វ៉ាស៊ីនតោន — ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនឹងធ្វើការស៊ើបអង្កេតលើហានិភ័យ ដែលកើតឡើងពីការសម្អាតប្រាក់និងបង្កើតយុទ្ធសាស្ត្រ ដើម្បីការពារទប់ទល់នឹងការសម្អាតប្រាក់។ នេះបើយោងតាមពាក្យពេចន៍នៅក្នុងច្បាប់ថវិកាសម្រាប់ការការពារជាតិ ហៅកាត់ជាភាសាអង់គ្លេសថា NDAA ឆ្នាំ២០២១ ដែលតម្រូវឱ្យមានការស៊ើបអង្កេតជាក់លាក់លើអ្វី ដែលអ្នកជំនាញបានហៅជាយូរមកហើយថា ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ។
លោក Nate Sibley អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Hudson បានសរសេរនៅក្នុងអត្ថបទមួយថា ការយកប្រទេសចិនជាគោលដៅបង្ហាញពីការសង្កត់ធ្ងន់នៃក្តីបារម្ភរបស់អ្នកតំណាងរាស្ត្រ ចំពោះកង្វះខាតតម្លាភាពនៅក្នុងប្រព័ន្ធច្បាប់ហិរញ្ញវត្ថុចិន និង «អ្នកគ្រប់គ្រងពិតប្រាកដលើក្រុមហ៊ុនស្រមោល ដែលត្រូវបានប្រើប្រាស់ដើម្បីចរាចរទឹកប្រាក់រាប់ពាន់លានដុល្លារឆ្លងកាត់ និងនៅក្នុងព្រំដែនរបស់ខ្លួន»។
លោក Sibley បានប្រាប់ VOA ផ្សាយជាភាសាចិនកុកងឺថា៖ «ការសិក្សាស្រាវជាវជាក់លាក់ និងយុទ្ធសាស្ត្រជាក់លាក់សម្រាប់ [ប្រយុទ្ធប្រឆាំង] ការសម្អាតប្រាក់ចិន គឺជាការវិវត្តសំខាន់មួយនិងចង្អុលបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅទីបំផុតដោះស្រាយការគំរាមកំហែងនេះដោយម៉ត់ចត់។ កន្លងមកយើងបានពឹងផ្អែកលើរបាយការណ៍បែបស៊ើបអង្កេតនិងព័ត៌មានលម្អិតម្តងម្កាល នៅក្នុងដីកាចោទប្រកាន់ដើម្បីស្វែងយល់ពីបញ្ហានេះ។ ជាឧទាហរណ៍ភាពផ្ទុយគ្នាចំពោះករណីនេះនឹងការសម្អាតប្រាក់នៅរុស្ស៊ីដែលត្រូវបានគេចាប់អារម្មណ៍ច្រើនជាង គឺជារឿងគួរឱ្យកត់សម្គាល់ដោយសារតែ [ចិន] តំណាងឱ្យប្រទេសដែលមានហានិភ័យហិរញ្ញវត្ថុខុសច្បាប់ខ្លាំងបំផុតនៅក្នុងពិភពលោក»។
បើយោងតាមការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្មការសម្អាតប្រាក់មានទឹកប្រាក់ចំនួន ២លានលានដុល្លារ ក្នុងមួយឆ្នាំ ឬប្រមាណ ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
សកម្មភាពខុសច្បាប់គឺជាការរៀបចំឡើងដើម្បីរកប្រាក់យ៉ាងច្រើន ចេញពីសកម្មភាពរបស់ឧក្រិដ្ឋជន ដូចជាការជួញដូរគ្រឿងញៀន ដើម្បីឱ្យមើលទៅដូចជាកើតចេញពីប្រភពស្របច្បាប់។ នេះបើយោងតាមគេហទំព័រ Investopedia។
ប្រាក់ដែលកើតចេញពីសកម្មភាពរបស់ឧក្រិដ្ឋជនត្រូវបានចាត់ទុកថាជាប្រាក់ «កខ្វក់»។ ដំណើរការនៃការ «សម្អាត» ប្រាក់អាចនឹងយូរដូចការប្រើប្រាស់សាច់ប្រាក់សុទ្ធ ដើម្បីទិញទ្រព្យដូចជាអចលនទ្រព្យ ឬលឿនតាមរយៈការប្រើប្រាស់រូបិយប័ណ្ណសិប្បនិម្មិត cryptocurrency។
