ខណៈជនជាតិអាមេរិកមានប្រតិកម្មចំពោះព័ត៌មានអំពីការសម្លាប់អូសាម៉ាប៊ិនឡាដិនដោយកងកុំម៉ង់ដូសហរដ្ឋអាមេរិក ក្រុមមន្ដ្រីអាមេរិកព្រមានថា ការស្លាប់របស់មេដឹកនាំក្រុមអាល់កៃដានៅក្នុងការវាយឆ្មក់មួយនៅប៉ាគីស្ថានមិនបំបាត់ការគម្រាមវាយប្រហាររបស់ពួកភេរវជនទេ។
ការវាយឆ្មក់ប្រកបដោយជោគជ័យនៅក្នុងទីក្រុង អាប្បូតាបាដ (Abbotabad) ប្រទេសប៉ាគីស្ថាន នាពេលព្រលឹមថ្ងៃច័ន្ទ បាននាំឲ្យលោកប្រធានាធិបតីអូបាម៉ាប្រកាសថា «មានយុត្ដិធ៌មហើយ»។ លោកបាន គីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិ ហៅការសម្លាប់នេះ ថាជា «ឱកាសដ៏សំខាន់មួយ»។ ក៏ប៉ុន្ដែលោកនីកូឡាស សារកូស៊ី ប្រធានាធិបតីបារាំង ថ្លែងដោយប្រុងប្រយ័ត្នថា នេះមិនមែនជាទីបញ្ចប់នៃក្រុមអាល់កៃដាទេ ហើយលោកស្រី ហ៊ីឡារី គ្លិនតុន រដ្ឋមន្ដ្រីក្រសួងការបរទេសសហរដ្ឋអាមេរិកមានប្រសាសន៍ថា ការប្រយុទ្ធនឹងមិនចប់ត្រឹមការស្លាប់របស់ប៊ិនឡាដិននេះទេ។ លោកស្រីថ្លែងថា៖
«សហប្រតិបត្ដិការជាបន្ដទៅទៀតនឹងមានសារ:សំខាន់នាពេលខាងមុខនេះ ពីព្រោះថា ទោះបីយើងមានព្រិត្ដិការណ៍ដ៏សំខាន់នេះក៏ដោយ ក៏យើងមិនគួរភ្លេចថា សង្គ្រាមដើម្បីបញ្ឈប់ពួកអាល់កៃដា និងអង្គការចាត់តាំងភេរវកម្មរបស់ក្រុមនេះនឹងមិនចប់ទៅដោយការស្លាប់របស់ប៊ិនឡាដិននោះទេ»។
លោក ដ្យន ប្រិន្និន (John Brennan) ជំនួយការរបស់លោកប្រធានាធិបតីអូបាម៉ា ទទួលបន្ទុកខាងសន្ដិសុខមាតុភូមិ និងការប្រឆាំងភេរវកម្ម ប្រាប់ក្រុមអ្នកយកព័ត៌មានថា មេដឹកនាំក្រុមអាល់កៃដា «ពួននៅកណ្ដាលវាល» ហើយប្រាកដជាបានទទួលជំនួយ។ ប៊ិន ឡាដិនត្រូវបានតាមដានរហូតដល់បរិវេណមួយស្ថិតនៅក្នុងភូមិអ្នកមានទ្រព្យសម្បត្ដិ ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីរដ្ឋធានីអ៊ីស្លាម៉ាបាតនៅក្នុងតំបន់មួយពេញដោយកងកម្លាំង និងបុគ្គលិកស៊ើបការណ៍សម្ងាត់របស់ប៉ាគីស្ថានយ៉ាងច្រើនកុះករ។ លោក ប្រិន្និន ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃច័ន្ទថា ក្រុមអាល់ខាដាត្រូវបានបំផ្លាញហើយ ក៏ប៉ុន្ដែនៅតែអាចបង្កគ្រោះថ្នាក់។
ប្រតិបត្ដិការប្រកបដោយជោគជ័យកើតមានឡើងប៉ុន្មានខែប៉ុណ្ណោះមុនថ្ងៃខួបនៃការវាយប្រហាររបស់ភេរវជនទៅលើទីក្រុងញូយ៉ក និងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។ ក្នុងរយ:ពេល១០ឆ្នាំចាប់តាំងពីពេលនោះមក អគាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានបំពាក់ប្រព័ន្ធការពារសន្ដិសុខថ្មី។ ក្រសួងសន្ដិសុខមាតុភូមិចេញសេចក្ដីថ្លែងការណ៍មួយថា ខ្លួននឹងមិនប្រកាសការប្រុងជើងការដោយសារតែការស្លាប់របស់ប៊ិនឡាដិនទេ ក៏ប៉ុន្ដែថាទីភ្នាក់ងារនេះនឹងនៅតែស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នខ្ពស់។
