សហរដ្ឋអាមេរិកចង់ឃើញការដោះស្រាយទំនាស់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃធ្វើឡើងដោយសន្តិវិធីនិងស្នើឱ្យមានការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក។
លោកខឺត ខេមបល ឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ដល់វេទិកាមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមានទំនាក់ទំនងជាប់ជាប្រចាំជាមួយនឹងប្រទេសឥណ្ឌូនេស៊ីដែលបច្ចុប្បន្នជាប្រធានសមាគមអាស៊ានលើបញ្ហាទំនាស់ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ។
«យើងក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសឥណ្ឌូនេស៊ី លើស្ថានការណ៍ព្រំដែនកម្ពុជានិងថៃដែលយើងសង្ឃឹមថា នឹងនៅតែមានសន្តិភាព ហើយក្នុងន័យនេះក៏ចង់ឃើញការចរចាផងដែរ»។
ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្វើឡើងស្របពេលដែលស្ថានការណ៍តាមព្រំដែនរវាងប្រទេសកម្ពុជាបាន វិលមករកភាពស្ងប់ស្ងាត់ឡើងវិញ ក្រោយពីមានការជួបប្រយុទ្ធគ្នាជាច្រើនលើកនៅតាមបណ្តោយព្រំដែននៅ ជិតតំបន់ប្រាសាទព្រះវិហារបស់ខ្មែរដែលបានបណ្តាលឱ្យមានមនុស្ស ស្លាប់បាត់បង់ជីវិតជាង១០នាក់។
នៅពេលបច្ចុប្បន្ន ទាំងភាគីកម្ពុជានិងថៃបានទៅជួបគ្នានៅឯតុលាការអន្តរជាតិក្រុង ឡាអេដើម្បីឱ្យស្នើសុំការបកស្រាយលើសាលក្រមឆ្នាំ១៩៦២របស់តុលាការ នេះដែលបានប្រគល់ប្រាសាទព្រះវិហារជាផ្លូវការមកឱ្យប្រទេសកម្ពុជា។ ប៉ុន្តែភាគីថៃនៅតែបន្តទាមទារកម្មសិទ្ធដីមួយដុំនៅជាប់នោះ។
ការលើកឡើងរបស់លោកខឺត ខេមបលគឺជាផ្នែកមួយនៃការចូលរួមពន្យល់ពីគោលនយោបាយនិងទស្សនៈរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្ត និងកិច្ចការអន្តរជាតិ។
លោកខេមបលបានបញ្ជាក់ផងដែរពីការព្យាយាមរបស់សហរដ្ឋអាមេរិកដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកាន់តែច្រើនឡើងជាមួយនឹងបណ្តាប្រទេសនៅសមាគមអាស៊ាន តាមរយៈការចូលរួមក្នុងសកម្មភាពជាច្រើនរបស់សមាគមនេះ ហើយលោកក៏បានទទួលស្គាល់នូវការចូលរួមដ៏តិចតួចស្តួចស្តើងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកម្ពុជា បើប្រៀបធៀបជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់ ហើយលោកសង្ឃឹមថា នឹងបង្កើនថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
«យើងរំពឹងថា នឹងនាំយកនូវការចូលរួមពាក់ព័ន្ធរបស់យើងឱ្យបានទៅដល់កម្រិតមួយទៀតនៅក្នុងរយៈពេលប្រហែលជាប៉ុន្មានឆ្នាំខាងមុខនេះ»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានងាកមកផ្តោតការចាប់អារម្មណ៍ខ្លាំងឡើងៗលើតំបន់អាស៊ីអាគ្នេយ៍តាមរយៈទំនាក់ទំនងសន្តិសុខ សេដ្ឋកិច្ច នយោបាយនិងវប្បធម៌ ហើយដែលលោកខេមបលហៅថា ជាទំនាក់ទំនងដ៏ពិតប្រាកដនិងមានរយៈពេលយូរ៕