ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​ជើង​ទឹក​កម្ពុជា​និង​អាមេរិក​ធ្វើ​សមយុទ្ធ​យោធា​លើ​ផ្ទៃ​សមុទ្រ


កងទ័ព​កម្ពុជា​ និង​ទាហាន​ជើងទឹក​របស់​សហរដ្ឋ​អាមេរិក​ ​បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ឋ​យោធា​លើ​ផ្ទៃ​សមុទ្រ ​ដោយ​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃច័ន្ទ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។
កងទ័ព​កម្ពុជា​ និង​ទាហាន​ជើងទឹក​របស់​សហរដ្ឋ​អាមេរិក​ ​បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ឋ​យោធា​លើ​ផ្ទៃ​សមុទ្រ ​ដោយ​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃច័ន្ទ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។

ភ្នំពេញ៖ កងទ័ព​ជើងទឹក​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​ច្រើន​រាប់​រយ​នាក់​ បាន​ចាប់​ផ្ដើម​សមយុទ្ឋ​រយៈ​ពេល​៦​ថ្ងៃ​នៅ​ទីក្រុង​កំពង់ផែ​ខេត្ត​ព្រះស៊ីហនុ ​សម្រាប់​ដំណាក់​កាល​លើក​ទី​ពីរ។​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា ​ប្រទេស​ទាំង​ពីរ​នឹង​បង្កើន​ទំនាក់​ទំនង​ផ្នែក​យោធា​បន្ថែម​ទៀត​ក្រោយ​ពី​សមយុទ្ឋ​នេះ​បាន​បញ្ចប់។

កងទ័ព​កម្ពុជា​ និង​ទាហាន​ជើងទឹក​របស់​សហរដ្ឋ​អាមេរិក​ច្រើន​រាប់រយ​នាក់ ​បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ឋ​យោធា​លើ​ផ្ទៃ​សមុទ្រ ​ដោយ​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃច័ន្ទ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។

មន្រ្តី​ជំនួយការ​អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​នេះ​ថា ​សមយុទ្ឋ​លើ​ផ្ទៃ​សមុទ្រ​នេះ ​មាន​ឈ្មោះ​ថា ​CARAT​ ដោយ​ផ្តោត​ទៅលើ​សន្តិសុខ​សុវត្ថិភាព​លើ​ផ្ទៃ​សមុទ្រ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១០​ នៅ​ក្នុង​ដំណាក់កាល​លើក​ទីពីរ។

លោក​បាន​មាន​ប្រសាសន៍​ថា ​ក្រៅ​ពី​ការ​ធ្វើ​សមយុទ្ឋ​យោធា​លើ​ផ្ទៃ​សមុទ្រ​ ទាហាន​ជើងទឹក​ របស់​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​កិច្ច​ការងារ​មនុស្សធម៌​មួយ​ចំនួន ​ព្យាបាល​ជម្ងឺ​ដល់​ប្រជា​ពលរដ្ឋ​ បណ្តុះ​បណ្តាល​ និង​លេង​កីឡា​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​នឹង​កងទ័ព​កម្ពុជា។

«លំហាត់​សមយុទ្ឋ​យោធា​លើក​ទី២​នេះ​ គឺ​ប្រព្រឹត្ត​ឡើង​រយៈពេល​៦ថ្ងៃ ​ហើយ​ដែល​ការងារ​សំខាន់​ គឺ​ការ​បណ្តុះ​បណ្តាល ​ដែល​ផ្តល់​ដោយ​កង​នាវាចរ​សហរដ្ឋ​អាមេរិក ​ដល់​ខាង​កង​នាវា​ជើង​ទឹក​កម្ពុជា​ពាក់​ព័ន្ឋ ​នឹង​ការងារ​ជួសជុល​ម៉ាស៊ីន​ ជួស​ជុល​នាវា ​ការពិនិត្យ​មើល​សន្តិសុខ​ផ្ទៃ​សមុទ្រ»។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹងថា​ ការ​ធ្វើ​សមយុទ្ឋ​លើក​នេះ​ កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​និង​កម្ពុជា ​នឹង​ធ្វើ​ប្រតិបត្តិការ​ចល័ត​ លើ​ផ្ទៃ​សមុទ្រ​ចំនួន​មួយ​ថ្ងៃ។

