ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ជួយ​ទប់ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់


ព្រៃឈើ​នៅ​សហ​រដ្ឋ​​អាមេរិក​​ដែល​ត្រូវ​បាន​អភិរក្ស​យ៉ាង​ល្អ។
ព្រៃឈើ​នៅ​សហ​រដ្ឋ​​អាមេរិក​​ដែល​ត្រូវ​បាន​អភិរក្ស​យ៉ាង​ល្អ។

ប្រែសម្រួល​ដោយ​លោក​ លី សុខឃាង

សហ​រដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ប្រើប្រាស់​ឈើ ​និង​ផលិតផលព្រៃ​ឈើ​ធំ​ជាង​គេ​បង្អស់​របស់​ពិភពលោក។

ខណៈ​ដែល​ឈើ​ភាគ​ច្រើន​ត្រូវ​បាន​ផលិត​ចេញ​ពី​ព្រៃឈើ​នៅ​អាមេរិក​ផ្ទាល់​ ​សហ​រដ្ឋ​អាមេរិ​ក​ក៏​បាន​នាំ​ចូល​ឈើ​មានតម្លៃ​ប្រហែល​៤០​ពាន់​លានដុល្លារ​ជា​រៀង​រាល់​ឆ្នាំ។ ​ថា​តើ​ឈើ​នោះ​ត្រូវ​បាន​ដាំ​យ៉ាង​ដូច​ម្តេច​ ហើយថា​ ​តើ​ឈើ​នោះ​ត្រូវ​បាន​កាប់​ដោយ​ស្រប​ច្បាប់​ដែរ​ ឬ​អត់​ ​បាន​ក្លាយ​ទៅ​ជាបញ្ហា​ដ៏​មាន​សារៈ​សំខាន់ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ នៅ​ពេល​ដែល​សភា​សហ​រដ្ឋ​អាមេរិកបាន​ធ្វើវិសោធន​កម្ម​ច្បាប់​ស្តីពីបរិស្ថាន​ដែល​មាន​អាយុ​កាល​១០០​ឆ្នាំ​មក​ហើយ​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ ​ជាច្បាប់​លែ​ស៊ី​ (Lacey Act)។

ច្បាប់​ដែល​ធ្វើ​វិសោធនកម្ម​នេះ​ហាម​ការ​នាំ​ចូល​ផលិតផល​ព្រៃ​ឈើ​ដែល​បាន​មក​ពី​ប្រតិបត្តិការ​កាប់​ឈើ​ខុស​ច្បាប់ ​ហើយ​បាន​គំរាម​ក្រុមហ៊ុន​សហ​រដ្ឋអាមេរិក​ទាំង​ឡាយណា ​ដែល​រំលោភច្បាប់​នេះ​នូវ​ការផាក​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ​ ​ការ​ដាក់ពន្ធ​នាគារ​ និង​ការ​រឹប​អូស​ឈើ​រក​ស៊ី​ខុស​ច្បាប់ ឬ​ផលិតផល​ព្រៃឈើ​ផ្សេងៗ​ទៀត។

លោក​អាឡិន ថនថិន​ (Allan​ Thornton) ​ជា​ប្រធាន​ទីភ្នាក់ងារ​ស៊ើបអង្កេត​ផ្នែក​បរិស្ថាន​ ដែល​ជា​ទីភ្នាក់ងារ​មិនរក​ប្រាក់​ចំណេញ ​មាន​មូលដ្ឋាន​នៅ​ក្នុ​ងទីក្រុង​វ៉ាស៊ីនតោន​ ដែល​ចង​ក្រង​ឯកសារស្តីពី​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ទូទាំងពិភព​លោក។​ លោក​ថនថិន​ ថ្លែង​ថា៖

“នៅពេល​ដែល​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​ ​ហើយ​តាម​ដាន​ឈើ ​ដែល​ហូរ​ចូល​មក​តាមប្រទេសមួយ​ចំនួន ​ដូច​ជាសឹង្ហបូរី​ ​ម៉ាឡេស៊ី​ ​តៃវ៉ាន់​ ​និង​ចិន​ ​ហើយ​ត្រឡប់​ចូល​មក​ក្នុង​សហ​រដ្ឋអាមេរិក​ ឬ​ប្រទេស​ជប៉ុន​ និង​សហភាព​អឺរ៉ុប​ ​យើង​កាន់​តែ​យល់​ច្បាស់​បន្តិច​ម្តងៗ​ថា​ ​ការ​កាប់​ឈើ​ខុសច្បាប់​បាន​រីករាល​ដាល​នៅ​ជុំវិញ​ពិភព​លោក”។

