វ៉ាស៊ីនតោន៖ ក្រុមអ្នកនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន ក្នុងប្រទេសកម្ពុជាដែលតាមឃ្លាំមើលនយោបាយ សេដ្ឋកិច្ចពិភពលោកបានអះអាងថា ប្រទេសមហាអំណាចចិន មិនទាន់អាចដើរតួនាទីជាប្រទេសមហាអំណាចតែមួយដ៏មានឥទ្ធិពលនៅលើពិភពលោកជំនួសសហរដ្ឋអាមេរិកបានទេ បើទោះបី ឥទ្ធិពលរបស់សរអ ថយចុះខ្លះ ដោយសារការជំពាក់បំណុល និងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង ខណៈពេលដែលប្រទេសចិនមានកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស ប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ។
លោក កឹម សុខា មេដឹកនាំគណបក្សជំទាស់មួយក្នុងប្រទេសកម្ពុជាបាន ថ្លែងថា កន្លែងតែមួយគត់ដែលចិនអាចមានឥទ្ធិពលជាងសរអ គឺប្រទេសដែលមានមេដឹកនាំផ្តាច់ការតែមិនមែនលើប្រទេសប្រជាធិបតេយ្យទេ។ លោក កឹម សុខាមានប្រសាសន៍ថា៖
«ជាទូទៅសម្រាប់ប្រជាពលរដ្ឋ មិនមែនសម្រាប់អ្នកដឹកនាំទេ ប្រជាពលរដ្ឋនៅ ប្រទេសណាក៏ដោយប្រហែលជាមិនទាន់ស្វាគមន៍ចិនជាងស្វាគមន៍អាមេរិកទេ»។
លោកថ្លែងយ៉ាងដូច្នេះដោយលើកយកការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចចិនក្នុងប្រទេសកម្ពុជាថាជាការអភិវឌ្ឍដោយគ្មានតម្លាភាព ដូចជាការវិនិយោគលើអាជីវកម្មរ៉ែ និងវារីអគ្គីសនី គឺគ្មានការធានាពីផលប៉ះពាល់ទៅលើបរិដ្ឋាន ពលរដ្ឋមិនបានដឹងថាគេជីកយ៉ាងម៉េច បានផលយ៉ាងម៉េចទេ។ លោក កឹម សុខា បន្ថែមទៀតថា៖
«ដោយសារបញ្ហាមិនមានតម្លាភាព ព្រោះចិនចាប់ធ្វើឡើងត្រូវរ៉ូវជាមួយ តែអ្នកដឹកនាំមិនមានធ្វើអី្វឱ្យមានតម្លាភាពជាមួយប្រជាពលរដ្ឋ។ ចំណុចហ្នឹងហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋ អ្នករងគ្រោះដោយសារការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ចហ្នឹង គឺមិនសប្បាយចិត្តទេ ហើយគឺទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស ជាពិសេសឱ្យមានសមធម៌ខាងសេដ្ឋកិច្ចផងខាងនយោបាយផង សង្គមកិច្ចផង ហើយសេដ្ឋកិច្ចជាមួយចិនគឺមិនមានទេ»។
លោក កឹម សុខាបានពន្យល់បន្ថែមត្រួសៗទៀតថាពលរដ្ឋកម្ពុជា នៅតែត្រូវការតួនាទីរបស់សរអលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
