ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​មេគង្គ​មាន​បំណង​បង្ការ​ជម្លោះ​ឆ្លង​ព្រំដែន


ទូក​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ​​ក្នុង​ទី​ក្រុង​ភ្នំពេញ​​។ ប្រជាពលរដ្ឋ​ជាង​៦០លាន​នាក់​រស់​នៅ​ភាគ​ខាង​ក្រោម​នៃ​ទន្លេ​នេះ​ ដែល​ជា​តំបន់​មាន​ផ្ទៃ​ដី​៦០០.០០០​គីឡូម៉ែត្រ​ការ៉េ។ អាង​ទន្លេ​នេះ​​ជា​តំបន់​នេសាទ​ទឹក​សាប​​ធំ​ជាង​គេ​ក្នុង​ពិភពលោក។
ទូក​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ​​ក្នុង​ទី​ក្រុង​ភ្នំពេញ​​។ ប្រជាពលរដ្ឋ​ជាង​៦០លាន​នាក់​រស់​នៅ​ភាគ​ខាង​ក្រោម​នៃ​ទន្លេ​នេះ​ ដែល​ជា​តំបន់​មាន​ផ្ទៃ​ដី​៦០០.០០០​គីឡូម៉ែត្រ​ការ៉េ។ អាង​ទន្លេ​នេះ​​ជា​តំបន់​នេសាទ​ទឹក​សាប​​ធំ​ជាង​គេ​ក្នុង​ពិភពលោក។

ទោះ​ជា​ជម្លោះ​អំពី​ការ​ទាមទារ​លើ​ការ​គ្រប់គ្រង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ប្រធាន​បទ​ចម្បង​នៅ​ក្នុង​កិច្ច​ប្រជុំ​សន្តិសុខ​អាស៊ាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ដោយ​ ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​ក៏​ផ្តោត​លើ​ការ​ដោះស្រាយ​ជម្លោះ​ដែល​អាច​កើត​មាន​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​កើន​ឡើង​តម្រូវ​ការ​ថាមពល​នៅ​អាស៊ី​ផង​ដែរ។ ទន្លេ​មេគង្គ​និង​ដៃ​របស់​ទន្លេ​នេះ​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​នៅ​អាស៊ី​អាគ្នេយ៍​ចំនួន​១០​លាន​នាក់ ក៏​ប៉ុន្តែ​ទន្លេ​នេះ​ក៏​ជា​ទី​តាំងគម្រោង​ការសង់ទំនប់​វារី​អគ្គីសនី​ដ៏​ចម្រូង​ចម្រាស់​ថ្មីៗ​ជា​ច្រើន។

ក្នុង​ពេល​ចូលរួម​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​វេទិកា​សន្តិសុខ​សមាគមន៍​សហ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នៅ​ទី​ក្រុង​បាលី​ លោក​ស្រី​ Hillary​ Clinton​ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក​នៅ​តែមាន​បំណងចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​នយោបាយ​ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ។ ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​នេះ​ លោក​ស្រី​មាន​ប្រសាសន៍​ពី​អ្វី​ដែល​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​កំពុង​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​លើ​គម្រោង​ទន្លេ​មេគង្គភាគ​ខាងក្រោម​ដោយ​ផ្តល់ជំនួយ​ជា​ទឹក​ប្រាក់​២២១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រាក់​ជំនួយ​នេះ​នឹង​ផ្តល់​ទៅ​លើ​កម្មវិធី​អប់រំ​ បរិស្ថាន​ សុខភាព​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ក្នុង​តំបន់​មិន​សូវ​មាន​ការ​អភិវឌ្ឍ​នានា​ ក្នុង​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ​ និង​ វៀតណាម។

លោក​ David​ Carden​ អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អាស៊ាន​មាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ជា​ច្រើនដែល​ក្រុម​អ្នក​បរិស្ថាន​ខ្លះ​បាន​ធ្វើ​ការ​ព្រមាន​ថា​ វា​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ផ្លូវ​ទឹក​សំខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ។

«ទាំង​ទំនប់​ដែល​កំពុង​ស្នើ​សាងសង់​ទាំង​នេះ​និង​ទំនប់​ខ្លះ​ដែល​បាន​សាងសង់​រួច​រាល់​ហើយ ​មិន​បាន​ត្រូវ​គេ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ពេញ​លេញ​ដើម្បី​ដឹង​ពី​ការ​ប៉ះពាល់​ខាង​វិទ្យាសាស្រ្ត​ទេ។ ហើយ​វា​មិន​មែន​ជា​ប្រយោជន៍​តែ​ក្នុងតំបន់​នេះ​ទេ​ ក៏​ប៉ុន្តែ​ជា​ការ​ពិត​ណាស់​វា​ជា​ប្រយោជន៍​របស់​ពិភព​លោក​ទាំង​មូល​ សម្រាប់​គោលបំណង​សន្តិសុខ​ស្បៀង​ បរិស្ថាន​ សន្តិភាព​ និង​សន្តិសុខ​ សម្រាប់​ការ​អភិវឌ្ឍ​តំបន់​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​ និង​ស្រប​តាម​ចំណេះដឹង​វិទ្យាសាស្រ្ត​ដ៏​ប្រសើរ​បំផុត​ដែល​អាច​យក​មក​ប្រើ​មក​លើ​ទន្លេ​នេះ»។

