រដ្ឋបាលសនិ្តសុខនុយក្លេអ៊ែរជាតិរបស់សហរដ្ឋអាមេរិកទើបតែបានជួយកម្ពុជាបង្កើតប្រព័ន្ធស្គែនទំនិញមួយសម្រាប់ទប់ស្កាត់ការរត់ពន្ធសារធាតុនុយក្លេអ៊ែរឆ្លងកាត់ច្រកកំពង់ផែស្វយ័តខេត្តព្រះសីហនុដែលជាកំពង់ផែដ៏សំខាន់បំផុតរបស់កម្ពុជា។
មន្ដ្រីផ្លូវការនៃប្រទេសទាំងពីរបានអះអាងនៅថ្ងៃច័ន្ទនេះថា ការទប់ស្កាត់ការរត់ពន្ធសារធាតុប្រភេទនេះគឺជាការរួមចំណែកទប់ស្កាត់ការប៉ុនប៉ងបម្រើឲ្យវិស័យភេរវកម្មដោយអាវុធនុយក្លេអ៊ែរ។ ប្រពន្ធ័ថ្មីនេះនឹងអនុញ្ញាតឲ្យក្រុមមានសមត្ថកិច្ចធ្វើការស្គែនរកវត្តមានរបស់ជាតិនុយក្លេអ៊ែរ ដែលមានគ្រោះថ្នាក់បំផុតនៅក្នុងទូផ្ទុកទំនិញនាំចេញ និងទំនិញនាំចូលឆ្លងកាត់តាមច្រកកំពង់ផែសមុទ្រកម្ពុជា។
លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទថា មន្ដ្រីរដ្ឋបាលកំពង់ផែចំនួនប្រាំបីរូប និងមន្រ្ដីគយកម្ពុជាមួយចំនួនទៀតកំពុងទទួលការបណ្ដុះបណ្ដាលពីមន្ដ្រីជំនាញមកពីសហរដ្ឋអាមេរិកសម្រាប់ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនស្គែនមុននឹងចាប់ផ្ដើមដំណើរការជាផ្លូវការ។
លោក លូ គឹមឈុន មានប្រសាសន៍ថា នេះគឺជាការួមចំណែកដល់កម្ពុជាក្នុងការប្រយុទ្ធទៅនឹងអំពើភេរវកម្ម ហើយវានឹងធានាពីសុវត្ថិភាពនៃទំនិញឆ្លងកាត់កំពង់ផែកម្ពុជា។
«កាលណាទំនិញឆ្លងកាត់កំពង់ផែ នាំចេញទៅកាន់ទីផ្សារផ្សេងៗ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងមានភាពច្បាស់លាស់ថា ទំនិញទាំងនោះនឹងមិនមានជាតិវិទ្យុសកម្ម និងវត្ថុធាតុដើមសម្រាប់ធ្វើអាវុធបរមាណូ។ ហើយវាក៏បញ្ជាក់ច្បាស់ថា ទំនិញប្រភេទនោះនឹងមិនអាចនាំចូលមកស្រុកខ្មែរដោយឆ្លងកាត់កំពង់ផែកំពង់សោមបានទេ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលសនិ្តសុខនុយក្លេអ៊ែរជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានបង្ហាញថា ប្រព័ន្ធស្គែននេះមានសមត្ថភាពស្កេន១០០ ភាគរយដើម្បីឆែករកសារធាតុនុយក្លេអ៊ែរនោះ រួមទាំងធាតុវិទ្យុសកម្មផ្សេងៗទៀត។
លោកស្រី អ៊ែន ហារីងតុន (Anne Harrington) នាយករងនៃរដ្ឋបាលសនិ្តសុខនុយក្លេអ៊ែរជាតិរបស់សហរដ្ឋអាមេរិកមានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍កាលពីសប្ដាហ៍មុននោះថា៖«សហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ឧបករណ៍នេះគឺជាការបង្ហាញការប្ដេជ្ញាចិត្តរួមក្នុងការទប់ស្កាត់សារធាតុដ៏គ្រោះថ្នាក់ និងឧបករណ៍វិទ្យុសកម្មដទៃទៀតមិនឲ្យធ្លាក់ក្នុងដៃភេរវករ ក្រុមអ្នករត់ពន្ធ និងអ្នកពង្រីកការសាយភាយអាវុធបរមាណូ» ។
យ៉ាងណាក៏ដោយ យោងតាមលោកលូ គឹមឈុន ប្រព័ន្ធថ្មីនេះទំនងជានឹងចាប់ផ្ដើមដំណើរការក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា ការដាក់ប្រព័ន្ធប្រឆាំងការរត់ពន្ធសារធាតុអាវុធបរមាណូនេះ ធ្វើឡើងស្របពេលដែលកងទ័ពសហរដ្ឋអាមេរិក អូស្ដ្រាលី និងកម្ពុជា នឹងធ្វើសមយុទ្ធរួមគ្នាក្នុងខែនេះ នៅតំបន់ក្រុងភ្នំពេញ និងនៅខេត្តព្រះសីហនុ។ សមយុទ្ធនេះនឹងផ្ដោតលើអន្ដរាគមន៍ឆ្លើយតបនឹងវិបត្តិការពង្រឹងភាពជាដៃគូ ផ្នែកសន្ដិសុខ និងការរួមចំណែកក្នុងការថែរក្សាស្ថេរភាពក្នុងតំបន់។ នេះបើផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅថ្ងៃនេះ៕