ក្រុមមន្ដ្រីក្នុងតំបន់នៅទូទាំងប្រទេសបានគាំទ្រអត្ថាធិប្បាយរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក ឆាលី បិក (Charlie Beck) ស្នងការប៉ូលីសទីក្រុង ឡស អានដ្យឺឡេស (Los Angeles) ហៅថ្ងៃដែលប៊ិនឡាដិនស្លាប់ថា ជាថ្ងៃដ៏ល្អមួយសម្រាប់សហរដ្ឋអាមេរិក ក៏ប៉ុន្ដែបានចេញការព្រមានមួយ។
«ខណៈយើងទទួលជ័យជម្នះនោះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ចថា ការកម្ចាត់មេដឹកនាំម្នាក់មិនអាចបំបាត់អង្គការនោះបានទេ។ យើងនៅតែប្រឈមមុខនឹងការគម្រាមយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាគ្មានការគម្រាមជាក់លាក់ទៅលើទីក្រុង ឡស អានដ្យឺឡេស ក៏ដោយ ក៏ការគម្រាមជាទូទៅនៅតែមាន ហើយកាតព្វកិច្ចរបស់ខ្ញុំគឺធ្វើឲ្យទីក្រុងនេះមានសុវត្ថិភាព»។
អ្នកស្រី ម៉ារហ្ការ៉ិត ហ្ក្រេ (Margaret Gray) ដែលរស់នៅក្នុងទីក្រុង ឡស អានដ្យឺឡេស បើករថយន្ដដឹកកូនស្រីរបស់គាត់ទៅចំណតយន្ដហោះដើម្បីជិះយន្ដហោះទៅទីក្រុងឈីខាហ្គោ (Chicago) ហើយ អ្នកស្រី ហ្រ្កេ រីករាយនឹងបានឃើញមានសន្ដិសុខបន្ថែមទៀត។ អ្នកស្រីបន្តថា៖
«មានកន្លែងឈប់សម្រាប់សន្ដិសុខពេលយើងចូលទៅខាងក្នុង ហើយលោកត្រូវឆែកកន្ទុយរថយន្ដរបស់ខ្ញុំ។ ខ្ញុំចង់និយាយថា លោកគ្រាន់តែអើតក្បាលចូលតាមបង្អួច ក៏ប៉ុន្ដែលោកមានការជឿជាក់នៅក្នុងចិត្ដ ហើយនៅទីបំផុតលោកនិយាយថា «អញ្ជើញឲ្យបានសុខសប្បាយ»។ ធ្វើបែបនេះមិនមែនជាវិធានការតឹងតែងទេ ដូច្នេះខ្ញុំមានអារម្មណ៍ល្អថា ពួកគេចង់ឲ្យមានសន្ដិសុខ ហើយពួកគេព្យាយាមប្រុងជើងការ ហើយប្រុងប្រៀបខ្លួន»។
លោក រ៉ប៊ត ហ្គូត្តម៉ិន (Robert Guttman) អ្នកវិភាគនៅសាកលវិទ្យាល័យ ដ្យនស៍ ហបឃីនស (Johns Hopkins) និយាយថា ការប្រុងប្រយ័ត្នកម្រិតខ្ពស់នឹងបន្ដមាននៅក្នុងទីក្រុងធំៗសំខាន់ៗនៅសហរដ្ឋអាមេរិក និងទីកន្លែងផ្សេងៗទៀត។ លោកហ្គូត្តម៉ិន ថ្លែងថា៖
«នៅមិនទាន់ចប់ទេ។ ខ្ញុំគិតថា នឹងមានសន្ដិសុខកម្រិតខ្ពស់នៅជុំវិញសហរដ្ឋអាមេរិក ជាពិសេសនៅទីក្រុងញូយ៉ក វ៉ាស៊ីនតោនហើយនឹងឡុង»។
សមាជិកសំខាន់ៗនៃពួកអាល់កៃដាមួយចំនួនត្រូវបានសម្លាប់ ឬចាប់បាន ក៏ប៉ុន្ដែខ្លះទៀតនៅមានច្រើន មានរាប់ទាំង អាយមែន អា ហ្សារ៉ាហ៊ីរី (Ayman a-Zarahiri) ដែលជាភូឈួយរបស់អូសាម៉ាប៊ិនឡាដិន៕
ប្រែសម្រួលដោយ កង ស៊ីវន