ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​ត្រៀម​ស្នើ​ឱ្យ​សភា​អាមេរិកាំង​ជួយ


ប្រជាពលរដ្ឋ​​ខ្មែរ-អាមេរិកកាំង​​​​នៅ​​រដ្ឋ​​ម៉ាសាឈូសេតស៍​​ ជួបប្រជុំ​គ្នា ​ដើម្បីពិភាក្សា​អំពី​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។​​
ប្រជាពលរដ្ឋ​​ខ្មែរ-អាមេរិកកាំង​​​​នៅ​​រដ្ឋ​​ម៉ាសាឈូសេតស៍​​ ជួបប្រជុំ​គ្នា ​ដើម្បីពិភាក្សា​អំពី​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។​​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ស្វះស្វែងរក​ជំនួយ​គាំទ្រ​ពី​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​ជួយ​ដល់​កម្មវិធី​លើក​កម្ពស់​សុខមាលភាព​ជន​អន្តោប្រវេសន៍​ ឬ​ជនភៀស​ខ្លួន​ខ្មែរ​ជាច្រើន​សែន​នាក់​ដែល​គេច​ខ្លួន​ពី​ប្រទេស​កម្ពុជា​ក្នុង​សម័យ​ខ្មែរ​ក្រហម​មក​កាន់ប្រទេស​អាមេរិក។

«ខ្មែរ​យើង​មក​សហរដ្ឋ​អាមេរិក៣០ឆ្នាំ​ហើយ។ សហរដ្ឋ​អាមេរិក​អត់​បាន​ដឹង​ថា​ខ្មែរ​យើង​មាន​ជំងឺ​អ្វីខ្លះ ទេ។​ ហើយ​ខ្ញុំ​ចង់​ជម្រាប​ថា​កាល​កំពុង​រស់នៅ​ក្នុង​សឹក​សង្គ្រាម​ខ្មែរ​យើង​ មាន​ការបង្រៀន​មួយ​គឺ​ថា​ កាលណា​យើង​និយាយ​គឺថា​យើង​ត្រូវ​ស្លាប់​ដូច្នេះ​មក​ដល់ សហរដ្ឋ​អាមេរិក​ ដែល​ជា​ស្រុក​ថ្មីមួយ​របស់​យើង​ហ្នឹង​គឺ​ថា​វប្បធម៌​របស់​គេគឺ​ថា​កាលណា​ យើង​អត់​និយាយ​ក៏​យើង​ស្លាប់។​ដូច្នេះ​ហើយ​បាន​ជា​យើងខ្ញុំ​ទាំង​អស់​គ្នា​ព្រម​ទាំង បង​ប្អូន​ខ្មែរ​យើង​ទាំងអស់​ធ្វើការ​នៅ​សហរដ្ឋ​អាមេរិក​នេះ​បាន​រួមគ្នា​ថា​ទៅ​ជួប​សភា​យើង ដើម្បី​បង្រៀន​គេ​ថា​ នរណា​ជា​ជនជាតិ​ខ្មែរ។ បើ​មិន​អញ្ចឹង​ទៅ​គេ​អត់​ស្គាល់​យើង​ទេ»។

គម្រោង​នេះ​ផ្តួច​ផ្តើម​គំនិត​ដោយ​លោក ​ស្រី ​គួច​ ធានវី ​នាយិកា​សមាគម​គាំទ្រ​ សុខភាព​ខ្មែរ​ មក​ពី​រដ្ឋ​ Connecticut ​និង​ លោកស្រី​ Dani ​Morton ​សកម្មជន​ម្នាក់ មក​ពី​ទីក្រុង​ Seattle​ រដ្ឋ​វ៉ាស៊ីនតោន​ ហើយ​នឹង​បណ្តាញ​អង្គការ​ផ្សេងៗ​ទៀត។ សកម្មជន​ទាំងពីរ​ បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​ Washington​ DC​ ចុង​សប្តាហ៍ មុន​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​ការគាំទ្រ​ពី​ អ្នកមាន​មុខ​មាត់​ផ្សេង​ទៀត​ផង​ដែរ។​ ជា​ពិសេស​ នៅ​ក្នុង​កិច្ចប្រជុំ​រៃ​អង្គាស​ប្រាក់​មួយ​ដែល​រៀបចំ​ដោយ​ អង្គការ​ Refugee ​International ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ពេល​ប្រារព្ធ​ខួប​លើក ទី៣២ ​របស់​អង្គការ​នេះ​ផង​ដែរ។​ សកម្មជន​ទាំងពីរ​ គ្រោង​នឹង​ជួប​ជាមួយ​ សមាជិក ​ឬ​បុគ្គលិក​ សភា​ នៅ​ថ្ងៃ​២៤​ ដល់​ ថ្ងៃទី​២៥ ​ឧសភា​នេះ​ដើម្បី​បញ្ចុះ​ បញ្ចូល​ និង ​ផ្តល់​ការបង្រៀន​អំពី​ផល​វិបាក​នានា​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ កំពុង​ជួប​ប្រទះ។

