ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​ចង់​បាន​ចម្លើយ​អំពី​ការ​ដួល​សន្លប់​របស់​កម្មករ


ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១១​មក ករណី​កម្មករ​ដួល​សន្លប់​មាន​​ប្រមាណ​២.៣០០​នាក់​នៅ​តាម​រោងចក្រ​កាត់ដេរ​ចំនួន​ប្រាំ​នៅ​កម្ពុជា​។
ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១១​មក ករណី​កម្មករ​ដួល​សន្លប់​មាន​​ប្រមាណ​២.៣០០​នាក់​នៅ​តាម​រោងចក្រ​កាត់ដេរ​ចំនួន​ប្រាំ​នៅ​កម្ពុជា​។

មេដឹកនាំ​សហជីព​សេរី​កម្មករ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើបអង្កេត​ករណី​កម្មករ​ដួល​សន្លប់​ប្រមាណ​២.៣០០​នាក់​នៅ​តាម​រោងចក្រ​កាត់ដេរ​ចំនួន​ប្រាំ​នៅ​កម្ពុជា​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១១។

សំណើ​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​សុំ​ទៅ​លោក​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក​ម៉ុក​ ម៉ារ៉េត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោក​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ឱ្យ​ចាត់​វិធានការ​ និង​ត្រួតពិនិត្យ​ជា​ប្រចាំ​ទៅ​លើ​រោងចក្រ​ សហគ្រាស​ដែល​សាងសង់ ​និង​រៀបចំ​ខ្វះខាត​នូវ​ប្រព័ន្ធ​អនាម័យ​ និង​បរិស្ថាន​ នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​ កម្មការិនី។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​សហជីព។

សេចក្តី​ថ្លែងការណ៍​នេះ​ បានបញ្ជាក់​ថា​នៅដើម​ឆ្នាំ​២០១១​នេះ​ មាន​ករណី​កម្មករ ​កម្មការិនី​បម្រើការ​នៅ​តាមបណ្តា​រោងចក្រ ​សហគ្រាស​ជាច្រើន​ទាំង​នៅ​រាជធានី​ភ្នំពេញ​ ទាំង​នៅ​តាម​បណ្តា​ខេត្ត​ ទទួល​រង​នូវ​ការដួល​សន្លប់​អស់​កម្លាំង​ល្ហិតល្ហៃ​យ៉ាង​ចម្លែក​ក្នុង​ពេល​បំពេញ​ការងារ​ដោយ​មិន​ដឹង​អំពី​មូលហេតុ​ជាក់លាក់។

សេចក្តី​ថ្លែងការណ៍​នេះ​ បាន​បន្ត​ថា​រោងចក្រ​ សហគ្រាស​ដែល​មាន​កម្មករ​ កម្មការិនី​ដួល​សន្លប់​ក្នុង​ពេល​បំពេញ​ការងារ​នេះ​ រួម​មាន​រោងចក្រ​ M&V ​នៅ​ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​៦០០​នាក់​ រោងចក្រ​មេនហាតធេន​នៅ​ខេត្ត​កំពង់ចាម​ប្រមាណ​២០០​នាក់​ រោងចក្រ​ឃីង​ខ្វេសសិន​ នៅ​ទីក្រុង​ភ្នំពេញ​ប្រមាណ​៥០០​នាក់​ រោងចក្រ​ហុងវ៉ា​ហ្គាមិន​នៅ​ទីក្រុង​ភ្នំពេញ​ប្រមាណ​៤០០​នាក់​ និង​រោងចក្រ​ហ៊ុយធៀន​នៅ​ទីក្រុង​ភ្នំពេញ​ប្រមាណ​៦០០​នាក់។

លោក​ ជា​ មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានថ្លែង​ថា​លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខភាព​របស់​កម្មករ​ កម្មការិនី​ ដោយសារ​ក្រសួង​ពាក់ព័ន្ធ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការដួល​សន្លប់​នោះ​ទេ។

