ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​ព័ត៌មាន​អាមេរិក​អនុវត្ត​ទ្រឹស្តី​នៅ​កម្ពុជា


និស្សិត​សាលា​ព័ត៌មាន​ចាប់ដៃ​ជាមួយ​នឹង​ក្មេងខ្មែរ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
និស្សិត​សាលា​ព័ត៌មាន​ចាប់ដៃ​ជាមួយ​នឹង​ក្មេងខ្មែរ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

និស្សិត​សាលា​ព័ត៌មាន​ហ្គ្រែឌី (​Grady) នៃ​សាកលវិទ្យាល័យដ្យរដ្យា (Georgia) សហរដ្ឋ​អាមេរិក​បាន​រៀន​ពី​បទពិសោធអនុវត្ត​ផ្ទាល់រយៈពេលបី​សប្តាហ៍កន្លះ​តាមរយៈកម្មវិធី​ Travel Writing in Cambodia។ នេះ​បើ​តាម​សម្តី​របស់​គ្រូ​ជំនួយ​ ​ប្រៃអិន​ គ្រីច (Brian Creech)។

«គោល​បំណង​នៃ​ការ​ធ្វើដំណើរ​នេះ​គឺ​ធ្វើ​ឲ្យ​មាន​បទពិសោធ​ដែល​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​យកព័ត៌មានអាជីព​ត្រូវ​ធ្វើ»។

កម្មវិធី​Travel Writing in Cambodia ​នៃ​សាកល​វិទ្យាល័យ​ដ្យរដ្យា ​ត្រូវ​បាន​បង្កើត​ឡើងនៅ​ឆ្នាំ​២០១០ ​ដោយសាស្ត្រាចារ្យ ចន​ ហ្គ្រីនមែន (John Greenman) ដែលយល់​ឃើញ​ថា ​កម្ពុជាមាន​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប​ ដែល​ភាព​សម្បូរ​បែប​នេះ​អាច​ជួយ​និស្សិត​ឲ្យ​រក​បាន​នូវ​រឿង​ល្អៗ​សម្រាប់​សរសេរ។ លោក​មាន​ប្រសាសន៍​ថា ​វា​ជា​គោល​បំណង​របស់​សាកល​វិទ្យាល័យ​ដ្យរដ្យា​ក្នុង​ការ​ផ្តល់​ឱកាស​ធ្វើ​ដំណើរ​ទៅ​បរទេស​ និង​សរសេរ​ ដល់​និស្សិត​របស់​ខ្លួន​ចំនួន​២៥​ភាគរយ។ លោក​បាន​បា្រប់​វីអូអេ​ថា ​កម្មវិធី​គឺ​ជា​ឱកាសសម្រាប់​អ្នក​យកព័តមាន​ថ្មីៗក្នុង​ការ​សរសេរ​អំពី​ប្រធាន​បទ​ជាច្រើន។ លោក​សាស្ត្រាចារ្យ​មាន​ប្រសាសន៍​ថា​ និស្សិត​នៅ​ក្នុង​កម្មវិធី​នេះ​ប្រៀប​បាន​ទៅ​នឹងអ្នក​ឆ្លើយឆ្លង​ព័ត៌មាន​អន្តរជាតិ។

«យើង​ចង់​សរសេរ​អំពី​យុវជន​យុវនារី​ដែល​តស៊ូ​ដើម្បី​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា ​អំពី​ស្ត្រី​សហគ្រិន​ដែល​ខ្ចីលុយ​តិចតួច​ដើម្បី​បើក​ក្រុម​ហ៊ុន​ អំពី​ក្មេង​ប្រុស​ជនបទ​ក្រី​ក្រ​បួសរៀន ហើយ​ពេល​បាន​ចំណេះ​សឹក​ទៅវិញ ​អំពី​បុរស​ស្រ្តី​បាត់​បង់​ជើង​ដោយសារ​គ្រាប់​មីន និង​អំពី​វប្បធម៌​ដែល​វិវត្តន៍​នៅ​តាម​បណ្តោយ​បឹង​ទន្លេសាប ។ល។»។

កម្មវិធី​នេះ​សហការជាមួយ​ក្រុមហ៊ុន​Journey Within ​នៅ​ខេត្ត​សៀមរាប។ ក្រុម​ហ៊ុន​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា «ធ្វើ​ដំណើរ​ក្នុង​សហគមន៍​យើង» ដែល​មាន​គម្រោង​ជាច្រើន។

លោក ផៃ ណូឡា ​ប្រធាន​ទេសចរណ៍​នៃ​ក្រុម​ហ៊ុន​Journey Within ​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​និស្សិត​នៃ​កម្មវិធី​Travel Writing in Cambodia។​ លោក​និយាយ​ថា ​កម្មវិធី​នេះ​សំខាន់​ណាស់​សម្រាប់​សហគមន៍​នៅ​សៀមរាប។ លោកណូឡា ​បញ្ជាក់ថា និស្សិត​អាមេរិក​មិន​ត្រឹម​តែ​បង្រៀន​ភាសា​អង់គ្លេស​ ទឹក​ស្អាត និង​អនាម័យ​ ដល់សហគមន៍​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំងសរសេរ​អំពី​សហគមន៍​ផ្សាយ​ទៅ​ពិភព​ខាង​ក្រៅ​ទៀត​ផង។

