ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជួបជុំ​គ្នា​រំលឹក​ខួប​២០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស


ការរំលឹក​ខួប​២០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដែល​ធ្វើ​ឡើង​នៅ​ក្រុង​អាឡិចសាន់​ឌ្រា រដ្ឋ​Virginia សហរដ្ឋ​អាមេរិក​ដោយ​មាន​អ្នក​ចូលរួម​ជាពលរដ្ឋ​ខ្មែរ-អាមេរិកកាំង​ជាង​១០០​នាក់​មក​ពី​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​​អាមេរិក​​​ ​និង​អ្នក​នយោបាយ​សំខាន់ៗ​មកពី​ប
ការរំលឹក​ខួប​២០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដែល​ធ្វើ​ឡើង​នៅ​ក្រុង​អាឡិចសាន់​ឌ្រា រដ្ឋ​Virginia សហរដ្ឋ​អាមេរិក​ដោយ​មាន​អ្នក​ចូលរួម​ជាពលរដ្ឋ​ខ្មែរ-អាមេរិកកាំង​ជាង​១០០​នាក់​មក​ពី​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​​អាមេរិក​​​ ​និង​អ្នក​នយោបាយ​សំខាន់ៗ​មកពី​ប

ម្ភៃ​ឆ្នាំ​ក្រោយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ភាគី​ជម្លោះ​នានា​និង​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំង​ស្រុង​នៅ​កម្ពុជា ​ស្ថានភាព​ក្នុង ប្រទេស​នា​ពេល​បច្ចុប្បន្ន​មាន​រូប​ភាព​ល្អ​តែ​ពី​ខាងក្រៅ​ប៉ុណ្ណោះ​ រីឯ​បញ្ហា​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​ឈ្លាន​ពាន​លើ​បូរណភាព​ទឹកដី​ពី​ប្រទេស​ជិតខាង​នៅបន្ត​មាន​នៅ​ឡើយ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហគមន៍​ខ្មែរ​អាមេរិកាំង​ដែលបាន​មក​ជួប​ជុំ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​និង​ថ្ងៃសៅរ៍ក្នុង​ទីក្រុង​អាឡិចសាន់ឌ្រា​ ក្នុង​រដ្ឋ​Virginia។

លោក​ យ៉ាប់​ គឹមទុង​ អតីត​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និងលទ្ធិ​ប្រជាធិបតេយ្យ​និង​ជាអ្នក​រៀបចំ​ខួប​លើក​ទី ២០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​នេះ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា៖

«យើង​នៅ​ខ្វះខាត​ច្រើន ​ពីព្រោះ​ឥឡូវ​ដូចថា​គណបក្ស​ប្រឆាំង​ធំៗ ​ក៏​យើង​អត់​មាន​ឃើញ ​ទៀត​ទេ ពីព្រោះ​ថា​គេ​គាប​សង្កត់ ​ដើម្បី​ធ្វើម៉េច​ដូចថា​ចង់​រលាយ​ទាំងអស់​ហើយ។​ អាហ្នឹង ធ្វើ​ឲ្យ​យើង​អត់​សូវ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ប្រកួតគ្នា​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ ហើយ​ពួកវិទ្យុ​ហើយ​នឹង​ពួកទូរទស្សន៍​អី​ក៏​អញ្ចឹង ​ក៏​យើង​ដូចថា​អត់មាន​ច្រើន​ ដូចថា​អាច​ប្រកាស​ប្រាប់​ ប្រជាជន​យើង​ឲ្យ​បាន​ត្រឹមត្រូវ​ពី​រឿង​សិទ្ធិ​មនុស្ស​ ឬ​មួយ​ក៏​លទ្ធិ​ប្រជាធិបតេយ្យ​ទាក់ទង​នឹង ​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​ ឬក៏​(រឹប)​អូស​ដីធ្លី​របស់​ប្រជាជន​ដូច​ថា​រំលោភ​សិទ្ធិ​យកដី​យក​អី​អញ្ចឹង ​យើង​អត់​មាន​ច្រក​ប្រាប់​ប្រជាជន​យើង​ឲ្យ​ដឹង»។

សន្និសីទដែលមានរយៈ​ពេល​ពីរ​ថ្ងៃ​នេះ​បាន​ទាក់​ទាញ​អ្នក​ចូលរួម​ជាង​១០០​នាក់​មក​ពី​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​ និង​អ្នក​នយោបាយ​សំខាន់ៗ​មកពី​ប្រទេស​កម្ពុជា។

លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​អញ្ជើញ​ជា​វា​គ្មិន​បាន​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​លើក​ទីមួយ​ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មក ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ ហើយ​ពេល​បច្ចុប្បន្ន​នេះ​បានវិល​ទៅរក​ស្ថានភាព​បក្ស​តែ​មួយ​ដូច​កាល​ពី​មុន​មាន​កិច្ចព្រមព្រៀង។

«អាណត្តិ​ទីបួន​នេះ ​ដំណើរ​ការ​ពហុបក្ស​នៅ​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ពី​ពហុ​បក្ស​មក​ឯកបក្ស​ គឺ​អាណត្តិ​ទីបួន​នេះ​ ក្រោយ​គណបក្ស​កាន់​អំណាច​គេ​បាន​៩០​កៅអី ​ដែល​តាម​រយៈ ​ការបោះឆ្នោត​មួយ​ដែល​ខ្ញុំ​យល់ថា​អត់​ត្រឹមត្រូវ​ហ្នឹង ​គឺ​គេ​បាន​៩០​កៅអី ​គឺ​ឥឡូវនេះ​គឺ​ឯកបក្ស ​ហើយ។ មាន​រូបភាព​បក្ស​ច្រើន​នៅក្នុង​សភា ​ប៉ុន្តែ​បក្សប្រឆាំង​និយាយ​បាន​ប៉ុន្តែ​គ្រាន់តែ​កែ ​ក្បៀស​មួយ ​ក៏​គេ​មិនឲ្យ​កែ​ដែរ​ កុំ​ថា​កែ​ខ្លឹមសារ​[នេះ​ នៅ]​អាណត្តិ​ទីបួន​នេះ។​ ពី​មុន​យើង​ផ្តល់​យោបល់​ អី ​ជួនកាល​ផ្លាស់ប្តូរ​កែបាន ​ប៉ុន្តែ​អាណត្តិ​ទីបួន​នេះ ​សូម្បី​តែ​កែក្បៀស​មួយ ​កែអក្សរ​អីមួយ ​ក៏​គេមិន​ឲ្យកែ​ដែរ។​ ហើយ​លើស​ពីហ្នឹង​ទៀត​ គណបក្ស​សិទ្ធិ​មនុស្ស​យើង​មាន​តំណាងរាស្រ្ត​បី​ នាក់​ គេ​អត់​ឲ្យ​និយាយ​ក្នុង​សភា​ទៀត​ ដូច្នេះ​ខ្ញុំ​ឃើញ​ថាឈាន​មកដល់​ឯកបក្ស​ហើយ។​ រដ្ឋាភិបាល​ក៏​ក្រោម​ការដឹកនាំ​របស់​គណបក្ស​កុម្មុយនីស្ត​ហ្នឹង​ រដ្ឋសភា​ក៏​ក្រោម​ការដឹកនាំ​ របស់​បក្សកុម្មុយនីស្ត​ហ្នឹង​ ហើយ​តុលាការ​ក៏​បក្សកុម្មុយនីស្ត​ហ្នឹង​ត្រួតត្រា​តុលាការ​ទៀត»។

លោក​គឹម សួរភីរិទ្ធ​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​នោះ ​បាន​យល់​ស្រប​ថា​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ជាលំដាប់​ ហើយ​ថា​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​ពូកែ​ខាង​រៀប​ចំ​រូបភាព​បន្លំ​ភ្នែក​ឲ្យ​មាន​លក្ខណៈ​ដូច​ជា​មាន​ប្រជាធិបតេយ្យ​ប៉ុន្តែ​ការពិត​ជាក់​ស្តែង​គឺ​គ្មានអ្វី​ជាសេរីភាព​ពិតប្រាកដ​ដែល ​សូម្បី​តែ​ការតវ៉ា​ក៏​ត្រូវ​បាន​រឹតត្បិត​ហើយ​ស្ថាន​ភាព​ក្រី​ក្រ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​លាក់​បាំង។

លោក​បាន​អំពាវ​នាវ​ឲ្យសហគមន៍​ខ្មែរ​នៅ​បរទេស​និង​ប្រជាពលរដ្ឋ​ត្រូវ​រួបរួម​គ្នា​ដើម្បី​ផ្លាស់​ប្តូរមេដឹកនាំ​បច្ចុប្បន្ន​ដើម្បី​នាំ​ប្រទេស​កម្ពុជា​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ។