«ការ​ពុល​សន្លប់​នេះ​ យើង​សង្ស័យ​ជាច្រើន​ករណី៖ ​ទី​មួយ​ពុល​ថ្នាំ​ ទី​ពីរ​អាច​ពុល​ដោយសារ​កម្មករ​ធ្វើការ​ថែម​ម៉ោង​ច្រើន​ម៉ោង​ និង​ទី​បី​បរិយាកាស​នៅ​ក្នុង​រោងចក្រ​សហគ្រាស​ថប់​មិន​មាន​ខ្យល់​គ្រប់គ្រាន់​ មិន​មាន​ទឹក​ ឬ​ក៏​បរិយាកាស​ទី​លាន​មុខ​រោងចក្រ​ចង្អ្រៀត​ថប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​កម្មករ។ សូម​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំង​បី​នេះ​ ធ្វើ​អធិការកិច្ច​ដែល​អាច​ទទួល​យក​បាន ​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ​ ឯករាជ្យ​ និង​គ្មាន​អំពើ​ពុក​រលួយ»។

លោក​ សេង​ សាវុធ​ ប្រធាន​ខុទ្ទកាល័យ​នៃ​ក្រសួង​បរិស្ថាន​ បាន​បញ្ជាក់​ថា​ក្រសួង​បរិស្ថាន​នឹង​បញ្ជូន​ក្រុមអ្នកជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​កន្លែង​ធ្វើការ​របស់​ក​ម្មករ​នៅ​តាម​រោងចក្រ​ទាំង​នោះ​ តាម​ការស្នើសុំ​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ ប៉ុក​ វ៉ាន់ផាត​ អនុ​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​ បានថ្លែង​ថា​កម្មករ​ជាង​៥០​នាក់​នៅ​រោងចក្រ​ហ៊ុយជៀន​ និង​ហុងវ៉ា​មាន​អាការៈ​វិលមុខ​ និង​ពិបាក​ដក​ដង្ហើម​ ដោយ​មូលហេតុ​ទទួល​ទាន​ដំណេក​មិន​គ្រប់​គ្រាន់​ និង​ទទួល​ទាន​អាហារ​គ្មាន​ថាមពល​ ប៉ុន្តែ​មិនមែន​មក​ពី​ពុល​ថ្នាំ​គីមី​ជាប់​នឹង​ក្រណាត់​ និង​បរិស្ថាន​នៃ​ខ្យល់​ចេញ​ចូល​មិន​ល្អ​នៅ​ក្នុង​កន្លែង​ការងារ​នោះ​ទេ។

«ការប៉ាន់ស្មាន​ទៅ​ ក្នុង​មួយ​ព្រឹក​ គាត់​បរិភោគ​អាហារ​១.០០០​រៀល។​ អាហារ​តម្លៃ​១.០០០​រៀល​ យើង​មើល​ទៅ​មិន​គ្រប់គ្រាន់​ទេ។​ ម្នាក់​ឯង​អញ្ចឹង​គាត់​បរិភោគ​បាយ​មួយ​កញ្ចប់​ជាមួយ​ស៊ុត​មួយ​អត់​គ្រប់​កាល់ឡូរី។​ កម្មករ​ប្រឈម​នឹង​កង្វះ​ជីវជាតិ»។

លោក​ ប៊ុន​ យិង​ មន្ត្រី​ព័ត៌មាន​នៃ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ បានថ្លែង​ថា​នៅពេល​ មាន​កម្មករ​ដួល​សន្លប់​បែប​នេះ​ លោក​គ្រាន់តែ​តាម​ឃ្លាំ​មើល​ទៅ​លើ​លក្ខន្តិកៈ​ការងារ​ និង​ចុះ​ត្រួត​ពិនិត្យ​ស្ថានភាព​សុខភាព​របស់​កម្មករនៅ​តាម​រោងចក្រ​ ហើយ​ធ្វើ​សេចក្តី​រាយការណ៍​ជូន​អ្នក​បញ្ជា​ទិញ។

«បញ្ហា​ដែល​យើង​សង្កេត​ឃើញ​នោះ​ ពាក់ព័ន្ធ​ជាមួយ​នឹង​បរិយាកាស​ការងារ​ សារធាតុ​មាន​ជាតិ​គីមី​ ជា​ពិសេស​ក្រណាត់​នាំ​ចូល​ថ្មីៗ​ និង​បញ្ហា​សុខភាព​របស់​កម្មករ​ក៏​អាច​ជា​បញ្ហា​មួយ​ចំណែក​ ហើយ​ការ​ភ័យខ្លាច​នៅ​ពេល​មាន​ការដួល​សន្លប់​ជាច្រើន​រយ​នាក់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់»។

កាល​ពី​សប្តាហ៍​មុន​ ក៏​មាន​កម្មករ​ជាង​៤០០​នាក់​បានដួល​សន្លប់​នៅ​តាម​រោងចក្រ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​ដែរ៕

XS
SM
MD
LG