ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រឡង​សម្រស់​ស្រ្តី​ខ្មែរ​អាមេរិកាំង​លើក​ទី​១​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​


ពិធី​ប្រឡង​សម្រស់​ស្រី្ត​ខ្មែរ​អាមេរិកាំង​​​នេះ​ មាន​បេក្ខនារី​១០រូប​​ចូលរួម​ដែល​​មាន​អាយុ​ពី​១៥​ឆ្នាំ​ដល់​២២​ឆ្នាំ បាន​ទាក់​ទាញ​អ្នក​មក​ទស្សនា​យ៉ាង​ច្រើន​​កុះ​ករ​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​អប​អរ​ឆ្នាំ​ថ្មី​​ឆ្នាំ​ថោះ​ព.ស.​២៥៥៥​ផង​ដែរ។
ពិធី​ប្រឡង​សម្រស់​ស្រី្ត​ខ្មែរ​អាមេរិកាំង​​​នេះ​ មាន​បេក្ខនារី​១០រូប​​ចូលរួម​ដែល​​មាន​អាយុ​ពី​១៥​ឆ្នាំ​ដល់​២២​ឆ្នាំ បាន​ទាក់​ទាញ​អ្នក​មក​ទស្សនា​យ៉ាង​ច្រើន​​កុះ​ករ​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​អប​អរ​ឆ្នាំ​ថ្មី​​ឆ្នាំ​ថោះ​ព.ស.​២៥៥៥​ផង​ដែរ។

ការ​ប្រឡង​សម្រស់ស្រ្តី​ខ្មែរ​អាមេរិកាំង​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន​ លើក​ទី១​ត្រូវបាន​រៀប​ចំឡើង​ដើម្បី​អបអរសាទរពិធីចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ នៅ​វត្ត​ពុទ្ធិការាម​ រដ្ឋ​មែរីលែនដ៍​ (Maryland) សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អាទិត្យ​ ទី​១៧​ខែមេសា​ឆ្នាំ​២០១១។

ពិធី​ប្រឡង​សម្រស់​ស្រី្ត​ខ្មែរ​អាមេរិកាំងមាន​បេក្ខនារី​១០រូបចូលរួម​ ដែល​មាន​អាយុ​ពី​១៥​ឆ្នាំ​ដល់​២២​ឆ្នាំ។ ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​កញ្ញា​ នីន ដេកា (Nine Deka) អាយុ ១៩ ឆ្នាំ ​មកពី​ទី​ក្រុង​ Arshburn​ រដ្ឋ​វីឌ្យីញៀ​ លេខ​២​ បាន​ទៅ​កញ្ញា​ អាស៊្លី ប៉ាក​ (Ashley Pak) អាយុ ១៥ ឆ្នាំ មក​ពីទីក្រុងAlexandria ​រដ្ឋវីឌ្យីញៀ​ និង​លេខ​៣ បាន​ទៅ​កញ្ញា តាំង ឌីណា (Tang Dina) អាយុ ១៥ ឆ្នាំ មកពី​ទីក្រុង​ ហ្វ្រិឌ័រិក (Frederick) រដ្ឋ​ម៉ារីលែដ៍។

ការប្រកួត​មាន​ពី​រវគ្គ ដោយ​វគ្គទី​១ តម្រូវ​ឲ្យ​អ្នក​ចូល​រួម​ទស្សនា​ជ្រើស​រើស​តាម​រយៈការ​បោះឆ្នោត​រើសយក​បីរូប។​ បន្ទាប់​មក​គណៈកម្មការសួរ​សំណួរ​ដើម្បី​ផ្តល់ចំណាត់​ថ្នាក់​លេខ ១ លេខ ២ និង​លេខ ៣។

សំណួរ​ដែល​ធ្វើ​ឲ្យ​កញ្ញា នីន ដេកា​ ទទួលជាជ័យ​លាភីចំណាត់​លេខ១ នោះ​គឺ «តើនិយមន័យ​របស់​អ្នក​ អំពី​ពាក្យ​ថា ជោគជ័យ​គឺ​ជា​អ្វី?​ តើ​អ្នក​អាច​គិត​ឃើញ​ទេ​ថា នៅក្នុង​កាលៈទេសៈ​ណា​ដែល​ជោគជ័យ​អាច​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មនុស្ស?»

កញ្ញា នីន ដេកា​ ​ឆ្លើយ​សំណួរ​របស់​គណៈកម្មការ​មេ​ប្រយោគ​ដូច្នេះ​ថា៖

«ខ្ញុំជឿ​ថា​ ជោគជ័យ​គឺ​នៅពេល​ដែល​អ្នក​បរាជ័យ​ហើយ​រៀន​អំពី​បរាជ័យ​នោះ។ ពេល​នោះ​ អ្នក​នឹង​មាន​ភាព​រីកចម្រើន ​ហើយ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​មុន។ កាលៈទេសៈ​ដែលជោគជ័យ​មិន​មែន​ជារឿង​ល្អ​នោះ​គឺ​នៅ​ពេល​ដែល​អ្នក​តែង​តែ​ឈ្នះ ​ដែល​នាំឲ្យ​អ្នក​មានមោទនភាព​ខ្លួនឯង​ជ្រុល​ ដែល​ជា​កត្តា​នាំឲ្យ​មាន​អត្តចរិត​មិន​ល្អ។ សូមអរគុណ»។