លោកស្រី​ ធានវី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​បាន​ភៀសខ្លួន​មក​កាន់​សហរដ្ឋ​អាមេរិក​តាំងពី​ឆ្នាំ​១៩៨១​តាមរយៈ​ជំរំ​ខាវអ៊ីដាង​ ប្រទេស​ថៃ​ ហើយ​មក​រស់​នៅ​ក្នុង​រដ្ឋ Connecticut ។ លោក ស្រីបាន​អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​ឬ​ជនភៀស​ខ្លួន​ខ្មែរ​រាប់​ម៉ឺន​ សែន​នាក់ ដែល​បាន​គេច​ចេញ​ពី​សម័យ​សង្គ្រាម​មក​កាន់​សហរដ្ឋ​អាមេរិក​ មាន​ជំងឺ​ជាច្រើន​ដូច​ជា​ ទឹកនោម​ផ្អែម​ ជំងឺ​ផ្លូវចិត្ត​ ជំងឺ​ឡើង​ឈាម ​ជាដើម។ សមាគម​របស់​លោកស្រី​ត្រូវ​គេ​ដឹង​ថា​បាន​បើក​ជួយ​ពលរដ្ឋ​ខ្មែរ​តាំងពី​ឆ្នាំ​១៩៨២​ម្ល៉េះ​ ដោយមាន​ជំនួយ​ពី​អសប​ នឹង​ ពី​ទី​ភ្នាក់ងារ​សុខា​ភិបាល​របស់​សហរដ្ឋ​អាមេរិកា​ផង​ដែរ។

លោក​ ស្រី​ ដានី ​ម័រតុន ​សកម្មជន​ម្នាក់​ដែល​ធ្វើការ​ជិតដិត​ជាមួយ​នឹង​បញ្ហា​ខ្មែរ បាន​ថ្លែង​ថា​គំនិត​ផ្តួច​ផ្តើម​ក្នុងការជួប​ក្រុម​សមាជិក​សភា​គឺ​មួយ​ផ្នែក​ដើម្បី​ស្វែង​រក ថវិកា​ដើម្បី​គាំទ្រ​ដល់​គម្រោង​នានា​ដែល​ត្រូវ​ជួយ​ពលរដ្ឋ​ខ្មែរ​តាម​សហគមន៍​នានា ក្នុង​ប្រទេស​អាមេរិក។

«មាន​ការលំបាក​គ្រប់​ផ្នែក​ ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​សហគមន៍​ខ្មែរ​ សំខាន់ បំផុត​គឺ​ផ្នែក​មិន​ចេះ​ភាសា ​(អង់គ្លេស)​ មិន​ដឹង​ពី​របៀប​របប​ទាក់​ទង»។

លោក​ស្រី​បាន​កត់​សម្គាល់​ថា​ពលរដ្ឋ​ខ្មែរ​មាន​ទំនាក់​ទំនង​តែ​ជា​មួយ​អាជ្ញាធរ​ថ្នាក់ មូលដ្ឋាន​ តែ​មិនមែន​ថ្នាក់​ជាតិ​ទេ​ដែល​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​ធ្វើ​កិច្ចការ​រួម​គ្នា សាមគ្គីគ្នា​ដើម្បី​ធ្វើការ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ ជា​អតីត​ជនភៀស​ខ្លួន។

លោក​ស្រី​ ដានី ​ម័រតុន​ធ្លាប់​ជា​ជនភៀស​ខ្លួន​ខ្មែរ​នៅ​ជំរំ​ខាវអ៊ីដាង​ដែរ​ មុន​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​១៩៨១។​ លោក​ស្រី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​មណ្ឌល​គីរី៕

XS
SM
MD
LG