រយៈពេល៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា បានធ្វើដំណើរឆ្លងកាត់ស្ថានភាពលំបាកជាច្រើន បើទោះជាមានភាពល្អប្រសើរខ្លាំងក្នុងរយៈពេលចុងក្រោយនេះក៏ដោយ។
សហរដ្ឋអាមេរិកបានវាយតម្លៃថា ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកម្ពុជាមិនដែលមានភាពរឹងមាំដូចពេលបច្ចុប្បន្ននេះទេ។ នៅក្នុងសារអេឡិកត្រូនិកផ្ញើមកវីអូអេសំឡេងសហរដ្ឋអាមេរិក លោក Kenneth Foster អ្នកនាំពាក្យស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្នុងទីក្រុងភ្នំពេញបានបញ្ជាក់ថា៖
“ដោយរាប់ចាប់តាំងពីគម្រោងជួយឱ្យមានកំណើនសេដ្ឋកិច្ច រហូតដល់កម្មវិធីផ្លាស់ប្តូរវប្បធម៌និងកិច្ចសហការយោធា គឺកម្រិតនៃកិច្ចសហប្រតិបត្តិការមានច្រើន មិនដូចពេលមុនឡើយ។ មិនមានពេលណាមួយឡើយក្នុងរយៈពេល៦០ឆ្នាំនេះ ដែលប្រទេសយើងទាំងពីរបានសម្របសម្រួលក្នុងកម្រិតការងារប្រចាំថ្ងៃបានច្រើនដូចយើងកំពុងធ្វើនាពេលឥឡូវនេះទេ"។
ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ១៩៥០។ ក្នុងរយៈពេល៦០ឆ្នាំនេះរដ្ឋាភិបាលកម្ពុជាបានហៅទំនាក់ទំនងនេះថា មានការឈានឡើងនិងធ្លាក់ចុះទៅតាមសម័យកាល ដោយពេលខ្លះមានការរីកចម្រើននិងពេលខ្លះមានភាពរអាក់រអួល ព្រោះធ្លាប់មានការកាត់ផ្តាច់ចំណងទាក់ទងចំនួនពីរដង គឺក្នុងឆ្នាំ១៩៦៥ និងឆ្នាំ១៩៧៥ មុននឹងភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩១។
លោក ហែម ហេង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្នុងបទសម្ភាសន៍មួយថា កម្ពុជាចង់សាងមិត្តជាមួយប្រទេសទាំងអស់ ជាពិសេសជាមួយប្រទេសអាមេរិក។
“យើងមិនចង់ឱ្យមានអមិត្តជាមួយប្រទេសណាមួយទេ ជាពិសេសចំពោះប្រទេសអាមេរិក ប៉ុន្តែដោយសារការយល់ឃើញឬទស្សនៈរបស់កម្ពុជាខុសពីអាមេរិក ទស្សនៈខ្លះដែលយើងយល់ថាធ្វើឱ្យខូចប្រយោជន៍ដល់កម្ពុជាក៏យើងមិនអាចធ្វើតាមនយោបាយរបស់អាមេរិកដែរ ដូច្នេះហើយបានជាធ្វើឱ្យមានការរអាក់រអួលក្នុងទំនាក់ទំនងខ្លះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើយើងប្រៀបទៅអំពើល្អនិងអំពើអាក្រក់នោះ គឺយើងមានអំពើល្អច្រើនជាងអំពើអាក្រក់ណាស់ ដូច្នេះទំនាក់ទំនងកម្ពុជានិងអាមេរិកគឺមានលក្ខណៈវិជ្ជមានច្រើន”។
