សិស្សវិទ្យាល័យអាមេរិកមួយក្រុមបានចុះទៅជួយសាង់សង់លំនៅដ្ឋានដល់គ្រួសារសិស្សក្រីក្រមួយចំនួននៅក្នុងខេត្តសៀមរាប កាលពីពេលកន្លងទៅថ្មីៗនេះ។ ការសាងសង់ផ្ទះនោះស្ថិតក្នុងគម្រោងមួយរបស់អង្គការក្រៅរដ្ឋាភិបាលមួយដើម្បីជួយកុមារឲ្យបានចូលសាលារៀននិងទទួលបានការអប់រំប្រកបដោយគុណភាព។
តើអ្នកធ្លាប់គិតទេថា តើអ្នកនឹងមានអារម្មណ៍យ៉ាងដូចម្តេច នៅពេលបានជួយសាងសង់ផ្ទះឲ្យអ្នកដទៃនោះ?
សិស្សវិទ្យាល័យអាមេរិកាំងចំនួន១១នាក់ដឹងពីអារម្មណ៍នេះច្បាស់ណាស់ នៅពេលដែលពួកគេបានមកជួយសាងសង់ផ្ទះឲ្យគ្រួសារក្រីក្រមួយនៅក្នុងខេត្តសៀមរាបនេះ កាលពីពេលថ្មីៗកន្លងទៅនេះ។
កញ្ញាអ៊ីសាប៊ែល ឃីង (Isabelle King ) វ័យ១៦ឆ្នាំ ដែលកំពុងដំដែកគោលចូលក្នុងបន្ទះឫស្សីសម្រាប់ធ្វើជាជញ្ជាំងផ្ទះនេះគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងនេះដែលមកពីសាលាប៊ូលីស (Bullis School) នៅជាយរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។
កញ្ញា Isabelle និយាយថា «ការធ្វើបែបនេះបានធ្វើឲ្យខ្ញុំដឹងនូវអ្វីដែលខ្ញុំចូលចិត្តធ្វើខ្លាំងជាងគេ។ ខ្ញុំគិតថា ខ្ញុំចង់ធ្វើគម្រោងបែបនេះដែរ នៅពេលអនាគតគឺសាងសង់ផ្ទះនិងជួយអ្នកដទៃ។ ខ្ញុំមានអារម្មណ៍ថា វាជាបទពិសោធន៍ដ៏គួរជាទីពេញចិត្តមួយ»។
លោកជែគ ហ្វាដឺរី (Jack Fatheree) វ័យ១៧ឆ្នាំ ក៏ជាសិស្សម្នាក់ដែរ។ លោក បាននិយាយបន្ទាប់ពីជួយលើកធ្នឹមផ្ទះដាក់បញ្ចូលក្នុងសសរផ្ទះថា «វាពិតជាអ្វីមួយដ៏មានសារៈសំខាន់ដែលយើងបានជួយគេ ពីព្រោះយើងមានអ្វីៗយ៉ាងច្រើននៅសហរដ្ឋអាមេរិក ដែលប្រជាជនជាច្រើននៅទីនេះគ្មាន។ ដូច្នេះ វាមានសារៈសំខាន់ដែលយើងផ្តល់និងបរិច្ចាគអ្វីៗ ដែលយើងអាចធ្វើបានទៅដល់ប្រជាជនដែលគ្មានអ្វីៗ ដូចដែលយើងមាន»។
ក្រុមសិស្សទាំងនេះបានសម្រេចចិត្តចូលរួមក្នុងគម្រោងសាងសង់ផ្ទះនេះសម្រាប់រយៈពេលបីថ្ងៃ ជាមួយអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា Caring for Cambodia ឬ«ថែរក្សាដើម្បីកម្ពុជា» ដោយចំណាយថវិការបស់គ្រួសារពួកគេផ្ទាល់ សរុបចំនួនប្រមាណ២.៥០០ដុល្លារអាមេរិក។
កញ្ញាដូរូហ្ស៊ី យេន (Dorothy Yen) គឺជាគ្រូបង្រៀនម្នាក់នៅសាលាប៊ូលីសនិងជាអ្នកដឹកនាំក្រុមសិស្សស្ម័គ្រចិត្តទាំងនេះ។ កញ្ញាដូរូហ្ស៊ីនិយាយថា ក្រុមសិស្សទាំងនេះរៀនសូត្រនិងទទួលបានបទពិសោធន៍ជាច្រើនពីសកម្មភាពស្ម័គ្រចិត្តរបស់ពួកគេនេះ។