កញ្ញា​ នីន ដេកា ​បាន​ប្រាប់​វីអូអេ​ថា នាង​មាន​មោទនភាព​ និង​រីករាយ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​បវរកញ្ញាឯក​ខ្មែរ​អាមេរិកាំង ​ហើយ​នាង​នឹង​បរិច្ចាកប្រាក់​រង្វាន់​ដែល​មាន​ចំនួន​៥០០ដុល្លារទៅ​ឲ្យ​សមាគម ​កូនស្រី​ ដែល​ជួយ​ដល់​ស្រ្តី​រងគ្រោះ​ដោយសារ​ការ​ជួញ​ដូរផ្លូវ​ភេទ។

ចំណែក​កញ្ញា​ ព្រំ ពិសី​ ដែលជា​បេក្ខនារី​ដែល​បាន​ចូល​ប្រឡង​ដែរ​នោះ​ បាន​ប្រាប់​វីអូអេខ្មែរបន្ទាប់​ពិធី​ប្រកួតនោះចប់​ថា កញ្ញាត្រេក​អរ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រឡង​សម្រស់​ស្រ្តី​ខ្មែរ​អាមេរិកាំ​ងនេះ​ ទោះ​បី​មិន​បាន​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​បី​នាក់​ចុង​ក្រោយ​ក្តី។

«ប៉ារបស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ការ​ប្រឡង​គឺ​តែង​មាន​ចាញ់មាន​ឈ្នះ ប៉ុន្តែ​ទោះ​បី​ជា​ខ្ញុំ​ជាប់​ឬ​មិន​ជាប់​ក៏​មិន​ជា​អ្វីដែរ ពីព្រោះ​គឺ​ជា​ការ​ដែល​ខ្ញុំ​ចូល​រួម​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្មែរ​យើង​ ដល់​ជនជាតិ​ខ្មែរ​យើង និង​បរទេស​ដែល​នៅ​សហរដ្ឋ​អាមេរិក​នេះ»។

អ្នកស្រី​ ផ្លុង អ៊ិត្ថារ៉ា​ អ្នក​រៀបចំពីធី​ប្រឡង​សម្រស់​ស្ត្រីខ្មែរ​បាន​មាន​ប្រសាសន៍បា្រប់​វីអូអេ​ខ្មែរនៅ​ខាង​ក្រោយ​ឆាក​នៃ​ការប្រកួត​ថា ​គោល​បំណង​នៃ​ការ​រៀបចំពិធី​នេះ​ គឺ​ដើម្បី​ទាក់​ទាញ​កូនខ្មែរ​អាមេរិកាំង​ឲ្យ​ត្រឡប់​មកផ្តល់​តម្លៃវប្បធម៌​របស់​ខ្លួន ​និង​ចង់​បង្ហាញ​ដល់​ពិភព​ខាង​ក្រៅ​អំពី​សម្រស់​ស្ត្រី​ខ្មែរ។ អ្នក​ស្រី​ថ្លែង​ថា៖

«ចង់ជួយក្មេង​ៗឲ្យ​មកទាក់​ទងនៅ​វត្ត​ ដូច​ថា​ឲ្យ​ចេះ​ឲ្យ​តម្លៃ​វប្បធម៌​ខ្មែរ​ ដោយសារ​ថា​ ក្មេងៗ​កើត​នៅ​ស្រុក​អាមេរិក​នេះ​ វា​តាម​អាមេរិក។ ការ​ធ្វើ​បវរកញ្ញា​ហ្នឹង​ចង់​ហៅ​ក្មេងៗ​ឲ្យ​ត្រឡប់​មក​ស្រឡាញ់​វប្បធម៌​របស់​ខ្លួន​ឯង​ និង​ឲ្យ​មាន​មោទនភាព​ជាតិ​ខ្មែរ»។

ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​វត្ត​ពុទ្ធិការាម​ឆ្នាំ​នេះ មាន​ប្រជា​ពលរដ្ឋទាំង​ខ្មែរ​ និង​បរទេស​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ខុស​ពី​ឆ្នាំមុនៗ​។

អ្នក​ស្រី សារ៉ង បូរ៉ា មក​ពី​រដ្ឋ​វីឌ្យីញៀ ដែល​ជា​អ្នក​ចូលរួម​ម្នាក់​ដែរ​នេះ បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា​ អ្នក​ស្រី​កត់​សម្គាល់​ឃើញ​ថា​ ឆ្នាំ​នេះមាន​ពិធី​ផ្សេងៗ​ជាច្រើន​ ដូច​ជា​ការ​សម្តែង​របាំ​បូរាណ​ និងប្រជាប្រិយ​ខ្មែរ ល្បែង​ប្រជាប្រិយ​ និង​ជា​ពិសេស​ពិធី​ប្រឡង​សម្រស់​ស្ត្រី​ខ្មែរ។

«ថ្ងៃ​នេះ​ផ្ទាល់​គឺ​មាន​ការ​ប្រកួត​បវរ​កញ្ញា​ខ្មែរ​អាមេរិកាំង​ គឺ​ប្លែក​ ដោយ​សារ​ថា​ឆ្នាំ​មុនៗ​មិន​ធ្លាប់​មាន​កម្មវិធី​នេះ​ទេ»។

គណៈកម្មការ​រៀបចំ​ប្រឡងសម្រស់​ស្រ្តី​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ ដោយសារ​តែ​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឆ្នាំនេះ​ គណៈកម្មការ​នឹង​ពិចារណា​រៀបចំ​ពិធី​នេះ​ឲ្យ​បាន​រិត​តែ​ប្រសើរ​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយៗ​ ហើយ​សូម​អំពាវនាវ​ឲ្យ​ស្រ្តី​ដែល​មាន​សម្រស់​ល្អ​ដាក់​ពាក្យ​ចូលរួម​ប្រឡង​ឲ្យ​បាន​ច្រើន​នៅ​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG