វ៉ាស៊ីនតោន៖ លោកស្រី ឡូរ៉ា រីឆាដសុន អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកកំពុងស្ថិតនៅ ក្នុងប្រទេសកម្ពុជាដើម្បី បំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រទេសកម្ពុជា។
យោងតាមបុគ្គលិកនៃការិយាល័យរបស់លោកស្រីរីឆាដសុនបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា៖
«ដំណើរទស្សនកិច្ចរបស់លោកស្រីគឺដើម្បីវាយតម្លៃនូវស្ថានភាពនយោបាយ សេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ប្រទេសកម្ពុជា ហើយក៏ដើម្បីធ្វើការវិភាគនូវសារៈសំខាន់នៃតំបន់នេះចំពោះសហរដ្ឋអាមេរិកផងដែរ»។
ដំណើរទស្សនកិច្ចរបស់លោកស្រីធ្វើឡើងខណៈពេលដែលទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកមានភាពប្រសើរឡើង ហើយក៏ស្របពេលដែលប្រទេសចិនកាន់តែមានឥទ្ធិពលខ្លាំងឡើងៗជាមួយប្រទេសកម្ពុជាតាមរយៈសកម្មភាពជំនួយយោធា ការធ្វើពាណិជ្ជកម្មនិងវប្បធម៌-សង្គមកិច្ច។
លោកស្រី រីឆាដសុនត្រូវជួបជាមួយមន្រ្តីក្រសួងការបរទេសកម្ពុជា សហគមន៍ជំនួញ ស្វែងយល់ពីស្ថានភាពនៃការជួញដូរមនុស្សក្នុងប្រទេសកម្ពុជា និងជួបជាមួយមន្រ្តីប្រឆាំងភេរវកម្មរបស់កម្ពុជានិងតំណាងអង្គការសង្គមស៊ីវិល។ លោកស្រីក៏នឹងទៅទស្សនាសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង សាលាក្តីខ្មែរក្រហម និងប្រាសាទអង្គរវត្តផងដែរ នេះបើតាមការបញ្ជាក់ប្រាប់ពីបុគ្គលិកការិយាល័យរបស់លោកស្រីរីឆាដសុន។
ប្រទេសកម្ពុជាមានកិច្ចសហការល្អជាមួយសហរដ្ឋអាមេរិកលើការងារប្រឆាំងភេរវកម្មប៉ុន្តែកម្ពុជានៅតែស្ថិតក្នុងបញ្ជីឃ្លាំមើលរបស់សហរដ្ឋអាមេរិកទាក់ទងនឹងសកម្មភាពជួញដូរមនុស្ស។
ការិយាល័យអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមសារអេឡិកត្រូនិកថា លោកស្រីរីឆាដសុននឹងត្រូវចាកចេញពីប្រទេសកម្ពុជានៅថ្ងៃសៅរ៍សប្តាហ៍នេះ។
លោកស្រីរីឆាដសុនគឺជាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំតំបន់ទី៣៧នៃរដ្ឋកាលីហ្វញ៉ា ដែលតំបន់នេះមានប្រជាពលរដ្ឋខ្មែររស់នៅច្រើននៅទីក្រុងឡុងប៊ិច។ លោកស្រីក៏ជាសមាជិកនៃគណៈកម្មការសភាទទួលបន្ទុកការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនិងសន្តិសុខជាតិ។
គេបានប៉ាន់ប្រមាណថា មានពលរដ្ឋខ្មែរអាមេរិកាំងចំនួនជាង៥០.០០០នាក់កំពុងរស់នៅ ក្នុងទីក្រុងឡុងប៊ិចសហរដ្ឋអាមេរិក។
លោកស្រីរីឆាដសុនក៏ទៅពិនិត្យមើលមណ្ឌលសុខភាពមួយនៅ ជាយក្រុងភ្នំពេញនាថ្ងៃព្រហស្បតិ៍នេះដែលនៅទីនោះ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិកាំងជាង៥០នាក់កំពុងត្រៀមរៀបចំផ្តល់សេវាព្យាបាលដោយមិនគិតថ្លៃដល់ពលរដ្ឋកម្ពុជា៕