លោក ជៀម យាបមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុនៃសភាជាតិកម្ពុជាបានកោតសរសើរដល់មេដឹកនាំចិននិងប្រទេសចិនដែលបានធ្វើឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងពេលដែលប្រទេសនៅលើសកលលោកជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចសកលតាំងពីឆ្នាំ២០០៨មក។ លោកជៀម យាបបានបន្ថែមថា បើសិនជាក្នុងករណីដែលសរអចេះតែធ្លាក់ជ្រៅទៅៗនៅក្នុងវិបត្តិសេដ្ឋកិច្ចនេះ មិនអាចស្តារឡើងវិញទាន់ពេលវេលា ប្រើរយៈពេលយូរ នោះយើងឃើញថា ចិនអាចនឹងជំរុញគឺថាបើមិនបានស្មើក៏ក្លាយជាប្រទេសទីពីរ ឬក៏ទីបីនៃមហាអំណាចសេដ្ឋកិច្ចពិភពលោកនេះដែរ។ លោក ជៀម យាប បញ្ជាក់ថា៖
«អញ្ចឹងទេចិន គាត់ក្នុងនាមជាមហាប្រទេស ហើយជាសមាជិកអចិន្ត្រៃយ៍អង្គការសហប្រជាជាតិផងនោះ គឺចិនអាចធ្វើភ្លៀងធ្វើផ្គរជាបណ្តើរៗទប់ទល់ជាមួយនឹងឥទ្ធិពលរបស់សរអនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជានៅលើសាកលលោក»។
លោក ជៀម យាបបានអះអាងថា ប្រទេសចិនកុម្មុយនីស្តបានសម្ងំស្ងាត់ៗ តាំងពីសហភាពសូវៀតដួលរលំ ដើម្បីធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងផលិតផលសរុបក្នុងស្រុក GDP ដ៏គួរឱ្យភ្ញាក់ផ្អើល គឺកើនឡើងមិនតិចជាងពីរខ្ទង់ ហើយចំណែកប្រាក់ចំណូលរបស់ប្រជាជនចិន មានកំណើនយ៉ាងខ្លាំង។
«នៅបច្ចុប្បន្ននេះនៅតាមបណ្តាទីក្រុង មានរហូតដល់ទៅរាប់ពាន់ដុល្លារសរអក្នុងមួយឆ្នាំក្នុងម្នាក់ នៅតាមមូលដ្នានអាចមួយពាន់ ឬតិចជាងមួយពាន់តិចតួច អញ្ចឹងទេយើងឃើញថារដ្ឋាភិបាលចិនកំពុងជំរុញធ្វើយ៉ាងណាឱ្យផលិតផលសរុបក្នុងស្រុកនៅមូលដ្ឋានមិនឱ្យឃ្លាតគ្នាឆ្ងាយពេកពីទីក្រុង ដើម្បីឱ្យប្រជាពលរដ្ឋហ្នឹង អាចមានជីវភាពរស់នៅហ្នឹងល្អប្រសើរដូចគ្នារវាងអ្នកទីក្រុងនិងអ្នកជនបទ នេះជាគោលការណ៍សំខាន់»។
ឆ្លើយតបទៅនឹងបញ្ហាទាក់ទងនឹងបញ្ហារំលោភសិទ្ធិមនុស្ស និងការរិតត្បិតផ្នែកប្រជាធិបតេយ្យដែលទំនងជាចិនមិនអាចប្រៀបនឹងសរអបានលើពិភពលោកនោះលោក ជៀម យាបបានបញ្ជាក់ថា ប្រទេសចិនជាប្រទេសធំមានចំនួនពលរដ្ឋជាង១ពាន់៣រយលាន គឺច្រើនជាង៤ដងបើប្រៀបធៀបទៅនិងសរអ ដូច្នេះចិនត្រូវមានរបៀបគ្រប់គ្រងដ៏ល្អមួយ។ លោកថ្លែងយ៉ាងដូច្នេះដោយយោងទៅលើឧទាហរណ៍ថា ចិនមានទោសប្រហារជីវិតទាក់ទងនឹងអំពើពុករលួយ ដើម្បីធ្វើឱ្យបាត់អំពើពុករលួយ ដែលមិនដូចប្រទេសនានា ដែលគ្រប់គ្រងប្រទេសតាមបែបផ្សេង។