កញ្ញា Dorothy និយាយ «គ្រាន់តែនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលបីថ្ងៃកន្លងមកនេះ ពួកគេបានរៀនសូត្រជាច្រើនរួចទៅហើយអំពីភាពខុសគ្នារវាងជីវិតរបស់ពួកគេ និងជីវិតរបស់អ្នកដទៃទៀតនៅជុំវិញពិភពលោក។ ខ្ញុំសង្ឃឹមថា ការជួយសាងសង់ផ្ទះនេះនឹងធ្វើឲ្យពួកគេដឹងកាន់តែច្រើនថែមទៀតថា តើពួកគេនិងពួកយើងមានសំណាងប៉ុណ្ណា ហើយនឹងធ្វើឲ្យពួកគេមានឆន្ទៈកាន់តែខ្លាំងឡើងក្នុងការផ្តល់អ្វីមួយត្រឡប់ទៅឲ្យសហគមន៍និងពិភពលោកវិញ។ ពួកគេនឹងគិតអំពីទង្វើរបស់ខ្លួននិងព្យាយាមធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងពិភពលោក មិនថា ពួកគេចង់ធ្វើអ្វីនៅពេលអនាគតនោះទេ»។
អង្គការ«ថែរក្សាដើម្បីកម្ពុជា» ដែលធ្វើការងារខាងការអប់រំកុមារនិងជួយគ្រួសារក្រីក្ររបស់ពួកគេ បានអះអាងថា ចាប់តាំងពីឆ្នាំ២០០៣មក ខ្លួនបានអនុវត្តគម្រោងសាងសង់ផ្ទះសម្រាប់គ្រួសារសិស្សក្រីក្រកម្ពុជាបានចំនួន២៥ផ្ទះហើយនៅក្នុងខេត្តសៀមរាបនេះ តាមរយៈសកម្មភាពស្ម័គ្រចិត្តរបស់សប្បុរសជនដូចជាក្រុមសិស្សសាលាប៊ូលីសនេះជាដើម។
កញ្ញាមេហ្គិន ស្មីដ (Megan Smith) គឺជានាយករងនៃអង្គការ«ថែរក្សាដើម្បីកម្ពុជា» ប្រចាំនៅក្នុងប្រទេសកម្ពុជា។
Megan និយាយថា «ប្រជាជននៅក្នុងសហគមន៍ផ្ទាល់ជាអ្នកកំណត់នូវតម្រូវការរបស់ពួកគេ។ ដូចជានៅក្នុងករណីនេះអញ្ចឹង គ្រួសាររបស់នាងត្រូវការផ្ទះមួយ ហើយពួកគេមករកយើង ហើយនិយាយថា នេះជាអ្វីដែលគេចង់បាន។ យើងមានអ្នកស្ម័គ្រចិត្ត ដូច្នេះនៅក្នុងស្ថានភាពនេះ វាហាក់ដូចជាការភ្ជាប់ធនធានដែលយើងមានស្រាប់ហើយអញ្ចឹង។ បន្ថែមពីនេះ វាក៏ផ្តល់ផលប្រយោជន៍ដល់អ្នកស្ម័គ្រចិត្តដែរក្នុងការមកឃើញដោយផ្ទាល់និងរៀនសូត្រនូវជំនាញជាច្រើន»។
អ្នកស្រីចាន់ វណ្ឌីគឺជាបុគ្គលិកផ្នែកបណ្ណាល័យម្នាក់របស់អង្គការ«ថែរក្សាដើម្បីកម្ពុជា» ដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប។ អ្នកស្រីគឺជាអ្នកទទួលផលនៃសកម្មភាពប្រកបដោយទឹកចិត្តសប្បុរសធម៌ពីក្រុមសិស្សស្ម័គ្រចិត្តអាមេរិកាំងទាំងនេះ។