លោកសាស្រ្តាចារ្យ Kenton Clymer អ្នកប្រវត្តិសាស្រ្តអាមេរិកកាំងនៃសាកលវិទ្យាល័យNorthern Illinois និងជាអ្នកដែលបានស្រាវជ្រាវជាច្រើនលើប្រធានបទទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា ហើយជាពិសេសបានសរសេរសៀវភៅចុងក្រោយដែលមានចំណងជើងថា “ទំនាក់ទំនងដែលមានបញ្ហារវាងសហរដ្ឋអាមេរិកនិងកម្ពុជាចាប់តាំងពីឆ្នាំ១៨៧០" បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយវីអូអេថា មានហេតុផលជាច្រើនដែលនាំឱ្យមានបញ្ហាក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះគឺទាក់ទងនឹងជំហរអព្យាក្រិតរបស់កម្ពុជាក្នុងសម័យសង្គ្រាមត្រជាក់និងអសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការជំរុញគោលនយោបាយមួយ ដែលអាចតម្រូវបានតាមសេចក្តីត្រូវការរបស់កម្ពុជា។
លោកសាស្រ្តាចារ្យ Clymer ក៏បានទទួលស្គាល់ថាទំនាក់ទំនងនាពេលបច្ចុប្បន្ននេះមានភាពល្អប្រសើរ ហើយបន្ថែមដែរថាវិធីដ៏ល្អដើម្បីបន្តទំនាក់ទំនងល្អនេះតទៅទៀត គឺត្រូវរក្សាទំនាក់ទំនងការទូតដោយវិធីមិនប្រើមនោគមវិជ្ជា។
“ទាក់ទងនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាគឺពិបាកក្នុងការប៉ាន់ស្មានណាស់ថានឹងមានបញ្ហាអ្វីត្រូវកើតឡើងក្នុងរយៈពេលដូចជា ៦០ឆ្នាំតទៅមុខទៀត។ អ្វីដែលខ្ញុំអាចនិយាយបាននោះគឺ ដរាបណាភាគីទាំងពីរអនុវត្តបានតាមគោលការណ៍ការទូតឆ្លាតវៃនិងពិចារណាដិតដល់ពិតជានឹងអាចទប់ស្កាត់ឬកាត់បន្ថយបាននូវបញ្ហាដែលអាចនឹងកើតឡើង"។
នាពេលបច្ចុប្បន្នសហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយមួយដ៏ធំផងដែរដល់ប្រទេសកម្ពុជាដោយផ្តល់ជំនួយជាមធ្យមជាង៤០លានដុល្លារក្នុងមួយឆ្នាំៗ។
លោកឯកអគ្គរាជទូត ហែម ហេង បានបញ្ជាក់ថាអាទិភាពសម្រាប់ផ្តោតក្នុងការប្រើប្រាស់ជំនួយក៏មានការប្រែប្រួលផងដែរពីការផ្តោតលើជំនួយសម្រាប់ធ្វើសង្គ្រាមក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ មកជាការផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។
“បច្ចុប្បន្ននេះវិញគឺទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺសំខាន់ទៅលើការផ្តល់ជំនួយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច អភិវឌ្ឍប្រជាធិបតេយ្យ សិទ្ធិមនុស្ស ហើយនឹងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ក៏ដូចជាអំពើប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន ក៏ដូចជារត់ពន្ធមនុស្សជាដើម។ ដូច្នេះសភាពការណ៍នៃការប្រើប្រាស់ជំនួយ ឬក៏សភាពការណ៍នៃទំនាក់ទំនងសហប្រតិបត្តិការនេះ វាខុសគ្នាទៅតាមកាលៈទេសៈ។ កាលៈទេសៈនេះគឺយើងផ្តោតទៅលើការកសាងជាតិនិងអភិវឌ្ឍន៍ជាតិ”។
ប៉ុន្តែលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សយល់ថា ពេលបច្ចុប្បន្ននៅមានបញ្ហាជាច្រើនទៀតដែលជាគោលការណ៍សំខាន់ ដែលសហរដ្ឋអាមេរិកចង់លើកស្ទួយ ប៉ុន្តែនៅមិនទាន់ទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាទេ។