លោក អ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលពុំបានយល់ស្របនឹងអត្ថាធិប្បាយខាងលើបានអះអាងថា មានបញ្ហាជាច្រើនរួមទាំងបញ្ហាសិទ្ធិមនុស្ស ការបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋខ្លួនឯង និងបញ្ហាមិនបានចូលរួមការអភិវឌ្ឍលើពិភពលោក ដែលចិនមិនទាន់បានបំពេញនោះ ហើយដែលកំពុង កាត់បន្ថយឥទ្ធិពលចិន និងមិនផ្តល់ឱ្យពិភពលោកមើលឃើញពីតួនាទីរបស់ចិនដែលអាចប្រជែងជាមួយសរអបានលើឆាកនយោបាយអន្តរជាតិ។
«ដូច្នេះខ្ញុំយល់ឃើញថា ចិនត្រូវការវិនិយោគពេលវេលាជាច្រើន ហើយនឹងធនធាន ជាច្រើនផ្សេងទៀតមុននឹងចិនអាចមានរូបភាពមួយគឺថា ពិភពលោកត្រូវតែស្តាប់ចិន ហើយចិន នឹងមានឥទ្ធិពល និងកែប្រែស្ថានភាពនយោបាយអន្តរជាតិ ហើយនៅពេលបច្ចុប្បននេះ អត់ទាន់អាចធ្វើទៅកើតទេ»។
លោក វីរៈបានអះអាងថា សរអនៅតែជាប្រទេសមហាអំណាចពិភពលោកតែមួយគត់មកទល់បច្ចុប្បន្ននេះ ហើយចិនមិនអាចលើសសរអនៅឡើយទេ រាប់ទាំងបច្ចេកវិទ្យា ទំហំនៃភាពក្រីក្រជាទូទៅក្នុងប្រទេសចិន ធនធានដែលសន្សំមក និងសេដ្ឋកិច្ចជាទូទៅ។
«ក្នុងករណីដែលប្រទេសចិនទើបនឹងឡើងអញ្ចឹង បច្ចេកវិទ្យា ធនធានផ្សេងៗគឺអត់ទាន់មានតាមគេទាន់នៅឡើយទេ នៅត្រូវការពេលវេលាយូរ ដើម្បីអភិវឌ្ឍផ្នែកទាំងអស់ហ្នឹង ផ្នែកបច្ចេកវិទ្យា ផ្នែកអាវុធក៏ដោយ បច្ចេកវិទ្យាផ្នែកទំនើបផ្សេងៗទៅឋានព្រះច័ន្ទក៏ដោយ ឬមួយទៅលំហរអាកាសក៏ដោយ គឺជារឿងមួយដែលប្រទេសចិនដើរក្រោយប្រទេសអាមេរិកឆ្ងាយណាស់ ហើយរឿងផ្នែកបច្ចេកវិទ្យា រឿងអាវុធគឺជារឿងមួយ ដែលប្រទេសចិនកំពុងដើរនៅក្រោយអាមេរិក នៅឆ្ងាយមែនទែន ដោយសារប្រទេស ចិន ទោះបីងើបឡើងមែន ក៏ប៉ុន្តែងើបឡើងនៅពេលក្រោយថ្មីៗនេះធ្វើឱ្យប្រទេសចិនមិនអាចវិវត្តលឿនទេ ដូច្នេះខ្ញុំមើលទៅរឿងប្រទេសចិនក្លាយទៅជាប៉ូលមួយ មហាអំណាចមួយជាមួយប្រទេសអាមេរិក ទាន់អាមេរិក ខ្ញុំមើលទៅនៅរយៈពេលយូរ យ៉ាងហោចណាស់២០ឆ្នាំទៀត»។
លោក អ៊ូ វីរៈបានទទួលស្គាល់ពីការដែលប្រទេសជាច្រើនមានការកោតសរសើរប្រទេសចិនមែន ទាក់ទងនឹងកំណើនសេដ្ឋកិច្ច ដែលលោកអះអាងថា ការជឿនលឿនរបស់ប្រទេសចិននេះ គឺជាបញ្ហាដែលកម្ពុជាត្រូវរៀនសូត្រអំពីរបៀបរបបថ្មីរបស់ពិភពលោកដែរ។
