ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​មិន​ប្រក្រតី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត


ផ្លាក​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បិទ​នៅ​តាម​ជញ្ជាំង​​អាជីវកម្ម​មួយ​ ខណៈ​ដែល​ស្ត្រី​ម្នាក់​ដាក់​បាត្រ​ដល់​ព្រះសង្ឃ។
ផ្លាក​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បិទ​នៅ​តាម​ជញ្ជាំង​​អាជីវកម្ម​មួយ​ ខណៈ​ដែល​ស្ត្រី​ម្នាក់​ដាក់​បាត្រ​ដល់​ព្រះសង្ឃ។

មន្ត្រី​ជាន់ខ្ពស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ទទូច​ដល់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​ធ្វើ​ការ​ស៊ើបអង្កេត​និង​ដោះស្រាយ​ករណី​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ ខណៈ​ដែល​លោក​បាន​ទៅ​ពិនិត្យ​មើល​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងកេងកង​ III​ ខណ្ឌ​ចំការមន​ ក្រុង​ភ្នំពេញ។

ការ​កត់​សម្គាល់​នេះ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​វិទ្យាស្ថាន​ NDI ​និង​អង្គការ​និចហ្វិក​បាន​រក​ឃើញ​ភស្តុតាង​នៃ​ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី ​ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ ដោយ​មិន​បាន​មក​បង្ហាញ​មុខ​ចំពោះ​ស្មៀន​ឃុំ ​និង​ការ​ប្រើ​អត្តសញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​ផុត​កំណត់​មិន​ត្រូវ​បាន​គេ​ចុះ​ឈ្មោះ​ឱ្យ​ទេ។

លោក​ ចេហ្វ ដេហ្គល (Jeff Daigle)​ ឯកអគ្គរដ្ឋទូត​ស្តីទី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ បន្ទាប់​ពី​ពិនិត្យ​មើល​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ថា​ សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយបារម្ភ​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​ដំណើរការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នេះ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​ «យើង​យល់​ថា​មាន​ការ​កង្វល់​មួយ​ចំនួន​អំពី​ទស្សនៈ​ខ្លះ​នៃ​ដំណើរការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នេះ​ ហើយ​យើង​ទទូច​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ស៊ើបអង្កេត ​និង​ដោះស្រាយ​កង្វល់​នេះ»។

លោក ​ទេព ​នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​ស្វាគមន៍​ការ​លើក​ឡើង​អំពី​ការចុះ​ឈ្មោះ​បោះឆ្នោត​របស់​លោក ​Jeff Daigle ​និង​ការ​ទស្សនា​កន្លែង​ចុះ​ឈ្មោះ​នេះ​ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​តែង​យក​ចិត្ត​ទុក​ដាក់​រាល់​អនុសាសន៍​ពី​គ្រប់​ភាគី។

«ខ្ញុំ​គិត​ថា​ការ​លើក​ឡើង​របស់​លោក ​Jeff Daigle ​នេះ​ជា​ការ​រួមចំណែក​មួយ​សំខាន់​ណាស់ ​ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​រួម​សហការ​ជួយ​ជំរុញ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ឱ្យ​បាន​ល្អ​ និង​ឱ្យ​បាន​ទាន់​ពេល​វេលា»។

លោក ​ទេព ​នីថា ​បាន​បន្ត​ថា ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ទទួល​យក​ករណី​មិន​ប្រក្រតី​ខ្លះ​នៅ​ក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន ​NDI​ និង​អង្គការ​និចហ្វិច ​បន្ទាប់​ពី​បាន​ធ្វើ​ការ​ស៊ើបអង្កេត។

លោក ​Jeff Daigle ​បាន​បញ្ជាក់​ថា ​លោក​បាន​ជ្រើសរើស​យក​កន្លែង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​សង្កាត់​បឹងកេងកង​ III​ ដ៏​សំខាន់​នេះ​ ធ្វើ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​កន្លែង​ផ្សេង​ទៀត​ដែល​មន្ត្រី​រដ្ឋបាល​អាច​ធ្វើ​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ​ជាពិសេស​អ្នក​សម្រប​សម្រួល​ស្ម័គ្រ​ចិត្ត​ផ្នែក​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ ដើម្បី​ធានា​ថា​ដំណើរការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​តម្លាភាព។

លោក​ Jeff Daigle ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​អាច​មក​ទស្សនា​នៅ​ទីនេះ​នៅ​ថ្ងៃ​នេះ​ ពីព្រោះ​សហរដ្ឋ​អាមេរិក​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​និង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អ្នក​បោះឆ្នោត​ឱ្យ​មាន​ការ​ចូលរួម»។

លោក ​Jeff Daigle ​បាន​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​ អាច​ស្ទង់​មើល​ថា​អ្នក​សង្កេតការណ៍​បោះឆ្នោត​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ ហើយ​លោក​សង្ឃឹម​ថា​ ដំណើរការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នឹង​ត្រូវ​បាន​ធានា​ថា​មាន​ស្តង់ដា​ជាតិ ​និង​អន្តរជាតិ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​សេរី​និង​ត្រឹមត្រូវ៕

XS
SM
MD
LG