សហរដ្ឋអាមេរិកនៅរសៀលថ្ងៃអង្គារនេះបានផ្ដល់ជំនួយជាង៣៥លានដុល្លាអាមេរិកសម្រាប់ជួយដល់ប្រទេសកម្ពុជាក្នុងការពង្រឹងវិស័យអប់រំនិងវិស័យសុខាភិបាលរបស់ខ្លួន។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ជំនួយជាង៣៥លានដុល្លានៅថ្ងៃនេះ ដល់ប្រទេសកម្ពុជា ដើម្បីជួយលើកតងប្រសិទ្ធិភាពក្នុងវិស័យសុខាភិបាល និងលើកតម្កើងគុណភាពក្នុងវិស័យអប់រំ។
ទឹកប្រាក់ចំនួន៣៣,៥៥លានដុល្លាអាមេរិកនឹងត្រូវប្រើសម្រាប់វិស័យសុខាភិបាលជាពិសេសសម្រាប់កាត់បន្ថយអត្រាឆ្លង និងផលប៉ះពាល់របស់ជំងឺអេដស៍ ការពារនិងកម្ចាត់ជំងឺឆ្លងធំៗដូចជាជំងឺរបេងជាដើម រួមទាំងធ្វើឲ្យប្រសើរនូវការគាំពារសុខភាពមាតា និងកុមារ និងសុខភាពបន្ដពូជ។ ដោយឡែកទឹកប្រាក់ជំនួយចំនួន១,៥៥ លានដុល្លាទៀតសម្រាប់ពង្រឹងការអប់រំជាមូលដ្ឋាន និងពង្រីកលទ្ធភាពចូលរៀនរបស់កុមារឲ្យបានកាន់តែច្រើន ដោយរាប់បញ្ចូលទាំងកុមារជនជាតិភាគតិចនិងកុមារពិការផងដែរ។
លោកស្រី ខារ៉ូល រ៉តលី (Carole Rodley) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយថា ការអភិវឌ្ឍប្រទេសកម្ពុជាពឹងផ្អែកលើវិស័យអប់រំ និងសុខភាពរបស់ប្រជាពលរដ្ឋ។
“ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងអនាគតនៃការរីកចម្រើនពឹងផ្អែកលើប្រជាពលរដ្ឋដែលមានសុខភាពមាំទាំ និងមានការអប់រំជ្រៅជ្រះ"។
លោក ឡុង វិសាលូ រដ្ឋលេខាធិការក្រសួងការបរទេសមានប្រសាសន៍ក្នុងពិធីនោះដែរថាជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងជួយដល់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។
“ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានផ្ដល់ជំនួយសប្បុរសធម៌ដើម្បីធ្វើឲ្យប្រសើរឡើងនូវវិស័យអត្ថិភាពសំខាន់បំផុត
ចំនួនពីរសម្រាប់កាត់បន្ថយភាពក្រីក្រ និងកសាងសមត្ថភាពធនធានមនុស្សសម្រាប់កិច្ចអភិវឌ្ឈន៍សេដ្ឋកិច្ចសង្គម"។
ប្រទេសកម្ពុជា គឺជាប្រទេសដ៏ក្រីក្របំផុតមួយដែលដកដង្ហើមតាមជំនួយបរទេសក្នុងមួយឆ្នាំៗយ៉ាងតិចចំនួន ៦០០លានដុល្លារ។ សហរដ្ឋអាមេរិក គឺជាប្រទេសផ្ដល់ជំនួយសំខាន់មួយសម្រាប់ជួយដល់កិច្ចអភិវឌ្ឈន៍របស់កម្ពុជា។
សូមបញ្ជាក់ថា ជំនួយចុងក្រោយបានធ្វើឲ្យជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០០២មក សម្រាប់ជួយពង្រឹងនិងអភិវឌ្ឈន៍វិស័យសុខាភិបាល និងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាកើនដល់ចំនួន ២៧៧ លានដុល្លារហូតមកទល់នឹងឆ្នាំ២០១០ នេះ។ ដោយឡែកនៅថ្ងៃពុធ ស្អែកនេះ សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយចំនួន១៦,៤៤លានដុល្លារបន្ថែមទៀតដល់ប្រទេសកម្ពុជាសម្រាប់ជួយជម្រុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសដ៏ក្រីក្រមួយនេះ៕