«ចំពោះខ្ញុំរឿងការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិក ហើយទន្ទឹមគ្នាហ្នឹងការកើនឡើង សេដ្ឋកិច្ចដ៏លឿនរបស់ប្រទេសចិនហ្នឹង ជារឿងមួយដែលប្រទេសកម្ពុជាត្រូវតែ យកចិត្តទុកដាក់ ដោយសារបញ្ហានេះ គឺជាប្រធានបទនៃការកែប្រែរចនាសម្ព័ន្ធអំណាចនៅក្នុងពិភពលោក ហើយរចនាសម្ព័ន្ធអំណាចនេះធ្វើឱ្យនយោបាយអន្តរជាតិ ជានយោបាយមួយដែលត្រូវតែមានការកែប្រែនូវរូបភាព»។
មេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជាគឺលោក សម រង្ស៊ីដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងស្របនឹង លោក អ៊ូ វីរៈ ដែរថា ចិនបានក្លាយទៅមហាអំណាចទី២បន្ទាប់ពីសរអ ដែលជាមហាអំណាច សេដ្ឋកិច្ចលេខមួយក្នុងពិភពលោកដដែល តែចិនមិនអាចទាន់សរអនៅក្នុង ដំណាក់កាលឆាប់ៗនេះបានទេ ដោយលោកថ្លែងថាយ៉ាងហោចណាស់២០ ទៅ៣០ឆ្នាំទៀត។ លោក សម រង្ស៊ីមានប្រសាសន៍ថា៖
«ដូច្នេះសរអនៅតែនាំមុខដដែលហើយជីវភាពរស់នៅនៃប្រជាពលរដ្ឋសរអ គឺមានជីវភាពខ្ពស់ជាងជីវភាពប្រជាពលរដ្ឋចិននៅឡើយទេ ពីព្រោះថា ទោះជាផលិតផលសរុបក្នុងស្រុករបស់ចិននៅកើនឡើងយ៉ាងខ្លាំងក៏ដោយ តែបើយើងយកផលិតផលសរុបក្នុងស្រុក យកមកចែកជាមួយនិងចំនួនប្រជាពលរដ្ឋ យើងឃើញថាប្រជាពលរដ្ឋម្នាក់ៗនៅសរអ គឺមានប្រាក់កម្រៃ ប្រាក់ចំណូលច្រើនជាង ប្រាក់ចំណូលប្រជាពលរដ្ឋចិនឆ្ងាយណាស់»។
ក៏ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ីបានអះអាងថា បើទោះបីជាចិនមានកំណើនសេដ្ឋកិច្ចលឿនពេកនេះមែន តែចិនក៏បារម្ភពីបញ្ហាយ៉ាងតិចពីរដែរ គឺអតិផរណាទំនិញ ដីផ្ទះ របស់របរផ្សេងៗឡើងថ្លៃ ដែលអាចនឹងធ្វើឱ្យពលរដ្ឋ ខ្លះមិនសប្បាយចិត្ត ហើយនឹងការអភិវឌ្ឍមិនស្មើគ្នា ឬគម្លាតជីវភាពរស់នៅរបស់អ្នកទីក្រុងនិងជនបទ។ លោក សម រង្ស៊ី បន្ថែមថា៖
«ប៉ុន្តែប្រៀបធៀបទៅនឹងប្រជាពលរដ្ឋដែលមានចំនួនច្រើនលើសលប់ ដែលស្ថិតនៅក្នុងភាពក្រីក្រនៅឡើយគឺអាចនឹងមានបញ្ហាសង្គម បញ្ហានយោបាយ បើអ្នកដឹកនាំប្រទេសចិន ជាពិសេសគណបក្សកុម្មុយនីស្តប្រទេសចិន ឥឡូវគេថា កុម្មុយនីស្តអញ្ចឹងទេ តែវិស័យសេដ្ឋកិច្ចគេមិនមែនជាកុម្មុយនីស្តអីទៀតទេ ដូច្នេះគេត្រូវចាត់វិធានការធ្វើម៉េចឱ្យវាមានភាពស្មើគ្នាខ្លះកុំឱ្យវាមានភាពឃ្លាតឆ្ងាយពីគ្នាខ្លាំងពេករវាងអ្នកមាននិងអ្នកក្រ»។
ទោះជាយ៉ាងណាក៏ដោយលោក សម រង្ស៊ីបានអះអាងថា ក្នុងពិភពលោកមើលឃើញពីកំណើនសេដ្ឋកិច្ចរបស់ចិន ដោយសារចិនមានការកើនឡើងនូវវិស័យឧស្សាហកម្មផង ហើយចិននាំទំនិញចេញទៅលក់យ៉ាងច្រើន ដែលអាចឱ្យចិនសល់ប្រាក់បម្រុងជាប្រាក់ដុល្លារ យ៉េន អឺរ៉ូ ជាមាសក៏មានច្រើន ដូច្នេះប្រាក់បម្រុង នេះគឺច្រើនលើសលប់មិនដែលមានប្រទេសណាមានច្រើនដូច្នេះ គឺផ្ទុយពីសរអដែលមានឱនភាព នាំផលិតផល ឬទំនិញពីប្រទេសផ្សេងៗមកកាន់ប្រទេសរបស់ខ្លួនច្រើនជាងនាំចេញ។