អ្នកស្រីចាន់ វណ្ឌីនិយាយថា «វាជាភ័ព្វសំណាងមួយសម្រាប់ខ្ញុំ។ ទី១គឺខាងអង្គការបានផ្តល់ជាលំនៅដ្ឋានដល់ខ្ញុំ ហើយមិនតែប៉ុណ្ណោះ គឺមានក្រុមស្ម័គ្រចិត្ត សិស្សដែលគាត់បានពាំនាំទាំងកម្លាំងកាយ កម្លាំងចិត្តរបស់គាត់ ហើរឆ្លងកាត់ទ្វីបមកដល់ទីនេះ គឺខ្ញុំរំភើបមែនទែន ដោយឃើញគាត់ធ្វើការយ៉ាងសស្រាក់សស្រាំ ជួយយើងពេញដៃពេញជើង ដោយកម្លាំងចិត្តរបស់គាត់ផ្ទាល់តែម្តង»។
អ្នកស្រីចាន់ វណ្ឌីត្រូវបានអង្គការ «ថែរក្សាដើម្បីកម្ពុជា» ចាត់ទុកថា ជាបុគ្គលដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកុមារឲ្យទទួលបានការអប់រំប្រកបដោយគុណភាព តាមរយៈការងារជាបណ្ណារក្សរបស់អ្នកស្រី។ កូនប្រុសរបស់អ្នកស្រីក៏ជាសិស្សម្នាក់រៀននៅក្នុងសាលាមួយដែលអង្គការ«ថែរក្សាដើម្បីកម្ពុជា»គាំទ្រផងដែរ។
នៅក្នុងប្រទេសកម្ពុជាមានកុមារជាច្រើនដែលត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សាឬមិនបានទទួលការអប់រំ ប្រកបដោយគុណភាព ដោយសារតែគ្រួសាររបស់ពួកគេមានជីវភាពក្រីក្រ។
លោកអ៊ុង សាហ្វី ដែលជានាយកប្រចាំប្រទេសរបស់អង្គការថែរក្សាដើម្បីកម្ពុជា មានប្រសាសន៍ថា ការផ្តល់អាហារនិងសម្លៀកបំពាក់ដល់កុមារពិតជាមានសារៈសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតគឺការផ្តល់ទីជម្រកដ៏សមរម្យសម្រាប់ពួកគេ ដើម្បីធានាថា ពួកគេនឹងស្ថិតនៅក្នុងសាលាបានយូរ និងអាចទទួលបានការអប់រំប្រកបដោយប្រសិទ្ធិភាព។
លោកអ៊ុង សាហ្វីនិយាយថា «យើងឃើញមានអង្គការយ៉ាងច្រើន មានសាងសង់ផ្ទះហ្នឹងទៅហើយ។ ប៉ុន្តែនៅពេលដែលយើងជួបនឹងស្ថានភាពជាក់ស្តែងនៅក្នុងសាលារបស់យើង ជាពិសេសគឺកុមារដែលក្រីក្រហ្នឹង ហើយយើងបានតាមដានកុមារហ្នឹងរហូតដល់ផ្ទះរបស់គេ ដល់ភូមិរបស់គេ ទើបយើងឃើញថា ការលំបាកមួយចំនួនគឺជម្រកក្នុងការស្នាក់នៅរបស់កុមារហ្នឹង។ អញ្ចឹងហើយបានជំរុញឲ្យយើ់ងត្រូវតែបង្កើតកម្មវិធីសាងសង់ផ្ទះនេះ ដើម្បីជួយកុមារដែលជួបប្រទះនឹងភាពក្រីក្រ ជាពិសេសគឺអត់មានជម្រកក្នុងការស្នាក់នៅហ្នឹងតែម្តង»។
លោកស្រី Jamie Amelio គឺជាអគ្គនាយកប្រតិបត្តិ និងជាអ្នកបង្កើតអង្គការ«ថែរក្សាដើម្បីកម្ពុជា» ដែលបានចុះបញ្ជីនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ លោកស្រីមានប្រសាសន៍ថា ការជួយគ្រួសារក្រីក្រមួយឲ្យមានជីវិតរីករាយគឺប្រៀបដូចជាការធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងពិភពលោកទាំងមូល ដោយសារគ្រួសារនោះនឹងផ្តល់អ្វីមួយត្រឡប់ទៅឲ្យសហគមន៍ដែលពួកគេរស់នៅវិញ៕