ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា របាយការណ៍វាយតម្លៃអំពីការជួញដូរមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឆ្លុះបញ្ចាំងពីការណ៍ពិតជាក់ស្តែងនិងជាផែនទីបង្ហាញផ្លូវសម្រាប់រដ្ឋាភិបាលរកវិធីដោះស្រាយចំណុចអវិជ្ជមានទាំងឡាយក្នុងការទប់ស្កាត់ អំពើជួញដូរមនុស្សនៅកម្ពុជា។
របាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញផ្សាយនៅថ្ងៃច័ន្ទថា រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តឱ្យបានពេញលេញតាមបទដ្ឋានអប្បបរមាសម្រាប់ការលុបបំបាត់នៃអំពើជួញដូរមនុស្សហើយរដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីការរីកចម្រើនក្នុងកិច្ចខំប្រឹងប្រែងអនុវត្តច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងគ្មានការកាត់ទោសជនល្មើសជួញដូរមនុស្សនៅក្នុងអំឡុងឆ្នាំ២០១០និងឆ្នាំ២០១១ ហើយជួនកាលព្រះរាជអាជ្ញាមិនបានចោទប្រកាន់ជនល្មើសជួញដូរមនុស្សទេ។
របាយការណ៍នេះបានលើកឡើងថា ចំនួននៃការកាត់ឱ្យជាប់ទោសពីបទជួញដូរមនុស្សបានធ្លាក់ចុះ ប៉ុន្តែចំនួននៃកម្មករចំណាកស្រុកដែលកំពុងកើនឡើងនៅកម្ពុជា បានទទួលរងការរំលោភបំពានដោយគ្មានការការពារប្រកបដោយដោយប្រសិទ្ធភាពពីនគរបាល ឬក្រសួងការងារ ហើយការទប់ស្កាត់ការជួញដូរនិងការការពារជនរងគ្រោះមិនបានប្រសើរឡើងទេ។ សហរដ្ឋអាមេរិកបានរក្សាចំណាត់ថ្នាក់ទី២សម្រាប់ប្រទេសកម្ពុជា។
របាយការណ៍នេះបានចង្អុលបង្ហាញថាអំពើពុករលួយគ្រប់លំដាប់ថ្នាក់បន្តរារាំងការវិវឌ្ឍទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយរដ្ឋាភិបាលមិនដែលកាត់ទោសក្រុមហ៊ុនជ្រើសរើសពលករណាមួយដែលបានជាប់ពាក់ព័ន្ធនឹងការជួញដូរពលករនិងការជ្រើសរើសដោយមិនសុចរិត។
លោកសំលាង សិលា នាយកនៃអង្គការសកម្មភាពដើម្បីកុមារប្រចាំប្រទេសកម្ពុជា (APLE) បានថ្លែងថារបាយការណ៍នេះបានឆ្លុះបញ្ចាំងនូវស្ថានភាពដែលជាបញ្ហាជាក់ស្តែងមួយចំនួនដែលបានកើតក្នុងករណីជាក់លាក់នៃអំពើជួញដូរមនុស្ស។
«នៅក្នុងរបាយការណ៍នេះ ខ្ញុំយល់ឃើញនូវចំណុចសមស្របជាច្រើន ដូចជាកិច្ចការពារជនរងគ្រោះនៅមានកម្រិតហើយការអនុវត្តនូវវិធានការច្បាប់រឹងមាំជាពិសេសការដាក់ទោសក៏នៅស្រាលដែរ ដែលធ្វើឱ្យជនល្មើសនិងអ្នកផ្សំគំនិតនៅតែអាចប្រព្រឹត្តបទល្មើសនេះបន្តទៀតនៅកម្ពុជា។ របាយការណ៍នេះបានលើកឡើងនូវចំណុចរសើបមួយនិងជាចំណុចសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការជួញដូរមនុស្សនៅកម្ពុជា ជាពិសេសការផ្តន្ទាទោសនិងកិច្ចការពារជនរងគ្រោះនៃអំពើនេះ។ បើសិនការផ្តន្ទាទោស មិនរឹងមាំគ្រប់គ្រាន់ទេអំពើនេះនឹងមិនបញ្ឈប់ទេនៅកម្ពុជា ហើយទីពីរបើសិនជាកិច្ចការពារជនរងគ្រោះនៅទន់ខ្សោយខ្ញុំជឿថាកុមារនៅតែប្រឈមនឹងកត្តាគ្រោះថ្នាក់ដែលត្រូវបានគេជួញដូរឬក៏ធ្វើអាជីវកម្មផ្លូវភេទ»។
លោកសៅ ឈឿត នាយកប្រតិបត្តិនៃអង្គការ AFESIP បានថ្លែងថា លោកពេញចិត្តនឹងរបាយការណ៍នេះដែលមានតម្លាភាពច្រើននិងឆ្លុះបញ្ចាំងពីការណ៍ពិតក្នុងស្ថានភាពជួញដូរមនុស្សនៅកម្ពុជា។
«ខ្ញុំឃើញថា របាយការណ៍នេះគឺឆ្លុះបញ្ចាំងពីការណ៍ពិតច្រើន ពិសេសឥឡូវយើងឃើញថា មានបញ្ហាច្រើនពីរឿងក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីហើយថ្មីៗនេះយើងឃើញមានបញ្ហានេះ ច្រើនណាស់។ សូម្បីតែអង្គការ AFESIP យើងធ្លាប់ទៅចរចាយកក្មេងពីក្រុមហ៊ុនមកចំនួនបីករណី។ ដូច្នេះ របាយការណ៍នេះ ខ្ញុំគិតថា វាជាកញ្ចក់មួយឆ្លុះបញ្ចាំងពីសកម្មភាពជាក់ស្តែង ដែលបង្ហាញពីភាពជោគជ័យរបស់រដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលនានាធ្វើកិច្ចការនេះហើយក៏ឆ្លុះបញ្ចាំងអំពីចំណុចខ្វះខាតដែលទាំងអង្គការមិនមែនរដ្ឋាភិបាលនិងរដ្ឋាភិបាលត្រូវតែព្រួតដៃគ្នាធ្វើសកម្មនេះឱ្យកើនឡើងជាងនេះ»។