លោក សម រង្សីបានអះអាងថា ចិនបានយកប្រាក់បម្រុងរបស់គេទៅវិនិយោគនៅលើឆាកអន្តរជាតិគ្រប់វិស័យទូទាំងពិភពលោក ជាពិសេសវិស័យដែលឧស្សាហកម្មចិនកំពុងតែរីកចម្រើន។
លោក អ៊ូ វីរៈបានអះអាងបន្ថែមថា សម្រាប់សេដ្ឋកិច្ចប្រទេសចិន នៅមានសំណួរជាច្រើន។ក្រៅពីចាត់ទុកថា វាជាកំណើនសេដ្ឋកិច្ចស្ថិតក្នុងការសាកល្បង ហើយមិនទាន់ជួបប្រទះនូវវិបត្តិនៅឡើយនោះ លោកវីរៈបានចោទជាសំណួរថា តើចិនអាចនឹងទប់ទល់បានប៉ុណ្ណាប្រសិនបើមានបញ្ហាដូចសរអ ឬដូចប្រទេសមួយចំនួនវិញ? ហើយចុះក្នុងស្ថានភាពប្រទេសចិនទៅមុខទៀត តើពលរដ្ឋ នឹងទាមទារសិទ្ធិសេរីភាពទេ?
«ហើយខ្ញុំមើលទៅប្រទេសចិននៅមានសំណួរមួយទៀត នៅពេលដែលប្រជាពលរដ្ឋខ្លួនឯងមានបាយហូបគ្រប់គ្រាន់ ថាតើប្រជាពលរដ្ឋខ្លួនឯងហ្នឹង នឹងចាប់ផ្តើមទាមទារយកសេរីភាព ឬមួយក៏អត់ចម្លើយនៅក្នុងពិភពលោកបានបង្ហាញ ហើយថាពេលណាដែលមានសេដ្ឋកិច្ចរីកចម្រើនហ្នឹងៗ ចាប់ផ្តើមទាមទារសេរីភាពហើយតើប្រទេសចិនអាចទប់គ្រប់គ្រងរបៀបបញ្ហានយោបាយបែបរាល់ថ្ងៃនេះបាន នៅពេលដែលសេដ្ឋកិច្ចអភិវឌ្ឍ១០ឆ្នាំទៀតឬអត់? ចម្លើយ យើងអត់ទាន់ដឹងនៅឡើយទេ»។
លោកសម រង្ស៊ីដែលមានជំនឿថា ការផ្លាស់ប្តូរអ្នកដឹកនាំប្រទេស នឹងនាំមកនូវការរីកចម្រើន បានអះអាងថា ស្ថានភាពប្រទេសកម្ពុជាខុសពីប្រទេសផ្សេងៗ ដែលមានការជឿនលឿន ដោយសារគេផ្លាស់ប្តូរអ្នកដឹកនាំយ៉ាងតិច៤ដង ហើយ ដើម្បីមកជំនួសមេដឹកនាំចាស់ៗដូចនៅប្រទេសចិន វៀតណាម សរអ ក្នុងរយៈពេល៣០ឆ្នាំនេះ ហើយធ្វើឱ្យសេដ្ឋកិច្ចជឿនលឿនមិនដូចប្រទេសកម្ពុជាដែលមានមេដឹកនាំដដែលៗទេ។
«គេមិនចង់ឱ្យមានការផ្លាស់ប្តូរទេ តែកាលណាផ្លាស់ប្តូរវាបែកការណ៍អ្នកថ្មីមកច្បាស់ជាសើរើមើលសំណុំរឿងអ្នកដែលដឹកនាំប្រទេសមុន កាន់កាប់ ក្រសួងនីមួយៗពីមុនមកឃើញថា វាមានការខុសឆ្គង អំពើពុករលួយយ៉ាងម៉េច ដូច្នេះគេត្រូវតែរក្សាមេដឹកនាំដដែលៗ ២០ ៣០ឆ្នាំដូចនៅប្រទេសកម្ពុជា ផ្ទុយពីអ្វីដែលខ្ញុំនិយាយពីប្រទេសវៀតណាម ប្រទេសចិន មានការរីកចម្រើន យ៉ាងខ្លាំង ពីព្រោះមានមេដឹកនាំថ្មី មានឈាមថ្មី មានទស្សនៈថ្មី មានគំនិត ថ្មីទាន់សម័យតាមការវិវត្តនៃពិភពលោក»។