«មិនត្រឹម​តែ​ការ​ទស្សនា​ប្រាសាទ​បូរាណ​នៅ​ក្នុង​តំបន់​អង្គរ​ក៏​ដូចជា​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ​ ពួកគាត់​បាន​ជួយ​យ៉ាង​ច្រើន​ទៅលើ​សហគមន៍​ទាំង​ផ្នែក​សុខភាព​ ដូចជា​ការ​លាង​ដៃ​ ការប្រើប្រាស់​ទឹកស្អាត​ ការ​ដុះសម្អាត​ធ្មេញ ​ថែរក្សា​ខ្លួន​ប្រាណ​ជាដើម»។ មិន​តែ​ប៉ុណ្ណោះ​ទាក់​ទង​នឹង​ការ​សិក្សា​ក៏​ដូចគ្នា​ គាត់​បាន​មក​ជួយ​បង្ហាត់​បង្រៀន​ផ្ទាល់​ដល់​សិស្ស​អាហារូបករណ៍​ដែល​ជា​គ្រូ​បង្គោល​ក្នុង​ការ​បង្រៀន​សិស្ស​ដទៃ​ទៀត​ដើម្បី​ឲ្យ​គាត់​មាន​ជំនាញ​ក្នុង​ការ​ផ្តល់​ការ​សិក្សា​ហ្នឹង​ទៅ​ដល់​កូន​សិស្ស​ជំនាន់​ក្រោយៗ​ផ្សេង​ទៀត»។

គ្រូ​ជំនួយ​លោក​ប្រៃអិន​ គ្រីច​ និយាយ​ថា ​លោក​ប្រៀប​ដូច​ជា​អេប៉ុងដែល​បឺត​យក​អ្វីៗ​គ្រប់​យ៉ាង។ លោក​ថា កម្ពុជា​គឺ​ជា​ទី​ គួរ​ឲ្យ​ចាប់អារម្មណ៍ដែល​មាន​រឿង​ជា​ច្រើន​ត្រូវ​សរសេរ។ លោក​បញ្ជាក់​ថា​ រឿង​ទាំង​ឡាយដែល​លោក​ជួប​ប្រទះទាក់​ទង​នឹង​ការណ៍​ពិត។ អត្តសញ្ញាណ​វប្បធម៌ ​និង​ប្រវត្តិសាស្ត្រ​អស្ចារ្យ​ណាស់​សម្រាប់​លោក។

«ប្រទេស​កម្ពុជា ​ជា​ពិសេស​ខេត្ត​សៀមរាប​គឺ​ទី​កន្លែង​ដ៏​ល្អ​សម្រាប់​កម្មវិធី​ដូច​នេះ។ ភាគច្រើន​គឺ​ដោយសារ​វា​ពេញ​ដោយរឿង​ ពេញ​ដោយ​វប្បធម៌​ពេញ​ដោយ​ព័ត៌មាន។ សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​ខាង​ផ្នែក​ព័ត៌មាន​ វា​ជា​ទី​កន្លែង​ដ៏អស្ចារ្យ​។ គ្រាន់​តែ​និយាយ​ជា​មួយ​ប្រជាពលរដ្ឋ​ ស្តាប់​រឿង​រ៉ាវ​ដែល​មាន។ វា​មិនមែន​ជា​កន្លែង​ពិបាក​សម្រាប់​ជនបរទេស​ដែល​ត្រូវ​យល់​ពី​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ»។

លោក​ សាមុន រ៉េយ (Sumon Ray) ដែល​និស្សិត​ឆ្នាំ​បញ្ចប់​ផ្នែក​ព័ត៌មាន​នៃសាកលវិទ្យាល័យ​ដ្យរដ្យា​ និង​ដែល​បាន​ទៅ​ ​កម្ពុជា​តាម​រយៈកម្មវិធី​នេះ​នៅ​ឆ្នាំ​២០១១​ សរសរ​អំពី​ភាព​ជា​បុរស​ស្រឡាញ់​ភេទ​ដូចគ្នានៅ​កម្ពុជា។ លោក​និយាយ​ថា​ កម្មវិធី​នេះ​បាន​បង្ហាញ​សារៈសំខាន់​នៃ​បទ​ពិសោធន៍។ លោក​ថា ​បទពិសោធន៍​បាន​បង្រៀន​លោក​អំពី​ការ​សា្រវជ្រាវ​ និង​ដំណើរការ ​ធ្វើការ​ដោយ​ឯករាជ្យ ​និង​ជា​ក្រុម​ ហើយនឹង​រឿង​ជាច្រើន​ដែល​មិនអាច​ធ្វើ​បាន​បើ​មិន​មាន​ផែនការ។ លើស​ពី​អ្វី​ដែល​លោកបាន​ឃើញ​ លោកថា​កម្មវិធី​នេះ​ធ្វើ​ឲ្យ​លោក​មាន​លទ្ធភាពក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​មូលដ្ឋាន និង​ស្វែង​យល់​អំពី​បុគ្គលិក​លក្ខណៈ​របស់​លោក​ផ្ទាល់។