របាយការណ៍មួយចេញផ្សាយដោយមជ្ឈមណ្ឌលប្រឆាំងការសម្អាតប្រាក់ហូឡង់ បានសរសេរថា «ការសម្អាតប្រាក់ជំរុញឱ្យមានសកម្មភាពឧក្រិដ្ឋកម្ម ដោយសារតែវាអនុញ្ញាតឱ្យប្រាក់របស់ឧក្រិដ្ឋជនអាចត្រូវបានប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ។ ការវិនិយោគរបស់ឧក្រិដ្ឋជនអាចនឹងផ្តល់ឱ្យពួកគេនូវឥទ្ធិពលមួយកម្រិត លើប្រជាពលរដ្ឋអាជីវកម្មនិងវិស័យច្បាប់។ នេះជាមូលហេតុដែលការសម្អាតប្រាក់ គឺជាការគំរាមកំហែងធ្ងន់ធ្ងរមួយចំពោះសេដ្ឋកិច្ច និងមូលហេតុដែលវាក៏ប៉ះពាល់ដល់សុចរិតភាពនៃវិស័យហិរញ្ញវត្ថុផងដែរ»។
លោក Graham Barrow ជាអ្នកជំនាញធនាគារនៅក្នុងទីក្រុងឡុងដ៍បានប្រាប់ VOA ផ្សាយជាភាសាចិនកុកងឺថា នៅក្នុងពេលកន្លងមកកិច្ចប្រឹងប្រែងប្រឆាំងការសម្អាតប្រាក់អន្តរជាតិផ្តោតលើតំបន់អឺរ៉ុបខាងកើត និងអឺរ៉ុបកណ្តាល ព្រមទាំងអតីតសហភាពសូវៀត។
លោក Barrow បាននិយាយថា៖« ខ្ញុំគិតថា អ្វីដែលយើងកំពុងមើលឃើញគឺជាប្រព័ន្ធធនាគារសម្ងាត់ដ៏សំខាន់មួយ និងដំណើរផ្សេងៗទៀតដែលត្រូវបានរៀបចំដើម្បីធ្វើចរាចរ» ប្រាក់ចំណេញមួយចំនួនដែលកើតចេញពី «អ្វីដែលជាសង្គមមូលធននិយមដែលបន្តប្រតិបត្តិនៅក្នុងរបបកុម្មុយនិស្ត។ ពួកគេកំពុងបិទបាំងមូលនិធិរបស់ពួកគេនៅក្រៅប្រទេសចិន ហើយខ្ញុំគិតថា រឿងនេះបានក្លាយជាបញ្ហាដ៏ធំមួយ»។
លោក Gao Guangjun ជាមេធាវីក្នុងក្រុងញូវយ៉ក ដែលមានការយល់ដឹងពីប្រតិបត្តិការរបស់ក្រសួងសន្តិសុខសាធារណៈចិន បានប្រាប់ VOA ថា ការសម្អាតប្រាក់នៅក្នុងប្រទេសចិន ជួនកាលពាក់ព័ន្ធនឹងការសូកប៉ាន់មន្ត្រីរដ្ឋាភិបាលចិន។
លោកបានថ្លែងថា៖ «មនុស្សទាំងនេះធ្វើចរាចរមូលនិធិទាំងនេះ ក្នុងនាមសន្តិសុខជាតិដែលមិនអាចតាមដានបានដោយប្រព័ន្ធធនាគារ។ នៅក្នុងប្រទេសចិន អ្នកដែលប្រតិបត្តិធនាគារសម្ងាត់អាចជាក្រុមអ្នកលេង ឬមន្ត្រីរដ្ឋាភិបាល។ ប្រសិនបើអ្នកឱ្យប្រាក់ជារូបិយប័ណ្ណចិននៅក្នុងប្រទេសចិន អ្នកអាចទទួលបានសាច់ប្រាក់វិញភ្លាមៗនៅក្នុងសហរដ្ឋអាមេរិក ឬកន្លែងផ្សេងទៀត»។
វិធីមួយទៀតដើម្បីសម្អាតប្រាក់ គឺប្រើប្រាស់សម្ភារៈប្រណិតៗនិងថ្លៃៗ។ នៅក្នុងប្រទេសដូចជាប្រទេសចិនទីកន្លែងដែលការសូកប៉ាន់មន្ត្រីរដ្ឋាភិបាល ដើម្បីទទួលបានកិច្ចសន្យាជាមួយរដ្ឋាភិបាល ឬអាជ្ញាប័ណ្ណមិនមែនជារឿងចម្លែកនោះទេ សម្ភារៈប្រណិតៗជារឿយៗត្រូវបានគេប្រើប្រាស់ជំនួសការទូទាត់ជាសាច់ប្រាក់ដោយផ្ទាល់។ វាកាន់តែពិបាកក្នុងការតាមដានការឱ្យអំណោយជាកាបូបយួរដៃ ឬនាឡិកា ជាងការតាមដានប្រតិបត្តិការហិរញ្ញវត្ថុ។
