បន្ទាប់ពីដំណើរកំសាន្តទៅកម្ពុជា និងបានស្វែងយល់អំពីបទពិសោធន៍ និងរឿងរ៉ាវសម័យខ្មែរក្រហម លោកដេវីឌ វិនណឺរ៍ (David Wiener) បាននិពន្ធរឿងល្ខោនដែលមានចំណងជើងថា «អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានសម្តែងជាលើកដំបូងកាលពីថ្ងៃពុធ ទី១ ខែមិថុនា កន្លងទៅនេះ។
ឈ្មោះថា «អង្គជំនុំជំរះវិសាមញ្ញ» គឺបានមកពីឈ្មោះរបស់សាលាក្តីខ្មែរក្រហម ដែលគេហៅថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ លោក វិនណឺរ៍ ក៏បានឲ្យដឹងពីមូលហេតុដែលលោកជ្រើសរើសយកឈ្មោះនេះយ៉ាងដូច្នេះថា៖
«ល្ខោននេះនិយាយពីជនជាតិអាមេរិកទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជា រួមនឹងភាពចម្រូងចម្រាសជុំវិញអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលជាសាលាក្តីពិសេសរបស់អង្គការសហប្រជាជាតិ ហើយឥឡូវកំពុងត្រៀមកាត់ក្តីមេដឹកនាំរបបខ្មែរក្រហមបួនរូប។ មិនតែប៉ុណ្ណោះ ចំណងជើងនេះក៏មានអត្ថន័យបង្កប់ប្រៀបធៀបទៅនឹងបេះដូងរបស់តួអង្គនៅក្នុងសាច់រឿង។ បេះដូងគឺជាបេះដូងរបស់មនុស្សដែលមានលក្ខណះពិសេស»។
នៅពេលធ្វើដំណើរទៅកម្ពុជា លោក វិនណឺរ៍ បានជួបជាមួយមគ្គុទេ្ទសក៍ទេសចរណ៍ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយធ្លាប់ធ្វើជាគ្រូផ្នែករូបវិទ្យាកាលពីមុនរបបប្រល័យពូជសាសន៍។ ក្រោយមកមគ្គុទ្ទេសក៍ទេសចរណ៍រូបនោះបាននិយាយរឿងរ៉ាវរបស់គាត់កាល ពីរបបខ្មែរក្រហមប្រាប់ដល់លោកវិនណឺរ៍។ រឿងរ៉ាវទាំងនោះធ្វើឲ្យលោកវិនណឺរ៍ ចាប់អារម្មណ៍ ហើយចងក្រងជាសាច់រឿងល្ខោននេះឡើង។ លោកបានឲ្យដឹងយ៉ាងដូច្នេះថា៖
«ខ្ញុំមានអារម្មណ៍រំជួលចិត្តនឹងរឿងរ៉ាវរបស់គាត់។ ខ្ញុំមានអារម្មណ៍ស្ញប់ស្ញែងចំពោះការតស៊ូរស់របស់គាត់ដែលជាគ្រូបង្រៀនអាចរស់ឆ្លងកាត់របបប៉ុលពតដែលជារបបស្អប់អ្នកចេះដឹង។ ខ្ញុំគិតថា គំនិតសំខាន់របស់រឿងគឺមនុស្សទាំងអស់គ្នាគ្មានអ្វីខុសគ្នានោះទេ។ អ្នកខ្លះអាចយល់ថា វាមានភាពងាយស្រួលសម្រាប់អ្នកដែលរស់នៅក្នុងប្រទេសរីកចម្រើន ឬប្រទេសលោកខាងលិច ដោយក្រឡេកមើលទៅប្រវត្តិសាស្រ្តខ្មែរ ហើយនិយាយថា រឿងហ្នឹងមិនមានថ្ងៃនឹងកើតឡើងនៅប្រទេសរបស់គេ ឬពួកគេនឹងមិនមានថ្ងៃធ្វើដូចកម្ពុជាទេ។ ប៉ុន្តែនេះមិនមែនជាការពិតនោះទេ។ អ្វីដែលតួអង្គក្នុងរឿងខ្ញុំបានបង្ហាញ និងអ្វីដែលខ្ញុំគិតថា ជាការពិតគឺកាលៈទេសៈទេដែលជាអ្នកកំណត់ចុងក្រោយថាតើមនុស្សហ៊ានធ្វើកម្រិតណាដើម្បីការពារជីវិតរបស់ខ្លួន និងជីវិតរបស់គ្រួសាររបស់ខ្លួន»។
