អាមេរិកនេះទៅវិញ។
“ដំណើរទស្សនកិច្ចហ្នឹងគឺជាការលើកទឹកចិត្តដល់បុគ្គលិក ហើយជាពិសេស ឲ្យប្រទេសផ្ដល់ជំនួយគិតគូរបន្ថែមទៀត ធ្វើយ៉ាងម៉េចឲ្យសាលាក្ដីបន្ដកិច្ចការរបស់ខ្លួនប្រកបដោយជោគជ័យ ចប់ចុងចប់ដើម"។
រដ្ឋាភិបាលកម្ពុជា រួមទាំងសហចៅក្រមស៊ើបអង្កេត និងសហព្រះរាជអាជ្ញាកម្ពុជានៅក្នុងសាលាក្ដីខ្មែរក្រហម បានជំទាស់ទៅនឹងការស៊ើបអង្កេត តាមចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿង០០៣ និង ០០៤ជាបន្ដទៀត ដោយលើកពីហេតុផលថា វាអាចបង្កឲ្យមានសង្រ្គាមស៊ីវិលសារជាថ្មី។ ក៏ប៉ុន្ដែភាគីអង្គការសហប្រជាជាតិបានសម្រេចបើកការស៊ើបអង្កេតជាលក្ខណៈឯកតោភាគី។ ហើយការស៊ើបអង្កេតកំពុងបន្ដ។ ជនសង្ស័យនៅក្នុងសំណុំរឿងទាំងពីរមានប្រាំនាក់ដែលសុទ្ធសឹងជាកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។
មានប្រតិកម្មជាច្រើនចាត់ទុកថា ការជំទាស់របស់រដ្ឋាភិបាលខ្មែរគឺជាការជ្រៀតជ្រែកនយោបាយទៅលើដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម។ យ៉ាងណាក៏ដោយ លោកស្ដេវិន រ៉េបបានចាត់ទុកថា សំណុំរឿង០០២ ដែលមានជនជាប់ចោទជាអតីតមេដឹកនាំកំពូលខ្មែរក្រហមសរុបចំនួនបួននាក់ គឺជាសំណុំរឿងដ៏មានសារៈសំខាន់បំផុតសម្រាប់ពិភពលោក។ លោកជឿថា ដំណើរការកាត់ទោសនៅក្នុងសំណុំរឿងនេះ អាចនឹងចាប់ផ្ដើមនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១១នេះ។
លោកស្ដេវិន រ៉េបគឺជាតួអង្គយ៉ាងសំខាន់ដែលត្រូវតែងតាំងឲ្យធ្វើជាអ្នកសម្របសម្រួលនៅក្នុងការស្វែងរកមូលនិធិសម្រាប់ជួយដល់សាលាក្ដីខ្មែរក្រហម ដែលជួបនូវបញ្ហាថវិកាមិនចេះចប់មិនចេះហើយ។
លោកបានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ហើយលោកនឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃអាទិត្យ។
ក្រៅពីជំនួបជាមួយមន្ដ្រីតុលាការ លោកឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិកបានជួបជាមួយអង្គទូតនានានៅក្នុងទីក្រុងភ្នំពេញ ដែលតំណាងឲ្យប្រទេសផ្ដល់ជំនួយដល់សាលាក្ដីខ្មែរក្រហម ដូចជា ប្រទេសអាល្លឺម៉ង់ ជប៉ុន បារាំង និងអង់គ្លេសជាដើម រួមទាំងជំនួបជាមួយលោកឧបនាយករដ្ឋមន្ដ្រីខ្មែរសុខ អាន ដែលទទួលបន្ទុកដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម កាលពីព្រឹកថ្ងៃសៅរ៍។ ក៏ប៉ុន្ដែលោកស្ដេវិន រ៉េបបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតទាក់ទងទៅនឹងជំនួបនេះទេ ដោយលោកចាត់ទុកថា នេះគឺជារឿងលាក់ការណ៍៕