ប្រជាពលរដ្ឋ​ជាង​៦០លាន​នាក់​រស់​នៅ​ភាគ​ខាង​ក្រោម​នៃ​ទន្លេ​នេះ​ ដែល​ជា​តំបន់​មាន​ផ្ទៃ​ដី​៦០០.០០០​គីឡូម៉ែត្រ​ការ៉េ។ អាង​ទន្លេ​នេះជា​តំបន់​នេសាទ​ទឹក​សាបធំ​ជាង​គេ​ក្នុង​ពិភពលោក។ កសិករ​ដំា​ដុះ​ស្រូវ​ក៏​ពឹង​ផ្អែក​លើ​ទឹក​និង​ដី​ល្បាប់​ពី​ទន្លេ​នេះ​ មក​ស្រោច​ស្រព​ និង​ជា​ជី​សម្រាប់​ដំណាំ​របស់​ពួក​គេ​ផង​ដែរ។

ក៏​ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​កំពុង​តែ​កើន​ឡើង​ដែល​ថា​ ការ​សាង​សង់​ទំនប់​វារីអគ្គីសនី​ជា​ច្រើន​នៅ​ប្រទេស​ចិន​និង​គម្រោង​សម្រាប់​ទំនប់​ជា​ច្រើន​ទៀត​នៅ​ប្រទេស​ឡាវ​និង​កម្ពុជា ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​បំផ្លាញ​បរិស្ថាន​និង​សេដ្ឋកិច្ច​យ៉ាង​ខ្លាំងនៅ​ក្នុង​ប្រទេស​នានា​ដែល​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ដូច​ជា​ប្រទេស​វៀតណាម។

អគ្គរដ្ឋទូត​ Carden ​មាន​ប្រសាសន៍​ថា​ ជំនួយ​របស់​សហរដ្ឋ​អាមេរិក​គឺ​ផ្តោត​ជា​ទូទៅ​លើ​ការ​ជួយ​រក្សា​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ដែល​អាច​ជា​ហេតុ​ឲ្យ​មាន​បញ្ហា​ជម្លោះ​ឆ្លង​ព្រំដែន។

«ខ្ញុំ​គិត​ថា​ ការ​ពិត​ជាក់​ស្តែង​នោះ​គឺ​ថា​ ទោះ​ជា​មាន​ការ​យល់​ឃើញ​ថាកិច្ច​ខិត​ខំ​ប្រឹងប្រែង​នានា​នេះ​មាន​មូលហេតុ​អ្វី​ក៏​ដោយ ខ្ញុំ​គិត​ថា​ វា​ជា​ការ​ពិត​ច្បាស់​ណាស់​ថា​ ករណី​នេះ​ជា​បញ្ហា​របស់ពិភព​លោក​ទាំង​មូល​ មិន​មែន​តែ​ជា​បញ្ហា​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ។ ពិភពលោក​ដឹង​ពី​តម្រូវការ​របស់​យើង​ទាំង​អស់​គ្នា​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គ្នាដើម្បី​ដោះស្រាយ​បញ្ហា​អត់​ព្រំដែន​ទាំង​នេះ»។

ក៏​ប៉ុន្តែ​លោក​ Milton​ Obsborne​ អ្នក​វិភាគ​ពី​តំបន់អាស៊ីអាគ្នេយ៍​នៃ​វិទ្យាស្ថាន​នយោបាយ​អន្តរជាតិ ឡូវី​ (Lowy Institute)នៅ​ប្រទេស​អូស្រ្តាលីមាន​ប្រសាសន៍​ថា​ សកម្មភាពយ៉ាង​ទូលំទូលាយ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ទ្វីប​អាស៊ី​គឺ​ដោយ​សារ​ការ​ព្រួយ​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ចិន។

«ការ​បន្ត​កើន​ឡើង​នៃ​វិស័យ​សេដ្ឋកិច្ច​ចិន​គឺ​យ៉ាង​ពិត​ណាស់​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ ហើយ​លើក​នេះ​ គម្រោង​គំនិត​ផ្តួច​ផ្តើម​ពី​បញ្ហា​ទន្លេ​មេគង្គ​គឺ​ជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​នានា​ដែល​សហរដ្ឋ​អាមេរិក​កំពុង​តែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ខ្លួន​កំពុង​តែ​បន្ត​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​តំបន់​នេះ»។

លោក​ Osborne ​និយាយ​ថា​ ការ​ផ្តល់​ជំនួយ​នេះ​មិន​អាច​អនុញ្ញាត​ឲ្យ​មន្ត្រី​សហរដ្ឋ​អាមេរិក​នានា​ចូល​ក្នុងកិច្ច​ចរចា​អភិវឌ្ឍន៍​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ​ទេ​ ក៏​ប៉ុន្តែ​នេះ​បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​បេ្តជ្ញា​ចិត្ត​ដើរ​តួនាទី​យ៉ាង​វិជ្ជមាន​ក្នុង​អនាគត​របស់​ទ្វីប​អាស៊ី៕

ប្រែ​សម្រួល​ដោយ ហ៊ុយ សម្ផស្ស

XS
SM
MD
LG