កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានបង្កើនចំនួនប្រទេសដែលខ្លួននិយាយថា មិនបានបំពេញទៅតាមបទដ្ឋានអន្តរជាតិអប្បបរិមានៅក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ប្រទេសលីបង់ វ៉េណេហ៊្សុយអេឡា និងរដ្ឋជាច្រើនទៀតក្នុងទ្វីបអាហ្វ្រិក ស្ថិតក្នុងចំណោមប្រទេសដែលមិនបានឈានចូលក្នុងកម្រិតដែលតម្រូវនៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកទេ។
មន្រី្តការបរទេសថ្លែងថា ទោះបីការយល់ដឹងអំពីការជួញដូរមនុស្សមានការកើនឡើងច្រើនក៏ដោយ ក៏បញ្ហានេះបន្តរីកធំ មួយផ្នែកមកពីការទាក់ទងតាមអ៊ីនធឺរណិត ត្រូវគេធ្វើអាជីវកម្ម ដើម្បីទាក់ទាញមនុស្សឲ្យចូលក្នុងទាសករផ្លូវភេទ ហើយបង្ខំធ្វើការដោយមានកិច្ចសន្យា។
ក្រសួងការបរទេសបានបង្កើនចំនួនប្រទេសមានលំដាប់ថ្នាក់ទីបីហៅ ធា ៣ (Tier 3) ពី១៣ ដល់២៣។ ប្រទេសទាំងនេះត្រូវបានចាត់ទុកថាមិនបានប្រឹងប្រែងជាដុំកំភួនដើម្បីដោះស្រាយបញ្ហានេះទេ ហើយអាចទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក។
ក្នុងការចេញផ្សាយរបាយការណ៍នេះ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកថ្លែងថា មានមនុស្សរហូតដល់២៧លាននាក់ ដែលអាចកំពុងរស់នៅក្នុងទាសភាព ហើយទោះជាប្រទេសជាច្រើន មានច្បាប់ប្រឆាំងការជួញដូរមនុស្សក៏ដោយ ការអនុវត្តមិនបានដល់កម្រិតទេ។
«ចំនួននៃការកាត់ទោសទូទាំងពិភពលោក នៅដដែល។ ហើយការវាស់វែងនៃជោគជ័យមិនអាចពឹងផ្អែកទៅលើរឿងថាតើប្រទេសនោះបានអនុម័តច្បាប់ទាំងនោះឬទេ។ ប្រទេសជាច្រើនមានច្បាប់ទាំងនោះកាលពីទសវត្សរ៍មុន។ ឥឡូវនេះ យើងត្រូវធ្វើឲ្យប្រាកដថា ច្បាប់ទាំងនោះ ត្រូវបានអនុវត្ត ហើយប្រទេសទាំងនោះ នឹងប្រើប្រាស់ឧបករណ៍ដែលខ្លួនបានបង្កើត»។
លោកស្រីគ្លីនតុនបានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំមុន។ លោកស្រីថ្លែងថាលោកស្រីបានឃើញផលប៉ះពាល់ជាក់ស្តែងទៅលើស្ត្រីក្មេងៗដែលត្រូវបានគេជួញដូរ។
«ឆ្នាំមុន ខ្ញុំបានទៅទស្សនាកន្លែងផ្សះផ្សាររបួសផ្លូវចិត្តនិងគាំទ្រ ដែលជាជម្រកមួយសម្រាប់អ្នករស់រានមានជីវិតពីការជួញដូរនៅប្រទេសកម្ពុជា។ ខ្ញុំបានជួបជាមួយនឹងក្មេងស្រីមួយចំនួន ដែលពួកគេភាគច្រើននៅក្មេងខ្ចី ហើយត្រូវបានគេកេងប្រវ័ញ្ច និងរំលោភផ្លូវភេទ។ ពួកគេត្រូវបាន ផ្តល់ជម្រកនិងបង្រៀនជំនាញមានប្រយោជន៍ជាច្រើន ដែលអាចឲ្យពួកគេចូលរួមក្នុងសង្គមជាថ្មី។ ក្មេងស្រីទាំងនោះចង់បាន នូវអ្វីៗ ដូចគ្នានឹងក្មេងៗទូទៅចង់បានដែរ ដូចជាឱកាសក្នុងការរស់នៅ រៀនសូត្រ កន្លែងសុវត្ថិភាព និងមានអ្នកថែទាំពួកគេ»។