លោកចាន់ សូវេត ប្រធានផ្នែកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុកបានថ្លែងថារបាយការណ៍នេះបានបង្ហាញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះអំពើជួញដូរមនុស្សនៅកម្ពុជាហើយវាជាការព្រួយបារម្ភសម្រាប់រដ្ឋាភិបាលកម្ពុជា ដែលមិនទាន់បានបំពេញកាតព្វកិច្ចឱ្យបានគ្រប់គ្រាន់និងត្រួតពិនិត្យលើការដាក់ទោសជនល្មើសជួញដូរមនុស្ស។
លោកចាន់ សូវេត បានបន្តថា របាយការណ៍ជាចំណុចសំខាន់ណាស់ដែលចាប់បង្ខំរដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយចំណុចអវិជ្ជមានទាំងឡាយនៅក្នុងរបាយការណ៍នេះ។ រដ្ឋាភិបាលគួរតែពិចារណាឱ្យស៊ីជម្រៅលើការផ្តល់អាជ្ញាប័ណ្ណនិងក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណសម្រាប់ជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស ដើម្បីបញ្ចៀសការជួញដូរមនុស្ស។
«របាយការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពមួយដែលបញ្ជាក់ឱ្យរដ្ឋាភិបាលភ្ញាក់រលឹកគួរតែមានយន្តការច្បាស់លាស់សម្រាប់ត្រួតពិនិត្យទៅលើការនាំពលករយើងចេញ ដើម្បីបញ្ជៀសហានិភ័យច្រើន។ តាមការពិនិត្យមើលលើរបាយការណ៍ វាអាចសម្តែងឱ្យឃើញថា រដ្ឋាភិបាលកម្ពុជាមានចំណុចខ្សោយច្រើនដែលទទូចឱ្យមានការត្រួតពិនិត្យឡើងវិញនិងមានលក្ខណៈពិតប្រាកដច្រើន។ ក្នុងនាមខ្ញុំជាអ្នកស៊ើបអង្កេតសិទ្ធិមនុស្ស ខ្ញុំទទួលស្គាល់ថារបាយការណ៍នេះពិតជាបង្ហាញការណ៍ពិតហើយ។ វាពិតជាកើតមាននៅក្នុងប្រទេសកម្ពុជា។ របាយការណ៍នេះ មិនមែនបន្តុះបង្អាប់ទេ។ របាយការណ៍នេះ គ្រាន់តែចង់សម្តែងឡើងដើម្បីឱ្យមានការចាប់អារម្មណ៍និងចូលរួមចំណែកពីរដ្ឋាភិបាលដើម្បីបង្ការរឿងនេះកុំឱ្យកើតមាននៅក្នុងប្រទេសកម្ពុជាយើងសន្ធឹកសន្ធាប់បែបនេះ»។
លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា លោកគាំទ្រនិងយល់ស្របជាមួយនឹង របាយការណ៍ស្តីពីការជួញដូរមនុស្សនៅកម្ពុជារបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ។
«ខ្ញុំគិតថារបាយការណ៍នេះជាត្រីវិស័យមួយដើម្បីចង្អុលទិសសម្រាប់រដ្ឋាភិបាលយើងក្នុងការរិះរកមធ្យោបាយឬយន្តការដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាយើងនេះ ឱ្យមានកម្រិតកាន់តែ ល្អប្រសើរបន្ថែមទៀត»។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថាលោកអបអរសាទរចំពោះរបាយការណ៍វាយតម្លៃនេះ។ អាជ្ញាធរកម្ពុជាបានខិតខំអស់ពីលទ្ធភាពរបស់ខ្លួនហើយទាំងការអនុវត្តច្បាប់ ទាំងការផ្សព្វផ្សាយ ទាំងការផ្តន្ទាទោស។
«យើងអបអរសាទរការវាយតម្លៃនេះ គឺត្រឹមត្រូវហើយ។ យើងមែនទែនទៅចង់បានចំណាត់ថ្នាក់លេខមួយ ប៉ុន្តែចំណាត់ថ្នាក់លេខមួយមើលទៅនៅឆ្ងាយណាស់។ យើងចង់បានបំផុតចំណាត់ថ្នាក់លេខមួយ។ យើងត្រូវខំប្រឹងតទៅទៀត។ របាយការណ៍នេះជាការរួមចំណែកមួយដើម្បីធ្វើផែនទីបង្ហាញផ្លូវរបស់យើងតទៅទៀត»។
លោកចាន់ សូវេត ប្រធានផ្នែកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ថាក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ២០១១នេះ សមាគមអាដហុកទទួលបានបណ្តឹងជាង៦០ករណីពាក់ព័ន្ធជាមួយនឹងការជួញដូរកម្លាំងពលកម្មនិងការជួញដូរផ្លូវភេទ៕