កត្តាសង្គមដែលកើតមានក្នុងជីវភាពថ្មីលើទឹកដីអាមេរិកនិងប្រវត្តិពីអតីតកាលក្នុងពេលដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហមជះឥទ្ធិពលខ្លាំងមកលើពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនដែលរស់នៅក្នុងទីក្រុងឡុងប៊ិច ហើយបណ្តាលឱ្យមានផលប៉ះពាល់ទៅលើការអប់រំកូនចៅ និងការជួយទំនុកបម្រុងពួកគេឱ្យមានការងារល្អ។
សហគមន៍នៅទីក្រុងឡុងប៊ិចស្ថិតក្នុងចំណោមសហគមន៍ក្រីក្របំផុតនៅក្នុងសហរដ្ឋអាមេរិក ហើយសហគមន៍ខ្មែរក្នុងទីក្រុងនេះជួបប្រទះបញ្ហាប្រឈមមួយចំនួនដោយសារឥទ្ធិពលផ្សេងៗដែលពួកគេមានមកពីប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់អះអាងពីអ្នកជំនាញមួយចំនួន។
លោកស្រី ជេននី ឈាង មន្ត្រីកម្មវិធីរបស់មូលនិធិទាយជ្ជៈទានរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកពីមូលហេតុទាំងនោះថា៖
«សហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិចប្រឈមមុខនឹងបញ្ហាមួយចំនួនដែលបណ្តាលមកពីការធ្វើដំណើរមកពីប្រទសកម្ពុជា ហើយត្រូវមកនៅក្នុងប្រទេសថ្មីមួយនិងបទពិសោធន៍ដែលពួកគេឆ្លងកាត់ក្នុងរបបខ្មែរក្រហមគឺការណ៍ដែលពួកគេត្រូវចាកចេញពីប្រទេសកម្ពុជាមករស់នៅក្នុងប្រទេសដែលថ្មីមួយ»។
លោកស្រីជេននី ឈាងបានបន្ថែមទៀតថា អ្នកទាំងនោះក៏នាំមកនូវជំងឺប្រចាំកាយមួយចំនួនផងហើយបរិយាកាសនៃសង្គមថ្មីមិនសូវអំណោយផលដល់ពួកគេដែរ ដូចជាការរស់នៅក្នុងតំបន់ក្រីក្រនិងមានអំពើហិង្សាជាដើម៖
«ពលរដ្ឋកម្ពុជាចាស់ៗជាច្រើន ដែលមកទីនេះ នៅមានជំងឺផ្លូវចិត្តដែលតែងតែមានបញ្ហាសុខភាពខាងរាងកាយផងដែរ។ ប៉ុន្តែសហគមន៍ដែលមានប្រជាពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងឡុងប៊ិចគឺជាទីកន្លែងដែលមានមនុស្សរស់នៅកកកុញ ដែលតែងតែមានអំពើហិង្សានៅតាមដងផ្លូវ។ មានបញ្ហាហិង្សា ហើយមិនសូវមានឱកាសការងារធ្វើច្រើនទេនៅក្នុងសហគមន៍ទាំងនេះ ហើយយើងដឹងថា សាលារៀននៅទីកន្លែងនោះ ក៏មិនល្អដូចសហគមន៍ដទៃដែរ ដូច្នេះហើយកូនសិស្សដែលទៅសាលារៀននេះមិនមានឱកាសការងារច្រើនដូចគេឯងទេ។ ដូច្នេះប្រព័ន្ធនេះបន្តរហូតមក។ ក៏មានបញ្ហាទាក់ទងនឹងការទទួលបានសេវាថែទាំសុខភាពផងដែរនិងលទ្ធភាពក្នុងការទៅរកជួបគ្រូពេទ្យនៅពេលដែលពួកគេមិនសូវស្រួលខ្លួន»។
ទន្ទឹមនឹងកត្តាសុខភាពផ្ទាល់ខ្លួន ពលរដ្ឋខ្មែរអាមេរិកាំងក៏ប្រឈមមុខនឹងការលំបាកក្នុងការរស់នៅក្នុងវប្បធម៌និងប្រើប្រាស់ភាសាដែលខុសគ្នារវាងពួកគេផ្ទាល់និងកូនដែលកើតនៅលើទឹកដីថ្មីនេះ។
លោកស្រីក្រាញ់ វាសនា រស់នៅក្នុងទីក្រុងឡុងប៊ិច បានបញ្ជាក់ពីការលំបាកក្នុងការប្រាស្រ័យទាក់ទងគ្នារវាងឪពុកម្តាយជាមួយនឹងកូនៗហើយនិយាយភាសាខុសគ្នា។