ប្រាក់ខុសច្បាប់ត្រូវបានគេនាំចេញពីប្រទេសចិនទៅក្រៅប្រទេស ក្នុងទម្រង់សម្ភារៈប្រណិតៗដែលក្រោយមកត្រូវបានលក់យកប្រាក់ ដែលនឹងត្រូវដាក់ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចស្របច្បាប់។ ធនាគារសម្ងាត់នៅក្នុងប្រទេសចិនជារឿយៗ ពាក់ព័ន្ធនឹងការសម្អាតប្រាក់បែបនេះ។
វិធីសាស្ត្រមួយទៀតដែលពលរដ្ឋចិនមួយចំនួនចូលចិត្ត គឺបង្កើតក្រុមហ៊ុននៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលគ្រាន់តែក្រុមហ៊ុនស្រមោល (មិនមានសកម្មភាព)។ នេះបើយោងតាមលោក Barrow។
លោក Barrow និយាយថាក្រុមហ៊ុនប្រមាណ ៣០.០០០ នៅក្នុងចក្រភពអង់គ្លេសត្រូវបានគេរកឃើញថា ត្រូវបានបង្កើតឡើងក្នុងនាមពលរដ្ឋចិន។ ក្រុមហ៊ុនមិនមានសកម្មភាពទាំងនេះសុទ្ធតែមានឈ្មោះដូចគ្នានឹងក្រុមហ៊ុនចិន ដែលអាចធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុមានការភ័ន្តច្រឡំ។
លោកបាននិយាយថា៖ «ប្រសិនបើខ្ញុំបើកក្រុមហ៊ុនមួយនៅចក្រភពអង់គ្លេសក្រុមហ៊ុននោះមានឈ្មោះដូចគ្នាបេះដាក់ទៅនឹងក្រុមហ៊ុននៅចិនរបស់ខ្ញុំ។ នៅពេលខ្ញុំបើកគណនីនៅហុងកុង ខ្ញុំប្រើប្រាស់ឈ្មោះក្រុមហ៊ុននៅអង់គ្លេស។ ប៉ុន្តែសម្រាប់ធនាគារ ពួកគេពិបាកបែងចែកមូលនិធិដែលបានចូលក្នុងគណនីនោះ។ តើវាមកពីក្រុមហ៊ុនចិនរបស់ខ្ញុំ ឬមកពីក្រុមហ៊ុននៅអង់គ្លេស?ហើយនៅពេលប្រាក់ទាំងនោះមកដល់ហុងកុង វានឹងកាន់តែងាយស្រួលក្នុងការផ្ទេរ ដោយសារតែនេះជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយ»។
ការសម្អាតប្រាក់កើតឡើងនៅពេលក្រុមហ៊ុនស្រមោលណាមួយទំនងជាមានប្រាក់ចំណេញ ដែលជាលុយកខ្វក់ ហើយប្រាក់ទាំងនោះត្រូវបានទូទាត់ជាប្រាក់បៀវត្សរ៍ ចំណាយពាណិជ្ជកម្ម ឬការវិនិយោគតាមវិធីស្របច្បាប់។
ការលាក់បាំងដោយចំហ
គណបក្សកុម្មុយនិស្តចិនដែលគ្រប់គ្រងលើសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក «ជាទម្លាប់តែងតែលាក់បំបាំងនៅពីក្រោយក្រុមហ៊ុនស្រមោលទាំងនេះ ដើម្បីកេងចំណេញពីប្រព័ន្ធហិរញ្ញវត្ថុសាកលលោក ដើម្បីសម្រេចឱ្យបាននូវគោលដៅភូមិសាស្ត្រនយោបាយរបស់ខ្លួន»។ នេះបើយោងតាមអត្ថបទរបស់លោក Sibley។
ក្រុមហ៊ុនស្រមោលទាំងនេះគាំទ្រដល់ «ការដឹកនាំគ្មានសណ្តាប់ធ្នាប់របស់គណបក្សកុំមុយនិស្តចិននិងសម្របសម្រួលដល់ការគំរាមកំហែងជាច្រើន ទៅលើសន្តិសុខភាពរុងរឿងនិងគុណតម្លៃសហរដ្ឋអាមេរិក»។
