ភ្នំពេញ៖ មន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅថៃ្ងអង្គារនេះថា សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភអំពីសេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាល ដោយអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបន្តពិភាក្សាគ្នាបន្ថែមទៀតនៅលើសេចក្តីព្រាងច្បាប់នេះ។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានព្រួយបារម្ភថា ច្បាប់ថ្មីនេះមានភាពតឹងរឹងចំពោះអង្គការមិនមែនរដ្ឋាភិបាល ហើយរារាំងដល់ការរីកលូតលាស់ និងអភិវឌ្ឍន៏ប្រទេស។ ពួកគេបង្កើតច្បាប់ធ្វើឱ្យលំបាកដល់អង្គការមិនមែនរដ្ឋាភិបាលទាំងការបង្កើត និងប្រតិបត្តិការងារ។
លោក ដាន ប៊ែរ (Dan Baer) ឧបការីរងទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យសិទ្ធិមនុស្ស និងពលកម្មនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មកពីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសអំពីសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះ។ លោក ប៊ែរ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅសណ្ឋាគារភ្នំពេញថា លោកលើកទឹកចិត្តឲ្យមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសបន្តការពិភាក្សាជាមួយអង្គការសង្គមស៊ីវិលអំពីសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះ។ លោកបន្តថា៖
«សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា យើងមានការព្រួយបារម្ភអំពីច្បាប់នេះដែលយើងមើលឃើញអង្គការសង្គមស៊ីវិលនៅកម្ពុជា និងអ្វីៗដែលកម្ពុជាមានមោនភាពចំពោះសំឡេងនៃក្រុម អង្គការសង្គមស៊ីវិល និងអ្វីៗដែលគួរត្រូវបានការពារ និងបង្ការ ហើយយើងនឹងតាមមើលបញ្ហានេះ យ៉ាងដិតដល់ និងរង់ចាំមើលការពិភាក្សាទាំងនោះបន្តទៀត»។
លោក ប៊ែរ បានបញ្ជាក់ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីផលប៉ះពាល់ដោយច្បាប់ណាមួយទៅអង្គការមិនមែនរដ្ឋាភិបាល និងមានកង្វល់ជាទូទៅលើច្បាប់អង្គការមិនមែនរដ្ឋាភិបាល។ ប៉ុន្តែ ការពិភាក្សារវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបានចាប់ផ្តើមកាលពីខែមករា ដែលជាឱកាសសម្រាប់អង្គការសង្គមស៊ីវិល បានលើកឡើងពីការព្រួយបារម្ភត្រង់ៗរបស់ពួកគេ។
លោក ស៊ិន សុមុន្នី នាយកប្រតិបត្តិនៃអង្គការ Medicam បានថ្លែងថា ការដែលសហរដ្ឋអាមេរិកលើកទឹកចិត្តឱ្យមានការពិភាក្សាបន្តរវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនេះ គឺសំដៅលុបបំបាត់កង្វល់ទាំងឡាយនៅក្នុងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះ ហើយដើម្បីការអភិវឌ្ឍកម្ពុជាយូរអង្វែង។ លោកសុមុន្នីមានប្រសាសន៍ថា៖
«ការពិភាក្សាបន្តទៀតរវាងរដ្ឋាភិបាលកម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលអំពីសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល ជាការចាំបាច់ហើយសម្រាប់ការអភិវឌ្ឍកម្ពុជារយៈពេលយូរអង្វែង។ ខ្ញុំយល់ថា ជាវប្បធម៌នៃការជជែកគ្នាដែលនឹងឈានទៅរកការអភិវឌ្ឍចីរភាពរបស់កម្ពុជា»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា លោកបានលើកឡើងអំពីករណីរំលោភដីធ្លីការបណ្តេញចេញដោយបង្ខំ និងប្រព័ន្ធតុលាការមិនឯករាជ្យ ព្រមទាំងការរឹងបន្តឹងសេរីភាពនៃការបញ្ចោញមតិដែលជាកត្តាព្រួយបារម្ភចំពោះការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកវីរៈថ្លែងថា៖
«យើងមានការព្រួយបារម្ភអំពីប្រព័ន្ធតវ៉ានៅក្នុងសង្គមយើងនេះអត់ឯករាជ្យ ហើយវាអត់បានផ្តល់ភាពយុត្តិធម៌ចំពោះប្រជាពលរដ្ឋទាំងអស់គ្នាទេ។ ដូច្នេះ បើយើងមើលបញ្ហាទាំងអស់នេះ វាជាបញ្ហាគន្លឹះនៃការព្រួយបារម្ភ»។
លោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រដ្ឋាភិបាលបានទទួលយកអនុសាសន៏ ភាគច្រើនរបស់អង្គការសង្គមស៊ីវិល ខណៈដែលសេចក្តីព្រាងច្បាប់នេះកំពុងតែដំណើរការទៅមុខ៕