ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​មនុស្សធម៌​អាមេរិក​ចប់​បេសកម្ម


បន្ទាប់​ពី​បំពេញ​ការ​ងារ​មនុស្សធម៌​អស់​រយៈ​ពេល​១២​ថ្ងៃ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុម​នាវិក​ពេទ្យ​របស់​សហ​រដ្ឋ​អាមេរិកនៃ​នាវា​ពេទ្យ​ USNS Mercy បាន​ចាក​ចេញ​ពី​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ​ដោយ​ចាត់​ទុក​បេសកកម្ម​របស់​ខ្លួន​ថា ជា​បេសកកម្ម​ប្រកប​ដោយ​ជោគជ័យ។

ក្នុងអំឡុង​ពេល​បំពេញ​ការ​ងារ​របស់​ខ្លួន ក្រុម​គ្រូ​ពេទ្យ​ទាហាន​អាមេរិក​បាន​ព្យាបាល​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​កម្ពុជា ​នៅ​តាម​ទី​ជនបទ​ ចំនួនជាង ២៩.០០០ ​នាក់ ក្នុង​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​កំពត កំពង់ស្ពឺ កំពង់ចាម និង​ខេត្ត​រតនគិរី។ គឺ​នេះ​បើ​ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ជំងឺ​ដែល​ត្រូវ​បាន​ព្យាបាល​រួម​មាន​ជំងឺ​អាសន្នរោគ ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ ជំងឺ​សើ​ស្បែក​រ៉ាំរ៉ៃ ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​កង្វះ​អាហារូបត្ថម្ភ​ជាដើម។

សេចក្ដី​ប្រកាសព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ថា អ្នក​ជំងឺ​កម្ពុជា​ចំនួន​៥៣៦​ នាក់ ត្រូវ​បាន​ព្យាបាល​នៅ​លើ​នាវា​ពេទ្យ USNS Mercy និង​ក្រុម​គ្រូ​ពេទ្យ​អាមេរិកាំង​បាន​ធ្វើ​ការ​វះ​កាត់​នៅ​លើ​នាវា​នេះ​ចំនួន​២៨៦ ​ករណី។

នាវា​ពេទ្យ USNS Mercy សហ​រដ្ឋ​អាមេរិក​បាន​មក​ដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា​ បាន​ឈប់​សំចត​រយៈ​ពេលពីរ​សប្ដាហ៍​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ក្របខណ្ឌ័​ នៃ​កិច្ច​ពង្រឹង​ទំនាក់​ទំនង​ក្នុង​តំបន់អាស៊ី​ប៉ាស៊ីភិក និង​បង្កើន​លទ្ធភាព​សហការ​គ្នា​ជាមួយ​ប្រទេស​កម្ពុជា។ គ្រូពេទ្យ​យោធា​អាមេរិក​ ដែល​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ក្រុម បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ប្រជា​ពលរដ្ឋ​កម្ពុជា នៅ​ក្នុង​ខេត្ត​ទាំង​បួន​នេះ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា។ រាល់​ការ​ព្យាបាល​ទាំង​នេះ ក៏​មាន​ការ​សហការ​ពី​ក្រុម​គ្រូ​ពេទ្យ​យោធា​កម្ពុជា​ផង​ដែរ។

លោក​ស្រី​លីហ្ស៊ា ហ្រ្វែនឆិតទី (Lisa M. Franchetti) វរនាវីឯក មេបញ្ជាការ​បេសកកម្ម នៃ​កង​នាវា​ពេទ្យ​សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា ក្រុម​ទាហាន​ពេទ្យ​សហ​រដ្ឋ​អាមេរិក​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ជិត​ស្និទ្ធ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ហើយលោក​ស្រី​ចង​ចាំ​ជានិច្ច​នូវ​មិត្តភាព និង​ពេល​វេលា​ប្រកប​ដោយ​ការ​លើក​ទឹក​ចិត្ត​នេះ​។

ដោយ​ឡែក​លោក​ឧត្តមសេនីយ៍​ឈុំ សុជាតិ អនុ​រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ដែរ​ថា បេសកកម្ម​មនុស្ស​ធម៌​របស់​កង​ទាហាន​អាមេរិក​នេះ បង្ហាញ​ពី​ជំហាន​វិជ្ជមាន​នៃ​កិច្ច​សហការ​នៃ​កង​ទព័​នៃ​ប្រទេស​ទាំង​ពីរ។ លោក​សុជាតិ​ថ្លែង​ថា៖

«វា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​រីក​ចម្រើន​ថ្មី​មួយ​ថែម​ទៀតនូវ​កិច្ចសហប្រតិបត្តិ្កការ​រវាង​អាមេរិក និង​កម្ពុជា។ ដោយ​ឡែក​បង្កើន​នូវ​ទំនាក់​ទំនង​ទ្វេភាគី​ រវាង​កងទព័​អាមេរិក និង​កម្ពុជា ​ពិសេស​លើ​បញ្ហា​ព្យាបាល​របួស​ជំងឺ​ជូន​ប្រជាជន។ ធ្វើ​ឲ្យ​កង​ទព័​ទាំងពីរ​មាន​ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍ និង​បច្ចេកទេស រវាង​គ្នា​ទៅ​វិញ​ទៅ​មក»។

គួរ​រំលឹក​ដែរ​ថា ការ​ចូលសំចត​របស់​នាវា​ពេទ្យ USNS Mercy នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក​គ្រោង​នឹង​ប្រារព្ធ​ខួប​លើក​ទី​៦០ឆ្នាំ នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ ក្រុម​ទាហាន​សហ​រដ្ឋ​អាមេរិក បាន​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ ​ដែល​គយ​អាមេរិក​ចាប់​បាន​ពី​ការ​ជួញ​ដូរ​ខុសច្បាប់​ចំនួន​ប្រាំពីរ​ដុំ​ឲ្យ​ទៅ​រដ្ឋាភិបាល​កម្ពុជា​វិញ ។

ក្រៅពី​ការ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​កម្ពុជា បេសកម្ម​នេះ​ក៏​មាន​ការ​ជួយ​ជួស​ជុល​សាលា​រៀន និង​មជ្ឈមណ្ឌល​កុមារ​ ជីក​អណ្ដូង​ទឹក​សម្រាប់​ទាញ​យក​ទឹក​ស្អាត​ជូន​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ​ផង​ដែរ៕

XS
SM
MD
LG