ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​គាំទ្រ​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា


ក្នុង​បញ្ហា​​ការ​ជួញដូរ​មនុស្ស ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​ប្រទេស​កម្ពុជា​ពី​ចំណាត់​ថ្នាក់​ទី​២ ​ឬ​ tier 2 ទៅ​ចំណាត់​ថ្នាក់​ទី​២​កន្លះ​ វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ។
ក្នុង​បញ្ហា​​ការ​ជួញដូរ​មនុស្ស ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​ប្រទេស​កម្ពុជា​ពី​ចំណាត់​ថ្នាក់​ទី​២ ​ឬ​ tier 2 ទៅ​ចំណាត់​ថ្នាក់​ទី​២​កន្លះ​ វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID) ​បាន​ផ្តល់​ជំនួយ​ថវិកា​ចំនួន៥,៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​អង្គការ ​Winrock ​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ ​ក្នុង​គោលដៅ​ជួយ​ជ្រោមជ្រែង​ដល់​សកម្មភាព​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។

ក្នុង​បញ្ហាការ​ជួញដូរ​មនុស្ស ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​ប្រទេស​កម្ពុជា​ពី​ចំណាត់​ថ្នាក់​ទី​២ ​ឬ​ tier 2 ទៅ​ចំណាត់​ថ្នាក់​ទី​២​កន្លះ​ វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ថវិកា​ជំនួយ​នេះ​ សម្រាប់​គម្រោង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​រយៈពេល​៤​ឆ្នាំ​ ដោយ​ផ្តោត​ជា​ពិសេស​លើ​តម្រូវការ​ជួយ​ដល់​ជន​រងគ្រោះ ​នៃ​អំពើ​កេងប្រវ័ញ្ច​ពលកម្ម​ និង​កេងប្រវ័ញ្ច​ផ្លូវភេទ ​និង​ផ្តល់​ការ​ជួយ​គាំទ្រ​ដល់​ជន​រងគ្រោះ។ ​ម្យ៉ាង​វិញ​ទៀត​ជំនួយ​នេះ​នឹង​ជួយ​ដល់​ការ​វែក​មុខ​ និង​កាត់ទោស​អ្នក​ប្រព្រឹត្ត​ការ​ជួញដូរ​ និង​បទឧក្រិដ្ឋ​ពាក់ព័ន្ធ។

លោក ​Flynn Fuller​ នាយក​បេសកកម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា​ ដោយ​កត់​សម្គាល់​ពី​ការ​រីកចម្រើន​ក្នុង​ការ​រៀបចំ​យន្ដការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​ប្រឆាំង​ការ​រត់ពន្ធ​មនុស្ស ​និង​អំពើ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ និង​ផ្លូវភេទ​លើ​ស្រ្តី​ និង​កុមារ​របស់​ប្រទេស​កម្ពុជា។

លោកស្រី ​អាណា ​ស៊ីអូណេឡា​ (Ana Cionela) ​តំណាង​អង្គការ​វីនរ៉ក​អន្តរជាតិ ​នៅ​កម្ពុជា​បាន​សម្តែង​សេចក្ដី​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​នឹង​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ។

លោកស្រី​បញ្ជាក់​ថា ​អង្គការ​ដែល​មាន​មូលដ្ឋាន​ធំ​នៅ​សហរដ្ឋ​អាមេរិក​របស់​លោកស្រី​ នឹង​ប្រើប្រាស់​ថវិកា​ជំនួយ​នេះ​ ជា​សំខាន់​ក្នុង​ការ​ជួយពង្រឹង​សមត្ថភាព​របស់​ក្រុម​មន្ដ្រី​កម្ពុជា​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។

«យើង​នឹង​ពង្រឹង​សមត្ថភាព​របស់​រដ្ឋាភិបាល​នៅ​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ជួញដូរ​មនុស្ស ​ជាពិសេស​ការ​ជួញដូរ​ពលកម្ម។ ​ដូច្នេះ​ថវិកា​ទាំង​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​កសាង​សមត្ថភាព​ទាំង​អស់ ​និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់»។

ដោយឡែក ​លោកស្រី​ ជូ ​ប៊ុនអេង ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​ រត់ពន្ធ​មនុស្ស​និង​អំពើ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ​និង​ផ្លូវភេទ​លើ​ស្រ្តី​និង​កុមារ​សង្ឃឹម​ថា​ ថវិកា​របស់​ USAID ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​មួយ​កម្រិត​ទៀត។

«Winrock ​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​សហការ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​ ដែល​ជាគណៈកម្មាធិការ​មួយ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​ក៏​សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ ដើម្បី​ឲ្យ​អំពើ​ជួញដូរ​មនុស្ស​នោះ​ នៅ​កម្ពុជា​អាច​ត្រូវ​ បាន​ឆ្លើយ​តប​ដោយ​សកម្មភាព​ផ្សេងៗ ​ពីព្រោះ​ឥឡូវ​នេះ​យើង​ក៏​បាន​រៀបចំ​ផែនការ​នានា​ដែរ»។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ បាន​ផ្តល់​ការ​គាំទ្រ​ក្នុង​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ចាប់​តាំងពី​ឆ្នាំ​២០០២​មក ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​នាំ​ទៅ​រក​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​មនុស្សជាតិ ​សន្តិសុខ ​និង ​ការ​ការពារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ពត៌មាន​របស់​ស្ថានទូត​អាមេរិក៕

XS
SM
MD
LG