រដ្ឋសហរដ្ឋអាមេរិកទាំង ៥០ ទាមទារព័ត៌មានឯកជនពីអ្នកដែលព្យាយាមស្នើសុំប័ណ្ណបណ្ណាល័យច្រើនជាងពីអ្នកដែលបង្កើតក្រុមហ៊ុន។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដោយក្រុមហ៊ុនសុចរិតភាពហិរញ្ញវត្ថុសាកល ដែលតាមដានលើលំហូរហិរញ្ញវត្ថុខុសច្បាប់។
ការស៊ើបអង្កេតនិងរបាយការណ៍ដែលតម្រូវនៅក្នុងច្បាប់ NDAA នឹងពិនិត្យមើលពីកម្រិតនិងផលប៉ះពាល់នៃហានិភ័យហិរញ្ញវត្ថុខុសច្បាប់ ពាក់ព័ន្ធនឹងរដ្ឋាភិបាលនិងក្រុមហ៊ុនចិន រួមមានស្ថាប័នហិរញ្ញវត្ថុហានិភ័យហិរញ្ញវត្ថុខុសច្បាប់ ដែលមានប្រភពពីប្រទេសចិន និងមិនថាតើហានិភ័យនោះកើតចេញដោយផ្ទាល់ ឬដោយប្រយោលពីរដ្ឋាភិបាល តាមរយៈការត្រួតពិនិត្យច្បាប់ទន់ខ្សោយឬយ៉ាងណានោះទេ។
ការត្រួតពិនិត្យកាន់តែតឹងរ៉ឹង
ប្រទេសចិនខ្លួនឯងកំពុងបង្ក្រាបការសម្អាតប្រាក់នៅក្នុងព្រំដែនរបស់ខ្លួន។ នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០ ធនាគារប្រជាជនចិនបានដាក់ពិន័យជាង ៥៣,៩លានដុល្លារ ចំពោះស្ថាប័នហិរញ្ញវត្ថុចិន ដែលបំពានច្បាប់សម្អាតប្រាក់ដែលនេះជាចំនួនច្រើនជាងការដាក់ពិន័យសរុបនៅក្នុងឆ្នាំ ២០១៩ ទាំងមូល។
ការកើនឡើងយ៉ាងខ្លាំងនៃការដាក់ទណ្ឌកម្មនេះ ឆ្លុះបញ្ចាំងពីឥរិយាបថម៉ឺងម៉ាត់របស់រដ្ឋាភិបាលចិន។ កាលពីមុន ស្ថាប័នហិរញ្ញវត្ថុអាចត្រូវបានដាក់ទណ្ឌកម្មតែម្តងប៉ុណ្ណោះ មិនថាពួកគេបានបំពានច្បាប់ច្រើនកម្រិតណានោះទេ។
ជាឧទាហរណ៍នៅក្នុងឆ្នាំ២០១៨ មានករណីសម្អាតប្រាក់តែ ៤៧ករណីប៉ុណ្ណោះនៅក្នុងប្រទេសចិន ដែលពាក់ព័ន្ធមនុស្សចំនួន ៥២នាក់។ លោក Barrow បាននិយាយថាចំនួននេះមិនអាចឆ្លុះបញ្ចាំងពីទំហំនៃបញ្ហាបាននោះទេ។
មួយឆ្នាំក្រោយមក របាយការណ៍មួយចេញផ្សាយដោយក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលជាអង្គការអន្តររដ្ឋាភិបាលនាំមុខគេក្នុងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់បានលើកឡើងថា ប្រទេសចិនបានដាក់ពិន័យតិចតួចខ្លាំងណាស់ចំពោះបទល្មើសសម្អាតប្រាក់។
លោក Barrow បាននិយាយថា៖ «ប្រហែលជាមានការទទួលស្គាល់ ប្រសិនបើចិនចង់ទទួលបានការទុកចិត្តនៅក្នុងសហគមន៍ហិរញ្ញវត្ថុសាកលលោក ប្រទេសចិនត្រូវតែធ្វើអ្វីម្យ៉ាងបែបនោះ ដោយសារតែការត្រួតពិនិត្យរបស់ក្រុមការងារ FATF ប៉ះពាល់ដល់លទ្ធភាពជាច្រើនរបស់ចិន ក្នុងការដើរនៅលើផ្លូវអំណាចប្រកបដោយប្រសិទ្ធភាព»។
លោក Gao បាននិយាយថាបទប្បញ្ញត្តិតឹងរ៉ឹងនាពេលបច្ចុប្បន្នផ្តោតលើមនុស្សធម្មតា ជាជាងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ដែលបន្តរួចខ្លួនពីការសម្អាតប្រាក់៕