កម្រិត​នៃ​ការ​កាប់ឈើ​ខុសច្បាប់​មាន​ភាពប្លែកគ្នាយ៉ាងខ្លាំងទៅតាមប្រទេសនាំ​ចេញ និ​ងប្រភេទ​ឈើ។​ បើ​យោង​តាម​របាយការរបស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​ផ្នែក​បរិស្ថាន​ ​ការ​កាប់​ឈើ​មាន​កម្រិត​ខ្ពស់បំផុត​រហូត​ដល់៦០​ទៅ​៨០​ភាគរយ​នៅ​ក្នុង​ប្រទេសមួយចំនួន។​ លោក​ ថនថិន​ និយាយថា​ ការ​ធ្វើ​វិសោធនកម្ម​ថ្មី​ទៅ​លើច្បាប់​លែស៊ី​ គឺ​ជា​សញ្ញាដាស់​ឲ្យភ្ញាក់​រឭក​ចំពោះ​អ្នកទាំង​ឡាយដែលចង់ធ្វើ​ពាណិជ្ជ​កម្មនៅក្នុងទីផ្សារផលិត​ផល​ព្រៃ​ឈើរកប្រាក់ចំណេញបានច្រើនរបស់​សហ​រដ្ឋ​អាមេរិក​ ដែល​តាម​ការ​ប៉ាន់​ស្មាន១០​ភាគរ​យ​នៃ​ឈើ​នាំ​ចូល​មិនស្របច្បាប់។​ លោក​ថនថិន​បន្ត​ទៀត​ថា៖

«គ្រប់​គ្នា​ចង់​នាំ​ឈើ​ចេញ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ ​ហើយ​ការ​នាំ​ចេញ​នោះ​បានលើកទឹកចិត្ត​យ៉ាង​ខ្លាំង​ដល់​អ្នក​ផលិត​ និង​អ្នក​នាំ​ចេញឲ្យ​គោរពច្បាប់​លែស៊ី​របស់​សហរដ្ឋ​អាមេរិក​ ​ហើយច្បាប់​នេះ​មិន​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ចង់​នាំ​ចេញ​ ឬ​ធ្វើពាណិជ្ជ​កម្ម​ផលិតផល​ឈើខុស​ច្បាប់»។

លោក​ថនថិន​ បាន​ទទួល​ការលើក​ទឹកចិត្ត​តាម​រយៈ​ការ​ឆ្លើយ​តបចំពោះ​ច្បាប់​នេះ​ ពី​សំណាក់​អ្នក​នាំ​ឈើ​ចេញ​ និង​សហគមន៍​ពឹង​ផ្អែក​លើ​ធនធាន​ព្រៃឈើ​ ​ដែល​អាស្រ័យលើ​ព្រៃឈើ​ក្នុង​ស្រុក​ដើម្បី​រក​ប្រេង​ ​អាហារ​ និង​របរ​ចញ្ចឹម​ជីវិត។​ លោក​ថនថិន​បន្តថា៖

“ពួកគេ​មាន​អារម្មណ៍​ថា​ ​ច្បាប់​នេះ​ជា​វិធានការ​ដ៏​វិ​ជ្ជមាន​ ដែល​នឹង​ជួយ​ពួក​គេ​ក្នុងការ​គ្រប់​គ្រង​រាល់​ការ​កាប់​ឈើ​ ហើយច្បាប់នេះនឹង​ផ្តល់អំណាចឲ្យ​ពួក​គេក្នុងនាម​ជា​សង្គម​ស៊ីវិល​ តាមរយៈ​ការ​ជួយ​លើក​កម្ពស់​តម្លាភាព និង​ការ​ទទួល​ខុសត្រូវ​ក្នុងឧស្សាហកម្មព្រៃឈើ។ ដូច្នេះ ​យើង​មានអារម្មណ៍​ថា ​ច្បាប់​នេះ​គឺ​ជា​ទឹក​ដែល​កំពុង​ឡើង​ ដោយជួយធ្វើឲ្យ​ទូកទាំង​អស់ចូល​រួមការពារ​ព្រៃឈើ​របស់​សាកល​លោក”។

ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន​គឺជា​ដៃ​គូ​នៅ​ក្នុង​ក្រុមសម្ព័ន្ធភាព​ច្បាប់​ព្រៃ​ឈើ​ (Forest Legality Alliance) ទើបបង្កើត​ថ្មី ដែល​ជាកា​រផ្តួច​ផ្តើម​គំនិត​ជា​សាកល​ ដោយ​រាប់​បញ្ចូលទាំង​ក្រុម​ហ៊ុន​ជំនួញ​ រដ្ឋាភិបាល​ និង​ក្រុម​មិន​រក​កំរៃផ្សេងៗ។ លោក​អាដាម ហ្គ្រែនត៍ (Adam​ Gran​t)​ ដែល​គ្រប់​គ្រង​កម្ម​វិធីរបស់វិទ្យាស្ថា​ន​ធន​ធានពិភពលោក​ និយាយថា ​ការផ្តោតការយកចិត្ត​ទុក​ដាក់​គឺ​ដើម្បី​ជួយ​ឧស្សហកម្មនេះ​ក្នុង​ឆ្លើ​យតបទៅនឹងសំណួ​រ​ជាមូល​ដ្ឋាន​មួយ​ចំនួន។ លោក​ហ្គ្រែនត៍​បន្តថា៖

“តើ​អ្នក​ទិញ​ឈើ​ពី​កន្លែង​ណា​?​ តើ​មាន​ចំនួន​ប៉ុន្មាន​? តើ​មា​ន​តម្លៃ​ប៉ុន្មាន​ ហើយ​តើ​ស្រប​ច្បាប់ដែរ​ឬ​ទេ​? នៅ​ពេល​ដែល​អ្នកមាន​ព័ត៌មានទាំង​នេះ​ ​អ្នក​នឹង​មាន​លទ្ធភាព​បែង​ចែករវាង​ការ​ទិញ​ប្រកប​ដោយ​ភាព​ប្រថុយ​ប្រថាន​ និងមិន​សូវ​មាន​ភាព​ប្រថុយប្រថាន”។

លោកហ្គ្រែនត៍ ឲ្យ​ដឹង​ថា​ក្រុម​សម្ព័ន្ធមិត្តនឹង​បង្កើត​កម្ម​វិធី​គ្រប់​គ្រង​ភាព​ប្រថុយ​ប្រថាន​ តាម​ប្រព័ន្ធ​អ៊ីនធឺណែតដែល​ងាយ​ស្រួល​ប្រើ ​ដើម្បី​ជួយ​ក្រុមហ៊ុន​ក្នុងការ​ពិនិត្យមើលបទ​បញ្ញត្តិ​ទាំង​ឡាយ​ស្តី​ពី​ច្បាប់​ និង​បរិស្ថាន។ លោក​ហ្គ្រែន​ថ្លែងថា៖

“វា​ប្រហែល​ជា​ឧបករណ៍​ដែល​ផ្អែក​លើ​ផែនទី​ ឬ​ផ្អែកលើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណែត​ ដែលថាប្រសិនបើ​អ្នកចង់ទិញ​ពី​ប្រទេស​មួយ​ អ្នក​អាចចុច​លើ​ប្រទេស​នោះ ​ហើយ​អ្នក​អាច​ចូល​ទៅ​កាន់​ស្រុក​ដែល​អ្នក​ចង់​ទិញ។ ហើយ​នៅ​ពេល​ដែលអ្នក​អាច​ចូល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​ទៀត​នៃឧបករណ៍នេះ​ ​អ្នកនឹងឃើញមាន​ព័ត៌មាន​ផ្សេងៗទាក់ទង​នឹងតម្រូវការផ្នែក​ច្បាប់​របស់​ប្រទេស​នោះ ​ភាព​ប្រថុយ​ប្រថាន​ក្នុង​ការ​ទិញ​ពី​កន្លែង​នោះ​ ប្រភេទ​ឈើ​ដែល​អ្នក​នឹង​ទិញ​ ភាព​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ទិញ​ឈើ​នោះ​ ហើយ​ពេល​នោះអ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​ព័ត៌មាន​ទាំងអស់​នោះ​បាន”។