«ចង់​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​តែ ការផ្លាស់ប្តូរ​ទេ ​ហើយ​ទោះបី​គណបក្ស​ណា​ក៏ដោយ ​ឡើង​ជាប់​ខាងក្រោយ​ បើ​អ្នកឯង​ដឹកនាំ ​មិន​កើត ប្រជាពលរដ្ឋ​នឹង​បន្ត​ការផ្លាស់ប្តូរ​ទៀត។​ ការផ្លាស់ប្តូរ​នឹង​នាំឲ្យ​មានលទ្ធិ ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា»។

យ៉ាង​ណា​ក៏​ដោយ​ ការបែក​បាក់​គ្នា​ក្នុង​ចំណោម​អ្នក​ប្រជាធិបតេយ្យ​បាន​ធ្វើ​ឲ្យ​មាន​ការមិន​ពេញ ​ចិត្ត​ពី​សហគមន៍​ខ្មែរ​នៅ​អាមេរិកាំង​ផងដែរ​ដែល​ពួកគេ​ចង់​ឃើញ​ឲ្យមាន​ការរួបរួម​គ្នាជាកម្លាំង​តែ​មួយ។

លោក ព្រហ្ម​ ស៊ុន ណូរ៉ា អ្នក​រៀបចំ​កិច្ច​សន្និសីទ​នេះ​បាន​បញ្ជាក់​ថា​មធ្យោបាយ​ចុងក្រោយ​គឺ​ត្រូវ​រុញ​អ្នក​ដឹកនាំ​បក្ស​ប្រឆាំង​ឲ្យរួបរួម​គ្នា​តែ​មួយ។

«នយោបាយ​របស់​យើង​នេះ​គឺថា ​យក​អ្នកគាំទ្រ​ទៅឲ្យ​ទប់ទល់​ជាមួយ​អ្នកដឹកនាំ ​ដើម្បី​ឲ្យ​អ្នកដឹកនាំ​ចូលគ្នា។​ ដូច្នេះ​ហើយ​បាន​ថា​មេដឹកនាំ​ត្រូវ​ស្តាប់​អ្នកគាំទ្រ។​ ដូច្នេះ​យើង​យក ​អ្នកគាំទ្រ​រុញ​ឲ្យ​អ្នកដឹកនាំ​ចូលគ្នា​ដើម្បី​ធ្វើឲ្យ​មាន​សមត្ថភាព​ទាំង​អ្នកដឹកនាំ ​អ្នកគាំទ្រ​នៅ​ខាង ​ក្រៅ​ប្រទេស​ អ្នកគាំទ្រ​នៅ​ក្នុង​ប្រទេស​ត្រូវ​យក​យោបល់​របស់​ខ្លួន​ហ្នឹង​រុញ​មេដឹកនាំ​ទាំងអស់ ​ហ្នឹង​ឲ្យ​ចូលគ្នា។​ មាន​តែ​មធ្យោបាយ​ហ្នឹង​តែ​មួយ​ទេ»។

សហគមន៍​ខ្មែរអាមេរិកាំងក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​និង​នៅ​ជុំ​វិញ​ពិភព​លោក​បញ្ចេញ​សំឡេង​របស់​ពួកគេ​ទាម​ទារ​រក​យុត្តិធម៌​តាម​រយៈ​ការចុច​ស៊ីផ្លេរថយន្ត​ ម៉ូតូ ចុច​កណ្តឹង​និង​វាយ​ធុង​វាយប៉ោត​ឬ​ក៏ស្រែក​ដើម្បី​សម្តែ​ងថា​ពួក​គេ​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ។ ក្រុម​អ្នក​រៀបចំ​ស្នើ​សុំឲ្យ​ធ្វើ​សកម្ម​ភាព​នេះ​បីដង​ក្នុង​ថ្ងៃទី​២៣​ខែ​តុលា នៅ​វេលា​ម៉ោង​៦ ព្រឹក ១២ថ្ងៃ និង​៦​ល្ងាច ហើយ​បង្ហូត​ទង់​ជាតិ​កម្ពុជា​ឬ​ទង់​អង្គការ​សហប្រជាជាតិ​ឡើង។

កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ភាគី​ដែល​មាន​ជម្លោះ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​ ឆ្នាំ​១៩៩១​ដោយ​ភាគី​ទាំង​អស់យល់​ព្រម​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​បាន​ហែក​ហួរ​ប្រទេស​អស់​ជាង​២០​ឆ្នាំហើយ​ងាក​មក​កសាង​ប្រទេស​តាម​លទ្ធិ​ប្រជាធិបតេយ្យដោយ​មាន​ការគោរព​សិទ្ធិ​មនុស្ស។

រដ្ឋាភិបាល​កម្ពុជា​មិន​មាន​គម្រោង​រៀបចំ​ខួប​លើក​ទី​២០​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នេះ​ទេ។

លោក​ ផៃ​ ស៊ីផាន​ រដ្ឋ​លេខាធិការ​ និង​ជាអ្នក​នាំ​ពាក្យ​ក្រុម​ប្រតិកម្ម​រហ័ស​បានបញ្ជាក់ថា​អ្វី​ដែល​ជា​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នោះ ត្រូវ​បាន​អនុវត្ត​តាម​ចប់​សព្វ​គ្រប់​ហើយ ហើយ​លោករិះគន់​ការដាក់​គាប​សង្កត់​ណាមួយ​ពី​ខាងក្រៅ​ដើម្បី​ចង់​ឲ្យរដ្ឋាភិបាល​ធ្វើ​អ្វី​តាម​តែ​ពួកគេ​ចង់​បាន។

«យើង​ដឹង​ហើយ ​សេចក្តី​ព្រៀមព្រៀង​សន្តិភាព​ហ្នឹង​ធ្វើឲ្យ​យើង​ទាំងអស់​គ្នា ​ទាំង​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​ចូលរួម​ដើម្បី​កសាង​ស្រុក​តាម​រយៈឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក ​មិន​បាច់​ ចាំ​ឆន្ទៈ​របស់​អ្នកនៅក្រៅ​ទេ ​អាហ្នឹង​ចំណុច​ទីមួយ។ ហើយ​សំខាន់​ដែល​ក្រុម​គណបក្ស ​នយោបាយ​ខ្លះ​ហ្នឹង គេ​យក​សេចក្តី​ព្រៀមព្រៀង​សន្តិភាព​ហ្នឹង​ដើម្បី​ជា​ឈ្នាន់​នាំគេ​មកកាន់ ​អំណាច។ ប៉ុន្តែ យើង​និយាយ​ហ្នឹង​វា​ប្រាស់ចាក​អំពី​អ្វី​ដែល​កើតមាន​តាម​រយៈលទ្ធិ ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ រៀងរាល់ ​៥ ឆ្នាំ​ម្តង​គឺ​យើង​មាន​សមត្ថភាព​ទាំងអស់​គ្នា​មក​ឈរ ​ឈ្មោះ​បោះឆ្នោត ​មករៀបចំ​គណបក្ស ​មិន​អី​ចាំបាច់​ ឬ​ក៏​សារៈសំខាន់​ណាមួយ​ដែល​ទៅ ​ប្រកូក​ប្រកាស​ ដែល​វាយ​ប្រមាថ​កាតទាន​ដល់​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​តាម​រយៈធម្មនុញ្ញ​ទេ»។

មាន​ពលរដ្ឋ​ខ្មែរអាមេរិកាំង​មួយ​ចំនួន​ក៏​បាន​ទៅធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ទីស្នាក់​ការ​អង្គការ​សហប្រជា​ជាតិ​កាល​ពីថ្ងៃ​សុក្រ​ដើម្បី​ទាក់​ទាញ​សហគមន៍​អន្តរជាតិ​ឲ្យចាប់​អារម្មណ៍​ដោះស្រាយបញ្ហា​ដែល​នៅ​សេស​សល់​ដែល​មិន​ទាន់បាន​ដោះស្រាយ ​ហើយ​តាម​អ្វី​ដែល​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​កំណត់​ឡើង​ដូច​ជា​ត្រូវ​មាន​ការគោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​ឲ្យ​ប្រទេស​ជិត​ខាង​គោរព​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជាដែល​គេ​យល់​ថា​នៅតែ​ត្រូវ​រំលោភ​ចូល​ដោយ​ប្រទេស​ជិត​ខាង​ជាដើម៕

XS
SM
MD
LG