«ខ្ញុំ​រៀន​បាន​ច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា។ ខ្ញុំ​រៀន​អំពី​ឃ្លា​ដែល​គេ​តែ​ង​តែ​ប្រើ “ដូចគ្នា តែ​ខុសគ្នា”។ វា​ពិត​ណាស់​ថា អ្នក​ដឹង​ថា​យើង​ទាំង​អស់​គ្នា​ដូចគ្នាក្នុង​នាម​ជា​មនុស្ស​ ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ យើង​ខុសគ្នា​ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​យើង​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ដោយ​សុខដុមរមនា»។

លោក​ភីត ម៉ាក់ដូណលដ៍ (Pete McDonald) ដែលជា​និស្សិត​ឆ្នាំ​បញ្ចប់​ខាង​ព័ត៌មាន​ និង​ដែល​បាន​ទៅ​កម្ពុជា​តាមរយៈ​កម្មវិធី​ Travel Writing in Cambodia នៅ​ឆ្នាំ​២០១១ សរសេរ​អំពី​ផល​ប៉ះពាល់​នៃ​ការ​បាញ់កាំភ្លើង​កំសាន្ត​នៅ​ក្រៅ​ក្រុង​សៀមរាប។ លោក​ភីត ​បាន​ប្រាប់​វីអូអេថា ការ​ធ្វើ​ដំណើរទៅ​កម្ពុជា​គឺ​ជា​បទពិសោធ​ដ៏​អស្ចារ្យ ​ដែល​បាន​ជួយ​គាត់​ឲ្យ​រៀប​ចំខ្លួន​សម្រាប់​ជីវិត​វិជ្ជាជីវៈ​នា​ពេល​អនាគត។

«អាជីព​ណា​ដ៏​ដោយ​ដែល​ខ្ញុំ​នឹង​មាន​ ការ​ដែល​មាន​បទពិសោធ​ដូចនេះ​ ដែល​ផ្តល់​ឱកាស​ដល់អ្នកឲ្យ​បាន​ឃើញ​វប្បធម៌​ផ្សេងៗ​ ស្វែង​យល់​អំពី​របៀប​ដែល​មនុស្ស​ផ្សេងៗប្រាស្រ័យ​ទាក់​ទង​គ្នា ភាសា​ដែល​គេ​ប្រើ ​អ្វី​ដែល​សំខាន់​សម្រាប់​គេ ​របៀប​រស់​នៅ​របស់​គេ​ដែល​ខុស​ពី​របៀប​រស់​នៅ​របស់​យើងនៅ​អាមេរិក។ ការ​យល់​ដឹង​អំពីរឿង​ទាំង​នេះ​នឹង​ជួយ​នៅក្នុង​វិស័យ​ជាច្រើន។ ខ្ញុំពិត​ជា​យល់​ថា បទពិសោធន៍​វប្បធម៌​នេះនឹង​ជួយ​ខ្ញុំ​នៅ​គ្រប់​កន្លែង​ដែល​ខ្ញុំ​នៅ»។

និស្សិត​នៅ​ក្នុង​កម្មវិធី​ត្រូវ​ចូលថ្នាក់ពេល​ព្រឹក​ដើម្បី​រៀន​បច្ចេកទេស​នៃ​ការ​សរសេរ​ព័ត៌មាន​ និង​ដាក់​ផែន​ការ​ក្នុង​ការ​អនុវត្ត​បច្ចេកទ្ទេស​។ ពួកគេ​បាន​ទស្សនា​កន្លែង​ប្រវត្តិសាស្ត្រ​នៅខេត្តសៀមរាប ​និង​ភ្នំពេញ។ ក្នុង​រយៈពេល​បីសប្តាហ៍​ និស្សិត​ត្រូវ​សរសេរ​អត្ថបទ​ប្រហែល​ប្រាំ ឬ​ប្រាំមួយដោយ​ផ្អែក​លើ​អ្វី​ដែល​គេ​បាន​ឃើញ។ សម្រាប់គម្រោងចុងក្រោយ និស្សិត​ម្នាក់ៗត្រូវសរសេរអត្ថបទ​វែង​មួយ​អំពី​ប្រធាន​បទ​ដែល​គេ​ជ្រើសរើស។ អត្ថបទ​ទាំង​នោះ​ត្រូវ​បាន​ផ្សាយ​តាម​អ៊ីនធឺណិតដែល​មាន​អាសយដ្ឋានៈ travelwritingincambodia.wordpress.com

XS
SM
MD
LG