“អ្វីដែលជាបំណងរបស់សហរដ្ឋអាមេរិកមកស្រុកខ្មែរគឺរដ្ឋាភិបាលខ្មែរអត់ទទួលទេ។ ឧទាហរណ៍ដូចជាសហរដ្ឋអាមេរិកចង់ឱ្យមានការគោរពសិទ្ធិមនុស្ស ចង់ឱ្យមានលទ្ធិប្រជាធិបតេយ្យ ចង់បំបាត់អំពើពុករលួយជាដើមនោះ ពេលណាដែលសហរដ្ឋអាមេរិកចង់លើកយកបញ្ហាហ្នឹងគឺរដ្ឋាភិបាលខ្មែរតែងតែជំទាស់ បដិសេធនូវការលើកឡើងពីរដ្ឋាភិបាលអាមេរិក។ នេះហើយឃើញថាវានៅខ្វែងគំនិតគ្នាច្រើនណាស់ បញ្ហាគោលបំណងទិសដៅធំៗគឺនៅតែខ្វែងគំនិតគ្នានៅឡើយទេ គ្រាន់តែជាការសម្របសម្រួលការទូតទេកន្លងមកដែលខ្ញុំឃើញ ហើយបញ្ហាដែលពីអតីតកាលដែលធ្លាប់មានរវាងអាមេរិកនិងមេដឹកនាំយើងបច្ចុប្បន្ននេះក្នុងគណបក្សកាន់អំណាចបច្ចុប្បន្ននេះ គឺនៅតែមានខ្វែងគ្នាដែរ។ ជាញឹកញយដែលមេដឹកនាំគណបក្សកាន់អំណាចបច្ចុប្បន្ននេះតែងតែលើកអំពីបញ្ហាអាមេរិកឈ្លានពាន អាមេរិកអញ្ចេះ អាមេរិកអញ្ចុះ នូវកំហុសឆ្គងរបស់អាមេរិកពីអតីតកាល ប៉ុន្តែមេដឹកនាំបច្ចុប្បន្នមិនបានលើកឡើងពីកំហុសរបស់ចិនមកលើស្រុកខ្មែរទេ។ អញ្ចឹងហើយវាឃើញថា ខាងអ្នកដឹកនាំបច្ចុប្បន្ននេះនៅតែផ្អៀងទៅរកខាងម្ខាងទៀត ដែលផ្ទុយទៅនឹងទស្សនៈរបស់អាមេរិកនៅឡើយ"។
ក្រៅពីសហរដ្ឋអាមេរិក ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះក៏កំពុងរក្សាទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសចិន បើទោះបីជាក្នុងពេលអតីតកាលមានអនុស្សាវរីយ៍ជូរចត់ក៏ដោយ។
កាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិកបានផ្អាកផ្នែកមួយនៃជំនួយយោធាមកឱ្យប្រទេសកម្ពុជា ដោយសារកម្ពុជា បានបញ្ជូនជនសុំសិទ្ធិជ្រកកោនជនជាតិចិនវីហ្គឺចំនួន ២០ នាក់ដោយបង្ខំឱ្យត្រឡប់ទៅប្រទេសចិនវិញ ដែលជាសកម្មភាពមួយសហគមន៍អន្តរជាតិចាត់ទុកថា រំលោភសិទ្ធិមនុស្ស។
លោក យ័ប គឹមទុង ប្រធានសមាគមខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានស្នើថា បើកម្ពុជារក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក នឹងផ្តល់ផលប្រយោជន៍បានច្រើនដល់កម្ពុជា៖
“ជាការល្អមករៀនពីមហាសេដ្ឋីប្រទេសប្រជាធិបតេយ្យ ជាជាងទៅរៀនពីប្រទេសកុម្មុយនិស្ត”។
ទោះបីជាយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលអាមេរិកាំងយល់ថា ប្រសិនបើគេនៅបន្តតាមគន្លងនាពេលបច្ចុប្បន្ននេះគឺទំនាក់ទំនងកម្ពុជានិងអាមេរិកនឹងកាន់តែខិតមកជិតគ្នាកាន់តែច្រើនជាងមុនក្នុងរយៈពេល៦០ឆ្នាំទៀតនិងយូរជាងនេះ៕៚