ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដោះស្រាយការព្រួយបារម្ភនានាកាលពីថ្ងៃពុធថាសេចក្តីព្រាងច្បាប់ដែលផ្តល់ថវិកាសហព័ន្ធក្រោយពេលកំណត់កាលបរិច្ឆេទថ្ងៃទី១៤ ខែមីនា នឹងរួមមានការកាត់បន្ថយដ៏ចម្រូងចម្រាស់ដល់កម្មវិធីសុវត្ថិភាពសង្គមនោះដូចជាកម្មវិធីសុខភាពនិងសន្តិសុខសង្គម។
លោកប្រធានាធិបតី Trump បានប្រាប់ពួកអ្នកយកព័ត៌មានថា«យើង នឹងមិនប៉ះពាល់ដល់ច្បាប់នោះទេ។ ឥឡូវនេះ យើងកំពុងពិនិត្យមើលការលួចបន្លំ។ ខ្ញុំប្រាកដថាអស់ លោកអ្នក មិនអីទេជាមួយនឹងកម្មវិធីទាំងនោះ បញ្ហានោះគឺថាជនអន្តោប្រវេសន៍ខុសច្បាប់និងឧក្រិដ្ឋជនផ្សេងទៀត»។
ការកាត់បន្ថយទាំងនោះជាបញ្ហាមួយនៃបញ្ហាជាច្រើនដែលសមាជិករដ្ឋសភាកំពុងខិតខំដើម្បីដោះស្រាយមុនពេលសេចក្តីព្រាងច្បាប់ចំណាយរយៈពេលខ្លីនឹងត្រូវអស់ថវិកាក្នុងរយៈពេលជាង២សប្តាហ៍ទៀត។ រដ្ឋសភាបានអនុម័តសេចក្តីសម្រេចថវិកាដោយសំឡេងឆ្នោត២១៧ទល់នឹង២១៥សំឡេងកាលពីយប់ថ្ងៃអង្គារនៅពេលដែលប្រធានរដ្ឋសភាលោក Mike Johnson មានសន្លឹកឆ្នោតគ្រប់គ្រាន់នៅក្នុងគណបក្សរបស់លោក។
សេចក្តីព្រាងច្បាប់រដ្ឋសភានិងព្រឹទ្ធសភា ឥឡូវនេះនឹងត្រូវធ្វើការសម្របសម្រួលដែលត្រូវចុះហត្ថលេខាឱ្យទៅជាច្បាប់។
មុនពេលបោះឆ្នោត សមាជិកជាច្រើនរបស់សភាតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋនៅមានការព្រួយបារម្ភនៅឡើយអំពីទំហំនៃវិធានការចំណាយ ថាតើវិធីណានិងនៅពេលណាដែលត្រូវអនុវត្តការបន្តសំណើកាត់បន្ថយពន្ធឆ្នាំ២០១៧ ហើយនិងផលប៉ះពាល់នយោបាយយ៉ាងណាចេញពីការកាត់បន្ថយកម្មវិធីសុវត្ថិភាពសង្គមដែលផ្តល់អត្ថប្រយោជន៍ដល់ពួកអ្នកបោះឆ្នោតអាមេរិកាំងជាច្រើននោះ។
លោក Johnson បាននិយាយកាលពីថ្ងៃអង្គារថា«យើងមិនត្រឹមតែធ្វើការដើម្បីស្វែងរកការសន្សំប្រាក់សម្រាប់ពួកអ្នកបង់ពន្ធអាមេរិកាំង ប្រើប្រាស់ឱ្យមានប្រសិទ្ធិភាពឡើងនូវប្រាក់ដុល្លាររបស់ពួកគេដែលយើងមានកាតព្វកិច្ចខាងសីលធម៌ដើម្បីធ្វើដូច្នេះប៉ុណ្ណោះទេ យើងក៏មានកាតព្វកិច្ចខាងសីលធម៌ដើម្បីដោះស្រាយបំណុលដែរ។
លោកប្រធានាធិបតី Trump បានអំពាវនាវដល់សមាជិកសភាឱ្យអនុម័ត«សេចក្តីព្រាងច្បាប់ដ៏ធំនិងល្អមួយ»ដែលនឹងក្លាយជាផ្នែកដ៏សំខាន់មួយនៃការអនុម័តរបៀបវារៈនៃគោលនយោបាយក្នុងប្រទេសរបស់លោក៕