ដៃ​គូ​មួយ​ទៀត​នៅ​ក្នុង​សម្ព៍ន្ធ​ភាព​ច្បាប់​ព្រៃ​ឈើ​ គឺ​សមាគម​ផលិត​ផល​ឈើ​អន្តរជាតិ​ (International Wood Products Association) ជា​ក្រុម​ពាណិជ្ជកម្មឧស្សាហកម្ម​មួយ ដែល​តំណាងឲ្យ​ក្រុមហ៊ុន​ចំនួន​២០០​ ដែល​ភាគច្រើន​មានមូលដ្ឋាន​នៅ​ក្នុ​ង​សហរដ្ឋ​អាមេរិក។ លោក​ប្រ៊ែនត៍ ម៉ាក់ខ្លិនដុន (Brent McClendon) ជា​អនុ​ប្រធាន​ប្រតិបត្តិ។ លោកមាន​ប្រសាសន៍ថា ការ​ចាត់​វិធានការ​ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា​ ​ពាណិជ្ជ​កម្ម​ស្រប​ច្បាប់​មាន​សុភវិនិច្ឆ័យ​ល្អ​សម្រាប់​បរិស្ថាន​ និង​កិច្ចការ​ជំនួញ។ ​លោក​ ម៉ាក់ខ្លិនដុន​មាន​ប្រសាសន៍​ថា៖

“តាម​រយៈ​ការ​ធ្វើ​ជំនួញ​ច្រើន​ជាង​មុន​ ​អ្នក​នឹង​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ក្នុង​វិស័យ​ព្រៃ​ឈើ។​ ហើយ​ដូច្នេះ​ ​នៅ​ពេល​យើង​ចូល​ក្នុង​ក្រុម​សម្ព័ន្ធ​ភាព​នេះ​ ​ហើយ​យើង​ចាប់​ផ្តើម​គិតអំពី​តម្លៃ ដែល​ជំនួញ​កំពុង​កើនឡើង​នាំ​មក​ សម្រាប់​ការ​ការពារ​ព្រៃ​ឈើ​នោះ​ ​អញ្ជឹង​វា​នឹងអនុញ្ញាត​ឲ្យ​យើង​បញ្ជូន​សារ​ ដើម្បី​ឲ្យ​ស្ថាបត្យ​ករ​ និង​អ្នក​គូរប្លង់​នានា​ អាចបញ្ជាក់​ផលិត​ផល​ឈើ​នាំ​ចូល​កាន់​តែ​ច្រើន​ឡើង។ ​វា​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ការ​ធានា​ ដែល​ស្ទើរ​តែ​ជា​ការ​បញ្ជាក់​ផ្លូវការ​ ដែល​ថា​ ​ផលិតផល​ឈើ​នាំ​ចូល​នោះ​គឺ​ល្អ”។

លោក​ម៉ាក់ខ្លិនដិន​ (McClendon)​ បន្ថែម​ថា​ ​វាជា​ឱកាស​មួយ​ក្នុង​ការ​ប្រមូល​ផលឈើ​ហ៊ុប​ប្រកប​ដោយ​និរន្តភាព​ ​ហើយ​អាច​ឈាន​ទៅ​រក​ទីផ្សា​ថ្មីៗ ​ដោយ​សារ​តែ​អ្នក​រក​ស៊ីគោរព​តាម​តម្រូវការ​ថ្មី​នេះ។​ លោក​ឲ្យ​ដឹង​ទៀ​ត​ថា​ ​សហភាព​អឺរ៉ុប​ និង​ប្រទេស​អូស្រ្តាលី​កំពុង​ពិចារណាលើ​បទបញ្ញត្តិ​ស្រដៀង​គ្នា​នេះ​ដែរ ​ដើម្បី​ទប់​ស្កាត់​ជំនួញ​ឈើខុស​ច្បាប់៕

XS
SM
MD
LG