ភ្នំពេញ៖ សហព័ន្ធសហជីព សមាគម និងសហភាពកាត់ដេរក្នុងប្រទេសកម្ពុជាចំនួន១៣បានទាមទារឲ្យក្រសួងការងារ និងសមាគមកាត់ដេររោងចក្រឲ្យដំឡើងប្រាក់ឈ្នួលដល់ក្រុមកម្មករពីរ៧៥ដុល្លាររហូតដល់៩៣ដុល្លារក្នុង១ខែ។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបាននិយាយថា ការទាមទារនេះមិនអាចទទួលយកបានទេ។
នៅក្នុងលិខិតចំនួនពីរដាច់ដោយឡែកៗពីគ្នា ដែលបានផ្ញើរជូនទៅក្រសួងការងារនិងសមាគមរោងចក្រកាត់ដេរកម្ពុជា សហព័ន្ធសហជីព សមាគម និងសហភាពការងារកម្ពុជា បានទទូចស្នើសុំឲ្យដំឡើងប្រាក់ឈ្នួលដល់ក្រុមកម្មករពី៧៥ដុល្លារ រហូតដល់ទៅ៩៣ដុល្លារក្នុងមួយខែ។
ការទាមទាររបស់ក្រុមសហព័ន្ធសហជីពរោងចក្រកាត់ដេរទាំង១៣នេះបានកើតមានឡើង បន្ទាប់ពីក្រុមប្រឹក្សាការងារបានសម្រេចកាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅនេះ អំពីការដំឡើងប្រាក់ឈ្នួល ប្រាំដុល្លារ និងប្រាក់ទ្រទ្រង់ជីវភាពចំនួនប្រាំដុល្លារបន្ថែមទៀតជាប្រាក់ខែគោលរហូតដល់ឆ្នាំ២០១៤។
ក្រុមសហព័ន្ធសហជីពបានចាត់ទុកថា ថវិកានេះមានចំនួនតិចតូចពេក មិនអាចធានាដល់ការចំណាយជីវភាពប្រចាំថ្ងៃដល់ក្រុមកម្មករទេ ដូចជា អាហារ ការស្នាក់នៅ និងការចំណាយចាំបាច់មួយចំនួនទៀត។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា យើងក៏បានទាមទារផងដែរឲ្យក្រសួងការងារផ្តល់ប្រាក់អតីតភាពការងារចំនួនពីរដុល្លារជារៀងរាល់ប្រចាំឆ្នាំ ប្រាក់ថ្លៃបាយ នៅក្នុងមួយម៉ោង ពី១០០០ពាន់រៀលរហូតដល់៣០០០រៀល និងប្រាក់រង្វាន់ការងារទៀងទាត់ចំនួន ដប់ដុល្លារក្នុងមួយខែ។
លោក អាត់ ធន់ បានមានប្រសាសន៍ថា ការទាមទារតំឡើងប្រាក់ឈ្នួលដល់ក្រុមកម្មករនេះ ដោយសារតែនៅកម្ពុជា អតិផរណាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រាក់បៀវត្សរ៍របស់ក្រុមកម្មករនៅដដែល។
«ចំណាយទៅលើទឹក ភ្លើងនិងតម្រូវការចាំបាច់របស់គាត់ហ្នឹងគឺថា ចាយអត់រស់ទេ។ រាល់ថ្ងៃហ្នឹង គឺថា ខ្ចីលុយគេ និងគាត់ឈឺស្កាត់ច្រើន ដោយសារគាត់ពិបាក ហើយគាត់ចេញពីវិស័យនេះច្រើនដោយសារលុយមិនគ្រប់»។
លោកអ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារបានមានប្រសាសន៍ថា ការទាមទាររបស់ក្រុមសហព័ន្ធសហជីពទាំង១៣នេះ មិនអាចទទួលយកបានទេ។
«រឿងដដែលៗទេ មិនបាច់ទេ រឿងនេះអត់ទៅមុខទេ។ គណៈកម្មការប្រឹក្សាការងារ គេបានសម្រេចរួចហើយ»។
ប្រទេសកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់សរុបជាង៣០០រោងចក្រ ដែលអាចស្រូបទាញកម្លាំងកម្មករជាង៣២ម៉ឺននាក់។
បច្ចុប្បន្ននេះ ប្រាក់ខែរបស់ក្រុមកម្មករទទួលបានពី៥០ដុល្លារទៅជាង៦០ដុល្លារតែប៉ុណ្ណោះ នៅក្នុងមួយខែ។
លោកវ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា GMAC បានឲ្យដឹងថា ប្រាក់ខែរបស់ក្រុមកម្មករខ្មែរបច្ចុប្បន្ននេះ ប្រហាក់ប្រហែលទៅនឹងប្រទេសជិតខាង។
លោកមានប្រសាសន៍ថា ការទាមទារនេះធ្វើឡើងដោយសំឡេងភាគតិចតែប៉ុណ្ណោះ មិនមែនតំណាងឲ្យសំឡេងភាគច្រើននោះទេ។
«ខ្ញុំចង់ឲ្យមួយខែមួយពាន់ដែរណា បើធ្វើបាន។ គេរកស៊ីម៉េចបាន? គេដួល ដួលអត់មានការងារធ្វើ។ ឆ្នាំមុនមានប៉ុន្មានម៉ឺននាក់ កម្មករអត់មានការងារធ្វើ? ពិបាកណាស់ នេះដាក់ ៦១ដុល្លារអ្នកណារកស៊ីបាន?»
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មកររបស់ប្រទេសកម្ពុជា បានគាំទ្រការទាមទាររបស់ក្រុមសម្ព័ន្ធសហជីពទាំង១៣នេះ។ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា យើងត្រូវតែធ្វើការពិចារណាឲ្យបានល្អិតល្អន់ ដើម្បីកុំឲ្យការទាមទារនេះ ជួបនឹងបរាជ័យ។
លោកជា មុនី្នបានមានប្រសាសន៍ទៀតថា សហជីពសេរីកម្មកររបស់លោកនឹងបន្តទាមទារការដំឡើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករនៅឆ្នាំ២០១១ខាងមុខនេះ៕