ទឹកជំនន់នៅបន្តជន់លិចរាជធានីភ្នំពេញ នៅថ្ងៃច័ន្ទ១៧ តុលានេះ ពេលរដ្ឋាភិបាលព្យាយាមទប់ស្កាត់ការបំផ្លិចបំផ្លាញដោយទឹកជំនន់ធ្ងន់ធ្ងរបំផុតច្រើនឆ្នាំមកនេះ។
ទឹកជំនន់និងដីបាក់បានសម្លាប់មនុស្ស២៤៧នាក់នៅកម្ពុជា។
ទឹកបានចាប់ផ្តើមស្រក តែផ្ទះជាច្រើននៅលិច ហើយអ្នកភ្នំពេញខ្លះប្រើទូកធ្វើដំណើរ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីឲ្យដឹងថា ខេត្តក្រុង១៧នៃខេត្តក្រុងទាំង២៤រងការប៉ះពាល់។
លោកហោណាំហុង រដ្ឋមន្ត្រីការបរទេស បានជួបលោក David Carden ប្រធានបេសកកម្មអាមេរិកប្រចាំអាស៊ាន ដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌អាមេរិក។
ជំនួបនេះធ្វើឡើងពេលក្រុងភ្នំពេញត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០១២។
លោក Carden និយាយថា៖
«យើងអាណិតអាសូរជនរងគ្រោះដោយសារគ្រោះមហន្តរាយនេះ។ វាបានបំផ្លាញស្រូវ និងសម្លាប់មនុស្ស។ ស.រ.អា.កំពុងផ្តល់ជំនួយដើម្បីបន្ធូរបន្ថយការលំបាកដោយសារទឹកជំនន់នេះ»។
ចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោក បានបញ្ជូនជំនួយ៨លានដុល្លារកាលពីថ្ងៃសៅរ៍ ហើយបានចុះហត្ថលេខានៅថ្ងៃច័ន្ទ។
ជំនួយរួមមាន ថ្នាំពេទ្យ ភួយ ក្រណាត់កៅស៊ូ មុង ជាដើម ដើម្បីចែកឲ្យជនរងគ្រោះ។ យន្តហោះមួយគ្រឿងបានដឹកជំនួយមកដល់កាលពីថ្ងៃអាទិត្យ។
នៅថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតចិន និងមន្ត្រីអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងចែកអំណោយឲ្យជនរងគ្រោះនៅខេត្តកណ្តាល។
លោកហោ ណាំហុងមានប្រសាសន៍ថា «តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា ខ្ញុំសូមថ្លៃងអំណរគុណយ៉ាងជ្រៀលជ្រៅដល់រដ្ឋាភិបាលដែលផ្តល់ជំនួយមនុស្សធម៌នេះ»។
អាជ្ញាធរឲ្យដឹងថា ប្រជាជន១លាន៥សែននាក់បានរងគ្រោះទឹកជំនន់។ សាលាជាង២០០០ និងស្រូវជាង២ម៉ឺនហិចតាត្រូវខូចខាតក្នុងខេត្តចំនួន១៨។
កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសលុបចោលពិធីបុណ្យអុំទូក ដោយសារគ្រោះទឹកជំនន់៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