រាយការណ៍ដោយ ម៉ែន គឹមសេង ពីរដ្ឋធានីវ៉ាស៊ីនតោន
សហរដ្ឋអាមេរិកនឹងប្រគល់វត្ថុបុរាណខ្មែរសម័យអង្គរចំនួន៧ដុំ មកឱ្យប្រទេសកម្ពុជាវិញនៅថ្ងៃព្រហស្បតិ៍ស្អែកនេះនៅក្នុងពិធី មួយនាខេត្តព្រះសីហនុដែលមានការចូលរួមដោយតំណាងស្ថានទូតសហរដ្ឋអាមេរិកនិងមន្រ្តីជាន់ខ្ពស់កម្ពុជា។
លោក ចន ចនសុន អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ ដែលត្រូវតំណាងឱ្យភាគីសហរដ្ឋអាមេរិកក្នុងពិធីប្រគល់នោះ បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទពីក្រុងព្រះសីហនុមកថា រូបចម្លាក់វត្ថុបុរាណខ្មែរទាំង៧ដុំ សរុបមានទម្ងន់ប្រមាណ៥០០គីឡូក្រាម មានព្រះកេសព្រះពុទ្ធបដិមាចំនួនពីរនិងរូបចម្លាក់ផ្សេងៗទៀតដែល ទាក់ទងនឹងព្រះពុទ្ធសាសនា។
“រូបចម្លាក់ទាំងនេះត្រូវបានចាប់រឹបអូសដោយសមត្ថកិច្ចគយនិងអន្តោប្រវេសន៍ក្នុងទីក្រុង Los Angeles ហើយត្រូវបានរក្សាទុកក្នុងទីក្រុង Los Angeles តាំង ពីពេលរឹបអូសបាននោះមកប្រហែលជាពីរឬបីឆ្នាំហើយ។ រូបចម្លាក់ទាំងនេះត្រូវបានរឹបអូសដោយផ្អែកតាមកិច្ចព្រមព្រៀងមួយ ដែលយើងបានចុះហត្ថលេខាជាមួយក្រសួងវប្បធម៌ដែលហាមឃាត់ការនាំចូលវត្ថុបុរាណក្នុងសម័យអង្គរចូលក្នុងសហរដ្ឋអាមេរិក"។
ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាល ពីខែកញ្ញា ឆ្នាំ២០០៣ ហាមឃាត់ការនាំវត្ថុសិល្បៈបុរាណខ្មែរចូលក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់បន្ទាប់ពីមានការស្នើសុំពីភាគីរដ្ឋាភិបាលកម្ពុជាឱ្យជួយការពារបេតិកភណ្ឌវប្បធម៌ខ្មែរ។
លោក ឱក សុផុន អគ្គនាយកទទួលបន្ទុកខាងផ្នែកបេតិកភណ្ឌនៃក្រសួងវប្បធម៌នឹងតំណាងឱ្យភាគីកម្ពុជាក្នុងពិធីទទួលយកមកវិញនូវវត្ថុបុរាណទាំងនោះ បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ការលួចនិងជួញដូរវត្ថុបុរាណចេញពីប្រទេសកម្ពុជាមានការថយចុះនាពេលចុងក្រោយនេះ ដោយសារមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជានិងការធ្វើសហការជាអន្តរជាតិ។ លោកបានសរសើរចំពោះសហការល្អពីសហរដ្ឋអាមេរិក។
“យើងប្រើវិធានការគ្រប់យ៉ាងទាំងអស់ ទាំងវិធានការក្រៅប្រទេស វិធានការក្នុងប្រទេស។ ក្រៅប្រទេសបើជាមួយអាមេរិកគឺបិទជិតតែម្តងព្រោះយើងបានចុះកិច្ច ព្រមព្រៀងជាមួយអាមេរិកថាឱ្យតែវត្ថុសិល្បៈដែលគ្មានសំបុត្រស្នាម ពីក្រសួងវប្បធម៌ហ្នឹងគឺអាមេរិកចាប់ហើយ សូម្បីតែវត្ថុចម្លងបើសិនជាអត់មានអាមេរិកអត់ឱ្យចូលទេដល់ អញ្ចឹងវត្ថុបុរាណមួយចំនួនអាមេរិកចាប់បានទាំងអស់"។
យោងតាមប្រភពព័ត៌មានពីអង្គការឃ្លាំមើលបេតិកភណ្ឌឬ Heritage Watch ឱ្យ ដឹងថាចាប់តាំងពីឆ្នាំ១៩៨៨មកមានវត្ថុបុរាណខ្មែរដែលមានទឹកប្រាក់ប្រមាណជា២០លានដុល្លារសហរដ្ឋអាមេរិកត្រូវបានទិញលក់ហើយ៩០ ភាគរយនៃវត្ថុបុរាណដែលយកមកលក់គឺបានមកដោយខុសច្បាប់។ ប្រទេសដែលជាច្រកនាំចេញវត្ថុបុរាណទាំងនេះចេញទៅទីផ្សារអន្តរជាតិ មានប្រទេសថៃនិងសិង្ហបុរី ៕