អត្ថាធិប្បាយរបស់លោក សម រង្ស៊ី ត្រូវច្រានចោលដោយមន្ត្រីរដ្ឋាភិបាលកម្ពុជា។
លោក ផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីដែលបានអះអាង ពីមេដឹកនាំរដ្ឋាភិបាលបច្ចុប្បនគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា បានធ្វើឱ្យមាន សន្តិភាព ស្ថេរភាព នយោបាយនិងការអភិវឌ្ឍប្រទេសនោះ បានបញ្ចេញ អត្ថាធិប្បាយផ្ទុយពីលោក សម រង្សី ដោយចាត់ទុកថាប្រទេសជិតខាងដូចជាចិននិងវៀត ណាមគឺមានបក្សតែមួយ តើគេ រីកចម្រើនប៉ុណ្ណា? ផលិតផលសរុប ក្នុងស្រុកគេ កើនកម្រិតណា?
«ជាពិសេសគឺប្រទេសចិនហ្នឹងឯងជាប្រទេសមួយដ៏ធំដែលមិនមានការផ្លាស់ប្តូរ ហើយៗជាប្រទេសគ្រប់គ្រងដែលមានបក្សតែមួយទៅទៀត ដូច្នេះបក្សតែមួយ ការផ្លាស់ប្តូរមិនមែនជាកត្តាធំនៃជោគជ័យរបស់ផលប្រយោជន៍នៃប្រជាពលរដ្ឋទេ ជោគជ័យនៃផលប្រយោជន៍របស់ប្រជាពលរដ្ឋគឺសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីឱ្យគេមានឱកាសក្នុងការអភិវឌ្ឍដើម្បីធានាបាននូវវឌ្ឍនភាពរបស់គេ»។
លោក ផៃ ស៊ីផានអះអាងថាបញ្ហាសំខាន់គឺការចង់បានរបស់មហាជន។ ប្រទេសកម្ពុជាត្រូវគេដឹងថា មានទំនាក់ទំនងយ៉ាងល្អជាមួយនឹងប្រទេសចិនដែលមានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំងដល់ទៅជាង១០ភាគរយ។ ចិន បានក្លាយទៅជាប្រទេសមានឥទ្ធិពលបំផុតសម្រាប់កម្ពុជា ដោយការផ្តល់ជំនួយដ៏ធំ ជាងគេបំផុត និងបោះទុនវិនិយោគយ៉ាងច្រើនជាងគេ បំផុតមួយសម្រាប់កម្ពុជា ក្រៅពីទំនាក់ទំនងដ៏យូរលង់។ ហើយចិនបានជួយដល់បណ្តាប្រទេស ជាច្រើនផងដែរ ខណៈពេលដែលសរអ មានឱនភាព សេដ្ឋកិច្ចដែលធ្វើឱ្យប៉ះពាល់ជុំវិញ ពិភពលោកតាំងពីឆ្នាំ២០០៨មក។ រដ្ឋបាលរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា (Barack Obama) រំពឹងថា នឹងរកវិធីដោះស្រាយបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចសរអឱ្យបានប្រសើរ ក្នុងពេលឆាប់ៗខាងមុខ។ មន្ត្រីសរអបានទទួលស្គាល់កំណើនសេដ្ឋកិច្ចរបស់ចិន ដែលមានឥទ្ធិពលក្នុងតំបន់និងអន្តរជាតិ តែបញ្ជាក់ថាប្រទេសលើពិភពលោកនៅតែបន្តធ្វើជាមិត្តរបស់សរអ។
សរអត្រូវគេមើលឃើញផងដែរថា កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ ដំណាលគ្នាពេលដែលឥទ្ធិពលចិនបានចាប់ផ្តើមរីកលូតលាស់ក្នុងតំបន់ និងលើឆាកអន្តរជាតិ៕