«កូនក្មេងស្រុកនេះគេទៅសាលាច្រើន ដល់គេនិយាយតែអង់គ្លេសដល់មកវិញ ម្តាយខ្លះអត់ចេះអង់គ្លេសទេ។ ដូចខ្ញុំជាដើម អត់ចេះអង់គ្លេសច្រើនទេ។ សព្វថ្ងៃ ខ្ញុំបានទៅរៀនខ្លះៗទៅ អាចនិយាយជាមួយចៅ ជាមួយកូន...ជាពិសេសមិនមែនតែរឿងហ្នឹងទេគឺរឿងច្រើនដែលទាក់ទងនឹងចាស់ៗ។គាត់តឹងដើមទ្រូង។ ក្មេងៗវាត្រូវនិយាយអីមកយើង យើងអត់យល់អីទាំងអស់»។
លោកស្រីផ្តល់បទពិសោធន៍ផ្ទាល់ខ្លួនថា ពីពេលមុន គាត់អត់ដឹងថា អ្វីទៅជាសញ្ញាប័ត្រថ្នាក់បរិញ្ញា អ្វីទៅជាសញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ ហើយបើទោះបីជាឥឡូវគាត់ដឹងថា គេត្រូវចំណាយពេលប៉ុន្មានឆ្នាំដើម្បីសិក្សាឱ្យបានសញ្ញាប័ត្រទាំងនោះ ក៏គាត់នៅមិនដឹងថា តើវាមានតម្លៃប៉ុណ្ណានិងរកការងារអ្វីធ្វើបានដែរ។
លោកស្រីបញ្ជាក់ថា ជាលទ្ធផលនាំឱ្យលោកស្រី ក៏ដូចជាឪពុកម្តាយដទៃទៀតពិបាកក្នុងការជួយកូនសិក្សាបន្ថែម ឬតាមដានកិច្ចការសាលារបស់កូន។
«គឺកូនសម្រេចចិត្តដោយខ្លួនឯង គ្នាធ្វើអ្វីដោយខ្លួនឯង។ ដូចកាលពីដើមកូននៅតូចៗ នៅថ្នាក់ទីពីរឬទីបីអី យើងអាចជួយវាបាន។ ដល់ពេលវាឡើងថ្នាក់ខ្ពស់បន្តិចទៅ យើងអត់អាចជួយអីវាបាន ហើយវាខឹង។ វាថា សួរអីក៏អត់ដឹង។ អញ្ចឹងវាត្រូវរកគ្នាដើម្បីជួយវា»។
ការណ៍ត្រូវទៅសេពគប់មិត្តភក្តិដើម្បីរកជំនួយក្នុងការសិក្សា ពេលខ្លះអាចប៉ះជាមួយក្រុមដែលនាំទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជាចូលក្រុមអ្នកលេងជាដើម។
កូនរបស់លោកស្រី ក្រាញ់ វាសនា រួចផុតពីការសេពគប់មិត្តភក្តិមិនល្អ ប៉ុន្តែដោយសារពុំមានលទ្ធភាពនិងចំណូលច្រើន កូនរបស់លោកស្រីទាំងពីរនាក់ពុំបានទៅសិក្សាខ្ពង់ខ្ពស់ទេ ហើយពួកគេត្រូវទៅរកការងារធ្វើនៅទីកន្លែងផ្សេង។
មូលនិធិទាយជ្ជៈទានរដ្ឋកាលីហ្វ័រញ៉ាកំពុងជួយផ្តល់មូលនិធិដល់សហគមន៍ចំនួន១៤ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងនោះមានសហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិច។
លោកស្រីជេននីបានបន្ថែមថា៖ «អ្នកដឹងហើយថា ទីណាដែលអ្នករស់នៅមានឥទ្ធិពលលើសុខភាពរបស់អ្នក ហើយប្រសិនបើយើងចង់ធ្វើឱ្យសុខភាពប្រជាពលរដ្ឋទីក្រុងឡុងប៊ិចប្រសើរឡើង ជាពិសេសក្នុងសហគមន៍ខ្មែរ គឺយើងត្រូវនៅទីនេះឱ្យបានយូរពេល ហើយយើងត្រូវផ្តោតលើបញ្ហាមួយចំនួនដែលកំពុងប្រឈមមុខនឹងសហគមន៍នោះ»។
លោកស្រី សារ៉ា ប៉ុលលឹម នាយិកាប្រតិបត្តិអង្គការសហគមន៍ខ្មែរយល់ថា ពលរដ្ឋខ្មែរត្រូវតែរួមគំនិតគ្នាដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះ។
«សង្គមខ្មែរយើងនៅស្រុកអាមេរិក ឬក៏នៅស្រុកខ្មែរមានសេចក្តីជឿនលឿនគឺការឧបត្ថម្ភមិនមែនត្រឹមតែអ្នកឱ្យលុយទេ យោបល់យើងបូកចូលគ្នា គំនិតបូកចូលគ្នា ហើយយោបល់ទាំងអស់គ្នាយកមកដោះស្រាយបញ្ហាក្នុងសង្គមឬក្នុងផ្ទះរបស់យើងជាមួយគ្នា»។
មូលនិធិទាយជ្ជៈទានរដ្ឋកាលីហ្វ័រញ៉ានឹងផ្តោតលើគម្រោងមួយចំនួនដែលជួយធ្វើឱ្យប្រសើរឡើងខាងផ្នែកសុខភាព ដែលមានដូចជាធ្វើឱ្យបរិយាកាសល្អ ការទទួលទានអាហារមានជីវជាតិនិងការរស់នៅដែលប្រាសចាកសកម្មភាពហិង្សា ព្រមទាំងលើកកម្ពស់ការងារជាដើម៕