ល្ខោនអង្គជំនុំជម្រះវិសាមញ្ញរំលឹកឡើងវិញនូវរឿងរ៉ាវដ៏ជូរចត់ក្នុងរបបខ្មែរក្រហម និងឆ្លុះបញ្ចាំងស្លាកស្នាមដែលបន្សល់ទុកមកទល់ពេលបច្ចុបន្ប ហើយបង្ហាញក្តីអាណិតដល់តូអង្គសម្តែងទាំងអស់នៅក្នុងសាច់រឿងជាជាងធ្វើការបន្ទោសដល់តួអង្គឩក្រិតជន។ ល្ខោននេះនិទានពីរឿងរបស់ស្វាមីភរិយាជនជាតិអាមេរិកដែលធ្វើដំណើរទៅកម្ពុជាក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ហើយមានបំណងសុំកូនខ្មែរមកចិញ្ចឹម។ ប៉ុន្តែអ្នកទាំងពីរបានជួបប្រទះឧបសគ្គមួយចំនួនដែលទាក់ទងនឹងផ្លូវច្បាប់ និងសាលាក្តីខ្មែរក្រហម។
តួអង្គសម្តែងជនជាតិខ្មែរអាមេរិកគឺលោកហ្វ្រង់ស្វ័រ ចៅ (Francois Chau) បានបង្ហាញការរីករាយដែលលោកបានចូលរួមសម្តែងនៅក្នុងល្ខោននេះ។ ទោះបីជាលោកមិនបានឆ្លងកាត់សម័យខ្មែរក្រហមក្តីក៏លោកសង្ឈឹមថា រឿងរ៉ាវសម័យខ្មែរក្រហមហ្នឹងត្រូវបានគេបន្តនិយាយតៗគ្នាគ្រប់ជំនាន់និងមិនត្រូវបានគេបំភ្លេចចោលឡើយ។ លោកបានថ្លែងថា៖
«ខ្ញុំសប្បាយចិត្តនៅពេលដែលបានចូលរួមសម្តែង ហើយសង្ឈឹមថានឹងអាចចូលរួមធ្វើឲ្យមានការដឹងជាសារធារណនូវរឿងរ៉ាវរបបប្រល័យពូជសាសន៍។ ទោះបីជាមានការដឹងបន្ថែមម្នាក់រឺពីរអ្នកវាក៏ជាការប្រសើរ។ ខ្ញុំសង្ឈឹមថានឹងមានអ្នកមកទស្សនាច្រើនហើយនឹងនិយាយបន្តទៀតពីរឿងរបបខ្មែរក្រហម»។
អ្នកគ្រប់គ្រងផ្នែកដឹកនាំរឿង លោក ខិន ណូវិស (Ken Novice) បានឲ្យដឹងថា វាមានសារៈសំខាន់ ណាស់សម្រាប់ជនជាតិអាមេរិក ក្នុងការស្វែងយល់ពីរឿងរ៉ាវខ្មែរក្រហម។ លោកមានប្រសាសន៏ថា៖
«រឿងរ៉ាវដែលកើតមាននៅកម្ពុជា ក៏ដូចជាប្រទេសដ៏ទៃ នៅតែបន្តកើតមានឡើង។ វាមានសារៈសំខាន់សម្រាប់កម្ពុជារួមទាំងប្រជាពលរដ្ឋអាមេរិកក្នុងការចងចាំទុកជាពិសេសរឿងដែលកើតឡើងនៅកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ មូលហេតុអ្វីបានជារឿងនេះកើតឡើង។ ម៉េចបានជាវាកើតឡើងម្តងទៀត និងរឿងនេះប្រហែលជាកំពុងកើតឡើង»។
នេះជាល្ខោនដែលប្រកបដោយឆុតឆាកគ្រប់រសជាតិដែលមានតាំងពីការកំប្លែង កំសត់ហើយបំផុសការគិតវែកញែករកសខ្មៅខុសត្រូវ។ ល្ខោននេះនឹងលេងជូនទស្សនាជាផ្លូវការចាប់ពីថ្ងៃទី២ខែមិថុនារហូតដល់ថ្ងៃទី៣ខែកក្កដា នៅឯរោងល្ខោន Geffen Playhouse ទីក្រុងទីក្រុងឡស អានដ្យឡិស រដ្ធ កាលីហ្វញ៉ា ដែលតម្លៃសំបុត្រមានចាប់ពី២៧ដុល្លារអាមេរិក តម្លៃពិសេសសម្រាប់សិស្ស និស្សិត រហូតដល់ ៧៦ដុល្លារអាមេរិកអាស្រយ័លើពេលវេលាថ្ងៃនៃការសម្តែង។ ល្ខោនអង្គជំនុំជំរះវិសាមញ្ញ សង្ឈឹមថានឹងទទួលបានការចូលរួមពីសំណាក់ទស្សនិកជនយ៉ាងច្រើនជាពិសេស ទស្សនិកជនខ្មែរអាមេរិក៕