នេះជារបាយការណ៍លើកទី១១ របស់ក្រសួងការបរទេសនៅក្រោមច្បាប់ប្រឆាំងការជួញដូរមនុស្សដែលបានអនុម័តដោយសភានៅឆ្នាំ២០០០។ បញ្ជីនេះ មានឈ្មោះប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលំដាប់ថ្នាក់ ធា ៣ (Tier 3) ដែលរួមមាន ភូមា គុយបា អ៊ីរ៉ង់ កូរ៉េខាងជើង និងហ្ស៊ីមបាវេ។
គុយវ៉ែតនិងអារ៉ាប់ប៊ីសេអូឌីតជាសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់ឈូងសមុទ្រពែកស្ថិតក្នុងលំដាប់ថ្នាក់ ធា ៣ (Tier 3) ដែលបានចូលរួមជាលើកដំបូងដោយបណ្តារដ្ឋអាហ្វ្រិក ៦ផ្សេងទៀត និងលីបង់ ធឺកមីនិស្ថាន (Turkmenistan) វ៉េណេហ្ស៊ុយអេឡា (Venezuela) និងមីក្រូនិស្យ៉ា (Micronesia)។
ការដាក់ទណ្ឌកម្មដែលបានអនុញ្ញាតិនៅក្រោមច្បាប់អាមេរិក គឺមិនឲ្យជំនួយមិនមែនមនុស្សធម៌ ហើយបានត្រូវអនុវត្តម្តងម្កាល។
«របាយការណ៍ជាឧបករណ៍ ហើយអ្វីដែលយើងយកចិត្តទុកដាក់បំផុត គឺការធ្វើការជាមួយប្រទេសនានាជុំវិញពិភពលោកហើយនឹងធ្វើការជាមួយរដ្ឋាភិបាលរបស់យើងផ្ទាល់ដើម្បីឲ្យបានទទួលលទ្ធផល»។
ពិធីនៅក្រសួងការបរទេស បានផ្តល់កិត្តិយសដល់សកម្មជន១០នាក់ថាជាវីរជន។ ក្នុងនោះមានអ្នកស្រី ស្ហីឡា រ៉ូស៊ូ (Sheila Roseau) អ្នកគាំទ្រសិទ្ធិស្រ្តីនៅកោះ អាទីហ្ក័ និង បាប៊ូដា (Antigua and Barbuda) ដែលបានជំរុញច្បាប់ប្រឆាំងការជួញដូរមនុស្សតាមរយៈរបស់ប្រទេសកាលពីឆ្នាំមុន។
«គ្រាដែលយើងទទួលស្គាល់កិច្ចប្រឹងប្រែងយ៉ាងខ្លាំងនោះ ចូរយើងធ្វើឲ្យប្រាកដថា យើងបន្តគាំទ្រឧបត្ថម្ភប្រកបដោយប្រសិទ្ធិភាពដល់អ្នកនៅរស់រានមានជីវិតពីការជួញដូរនេះ។ យើងត្រូវបន្តឃ្លាំមើលក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីកំចាត់ការជួញដូរមនុស្សដោយស្វែងរកការគាំទ្រពីរដ្ឋាភិបាលរបស់យើងដល់ចំណាត់ការនេះ»។
របាយការណ៍បានចុះឈ្មោះប្រទេស៦ ថាជាប្រទេសរំលោភច្បាប់អាមេរិកឆ្នាំ២០០៨ ចំពោះការប្រើប្រាស់កុមារធ្វើជាទាហាន ដូចជា ភូមា ឆាដ (Chad) កុងហ្គោ សូម៉ាលី ស៊ូដង់និងយ៉េម៉ែនជាដើម។
ក្រៅពីភូមា ប្រទេសទាំងអស់នេះបានទទួល ជំនួយយោធាខ្លះពីសហរដ្ឋអាមេរិក។ អង្គការការពារសិទ្ធិមនុស្ស Human Rights Watch បានអំពាវនាវដល់រដ្ឋបាលលោកអូបាម៉ាឲ្យបញ្ចប់ជំនួយនោះ ដូចដែលបានចែងនៅក្នុងច្បាប់៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់