ការ​ហ្វឹកហ្វឺន​មួយ​ទៀត​នៅ​ក្នុង​កម្មវិធី​របស់ ​CARAT ​បាន​ផ្តោត​ទៅលើ​សន្តិសុខ​នៃ​ដែន​សមុទ្រ​ ដែល​រួមមាន​ ការមុជទឹក​និង​ការ​ជួយ​ស្រោចស្រង់​សន្តិសុខ​កំពង់ផែ​ ប្រតិបត្តិការ​ឡើង​នាវា​ដើម្បី​ធ្វើ​ការ​ឆែកឆេរ ​និង​ឃាត់​ទុក​ប្រតិបត្តិការ​យន្តហោះ​លើ​ផ្ទៃ​សមុទ្រ។

លោក​វរនាវីឯក​ ដេវីដវល​ (Daved Welg) ​មេ​បញ្ជាការង​នៃ​ក្រុម​ចម្រុះ​ពិសេស​លេខ​៧៣.១ ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា ​ការ​ហ្វឹកហ្វឺន​នេះ​ នឹង​ជួយ​បង្កើន​ទំនាក់ទំនងល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ​និង​បង្កើន​ទំនាក់ទំនង​ទុក​ចិត្ត​ទៅ​លើ​សមត្ថភាព​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​ឧត្តម​នាវីឯក​ ទៀ វិញ ​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​កម្ពុជា ​នៅថ្ងៃ​អង្គារ៍​នេះ ​បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ។

ក៏​ប៉ុន្តែ​លោក​ឧត្តម​សេនីយ៍ឯក​ ឈុំ សុជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ ​បាន​មាន​ប្រសាសន៍​ថា ​ការ​ហ្វឹកហាត់​លើក​នេះ ​នឹង​ជួយ​បង្កើន​សមត្ថភាព​កងទ័ព​កម្ពុជា​ឲ្យ​រឹតតែ​មាន​សមត្ថភាព​ខ្លាំងក្លា​ថែម​ទៀត។

«ជាមួយ​សហរដ្ឋ​អាមេរិក ​យើង​ឃើញ​ថា​ មិន​មែន​ដូច​ដំបូង​ទេ​ ព្រោះ​កន្លង​មក​គាត់​បាន​សហការ​គ្នា​មិន​មែន​ជា​សមយុទ្ឋ ​ប៉ុន្តែ​គ្រាន់​តែ​ឡើង​កប៉ាល់​ ជិះ​កប៉ាល់​ជាមួយ​គ្នា​ហ្នឹង​ បាន​ន័យថា​ រវាង​កងទ័ព​កម្ពុជា​ ជិះ​កប៉ាល់ ​ជាមួយ​អាមេរិក​ ដើម្បី​សាកល្បង​ក្នុងការ​ជិះ​លើ​នាវា»។

កាល​ពី​ខែ​កក្កដា​ ប្រទេស​កម្ពុជា​ បាន​បើក​សមយុទ្ឋ​យោធា​ពហុ​សាសន៍​រយៈពេល​ពីរ​សប្តាហ៍​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ គោលបំណងដើម្បី​ពង្រឹង​ការ​ថែរក្សា​សន្តិភាព ​និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ។

ការ​ធ្វើ​សមយុទ្ឋ​យោធា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រយៈ​ពេល​ពីរ​សប្តាហ៍នេះ ​មាន​ឈ្មោះថា ​ឆ្មាំអង្គរ​ ឆ្នាំ​២០១០​ ដោយ​មាន​ការ​ចូលរួម​ពី​២៥​ប្រទេស​ចំរុះ​ជាតិ​សាសន៍ ​ដែល​មាន​កងទ័ព​សរុប​ចំនួន​៧០៣នាក់​ មក​ពី​សហរដអាមេរិក​ ប្រទេសចិន​ ឥណ្ឌា ​អាល្លឺម៉ង់ ​បារាំង​ អូស្រា្តលី ​ថៃ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ ប្រ៊ុយណេ​ និង​មក​ពី​ប្រទេស​តុងហ្គោ ​ជា​ដើម៕

XS
SM
MD
LG